Reading Article
Public date : 02, Aug 2021 (49,158 Read)
ទ្រព្យ៧យ៉ាង

|
ឧគ្គរាជមហាមាត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។
លុះឧគ្គរាជមហាមាត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះមិគារសេដ្ឋីជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង ជាអ្នកមានទ្រព្យច្រើនផង មានភោគៈច្រើនផង ។ ម្នាលឧគ្គៈ មិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋី ស្តុកស្តម្ភ តើអាស្រ័យរបស់អ្វី មានទ្រព្យច្រើន តើអាស្រ័យរបស់អ្វី មានភោគៈច្រើន តើអាស្រ័យរបស់អ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន មាសរាប់បានជាសែនទៅហើយ ចាំបាច់ពោលទៅថ្វីដល់រូបិយវត្ថុ ។ ម្នាលឧគ្គៈ ទ្រព្យនុ៎ះមានមែនហើយ ម្នាលឧគ្គៈ តថាគតមិននិយាយថា ទ្រព្យនុ៎ះគ្មានទេ ប៉ុន្តែទ្រព្យនោះឯង ជាសាធារណៈ ដល់ភ្លើង ទឹក ពួកស្តេច ពួកចោរនិងពួកញាតិ មិនជាទីស្រឡាញ់ ។ ម្នាលឧគ្គៈ ទ្រព្យនេះមាន ៧ យ៉ាងជារបស់មិនសាធារណៈ ដល់ភ្លើង ទឹក ពួកស្តេច ពួកចោរនិងពួកញាតិ មិនជាទីស្រឡាញ់ ។ ៧ យ៉ាងតើអ្វីខ្លះ ។ សទ្ធាធនៈ ១ សីលធនៈ ១ ហិរិធនៈ ១ ឱត្តប្បធនៈ ១ សុតធនៈ ១ ចាគធនៈ ១ បញ្ញាធនៈ ១ ។ ម្នាលឧគ្គៈ ទ្រព្យ ៧ យ៉ាងនេះ ឯង មិនសាធារណៈដល់ភ្លើង ទឹក ពួកសេ្តច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់ បានឡើយ ។ សទ្ធាធនៈ សីលធនៈ ហិរិធនៈ ឱត្តប្បធនៈ សុតធនៈ ចាគធនៈ បញ្ញាធនៈ ជាគម្រប់ ៧ ។ បុគ្គលណាទោះជាស្រី្តក្តី បុរសក្តី មានទ្រព្យទាំងនេះ បុគ្គលនោះឯងឈ្មោះថា មានទ្រព្យច្រើន ដែលអ្នកណាមួយមិនគប្បីផ្ចាញ់បាន ក្នុងទេវលោក និងមនុស្សលោក ។ ហេតុដូច្នោះ អ្នកប្រាជ្ញកាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធាសីលសេចក្តីជ្រះថ្លា និងការឃើញនូវធម៌ ។ ដកស្រង់ពីព្រះត្រៃបិដកភាគ ៤៧ ទំព័រ ១០-១១ ដោយ៥០០០ឆ្នាំ |