Reading Article
Public date : 21, Jul 2021 (22,763 Read)
បណ្ឌិតរមែងត្រេកអរក្នុងព្រះធម៌

|
១-បណ្ឌិតរមែងត្រេកអរក្នុងព្រះធម៌
ធម្មបីតិ សុខំ សេតិ វិប្បសន្នេន ចេតសា អរិយប្បវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ។ បុគ្គលដែលមាននូវធម្មបីតិ មានចិត្តថ្លា ស្អាត រមែងនៅជាសុខ បណ្ឌិតរមែងត្រេកអរ នៅក្នុងព្រះធម៌ ដែលព្រះអរិយៈជាម្ចាស់បាន ប្រកាសហើយសព្វៗកាល ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰព្រះមហាកប្បិនត្ថេរដែលឧទានថា សុខហ្ន៎ ! សុខហ្ន៎! ២-ចិត្តថ្លាស្អាតដូចអន្លង់ទឹកថ្លាជ្រៅ យថាបិ រហទោ គម្ភីរោ វិប្បសន្នោ អនាវិលោ ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។ អន្លង់ទឹកជ្រៅដែលថ្លាស្អាតល្អ មិន មានកករល្អក់ យ៉ាងណា បណ្ឌិតទាំងឡាយ បានស្តាប់ នូវព្រះធម៌ហើយ រមែងមានចិត្ត ថ្លាស្អាត (ប្រាសចាកឧបក្កិលេសជាគ្រឿង សៅហ្មង ) ក៏យ៉ាងដូច្នោះ ដែរ ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰមាតានាងកាណាដែលធ្វើនំឱ្យកូនស្រីយកទៅជូនប្តី ៣-វាចាសុភាសិតពិតដូចផ្កា យថាបិ រុ ចិ រំ បុប្ផំ វណ្ណវន្តំ សគន្ធកំ ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ។ បុប្ផជាតិដែលមានពណ៌ស្រស់ល្អ ព្រមទាំងមានក្លិនក្រអូបឈ្ងុយឈ្ងប់ យ៉ាងណា វាចាដែលជាសុភាសិត ក៏យ៉ាងនោះដែរ គឺរមែងមានផល ដល់អ្នកដែលបានធ្វើតាម ដោយល្អ ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅក្រុងសាវត្ថីទ្រង់ប្រារឰឆត្តបាណិឧបាសកជាព្រះអនាគាមិបុគ្គល ៤-រសប៉ះអណ្តាតដូចអ្នកឆ្លាតក្រេបធម៌ មុហុត្តម្បិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ ខិប្បំ ធម្មំ វិជានាតិ ជីវ្ហា សូបរសំ យថា។ បើវិញ្ញុជន ចូលទៅអង្គុយជិតបណ្ឌិត សូម្បីត្រឹមតែមួយភ្លែតក៏ដោយ គេរមែងបាន ដឹងច្បាស់នូវព្រះធម៌យ៉ាងឆាប់រហ័ស ប្រៀប ដូចជាអណ្តាតដឹងរសជាតិនៃសម្ល យ៉ាង ដូច្នោះ ឯង ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰបាថេយ្យកភិក្ខុ៣០អង្គដែលចាំវស្សាពាក់កណ្តាលផ្លូវ ៥-បុគ្គលល្ងង់ខ្លៅជាសត្រូវនឹងខ្លួនឯង ចរន្តិ ពាលា ទុម្មេធា អមិត្តេនេវ អត្តនា ករោន្តា បាបកំ កម្មំ យំ ហោតិ កដុកប្ផលំ។ ជនពាលទាំងឡាយ មានប្រាជ្ញាអន់-អាប់ រមែងមានខ្លួនបីដូចជាសត្រូវ (នឹងខ្លួន ឯង ) ដើរសាងតែបាបកម្មដែលមានផលក្តៅ ក្រហាយ (ឱ្យដល់ខ្លួនឯង ) ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅវេឡុវនារាមទ្រង់ប្រារឰសុប្បពុទ្ធកុដ្ឋិដែលត្រូវមេគោជល់ស្លាប់ព្រោះបាបចាស់របស់ខ្លួន ដកស្រង់ពីសៀវភៅ "ព្រះពុទ្ធភាសិត ៤៣គាថា"
ដោយ៥០០០ឆ្នាំ |