Reading Article
Public date : 14, Jan 2023 (11,373 Read)
បដិបទាប្រព្រឹត្តទៅនៃបុគ្គលទ្រុស្តសីល និង បុគ្គលមានសីល

|
បដិបទាប្រព្រឹត្តទៅនៃបុគ្គលទ្រុស្តសីល និង បុគ្គលមានសីល
ក្នុងបិដកលេខ ៤៨ ទំព័រ ១៨០ ព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ ទ្រង់ត្រាស់សម្តែងថាៈ ម្នាលភិក្ខុទាំងឡាយ បាណាតិបាត ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃបាណាតិបាត ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីមានអាយុខ្លី ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃអទិន្នាទាន ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីវិនាសនៃភោគៈ ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ កាមេសុមិច្ឆាចារ ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃកាមេសុមិច្ឆាចារ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីសត្រូវនិងពៀរ ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ មុសាវាទ ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃមុសាវាទ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីគេពោលបង្កាច់ដោយពាក្យមិនពិត ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ បិសុណាវាចា ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃបិសុណាវាចា ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីបែកបាក់ចាកមិត្ត ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ ផរុសវាចា ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃផរុសវាចា ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីសម្លេងមិនជាទីគាប់ចិត្ត ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ សម្ផប្បលាបៈ ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃបាណាតិបាត ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីពាក្យដែលមិនគួរកាន់យក ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ ការផឹកនូវសុរា និងមេរ័យ ដែលបុគ្គលសេពថ្នឹកហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរកប្រព្រឹត្តទៅដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ។ ផលនៃបាណាតិបាត ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅដើម្បីភាពជាមនុស្សឆ្កួត ដល់កើតជាមនុស្ស ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ ៨ យ៉ាងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ៨ យ៉ាងដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ ជាអ្នកដល់នូវព្រះពុទ្ធជាទីពឹង ម្នាលភិក្ខុទាំងឡាយនេះ ជាអនិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ១ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់នូវព្រះធម៌ជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអនិសង្ស នៃបុណ្យទី ២ ។ល។ រមែងប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់នូវព្រះសង្ឃជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអនិសង្ស នៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ៣ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ ទានទាំង ៥ យ៉ាងនេះ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថា ជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថា ជាវង្ស (នៃកល្យាណជន) ជារបស់មានមកក្នុងកាលមុន ជារបស់មិនខ្ចាត់ខ្ចាយ (ក្នុងអនាគត) ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ។ ទាន ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត ម្នាលភិក្ខុទាំងឡាយ អរិយសាវក ជាអ្នកវៀរចាកបាណាតិបាត ឈ្មោះថា ឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែកនៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ ។ ម្នាលភិក្ខុទាំងឡាយ នេះជាទានទី ១ ចាត់ជាមហាទានដែលអ្នកប្រាជ្ញ ដឹងថា ជារបស់ប្រសើរ ដឹងថា ជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថា ជាវង្ស (នៃកល្យាណជន) ជារបស់មានមកក្នុងកាលមុន ជារបស់មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ និងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាអនិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាផលនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ៤ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក លះបង់នូវអទិន្នាទាន វៀរចាកអទិន្នាទាន ។ល។ លះបង់ កាមេសុមិច្ឆាចារ វៀរចាក កាមេសុមិច្ឆាចារ ។ល។ លះបង់ មុសាវាទ វៀរចាក មុសាវាទ ។ល។ លះបង់សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថាឲ្យនូវអភ័យ ឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខដល់សត្វទាំងឡាយ មានប្រមាណមិនបាន លុះឲ្យនូវអភ័យឲ្យនូវអំពើមិនមានពៀរ ឲ្យនូវអំពើមិនមានទុក្ខ ដល់សត្វទាំងឡាយ មានប្រមាណមិនបានហើយ រមែងជាអ្នកមានចំណែកនៃសេចក្តីមិនមានភ័យ មិនមានពៀរ មិនមានទុក្ខ មានប្រមាណមិនបានវិញ ម្នាលភិក្ខុទាំងឡាយនេះជាទានទី ៥ ចាត់មហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថា ជារបស់ប្រព្រឹត្តទៅអស់រាត្រីយូរ ដឹងថា ជាវង្ស (នៃកល្យាណជន) ជារបស់មានមកក្នុងកាលមុន មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ នឹងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ៨ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សបុណ្យ ជាអានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ទី ៨ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ។ ស្រង់ចាក សៀវភៅ ឃរាវាសធម៌ ដោយ៥០០០ឆ្នាំ |