Reading Article
Public date : 30, Jul 2019 (7,392 Read)
ធម៌ពិត

|
ធម៌ពិត
បើពោលអំពីគម្ពីរព្រះអភិធម្ម យើងអាចពោលថា ជ្រៅ ណាស់ អត់យល់ ទន្ទេញក៏អត់ចាំ ម៉្លោះហើយធ្វើឱ្យចិត្តមិនចង់រៀន ប៉ុន្តែ បើអភិធម្មគឺធម៌ពិតឥឡូវនេះ ខណៈនេះ កំពុងឃើញ កំពុងឮ កំពុងគិត ៘ ពោលគឺធម៌ពិតក្នុងលោក ៦ ជាអភិធម្មដែល ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងឱ្យដឹង ដូច្នេះ តើយើងមិន ចង់រៀន មិនចង់ដឹងនូវអភិធម្មជាធម៌ពិត ជាជីវិតខ្លួនឯងទេឬ ? ការសិក្សាព្រះអភិធម្ម គឺសិក្សាដោយបរិយត្តិ ទាំងសិក្សា ដោយសតិ ដែលជាសតិថ្នាក់សតិប្បដ្ឋាន ។ ការសិក្សាយ៉ាងនេះ គឺ ធ្វើឱ្យស្គាល់ខ្លួនឯងបន្តិចម្តងៗ និង ស្គាល់លោកតាមសេចក្តីពិត ដែលលោកនេះជាសច្ចធម៌ ។ មនុស្សយើងសព្វថ្ងៃ តែងបបួលគ្នាទៅបដិបត្តិធម៌ ឬថាទៅ ធ្វើធម៌ កន្លែងនេះ កន្លែងនោះ ។ រឿងនេះ បើបបួលគ្នាទៅដើរ លេង ឬទៅធ្វើអ្វីផ្សេងចេះតែបាន តែត្រង់បដិបត្តិធម៌ អាចបបួល បានដែរទេ ? តើអ្វីជាបដិបត្តិធម៌ ? បដិបត្តិធម៌ គឺ ធម៌បដិបត្តិ សតិ បដិបត្តិកិច្ចរបស់សតិ បញ្ញា បដិបត្តិកិច្ចរបស់បញ្ញា វីរិយៈ បដិបត្តិកិច្ចរបស់វីរិយៈ ពោល គឺការដែលបានដល់ដោយចំពោះ ដល់ ដឹង ឃើញនូវធម៌ពិតក្នុង ជីវិតជាប្រក្រតី សព្វៗកាល គ្រប់ពេលវេលា ។ បដិបត្តិធម៌ដូច្នេះ ឯង ជាការចម្រើនបញ្ញា ជាភាពភ្លឺស្វាង កាន់តែភ្លឺឡើងៗ ។ ប៉ុន្តែ បើមិនទាន់បានស្តាប់ឱ្យយល់អំពីជីវិតធម្មតាៗនេះ ថាជាធម៌ពិត ជា អារម្មណ៍នៃព្រះកម្មដ្ឋាន គួរដល់ការសិក្សាទេ ក៏មិនមានអ្វីជា បច្ច័យនៃបដិបត្តិធម៌ឡើយ ព្រោះបដិបត្តិធម៌ក៏ជាអនត្តាធម៌ដែរ អាស្រ័យបច្ច័យសុទ្ធៗ ប្រព្រឹត្តទៅជាតួសិក្សាធម៌ពិត ដែលធម៌ពិត កំពុងមាន កំពុងប្រាកដ តាមទ្វារទាំង ៦ ។ យើងអាចបបួលគ្នាឱ្យធ្វើទាន កាន់សីល បាន ប៉ុន្តែនេះក៏ ដោយសារហេតុនៃការឱ្យទាន ហេតុនៃការកាន់សីល មានព្រម ផងដែរ មិនមែនមានតែការបបួលនោះទេ ។ បើយើងបបួល មនុស្សខ្វាក់ភ្នែកទាំងពីរឱ្យមើលរូប ឬបបួលមនុស្សថ្លង់ឱ្យស្តាប់ សំឡេង តើគេនោះបានឃើញឬបានឮយ៉ាងដូចម្តេចកើតទៅ ។ យើងធ្វើការអ្វីមួយ វាទាល់តែយល់នូវការងារនោះ ទើប ធ្វើកើត យ៉ាងណាមិញ បដិបត្តិធម៌ ដែលប្រព្រឹត្តទៅបាន គឺ អាស្រ័យការយល់ដឹងទៅក្នុងធម៌ពិតនោះៗ យ៉ាងនោះឯង ។ ដើម្បីយល់ដឹង សាវករបស់ព្រះសម្មាសម្ពុទ្ធ ត្រូវអាស្រ័យការស្តាប់ ជាចាំបាច់បំផុត ស្តាប់ហើយស្តាប់ទៀត គឺស្តាប់ទាល់តែយល់អំពី ធម៌ពិត ដែលព្រះពុទ្ធបរមគ្រូ សម្តែងឱ្យដឹង ដូច្នេះ បើយើងបបួល អ្នកដទៃឱ្យស្តាប់ធម៌ ឬអធិប្បាយធម៌ឱ្យអ្នកដទៃនោះៗស្តាប់យល់ បដិបត្តិធម៌ក៏កើតឡើង ធ្វើកិច្ចរបស់ខ្លួន ដោយមិនមានរបៀបទៅ អង្គុយ ទៅដើរ យ៉ាងនេះ យ៉ាងនោះ ឬទៅធ្វើយ៉ាងណាទៀត ទាំងអស់ ។ ព្រះសារីបុត្តស្តាប់ធម៌សម្រេចមគ្គផល ឬមនុស្ស និង ទេវតាសន្ធឹកសន្ធាប់ទៀត តើមានបដិបត្តិធម៌ដែរឬទេ ? បើអត់បដិបត្តិធម៌ទេ បដិវេធធម៌គឺការត្រាស់ដឹងសច្ចធម៌ ដោយមគ្គញ្ញាណ កើតបានយ៉ាងដូចម្តេចទៅ ។ បដិបត្តិធម៌ ជា នាមធម៌សុទ្ធ មិនមែនរូបធម៌អ្វីមួយឡើយ មិនមែនឥរិយាបថ មិន មែនទីកន្លែង ។ បដិបត្តិធម៌ បបួលមិនបាន បង្គាប់បញ្ជមានិបាន ប្រើមិនបាន ប៉ុន្តែបដិបត្តិធម៌ មានហេតុគ្រប់គ្រាន់ពេលណា ក៏ កើតឡើងពេលនោះ ។ ដូច្នេះ សត្វ បុគ្គល តួខ្លួន អ្នកឱ្យបដិបត្តិ- ធម៌កើតឡើង មិនមានទេ ។ មិនត្រឹមតែបដិបត្តិធម៌ប៉ុណ្ណោះឡើយ គឺធម៌ទាំងអស់ដែលកើតឡើង សុទ្ធតែអាស្រ័យបច្ច័យ ។ ក្នុងបណ្តា បច្ច័យទាំងឡាយ មិនមានបច្ច័យណាជាមនុស្ស ជាសត្វ ឬជា ទេវតាឥន្ទព្រហ្មឡើយ ។ កាលដែលបដិបត្តិធម៌គឺសតិក្តី បញ្ញាក្តី ចម្រើនឡើង បានឃើញធម៌ពិតជាផលនៃបច្ច័យដូច្នេះហើយ ចិត្ត ក៏បានទទួលនូវការអប់រំយ៉ាងប្រសើរ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគទី១៦ រៀបរៀងដោយ អគ្គបណ្ឌិត ប៊ុត-សាវង្ស ដោយ៥០០០ឆ្នាំ |