Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/2827/tybfhtvgfdxzcxd.jpg
Public date : 15, May 2026 (60,685 Read)
អារម្មណ៍​របស់​ចិត្ត គឺ​ជា​លោក​នៃ​ការ​រស់​នៅ ឯ​ចំណែក​ចិត្ត​ដឹង​អារម្មណ៍ គឺ​ជា​ការ​រស់​នៅ​ក្នុង​លោក ។ បើ​ចិត្ត​មាន​សភាព​យ៉ាង​ណា ៗ លោក​នៃការ​រស់​នៅ គឺ​ទៅ​ជា​យ៉ាង​នោះ​ឯង គឺ​ថា បើ​ចិត្ត​ជា​លោភៈ លោក​នៃ​ការ​រស់​នៅ​រមែង​ខ្វះ​​ខាត រហេម​រហាម ដូច​ឋាន​ប្រេត បើ​ចិត្ត​ជា​ទោសៈ លោក​នៃ​ការ​រស់​នៅ មាន​ការ​ក្ដៅ​ក្រហាយ ដូច​ឋាននរក បើ​ចិត្ត​ជា​មោហៈ លោក​នៃ​ការ​រស់​នៅ មាន​សភាព​មមិង​មមាំង ដូច​ភូមិតិរច្ឆាន តែ​បើ​ចិត្ត​មាន​ទាន​សីល​វិញ លោក​នៃ​ការ​រស់​នៅ​ទៅ​ជា​មាន​សភាព​រីករាយ ស្រស់​ស្រាយ ដូច​ជា​ឋានសួគ៌ា ហើយ​បើ​ចិត្ត​មាន​ភាវនា លោក​នៃ​ការ​រស់​នៅ រមែង​ស្ងប់​ត្រជាក់ ដូច​រស់​នៅ​ក្នុង​ព្រហ្មលោក បើ​ចិត្ត​មាន​វិបស្សនា​ពិត​ប្រាកដ​នោះ លោក​នៃ​ការ​រស់​នៅ​មាន​សភាព​ជា​ឥស្សរៈ មិន​មាន​កង្វល់ មិន​មាន​ការ​ហួងហែង ជា​ការ​រស់​នៅ​ក្នុង​លោក​នៃ​ព្រះអរិយៈ រហូត​ដល់​មាន​ផល​សមាបត្តិ បាន​រស់​នៅ​ពិត​ៗ​ក្នុង​អារម្មណ៍​ដែល​ជា​ព្រះនិព្វាន ដូច្នេះ លោក​នៃ​ការ​រស់​នៅ គឺ​យើង​សាង​ដោយ​ខ្លួន​ឯង មិន​អាច​នាំ​អ្នក​ដទៃ ឲ្យ​មក​រស់​នៅ​ជា​មួយ​បាន​ឡើយ គឺ​ថា​បើ​យើង​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​លោក​ណា យើង​គប្បី​សាង​លោក​នោះ រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន ដោយ​ប្រការ​ដូច្នេះ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2828/stcgdfxxcsdfxgcv.jpg
Public date : 15, May 2026 (36,673 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​អង្គុត្តរាប​ជន​បទ ព្រម​ទាំង​ភិក្ខុ​សង្ឃ ១២៥០ អង្គ ដែល​ជា​ព្រះភិក្ខុ​សង្ឃ​ក្នុង​ចតុរង្គ​សន្និបាត​នោះ​ឯង ។ សម័យ​នោះ កេណិយជដិល បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ស្ដាប់​ព្រះធម្មទេសនា មាន​សេចក្តី​ជ្រះថ្លា អារាធនា​ព្រះដ៏មាន​ព្រះភាគ និង​ព្រះភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ ទទួល​ភត្តាហារ​ក្នុង​ថ្ងៃ​ស្អែក ។ ក្នុង​សម័យ​នោះ​ដែរ សេលព្រាហ្មណ៍ អាស្រ័យ​នៅ​ក្នុង​អាបណនិគម ចេះ​ចប់​ក្នុង​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​ផ្សេង​ៗ​ទៀត បង្រៀន​កូន​សិស្ស ៣០០ នាក់ ហើយ​សេល​ព្រាហ្មណ៍​នេះ​ឯង​ធ្លាប់​ជាទី​ជ្រះថ្លា​របស់​កេណិយជដិល​រហូត​មក ។ សេល​ព្រាហ្មណ៍ ព្រម​ទាំង​កូន​សិស្ស បាន​ចូល​ទៅ​កាន់​អាស្រម​របស់​កេណិយ​ជដិល ក៏​បាន​ឃើញ​មនុស្ស​ទាំង​ឡាយ កំពុង​តែ​ធ្វើ​កិច្ចការ​ផ្សេង​ៗ អ៊ូអរ​ក្នុង​ទី​នោះ លុះ​សាក​សួរ​ដឹង​រឿង​ថា មាន​ការ​រៀបចំ​ថ្វាយ​ទាន​ចំពោះ​ព្រះសម្មាសម្ពុទ្ធ និង​ភិក្ខុ​សង្ឃ​ សេល​ព្រាហ្មណ៍​មាន​សេចក្តី​ត្រេកអរ​ដ៏​ក្រៃលែង​ទាំង​សួរ​បញ្ជាក់​ពាក្យ​ថា​ព្រះពុទ្ធ​ជា​ច្រើន​ដង​ទៀត​ផង ហើយ​បាន​គិត​ថា ពាក្យ​ថា​ព្រះពុទ្ធ​នេះ រក​បាន​ដោយ​ក្រ​ក្នុង​លោក ។ សេល​ព្រាហ្មណ៍​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ឃើញ​នូវ​មហា​បុរិស​លក្ខណៈ ៣២ ប្រការ​របស់​ព្រះដ៏មាន​ព្រះភាគ​សព្វ​គ្រប់​ហើយ ទើប​បាន​ពោល​សរសើរ ក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា​បពិត្រ​ព្រះដ៏​មាន​បុណ្យ ព្រះអង្គ​មាន​ព្រះកាយ​ពេញ​លេញ មាន​ព្រះសរីរៈ​ល្អ មាន​កំពស់​និង​ទំហំ​សម​សួន អ្នក​ផង​មើល​មិន​ចេះ​ឆ្អែត​ឆ្អន់ មាន​សម្បុរ​ដូច​មាស មាន​ព្រះ​ទាឋាស​ស្អាត ទ្រង់​ប្រកប ដោយ​សេចក្ដី​ព្យាយាម មហាបុរិស​លក្ខណ​ទាំង​ឡាយ ដែល​មាន​ដល់​ជន​អ្នកមាន​កំណើត​ល្អ​យ៉ាង​ណា មហាបុរិស​លក្ខណៈ​ទាំង​អស់​នោះ ក៏​មាន​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​យ៉ាង​នោះ​ដែរ ព្រះអង្គ​មាន​ព្រះនេត្រ​ថ្លា មាន​ព្រះភក្ត្រ​ស្រស់​បស់ មាន​ព្រះអង្គាវយវៈ​ត្រង់​ដូច​ជា​អង្គព្រហ្ម មាន​ព្រះ​រស្មី មាន​ព្រះញាណ​ដ៏​ល្អ ទ្រង់​ខ្លាច​ភ័យ​ក្នុង​សង្សារ​វដ្ដ ទ្រង់​មាន​ព្រះតចៈ​ភ្លឺ​ដូច​មាស រុង​រឿង​កណ្ដាល​ពពួក​សមណៈ​ដូច​ជា​ព្រះអាទិត្យ ព្រះអង្គ​មាន​ពន្លឺ​ដ៏​ថ្លៃថ្លា​យ៉ាង​នេះ ត្រូវ​ការ​អ្វី​ដោយ​សមណភាព គួរ​ណាស់​តែ​សោយរាជ្យ​ជា​ស្ដេច​ចក្រពត្តិ ( ទូន្មាន​ប្រជាជន ឲ្យ​ត្រឹម​ត្រូវ​តាម​ធម៌ ) ដូច​ជា​សារថី​ដ៏​ឧត្ដម ទ្រង់​គ្រប់​គ្រង​ផែនដី​រហូត​ដល់​សមុទ្រ​ទាំង ៤ ជាទី​បំផុត ជា​ស្ដេច​ឈ្នះ​សង្គ្រាម ជា​ឥស្សរៈ​នៃ​ជម្ពូទ្វីប ពួក​ខត្តិយ​ជាតិ​ដែល​សោយ​រាជ្យ ដោយ​ភោគ​សម្បត្តិ ចូល​មក​ជាក្សត្រិយ៍​ចំណុះ​ព្រះអង្គ បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​សោយ​រាជ​សម្បត្តិ ជា​ព្រះរាជាធិរាជ​ដ៏​ធំ​ជាង​មនុស្ស ព្រះមាន​ព្រះភាគ ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ តថាគតជា​ស្ដេចព្រោះ​ធម៌ ប្រសើរ​ដោយ​គុណ​ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ជា​ចក្រ​ដែល​បុគ្គល​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅ​មិន​កើត ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​ថាបើ​​ដូច្នោះ ព្រះអង្គ​ជា​ព្រះសម្ពុទ្ធ បាន​ត្រាស់​ដឹង​ហើយ​តើ​ព្រះអង្គត្រាស់​ថា តថាគត​ជា​ស្ដេច​ព្រោះ​ធម៌​ហើយ ប្រសើរ​ដោយ​គុណ ឥត​បុគ្គល​ណា​ស្មើ ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ធម៌​បាន​សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះគោតម សូម​ព្រះអង្គ​ប្រាប់​ខ្ញុំ ចុះ​លោក​ណា​ជា​សេនាបតី ជា​សាវ័ក​របស់​ព្រះសាស្ដា ចុះ​លោក​ណា​ញ៉ាំង​ធម្មចក្រ​ដែល​ព្រះអង្គ​ឲ្យ​ប្រព្រឹត្ត​ទៅ​ហើយ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​សេលព្រាហ្មណ៍ ធម្មចក្រ​ណា ដែល​តថាគត​ឲ្យ​ប្រព្រឹត្ត​ទៅ សារីបុត្ត​ជា​អនុជាត ក៏​ញ៉ាំង​ធម្មចក្រ​នោះ ឲ្យ​ប្រព្រឹត្ត​ទៅ ទុក្ខសច្ច និង​និរោធសច្ច ដែល​តថាគត​ត្រូវ​ដឹង​ច្បាស់ ក៏​តថាគត​បាន​ដឹង​ច្បាស់​ហើយ មគ្គសច្ច​ដែល​តថាគត​ត្រូវ​អប់រំ ក៏​តថាគត បាន​អប់រំ​ហើយ សមុទយសច្ច ដែល​តថាគត​ត្រូវ​លះ​បង់ ក៏​តថាគត បាន​លះបង់​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ហេតុ​នោះ បាន​ជាតថាគត​ឈ្មោះ​ថា​ព្រះពុទ្ធ ម្នាល​ព្រាហ្មណ៍ អ្នក​ចូរ​នាំ​បង់ ជម្រះ​បង់ នូវ​សេចក្ដី​សង្ស័យ​ក្នុង​តថាគត​ចេញ ការ​ជួប​ប្រទះ​នឹង​ព្រះសម្ពុទ្ធ​ទាំង​ឡាយ​រឿយ​ៗ គេ​មិន​ងាយ​នឹង​បាន​ទេ ការ​កើត​ប្រាកដ​ឡើង​ក្នុង​លោក​រឿយៗ នៃ​ព្រះសម្ពុទ្ធ​ទាំង​ឡាយ ក៏​គេ​មិន​ងាយ​នឹង​បាន​ដែរ ម្នាលព្រាហ្មណ៍ តថាគត​ហ្នឹង​ឯង​ជា​ព្រះពុទ្ធ ជា​ពេទ្យ​វះ មិន​មាន​ពេទ្យ​ដទៃ​ប្រសើរ​ជាង​ឡើយ មាន​សភាព​ជា​អ្នក​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំ​ញី​នូវ​មារ និង​សេនា​របស់​មារ ធ្វើ​ពួក​សត្រូវ​ទាំង​អស់ ឲ្យ​លុះ​ក្នុង​អំណាច​បាន ឥត​មាន​ភ័យ​អំពី​អ្វី រមែង​រីករាយ ទើប​សេលព្រាហ្មណ៍ និយាយ​នឹង​ពួក​មាណព​ទាំង​នោះ​ថា ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន ចូរ​អ្នក​ទាំង​ឡាយ​ស្ដាប់ នូវ​ព្រះពុទ្ធ​ដីកា​នេះ​ចុះ ព្រះមានចក្ខុ ជា​ពេទ្យ​វះ ( ដ៏ប្រសើរ ) មាន​ព្យាយាម​ធំ ទ្រង់​មានព្រះពុទ្ធដី​កាមក​ទាំង​ប៉ុន្មាន ដូច​ជា​សីហៈ​បន្លឺ​ក្នុង​ព្រៃ នរណា​បាន​ឃើញ​ព្រះសាស្ដា មាន​សភាព​ជា​បុគ្គល​ប្រសើរ កន្លង​បង់​នូវ​សេចក្ដី​ប្រៀប​ផ្ទឹម ជា​អ្នក​ញាំញី​នូវ​មារ​និង​សេនា​នៃ​មារ​ហើយ ( ដូច​ម្ដេច​ឡើយ ) នឹង​អត់​ទ្រាំ​មិន​ជ្រះ​ថ្លា​បាន សូម្បី​ជន​អ្នក​កើត​ក្នុង ត្រកូល​ដ៏​ថោក​ទាប ( ក៏​គង់​ជ្រះ​ថ្លា​នឹង​ព្រះអង្គ​ដែរ ) អ្នក​ណា​ចូល​ចិត្ត​តាម​ខ្ញុំ អ្នក​នោះ​ចូរ​មក អ្នក​ណា​មិន​ចូល​ចិត្ត​ទេ អ្នក​នោះ​ចូរ​ទៅ​ចុះ ខ្ញុំ​នឹង​បួស​ក្នុង​សម្នាក់​នៃ​ព្រះសម្ពុទ្ធ ព្រះអង្គ​មាន​ប្រាជ្ញា​ដ៏​ប្រសើរ ក្នុង​ទី​នេះ​ហើយ ពួក​មាណព​ទាំង​អស់ ក៏​និយាយ​នឹង​សេលព្រាហ្មណ៍​ថា បើ​លោក​ដ៏​ចម្រើន ពេញ​ចិត្ត​នឹង​សាសនា របស់​ព្រះសម្មាសម្ពុទ្ធ​យ៉ាង​នេះ យើង​ទាំង​ឡាយ​ក៏​នឹង​បួស​ក្នុង​សម្នាក់​ព្រះ​សម្ពុទ្ធ ទ្រង់​មាន​ប្រាជ្ញា​ដ៏​ប្រសើរ​ដែរ ( សេលព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា ) ព្រាហ្មណ៍​ទាំង ៣០០ នាក់​នេះ លើក​កម្បង់​អញ្ជលី​សូម​ផ្នួស បពិត្រព្រះ​មាន​បុណ្យ យើង​ទាំង​ឡាយ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ក្នុងសម្នាក់​ព្រះអង្គព្រះមាន​ព្រះភាគ​ត្រាស់ថា ម្នាល​សេលព្រាហ្មណ៍ ព្រហ្មចរិយៈ​ដែល​តថាគត​សម្ដែង ដោយ​ប្រពៃហើយ ជា​ព្រហ្មចរិយៈ​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់ចាំ​កាល បព្វជ្ជា​របស់​បុគ្គល​អ្នក​មិន​ប្រហែសធ្វេស ជា​អ្នក​សិក្សា ជា​បព្វជ្ជា​មិន​សោះ​សូន្យ​ទេ ។ សេលព្រាហ្មណ៍ ព្រម​ទាំង​បរិស័ទ ក៏​បាន​បព្វជ្ជា​និង​ឧបសម្បទា ក្នុង​សម្នាក់​នៃ​ព្រះមានព្រះភាគ ។ ថ្ងៃ​ស្អែក​ឡើង ព្រះដ៏មាន​ព្រះភាគ មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ទាំង​អស់​អង្គ បាន​ទទួល​ចង្ហាន់​របស់​កេណិយ​ជដិល នៅ​ក្នុង​អាស្រមបទ​របស់​គាត់ រួច​ហើយ​ព្រះអង្គ​ទ្រង់​អនុមោទនា​គាថា ២ ព្រះគាថា ៖ អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។ យញ្ញ​ទាំង​ឡាយ មាន​ការ​បូជា​ភ្លើង​ជា​ប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជា​ប្រធាន​នៃ​ឆន្ទសាស្ត្រ ព្រះរាជា​ជា​ប្រធាន​នៃ​ពួក​មនុស្ស សាគរ​ជា​ប្រធាន​នៃពួកនទី ។ នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។ ព្រះ​ចន្ទ​ជា​ប្រធាន​នៃ​ពួក​ផ្កាយ ព្រះអាទិត្យ​ជាប្រធាន​នៃ​ពួក​កម្ដៅ ព្រះសង្ឃ​ក៏​ជា​ប្រធាន​នៃ​មនុស្ស​ទាំង​ឡាយ​ដែល​ប្រាថ្នា​បុណ្យ​ហើយ​បូជា ។ សេលភិក្ខុ ព្រម​ដោយ​បរិស័ទ បាន​ព្យាយាម​បដិបត្តិ មិន​ជា​យូរ​ប៉ុន្មាន ក៏​បាន​អស់​នូវ​អាសវក្កិលេស នាំ​គ្នា​ចូល​គាល់​ព្រះដ៏មានព្រះភាគ ហើយ​បាន​ពោល​គាថា​ទាំង​ឡាយ​ថ្វាយ​ព្រះអង្គ ដែល​មាន​សេចក្តី​ថា​បពិត្រ​ព្រះអង្គ​ទ្រង់​មាន​បញ្ញាចក្ខុ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ដល់​នូវ​ទី​ពឹង រាប់​មក​ដល់​ថ្ងៃ​នេះ គម្រប់​ជា ៨ ថ្ងៃ​ហើយ បពិត្រ​ព្រះមាន​បុណ្យ យើង​ខ្ញុំ​ទាំង​ឡាយ បាន​ទូន្មាន​ខ្លួន​តាម​ព្រះសាសនា​របស់​ព្រះអង្គ​អស់ ៧ រាត្រី​ហើយ ព្រះអង្គ​ជា​ព្រះពុទ្ធ ព្រះអង្គ​ជា​បរមសាស្ដា ព្រះអង្គ​ជាអ្នក​ប្រាជ្ញ​គ្រប​សង្កត់​នូវ​មារ ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ ក្នុង​អនុសយធម៌ ទ្រង់​ឆ្លង ( ចាក​សង្សារ​វដ្ដ ) បាន​ដោយ​ព្រះអង្គ​ឯង ហើយ​ទ្រង់​ចម្លង​ពពួក​សត្វ​នេះ​ឲ្យ​ឆ្លង​បាន​ផង ព្រះអង្គ​កន្លង​ផុត​ឧបធិ ព្រះអង្គ​ទម្លាយ នូវ​អាសវៈ​ទាំង​ឡាយ ព្រះអង្គ​មិន​មាន​ឧបាទាន ទ្រង់​លះ​បង់​នូវ​ភ័យ​ដែល​គួរ​ឲ្យ​ខ្លាច​ទាំង​អស់ ដូច​សីហៈ ភិក្ខុ​ទាំង ៣០០ រូបនេះ ឈរ​ប្រណម្យ​អញ្ជលី បពិត្រ​ព្រះអង្គ​អ្នក​មាន​ព្យាយាម សូម​ព្រះអង្គ​លា​ព្រះបាទ​ទាំង​គូ ពួក​នាគ​គឺ​ភិក្ខុ សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះអង្គ​ជាបរមសាស្ដា ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2829/esrfddfdgfbghj.jpg
Public date : 15, May 2026 (24,241 Read)
កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈ​ធ្ងន់​ប៉ុណ្ណឹ​ងដែរ ។ ការ​ស្វែង​រក​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​ហ៊ាក់​ហ៊ឺហាខ្លាំង​ក្លា​មាំ​មួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​​ផង​ឡើយ ។ វា​ជា​ការ​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាម​គុណ វា​មាន​ទាំង​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន ។ ដំណោះ​ស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួស​រាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​លត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង ។ ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វី​ៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​នោះ​ឡើយ ត្រូវ​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន , រឹត​តែ​បាន រឹត​តែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វី​ៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2830/ukmynjtgrfds.jpg
