Reading Article
Public date : 19, Jan 2022 (10,229 Read)
របៀបហ្វឹកហាត់ចិត្តឲ្យបានទូលំទូលាយ

|
ចូរអ្នកក្រោកពីដេកឲ្យបានព្រឹកព្រហាម ហើយចេញទៅក្រៅផ្ទះឬទីធ្លា ឬរានហាលមុខផ្ទះជាបន្ទាន់ ចូរអ្នកស្រូបយកខ្យល់អាកាសឲ្យបានពេញសួត ហើយបញ្ចេញមកវិញយ៉ាងយឺត ៗ អ្នកសម្លឹងមើលទៅទិសនានា អ្នកនឹងបានឃើញសត្វរាប់លានជីវិតដែលកំពុងចេញមកទទួលយកនូវពន្លឺថ្មី នៃព្រះអាទិត្យ ចូរអ្នកតាំងសេចក្តីប្រាថ្នាល្អចំពោះគេថា៖
សូមឲ្យលោកឪពុក និងអ្នកម្តាយ តាយាយ មីងមា អ៊ុំទាំងឡាយ សូមឲ្យសប្បាយចម្រើនសុខចុះ លោកគ្រូ អ្នកគ្រូ បងប្អូន មិត្តភ័ក្តិផងចុះកុំបីទុក្ខព្រួយ ។ បន្ទាប់មកអ្នកត្រូវតាំងចិត្តថា៖ តាំងតែពីពេលនេះតទៅ អាត្មាអញនឹងគិតតែរឿងណាដែលល្អ និយាយតែពាក្យល្អ ធ្វើតែការងារណាដែលល្អ ។ ដើម្បីឲ្យចិត្តរបស់អាត្មាអញបានស្ងប់សុខ អាត្មាអញនឹងមិនធ្វើឲ្យនរណាម្នាក់បានទទួលទោសឡើយ ។ នរណាក៏ដោយ ដែលកំពុងមានទុក្ខ សូមឲ្យអ្នករួចចាកទុក្ខចុះ ហើយនរណាក៏ដោយដែលកំពុងបានសុខ ក៏សូមឲ្យបានសុខ រឹងរិតតែប្រសើរឡើង សូមកុំឲ្យជួបប្រទះនូវក្តីទុក្ខព្រួយដូចអ្នកឯទៀតឡើយ ។ គួរតែពិចារណាក្នុងចិត្តទៀតថា៖ ក្នុងថ្ងៃនេះ ប្រសិនបើនរណាម្នាក់ ឬសត្វណាមួយដែលពុំបានទទួលនូវកម្លាំងមេត្តាចិត្តអំពីអាត្មាអញក៏មិនថ្វីទេ គង់មានថ្ងៃណាមួយ ពួកគេនឹងបានទទួលសេចក្តីសុខដូចអ្នកដទៃពុំខានឡើយ ។ ក្រោយពេលដែលអ្នកបានហ្វឹកហាត់ចិត្តផ្សាយមេត្តាឲ្យបានទូលំទូលាយយ៉ាងញឹកញាប់មក ចិត្តរបស់អ្នកនឹងកើតបីតិសោមនស្សរីករាយ ចិត្តសប្បាយ . . . ចិត្តត្រជាក់ពេលនោះអ្នកគួររក្សាចិត្តដ៏ល្អនោះឲ្យបានគង់វង់ កុំឲ្យក្លាយទៅជាប្រការដទៃឡើយ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិសម្រាប់កុមារា កុមារី យុវជន យុវតី រៀបរៀងដោយៈ ព្រះបាឡាក់ សម្បត្តិចន្ទសុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |