Reading Article
Public date : 30, Jul 2019 (10,085 Read)
ការតានតឹងចិត្ត

|
ការតានតឹងចិត្ត
តើការតានតឹងចិត្តគឺជាអ្វី? ការតានតឹងចិត្តគឺជាការប្រែប្រួល ឬប្រតិកម្មនៃអារម្មណ៍ដែលកើតមាននៅពេលបុគ្គលជួបប្រទះហេតុការណ៍ រឺក៏បញ្ហាលំបាកផ្សេងៗក្នុងជីវិតរស់នៅដែលត្រូវប្រឈមមុខដោះស្រាយ។ បុព្វហេតុនសការតានតឹងចិត្ត ក្នុងការរស់នៅប្រចាំថ្ងៃ ជាទូទៅយើងតែងតែជួបប្រទះបញ្ហាជាច្រើនដែលជាបុព្វហេតុធ្វើឲ្យយើងតានតឹងចិត្តដូចជា ទំនាស់ក្នុងគ្រួសារ ជីវភាពក្រលំបាក បន្ទុកការងារច្រើនហួសពេក ការមិនយល់ចិត្តគ្នាការមិនចុះសម្រុងក្នុងការងារ ការបំពេញការងារពុំបានជោគជ័យ ការគិតព្រួយចំពោះហេតុការណ៍ក្នុងអនាគត និងជំងឺរ៉ាំរ៉ៃប្រចាំកាយជាដើម។ ចំពោះយុវជនដែលកំពុងតែស្ថិតក្នុងវ័យសិក្សា ជាទូទៅ គេអាចមានអារម្មណ៍តានតឹងនៅពេលជិតប្រឡង កំពុងប្រឡង ដឹងថាប្រឡងធ្លាក់ ពេលមិនចុះសម្រុងជាមួយមិត្តភក្តិ ជាមួយគូស្នេហ៍ ជាមួយគ្រួសារ ពេលទទួលការស្ដីបន្ទោសពីអាណាព្យាបាល ឬពីគ្រូប្រចាំថ្នាក់ ពេលឪពុកម្ដាយឬបងប្អូនឈ្លោះទាស់ទែងបែកបាក់គ្នា ពេលឪពុកម្ដាយ អាណាព្យាបាល ឬ សមាជិតក្នុងគ្រួសារសេពគ្រឿងញៀនរហូតបាត់ ហើយបាត់បង់ស្មារតី ហើយបង្កបញ្ហាអវិជ្ជមានផ្សេងៗក្នុងគ្រួសារ ពេលស្ថិតនៅក្នុងស្ថានភាពទីទាល់ក្រ ខ្វះខាតប្រាក់កាសក្នុងការរៀនសូត្រ ភាពអត់ការងារធ្វើរួមនឹងបញ្ហាផ្សេងៗជាច្រើនទៀត។ អាការៈនៅពេលមានការតានតឹងចិត្ត -អាការៈផ្នែកអារម្មណ៍ និងចិត្ត នៅក្នុងពេលដែលយើងប្រឈមមុខនឹងបញ្ហាស្មុគស្មាញដែលបង្កឲ្យមានការតានតឹងចិត្ត អារម្មណ៍របស់យើងមានការប្រែប្រួលដែលងាយនឹងធ្វើឲ្យយើងមួម៉ៅ ឆេវឆាវ ឆាប់ខឹងច្រឡោត នឿយណាយធុញថប់ក្នុងអារម្មណ៍ ភ្លេចភ្លាំងច្រើន ខ្វល់ខ្វាយគិតព្រួយច្រើន ពិបាកផ្ទង់អារម្មណ៍ក្នុងការបំពេញការងារស្រងូតស្រងាត់។ អាការៈឆាប់ខឹងច្រឡោតជារឿយៗជំរុញឲ្យអ្នកតានតឹងចិត្តបង្កើតអំពើហិង្សា។ -អាការៈផ្នែករាងកាយ អស់កម្លាំង ឈឺក្បាល ចុករោយសាច់ដុំ បរិភោគអាហារមិនបាន ទទួលទានដំណេកមិនលក់ ណែនទ្រូង ដង្ហើមផុតៗ ឆ្អល់ពោះ គ្មានអារម្មណ៍ផ្នែកផ្លូវភេទ ចំពោះស្ត្រីអាចមានរដូវពុំទៀងទាត់។ -អាការៈនៃអាកប្បកិរិយា រសាប់រសល់ មិនរួសរាយរាក់ទាក់ អសកម្មក្នុងការបំពេញការងារផ្សេងៗ ងាយមានទំនាស់ជាមួយគេឯង។ បុគ្គលខ្លះគិតខុសក៏យកបារី ស្រា គ្រឿងញៀនផ្សេងៗធ្វើជាមធ្យោបាយបំបាត់ភាពតានតឹង។ មធ្យោបាយបំបាត់ការតានតឹងចិត្ត នៅពេលដែលយើងមានអារម្មណ៍តានតឹង និងស្មុគស្មាញក្នុងចិត្ត យើងត្រូវខិតខំពង្រឹងផ្លូវចិត្តរបស់យើងឲ្យបានរឹងមាំជាប្រចាំ ហើយគប្បីរកវិធីដោះស្រាយ ដើម្បីឲ្យការរស់នៅរបស់យើងប្រកបដោយស្ថានភាពល្អប្រសើរ។ មធ្យោបាយបំបាត់ការតានតឹងផ្លូវចិត្តមានច្រើនបែបយ៉ាងប៉ុន្តែយើងអាចអនុវត្តវិធីងាយៗមួយចំនួនដូចជា -រកវិធីដោះស្រាយល្អៗ បណ្ដុះគំនិតសុទិដ្ឋិនិយមប្រកបដោយទស្សនវិជ្ជមាន ព្រមទាំងមានក្ដីសង្ឃឹមជានិច្ចចំពោះអនាគត។ -ទទួលទានអាហារឲ្យទៀងទាត់ពេលវេលា សម្រាកឲ្យគ្រាប់គ្រាន់ និងធ្វើកិច្ចការកម្សាន្តសប្បាយផ្សេងៗដែលយើងចូលចិត្តដូចជា ការថែសួន ថែច្បារដំណាំ ថែសត្វចិញ្ចឹម ឬធ្វើកិច្ចការផ្ទះផ្សេងៗ ។ល។ -ជួបសំណេះសំណាលជាមួយមិត្តភក្ដិ ឬអ្នកដែលជិតស្និតបំផុត ដើម្បីនិយាយពីអារម្មណ៍មួហ្មងទាំងអស់ប្រាប់គ្នាទៅវិញទៅមក។ -ពិគ្រោះបញ្ហាជាមួយអ្នកដែលយើងទុកចិត្តនិងរាប់អានបំផុត ដើម្បីឲ្យគេជួយផ្ដល់កម្លាំងចិត្តក្នុងការដោះស្រាយបញ្ហាដែលយើងជួបប្រទះ។ -ស្ដាប់ឱវាទចាស់ព្រឹទ្ធាចារ្យ ឬព្រះសង្ឃ។ -លេងកីឡា ស្ដាប់ភ្លេង ទស្សនាភាពយន្ត រឿងកំប្លែង ការប្រគំតន្ត្រី ដើរកម្សាន្តលំហែកាយ ឬចូលរួមការងារសង្គមផ្សេងៗ។ -សម្រាកមួយរយៈពីការសិក្សា ឬការងារ ហើយចាប់ផ្ដើមឡើងវិញ។ -ព្យាយាមធ្វើលំហាត់ចិត្តកាយ និង សមាធិ ដែលជាធម្យោបាយហាត់រៀនគ្រប់គ្រងអារម្មណ៍ និងហាត់ពត់ចិត្តឲ្យមានភាពរឹងមាំ។ -ប្រតិបត្តិតាមជំនឿសាសនាដូចជាការបន់ស្រន់ សែនព្រេនជាដើម ប្រសិនបើយើងមានជំនឿ។ ដកស្រង់ចេញពីសៀវភៅ យុវជននិងការថែទាំសុខភាពផ្លូវចិត្ត ដោយ៥០០០ឆ្នាំ |