Public date : 15, May 2026 (64,252 Read)
សម័យមួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតពន​មហាវិហារ សម័យ​នោះ មាន​ពួក​ព្រាហ្មណ៍​មក​អំពី​ដែន​ផ្សេង​ៗ​រាប់​រយ​នាក់ អាស្រ័យ​នៅ​ក្រុង​សាវត្ថី ដោយ​កិច្ចការ​របស់​ពួក​គេ មាន​ការ​បូជាយញ្ញ​ជា​ដើម ។ ពួក​ព្រាហ្មណ៍​ទាំង​នោះ បាន​ចាត់​មាណព​ម្នាក់​ឈ្មោះ​អស្សលាយនៈ អាយុ​ទើប​តែ ១៦ ឆ្នាំ ប៉ុន្តែ​រៀន​ចេះ​ចប់​នូវ​គម្ពីរ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​ព្រាហ្មណ៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន ឲ្យ​ចូល​ទៅ​ពិគ្រោះ​ពិភាក្សា​នឹង​ព្រះដ៏មាន​ព្រះភាគ អំពី​វណ្ណៈព្រាហ្មណ៍ ជា​វណ្ណៈប្រសើរ​ខ្ពង់ខ្ពស់​ជាង​គេ ។ អស្សលាយន​មាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពួក​ព្រាហ្មណ៍​តែង​និយាយ​យ៉ាង​នេះ​ថា មាន​តែ​ពួក​ព្រាហ្មណ៍​ទេ ទើប​ជា​វណ្ណៈ​ប្រសើរ វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ថោក​ទាប ពួក​ព្រាហ្មណ៍​ទើប​ជាវណ្ណៈ​ស វណ្ណៈ​ឯ​ទៀត​ជា​វណ្ណៈ​ខ្មៅ ពួក​ព្រាហ្មណ៍​ទើប​បរិសុទ្ធ វណ្ណៈ​ឯ​ទៀត​ដែល​មិន​មែន​ពួក​ព្រាហ្មណ៍​គឺ​មិន​បរិសុទ្ធ​ឡើយ ពួក​ព្រាហ្មណ៍​ជាបុត្រ ជា​ឱរស​កើត​មក​អំពី​ព្រះឱស្ឋ​របស់​ព្រះព្រហ្ម មាន​ព្រះព្រហ្ម​ជា​អ្នក​បង្កើត មាន​ព្រះព្រហ្ម​ជា​អ្នកនិម្មិត ជា​ញាតិ​នឹង​ព្រះព្រហ្ម ត្រង់​នេះ តើ​ព្រះគោតម​ដ៏​ចម្រើន​សម្ដែង​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​អស្សលាយនៈ នាង​ព្រាហ្មណី​ទាំង​ឡាយ​របស់​ពួក​ព្រាហ្មណ៍ ជា​ស្រី​មាន​រដូវ មាន​គភ៌ សម្រាល​កូន​និង​បំបៅ​ដោះ​កូន អ្នក​រាល់​គ្នា​ក៏​ឃើញដែរ... ។ ម្នាល​អស្សលាយនៈ កាល​ពីមុន អ្នក​អាង​ជាតិ​កំណើត លុះ​អាង​ជាតិ​កំណើត​ហើយ អ្នក​អាងមន្ត​ទាំង​ឡាយ លុះ​អាងមន្ត​ទាំង​ឡាយ​ហើយ ត្រឡប់​ជា​លើក​លែង​នូវ​មន្ត​នោះ ហើយ​មក​ប្រកាន់​យក​នូវ​សេចក្ដី​បរិសុទ្ធ​ក្នុង​វណ្ណៈ​ទាំង ៤ តាម​ដែល​តថាគតបញ្ញត្ត​វិញ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​ទ្រង់​ត្រាស់​ថា បុគ្គល​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​សៅ​ហ្មង​ដោយ​ខ្លួន​ឯង បុគ្គល​​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង រមែង​បរិសុទ្ធ​ដោយ​ខ្លួន​ឯង ដូច្នេះ​បុគ្គល​បរិសុទ្ធ ឬ​ថោក​ទាប​សៅ​ហ្មង មិន​មែន​នៅ​លើ​វណ្ណៈ​ជាតិ​កំណើត​ទេ គឺ​នៅ​លើ​ការ​ប្រព្រឹត្ត​ជាក់​ស្ដែង ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ អស្សលាយនៈ បាន​ប្រកាស​ខ្លួន​ជា​ឧបាសក អ្នក​ដល់​សរណៈ​​ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2831/jhmhgngfbds.jpg
Public date : 15, May 2026 (54,299 Read)
ចំណង់​លោភៈ បាន​នាំ​ជីវិត​ចូល​ទៅ​រក​បញ្ហា​រាប់​មិន​អស់ រវល់​តែ​ដោះ​ស្រាយ​បញ្ហា​ដែល​លោភៈ​ខ្លួន​ឯង​បាន​សាង​ឡើង មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​លោភៈ​នេះ​ទៀត​សោត បាន​សាង​កម្ម ដែល​ជា​ពូជ​នៃ​ភព​ថ្មី កាល​ដែល​ភព​ថ្មី​កើត​ហើយ ត្រូវ​បាន​ជរា និង​មរណៈ កម្ចាត់​ចោល​អស់ ត្រូវ​សាង​ថ្មី​ទៀត នេះ​ជា​អំពើ​ខាត​ទុន ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ របស់​យើង​ខ្លួន​ឯង ។ ដើម្បី​ការ​មិន​ចាប់​ប្រកាន់​អ្វី​ៗ​ទៅ​បាន ត្រូវ​ហ្វឹក​ហាត់​ដក​ចិត្ត​ចេញ​អំពី​របស់​ដែល​ប្រែ​ប្រួល ដូច​ជា​ការ​ដកចិត្ត​ចេញ​អំពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ដូច្នោះ​ឯង ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា របស់​ណា មិន​ទៀង របស់​នោះ ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា ត្រូវ​ឃើញ​ថា នោះ​មិន​មែន​ជា​របស់​យើង​ឡើយ ។ កាល​ដែល​វិបស្សនា​ឃើញ​ថា របស់​ណា មិន​មែន​ជា​របស់​យើង ក៏​មិន​ចាប់​យក​នូវ​របស់​នោះ​ដោយ​សេចក្ដី​ប្រកាន់​មាំ​ឡើយ នេះ​ឯង បដិបទា​ជាទី​សប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2832/ykiujtfgbxdc.jpg
Public date : 15, May 2026 (51,319 Read)
ហួង​ហែង​ខ្លាំង​ពេក វា​នាំ​ឲ្យ​លំបាក​ទាំង​អស់​គ្នា គឺ​លំបាក​ទាំង​យើង​អ្នក​ហួង​ហែង​គេ ទាំង​គេ​ដែល​ត្រូវ​យើង​ហួង​ហែង​នោះ​ឯង ។ ការ​ហួង​ហែង​ដូច​ជា​ការ​ឱប​រឹត បើ​វា​តឹង​ពេក​ទៅ វា​ពិត​ជា​នាំ​ឲ្យ​លំបាក​ដក​ដង្ហើម​ណាស់ ម្ល៉ោះ​ហើយ​រឿង​រ៉ាវ​វា​រឹត​តែ​ធំ​ឡើង ដល់​ថ្នាក់​នៅ​ជា​មួយ​គ្នា​មិន​បាន សូម្បី​តែ​កូន ក៏​មិន​ចង់​នៅ​ជា​មួយ​នឹង​ម៉ែឪ​ដែល​ហួង​ហែង​ពេក​នោះ​ដែរ ។ ត្រូវ​ពិចារណា​ថា អ្នក​ណា​ៗ ក៏​គេច​មិន​ផុត​អំពី