Reading Article
Public date : 06, Jun 2022 (15,208 Read)
ហេតុគួរចាយទ្រព្យ ៤ យ៉ាង

|
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់ ។ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិដែលមានជា ៤ ចំណែក សម្រាប់ប្រើប្រាស់ក្នុងការចំណាយគឺ
១. ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន ។ ២. ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចពីសេចក្តីអន្តរាយផ្សេងៗ ដូចជាអន្តរាយព្រោះភ្លើង ព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម ។ ៣. ចាត់ចែង សម្រាប់ជួយសង្រ្គោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយ... (សំដៅដល់ពលី ៥ យ៉ាង មានញាតិពលីជាដើម ) ។ ៤. ចាត់ចែងបរិច្ចាគធ្វើទាន ដល់សមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់ ។ ការអស់ទៅនៃទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃ មិនគួរឲ្យសោកស្តាយឡើយ តែដែលអស់ទៅហើយ ថែមទាំងគួរឲ្យរង្គៀសនោះ គឺសំដៅយកការចំណាយប្រាក់ ក្នុងរឿងអបាយមុខផ្សេងៗ ដូចជា - ចំណាយក្នុងការដើរលេងស្រី - ចំណាយក្នុងការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ - ចំណាយក្នុងការសប្បាយបរិភោគ ក្នុងភាពជាអ្នកលេងស៊ី - ចំណាយក្នុងការលេងល្បែងស៊ីសង - ចំណាយក្នុងការដើលេងតាមច្រកល្ហករឿយៗ នៅពេលយប់ព្រលប់ - ចំណាយក្នុងការដើរមើលមហោសព្រ ឬល្បែងច្រៀងរាំរឿយៗ - ប្រកបរឿយៗ នូវសេចក្តីខ្ជិលច្រអូស - សេពគប់បាបមិត្ត ។ សេចក្តីដូចបានរៀបរាប់មកខាងលើនេះ សុទ្ធតែជាអបាយមុខទាំងអស់ បូរាណពោលថា " អបាយមុខ ជង្រុកហិន " ដូច្នេះត្រូវតែជៀសវាងឲ្យឆ្ងាយ បើមិនដូច្នោះទេ ពិតជាបង់ទាំងទ្រព្យ អភ័ព្វទាំងបុណ្យ និងធ្ងន់ដោយបាបមិនខាន ។ ជីវិតរបស់យើងម្នាក់ៗ មានតម្លៃណាស់សម្រាប់រង្វង់ក្រុមគ្រួសារ ។ ស្វាមីភរិយា តែងតែត្រូវការភាពស្មោះត្រង់រវាងគ្នានិងគ្នា កូនប្រុសស្រី តែត្រូវការភាពកក់ក្តៅពីឪពុកម្តាយ ចំណែកឪពុកម្តាយ ក៏ត្រូវការនូវភាពឱនលំទោននិងការស្តាប់បង្គាប់ពីកូនវិញដែរ ។ ដូច្នេះ បើសមាជិកនីមួយៗ នៃក្រុមគ្រួសារណា មិនយកទ្រព្យសម្បត្តិទៅចំណាយក្នុងរឿងអបាយមុខផ្សេងៗ ទេ ក្រុមគ្រួសារនោះ ពិតជាមានសុភមង្គល មិនមានការទាស់ទែងខ្វែងគំនិតគ្នាឡើយ ។ ការចិញ្ចឹមជីវិតស្មើនេះ សំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬថាមិនហ៊ឺហាតាមសម័យ គឺចេះសម្លឹងមើលកាលជាអនាគត ព្រោះមនុស្សគ្រប់គ្នាដែលមានការកើតមកពេញលក្ខណៈជាមនុស្ស បើមិនស្លាប់ពីក្មេងទេ គង់តែនឹងក្លាយទៅជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន ហើយអ្នកដែលអាចគ្រប់គ្រងក្រុមគ្រួសារបានល្អ មិនមែនជាមនុស្សខ្ជះខ្ជាយ ឬថា ជាមនុស្សគ្មានគំនិតឡើយ ។ ការចេះចាយវាយទ្រព្យសម្បត្តិទៅតាមគន្លងធម៌គឺជាពរដ៏ប្រសើរ សម្រាប់ឃរាវាស គ្រប់គ្នា ។ ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ " រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា ដោយ៥០០០ឆ្នាំ |