Reading Article
Public date : 11, Oct 2022 (54,470 Read)
សុខរបស់អ្នកជាមាតាបិតា និងកូនប្រុសស្រី

|
សុខរបស់អ្នកជាមាតាបិតា និងកូនប្រុសស្រី
មាតាបិតាអាចទទួលសុខ ពីកូនប្រុសស្រីបាននោះ លុះតែបានសង្គ្រោះកូនដោយធម៌ ៥ យ៉ាងគឺ ១. ត្រូវហាមឃាត់កូនកុំឲ្យធ្វើអំពើអាក្រក់ឲ្យសោះ ត្រូវខំបង្ហាត់ ពត់ បង្វឹកកូនតាំងពីកូននៅតូចៗ ឲ្យមានសណ្តាប់ធ្នាប់ល្អ ២. ត្រូវដឹកនាំកូន ឲ្យតាំងនៅក្នុងសុចរិតទាំង ១០ មានកាយសុចរិតជាដើម ៣. ត្រូវដឹកនាំកូនប្រុសស្រី ឲ្យរៀនតម្រិះវិជ្ជា ផ្លូវលោកផ្លូវធម៌ ឲ្យបានចេះដឹង ត្រូវទំនុកបម្រុង កូនឲ្យចូលសាលាសិក្សាឲ្យចេះដឹង អក្សសាស្រ្ត ភាសាសាស្រ្ត លេខក្បាច់ នព្វន្ត ជញ្ជីងនាលហាប រង្វាស់រង្វាល់ ក្បួនច្បាប់ សម្រាប់លោកិយគ្រប់ផ្លូវ ។ ត្រូវស្រឡាញ់គ្រូដែលបង្រៀនកូនរបស់ខ្លួន ត្រូវជូនចំណីអាហារដល់គ្រូរបស់កូននោះ តាមរដូវតាមកាលដ៏គួរ ។ ៤. លុះកូនប្រុសស្រី ធំចម្រើនឡើង ល្មមរកស្វាមីភរិយា ឲ្យគប្បីផ្សំផ្គុំឲ្យល្មម តាមវង្សត្រកូលរបស់ខ្លួន ។ ៥. ត្រូវបែងចែកទ្រព្យមរតកឲ្យកូនប្រុសស្រី ឲ្យមានគ្រឿងសម្គាល់ជាប្រាកដ ឲ្យកូនមានឋានៈល្អតាំងពីខ្លួននៅរស់ដើម្បីការពារសេចក្តីសុខដល់កូន ។ ចំណែកកូនប្រុសស្រីវិញ ត្រូវគោរពមាតាបិតាដោយកិច្ចតបគុណូបការធម៌ ៥យ៉ាងគឺ ១. ត្រូវចិញ្ចឹមមាតាបិតា ឲ្យបានរស់នៅជាសុខឲ្យដូចជាលោកចិញ្ចឹមខ្លួន ២. បើមាតាបិតា កំពុងប្រកបកិច្ចការណា យើងជាកូនត្រូវនាំគ្នាជួយធ្វើកិច្ចការនោះ ជូនលោក បើលោកចាស់ជរា ត្រូវថែរក្សា បម្រើដោយទឹកក្តៅត្រជាក់ គ្រប់យ៉ាង វេលាមាតាបិតាចូលដំណេក ត្រូវគក់ច្របាច់ ដកដៃជើង និងរឹតសរសៃរ ជូនលោក វេលាលោកមានជម្ងឺ ត្រូវមើល ព្យាបាល ដោយថ្មាំពេទ្យហ្មប្រចាំការ ៣. ត្រូវរក្សារង្សត្រកូល របស់មាតាបិតា ឲ្យតាំងនៅល្អ ៤. ត្រូវប្រតិបត្តិខ្លួនឲ្យបានសមរម្យ ល្មមឲ្យ មាតាបិតាទំនុកបម្រុងទុកចិត្តបាន ជាអ្នកគួរទទួលយកទ្រព្យកេរ្តិ៍មរតក បានល្មមលោកចែកឲ្យដោយងាយ ។ ៥. វេលាមាតាបិតាធ្វើមរណកាលទៅ កូនប្រុសស្រីត្រូវនាំគ្នាធ្វើសរីរៈកិច្ចតាមធនធានគ្រប់គ្នា រួចត្រូវធ្វើបុណ្យទក្ខិណាទានឧទ្ទិស ផ្សាយផលជូនដល់លោក ។ ឯកិច្ចទាំង ៥ យ៉ាងនេះ បើកូនប្រុសស្រីបានធ្វើហើយ កូនប្រុសស្រីនោះ លោកហៅថា ជាអ្នកកតញ្ញូតកវេទី ។ ដកស្រង់ពីសៀវភៅ ឧបោសថសីល រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |