Reading Article
Public date : 16, Nov 2023 (11,994 Read)
ការហ្វឹកឲ្យមើលវត្ថុសម្ភារៈថាជាបច្ច័យ ទំនុកបម្រុង មិនមែនជាគោលដៅ

|
ការហ្វឹកឲ្យមើលវត្ថុសម្ភារៈថាជាបច្ច័យ
ទំនុកបម្រុង មិនមែនជាគោលដៅ - មានករណីជំទាស់ថា ការបដិបត្តិធម៌ គឺតាំងនៅក្នុងសភាពសន្ដោសមែនទេ? តែដំណើរជីវិតតាមផ្លូវលោក ត្រូវតែមានវត្ថុ របស់របរមកទំនុកបម្រុងធ្វើឲ្យសម្បូរបែប។ ដូច្នោះក្នុងរឿងនេះ ពិបាកឲ្យក្មេងបែងចែកបានណាស់។ - ឆ្លើយៈ មិនលំបាកទេ ព្រះពុទ្ធសាសនា ព្រមទទួលថាសម្ភារៈជារបស់សំខាន់ ថែមទាំងមានពាក្យបង្រៀនច្រើនបែបយ៉ាង ឲ្យមានសេចក្ដីព្យាយាម ប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិឲ្យបានច្រើនៗទៀតផង។ តែរឿងអាកប្បកិរិយាចំពោះវត្ថុសម្ភារៈទាំងនោះ ទើបជារឿងសំខាន់។ - យើងមិនបានប្រើវត្ថុសម្ភារៈត្រឹមតែបានការតបស្នង គឺសេចក្ដីសុខ ដែលបណ្ដាលពីការបរិភោគប្រើប្រាស់ប៉ុណ្ណោះទេ។ តែយើងមានអាកប្បកិរិយាចំពោះវត្ថុទាំងនោះថា ជារបស់ចាំបាច់យើងត្រូវអាស្រ័យវត្ថុទាំងនោះ ទើបហៅថា បច្ច័យ គឺជាគ្រឿងទំនុកបម្រុងឲ្យមានសមត្ថភាព ក្នុងការធ្វើនូវរបស់អ្វីមួយឲ្យបានល្អប្រសើរឡើងទៀតបាន ដូចជា បើយើងសិក្សាដោយគ្មានវត្ថុសម្ភារៈតើនឹងសិក្សាបានយ៉ាងណា តែចំណុចសំខាន់មិនមែនបញ្ចប់នៅត្រឹមតែការបាននូវវត្ថុសម្ភារៈ។ វត្ថុសម្ភារៈមិនមែនជាគោលដៅ តែជាបច្ច័យ ជាមធ្យោបាយ តែមិនមែនទីបញ្ចប់។ - ពេលនេះវត្ថុសម្ភារៈ ជាមធ្យោបាយ ជាគ្រឿងទំនុកបម្រុង យើងអាស្រ័យវាដើម្បីឈានទៅកាន់វត្ថុដែលល្អស្អាត ឬដើម្បីការកសាងដែលបរិបូណ៌ដោយគុណភាព។ ត្រង់នេះឯងទើបជារឿងសំខាន់ យើងស្វែងរកវត្ថុសម្ភារៈមកក៏ពិត តែជាមួយអាកប្បកិរិយា ដែលមានគោលបំណងយ៉ាងច្បាស់លាស់ ទើបវត្ថុជាគ្រឿង ទំនុកបម្រុង ដែលជាមូលដ្ឋាននាំឲ្យសម្រេចការកសាងរបស់ដែលល្អស្អាត របស់ដែលប្រសើរខ្ពង់ខ្ពស់ក្រៃលែងឡើង។ - យ៉ាងតិចបំផុត បើយើងសម្លឹងមើលវត្ថុ ឬសេដ្ឋកិច្ចដែលជាបច្ច័យ កាលបើយើងមានវត្ថុច្រើន យើងក៏បានប្រើវាជួយដល់សង្គមឲ្យមានសេចក្ដីសុខ ចម្រើនរុងរឿង។ មិនមែនថា មានវត្ថុសម្ភារៈច្រើនប្រើសម្រាប់តែខ្លួនឯងជាធំ ស្រវឹងវង្វេងតែប៉ុណ្ណឹងនោះទេ។ អាកប្បកិរិយាយ៉ាងនេះ ទើបជារឿងសំខាន់ ហើយក៏កើតសេចក្ដីរលឹកដឹងដែលល្អស្អាត និង បែបបទនៃជីវិតក្នុងសង្គមមនុស្ស ក៏មានសម្ពន្ថភាពអនុគ្រោះដល់គ្នា ដើម្បីឲ្យបាននូវវត្ថុបំណងដែលល្អស្អាតក្រៃលែងឡើងទៅ។ អរិយធម៌នេះ គឺជាអរិយធម៌ពិតរបស់មនុស្ស។ - ទើបត្រូវតែហ្វឹកហាត់ចាប់ពីឥឡូវនេះទៅ គឺឲ្យសម្លឹងវត្ថុ សម្ភារៈ ឬសេដ្ឋកិច្ចថាជាបច្ច័យ មិនមែនសម្លឹងក្នុងន័យថា ជាគោលដៅនោះទេ។ បើមនុស្សសម្លឹងសម្ភារៈថាជាគោលដៅ ក៏ព្យាយាមរកវត្ថុសម្ភារៈនោះឲ្យច្រើនៗ ហើយស្រវឹងវង្វេងក្នុងរឿងត្រឹមតែប៉ុណ្ណោះ ហើយបានត្រឹមប្រកួតប្រជែងដណ្ដើមគ្នាតែប៉ុណ្ណោះ។ ១- ព្យាយាមស្វែងរកទ្រព្យឲ្យបានច្រើន ដើម្បីបរិភោគប្រើប្រាស់តែខ្លួនឯង ប៉ុន្មានក៏មិនល្មមដែរ។ ២- ប្រកួតប្រជែងបៀតបៀនគ្នា។ ៣- អរិយធម៌អាប់ឱន មិនចម្រើនលូតលាស់បានឡើយ។ - តែបើសម្លឹងវត្ថុសម្ភារៈជាបច្ច័យ គេនឹងអាចកំណត់ព្រំដែននៃការបរិភោគប្រើប្រាស់ បន្ទាប់ពីនោះ បើមានច្រើន ក៏អាចយកទៅជួយទំនុកបម្រុង កសាងសង្គមក្នុងអំពើល្អ។ - គ្រប់យ៉ាងក្នុងលោកនេះ ទាំងវត្ថុ និង នាមធម៌ ជាបច្ច័យដល់គ្នានឹងគ្នា មានសម្ពន្ធភាពក្នុងការទំនុកបម្រុងគ្នាក្នុងគ្រាដំបូងបំផុតឬថា ក្នុងថ្នាក់ដែលជាមូលដ្ឋាន។ មនុស្សយើងត្រូវការសម្ភារៈដើម្បីមកទំនុកបម្រុងជីវិត បើយើងមិនមានវត្ថុ យើងក៏មិនអាចមានជីវិតល្អប្រសើរ និង ជាសុខមិនបាន យើងត្រូវអាស្រ័យសម្ភារៈទាំងនោះ តែមិនឈប់ត្រឹមនោះ មិនស្រវឹងវង្វេងក្នុងវត្ថុសម្ភារៈនោះៗ។ បើយើងយកវត្ថុសម្ភារៈទាំងនោះជាគោលដៅបញ្ចប់ យើងនឹងត្រូវមានបញ្ហាយ៉ាងពិតប្រាកដ។ តែបើយើងមានវត្ថុសម្ភារៈ ហើយដឹងច្បាស់ថា វាជាគ្រឿងជួយទំនុកបម្រុង យើងនឹងធ្វើដំណើរទៅមុខ ជួយជាសេចក្ដីសុខដល់សង្គម និង កសាងនូវអ្វីដែលល្អស្អាត ទាំងផ្លូវចិត្ត និង ផ្លូវបញ្ញា សន្ដោសនិងការចូលចិត្តក្នុងការបដិបត្តិយ៉ាងនេះ។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |