Reading Article
Public date : 29, Jan 2023 (21,398 Read)
ការឲ្យទានដែលមានផលច្រើន

|
តតិយវគ្គ ទានសូត្រ
នៅក្នុងបិដកលេខ ៥៣ ទំព័រ ២៥ ព្រះអង្គទ្រង់ត្រាស់អំពី (ការឲ្យទានដែលមានផលច្រើន) ដោយមានសេចក្តីថា ៖ ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែកទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហ៊ានបរិភោគឡើង ម៉្យាងទៀត មន្ទិលគឺសេចក្តីកំណាញ់របស់សត្វទាំងនោះ ក៏មិនគ្របសង្កត់ចិត្តបានឡើយ ។ ទោះបីពំនូតបាយជាដំបូង ដុំបាយជាដំបូងឯណារបស់សត្វទាំងនោះ សត្វទាំងឡាយមិនបាន រំលែកអំពីពំនូតបាយនោះ ក៏មិនបរិភាគឡើយ បើសត្វទាំងនោះមានបដិគ្គាហកបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថគតដឹងផលនៃការឲ្យ នឹងការចែករំលែកយ៉ាងណា សត្វទាំងឡាយមិនដឹងយ៉ាងនោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយមិនបានឲ្យទានហើយ ទើបហ៊ានបរិភោគ មួយទៀតមន្ទិលគឺសេចក្តីកំណាញ់ ក៏មិនគ្របសង្កត់ចិត្តសត្វទាំងឡាយនោះ ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ៖ ឯវញ្ចេ សត្តា ជានេយ្យុំ យថាវុត្តំ មហេសិនា វិបាកំ សំវិភាគស្ស យថា ហោតិ មហប្ផលំ វិនេយ្យ មច្ឆេរមលំ វិប្បសន្នេន ចេតសា ទជ្ផុំ កាលេន អរិយេសុ យត្ថ ទិន្នំ មហប្ផលំ អន្នញ្ច ទត្វាន ពហុនោ ទក្ខិណេយ្យសុ ទក្ខិណំ ឥតោ ចុតា មនុស្សត្តា សគ្គំ គច្ឆន្តិ ទាយកា តេ ច សគ្គគតា តត្ថ មោទន្តិ កាមកាមិនោ វិបាកំ សំវិភាគស្ស អនុភោន្តិ អមច្ឆរាតិ ។ បើសត្វទាំងឡាយ គប្បីដឹងផលនៃការចែករំលែកថា មានផលច្រើន ដូចព្រះពុទ្ធទ្រង់ស្វែងរកគុណដ៏ធំត្រាស់ទុកហើយយ៉ាងនេះ សត្វទាំងឡាយមានចិត្តជ្រះថ្លា គប្បីបន្ទោបង់មន្ទិលគឺ សេចក្តីកំណាញ់ចេញ ទានដែលគេឲ្យហើយ ដល់ព្រះអរិយៈទាំងឡាយណា រមែងមានផលច្រើន បុគ្គលទាំងឡាយ គួរឲ្យទានដល់ព្រះអរិយៈទាំងនោះ ក្នុងកាលដ៏គួរ មួយទៀតជនច្រើននាក់ ឲ្យបាយជាទក្ខិណាទានដល់ទក្ខិណេយ្យបុគ្គលទាំងឡាយ ទាយកទាំងឡាយ លុះច្យុតអំពីអត្តភាពជាមនុស្សនេះហើយ រមែងទៅកាន់ឋានសួគ៌ ទាយកទាំងនោះ លុះទៅកាន់ឋានសួគ៌ ជាអ្នកមានចំណង់ក្នុងកាម រមែងរីករាយក្នុងស្ថានសួគ៌នោះ សត្វទាំងឡាយមិនកំណាញ់ រមែងសោយផលនៃការចែករំលែក ។ ខ្ញុំបានស្តាប់មកយ៉ាងនេះថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុកហើយ ។ ដកស្រង់ពីសៀវភៅ ទានយមបុណ្យ រៀបរៀងដោយ ភិក្ខុសីលប្បញ្ញោ ឆៃ សុផល្លី ដោយ៥០០០ឆ្នាំ |