អានអត្ថបទ
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ២០,៣២៩ ដង)
រឿងអតិចារិណិត្ថី

|
រឿងអតិចារិណិត្ថី
( ចាក អ. ម. )
( ទោសកាម ក្បត់ចិត្តស្វាមី )
ក្នុងកស្សបពុទ្ធកាល មានភរិយារបស់ឧបាសកជាសោតាបន្នម្នាក់ ជាស្រីប្រព្រឹត្តក្បត់ចិត្តស្វាមី ។ ឧបាសកនោះ ឃើញនូវហេតុប្រព្រឹត្តិបំពាននោះយ៉ាងប្រក្ស័ក្ស ហើយពោលសួរថា ព្រោះហេតុអីបានជានាងប្រព្រឹត្តមិនគម្បីយ៉ាងនេះ? ស្រីភរិយានោះពោលស្បថស្បែថា ប្រសិនបើខ្ញុំធ្វើយ៉ាងហ្នឹងមែន សូមអោយឆ្កែនេះខាំជញ្ជែងស៊ីខ្ញុំកុំបីខាន ព្រោះជាអ្នកប្រព្រឹត្តក្បត់ចិត្តស្វាមីខ្លួន ។
លុះនាងនោះស្លាប់ទៅ បានកើតជាប្រេតឈ្មោះវេមានិកា ក្នុងស្រះឈ្មោះកណ្ណមុណ្ឌះ ពេលថ្ងៃសោយសម្បតិ្តទិព្វ ពេលយប់រងទុក្ខជាខ្លាំង ។ នឹងស្រដីពីព្រះចៅក្រុងពារាណសី ទ្រង់សេ្តចចេញប្រពាធព្រៃដើម្បីបរបាញ់ម្រឹគីម្រឹគា ក៏ដល់ទៅស្រះកណ្ណមុណ្ឌះនោះតាមលំដាប់ សោយសម្បតិ្តជាមួយនាងប្រេតនោះ ។ នាងវេមានិកានោះមិនឪ្យព្រះរាជាជ្រាបសោះ អំពីរឿងរងទោសទុក្ខក្នុងពេលយប់ ។ ព្រះរាជាទ្រង់ព្រះតម្រិះថា ស្រ្តីនោះទៅណា អេះ លុះជ្រាបហើយស្តេចយាងទៅប្រថាប់ពីក្រោយខ្នងនាង ស្រាប់តែឃើញឆ្កែមួយបោលចេញពីស្រះឈ្មោះកណ្ណមុណ្ឌះនោះ មកទំពារស៊ីនាងវេមានិកាឮសូរបដះ! ( ខះ ខះ ) ទើបហូតដាវកាប់ឆ្កែនោះមួយ វឹបដាច់ជាពីរកំណាត់ កំណាត់នោះ បានក្លាយជាឆ្កែពីរ ។ ព្រះរាជាបានកាប់ឆ្កែនោះជាកំណាត់ ៗ ទៀត (៤ កំណាត់ ) កំណាត់ ៤ នោះបានក្លាយទៅជាឆ្កែ ៤ ។ ព្រះរាជាបានកាប់ឆ្កែជាកំណាត់ ៗ ទៀត ( ៨ កំណាត់ ) កំណាត់៨ នោះ បានក្លាយជាឆ្កែ ៨ ព្រះរាជាបានកាប់ឆ្កែ ៨ នោះជាកំណាត់ ៗ ទៀត ( ១៦ កំណាត់ ) កំណាត់ទាំង ១៦ នោះបានក្លាយជាឆ្កែ ១៦ ទៀត ។ នាងវេមានិនាពោលថា បពិត្រព្រះរាជាស្វាមី ស្តេចទ្រង់ធ្វើអ្វីនេះ ព្រះរាជាពោលសួរវិញថា នេះជាអ្វី? នាងវេមានិកាពោលប្រាប់ថា ព្រះអង្គកុំទ្រង់ធ្វើយ៉ាងនេះឡើយ សូមស្តេចស្តោះដុំទឹកមាត់លើដីវិញ ហើយទ្រង់ឈ្លីដោយព្រះបាទទៅ ។ ព្រះរាជាក៏ទ្រង់ធ្វើតាមដូច្នោះ ។ ឆ្កែទាំង ១៦ ក៏បាត់ទៅ ។ កម្មរបស់នាងវេមានិកាក៏អស់ក្នុងថ្ងៃនោះ ។ ព្រះរាជាទ្រង់មានព្រះរាជចិន្តាវិប្បដិសារីក្រៃពេក ទើបទ្រង់ប្រារព្ធនឹងយាងត្រឡប់ទៅព្រះនគរវិញ ។ នាងវិមានិកាពោលឃាត់ថា បពិត្រព្រះរាជស្វាមី កម្មរបស់ទូលព្រះបង្គំខ្ញុំអស់ហើយ សូមព្រះករុណាជាម្ចាស់ស្តេចកុំយាងទៅ នៅរួមគ្នាទីនេះហើយ ។ ព្រះរាជាមិនទ្រង់ព្រះសណ្តាប់សោះ ក៏ស្តេចយាងទៅព្រះនគរវិញ ។ ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត
ដោយ៥០០០ឆ្នាំ |