ចាស់ ឈឺ ស្លាប់ ព្រាត់​ប្រាស និង​ផល​កម្ម​ដែរ ខ្លួន​យើង​ក៏​គេច​មិន​ផុត ហើយ​ដល់​យើង​ស្លាប់​ទៅ យើង​នៅ​ហួង​ហែង​ស្អី​បាន​ទៀត ដូច្នេះ​ត្រូវ​ប្រញាប់​រៀប​ចំ​ឲ្យ​ហើយ​ស្រេច​គ្រប់​រឿង កុំ​ចាំ​បាច់​ហួង​ហែង​វែង​ឆ្ងាយ ត្រូវ​រស់​នៅ​ប្រកប​ដោយ​បញ្ញា ពោល​គឺ​ព្យាយាម​អប់រំ​បញ្ញា មាន​ចិត្ត​សុខ​ស្ងប់ សប្បាយ​ៗ​មុន​ពេល​ស្លាប់ ព្រោះ​មិន​មាន​អ្វី​សម្រាប់​ឲ្យ​ហួង​ហែង ដល់​ពេល​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2833/mjnhbgfs.jpg
Public date : 15, May 2026 (49,227 Read)
សម័យ​មួយ ព្រះឧទេន​ភិក្ខុ និមន្ត​គង់​នៅ​ក្នុង​ព្រៃ​ស្វាយ​ឈ្មោះ​ខេមិយៈ ជិត​ក្រុង​ពារាណសី ។ សម័យ​កាល​​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ​ហើយ ដូច្នេះ​ហើយ ទើប​ឃោដមុខ​ព្រាហ្មណ៍​មិន​បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគឡើយ ប៉ុន្តែ​បាន​មក​ជួប​នឹង​ព្រះឧទេន​ភិក្ខុ​ហើយ​ពោល​​ថា បពិត្រ​សមណៈ​ដ៏​ចម្រើន ផ្នួស​ប្រកប​ដោយ​ធម៌​មិន​មាន​ទេ ការ​យល់​ឃើញ​របស់​ខ្ញុំ​ក្នុង​ផ្នួស​នេះ​យ៉ាង​នេះ​ឯង បាន​ជា​ខ្ញុំ​យល់​​ឃើញ​ដូច្នោះ ព្រោះ​មិន​ឃើញ​ជន​ទាំង​ឡាយ មាន​សភាព​ដូច​លោក​ដ៏​ចម្រើន​ផង ព្រោះ​មិន​ឃើញ​ធម៌​​ក្នុង​ផ្នួស​នេះ​ផង ។ ដើម្បី​ឲ្យ​ព្រាហ្មណ៍​គាត់​បាន​យល់​ដឹង​ថា​អ្នក​បួស​ប្រកប​ដោយ​ធម៌ មិន​មែន​មិន​មាន​ទេ គឺ​ពិត​ជា​មាន​មែន ព្រះ​ឧទេន​ភិក្ខុ បាន​លើក​យក​បុគ្គល ៤ ពួក ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​ហើយ មក​សម្ដែង​​ឲ្យ​ឃោដ​មុខ​ព្រាហ្មណ៍​បាន​ស្ដាប់​ទាំង​សង្ខេប ទាំង​ពិស្ដារ ។ បុគ្គល ៤ ពួក គឺ​ ១​-បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ២-បុគ្គល​ដុត​កម្ដៅ​អ្នក​ដទៃ ៣- បុគ្គល​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​ដុត​កម្ដៅ​អ្នក​ដទៃ ៤- បុគ្គល​មិន​ដុត​កម្ដៅ​ខ្លួន​ឯង ទាំង​មិន​ដុត​កម្ដៅ​អ្នក​ដទៃ មិន​មាន​សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ការ​ប្រាថ្នា​បាប មានតែរំលត់ទុក្ខ ត្រជាក់​ត្រជំ​ទទួល​សេចក្ដី​សុខ និង​មាន​អត្តភាព​ដ៏​ប្រសើរ ក្នុង​បច្ចុប្បន្ននេះ ។ កាល​ដែល​ព្រះឧទេន​ភិក្ខុ​សាក​សួរ​ព្រាហ្មណ៍ បាន​ធ្វើ​ឲ្យ​ឃោដមុខ​ព្រាហ្មណ៍​ពេញ​ចិត្ត​នឹង​កាន់​យក​បុគ្គល​ពួក​ទី ៤ ហើយ ទើប​បាន​ព្រះឧទេន​ភិក្ខុ សម្ដែង​បុគ្គល ២ ពួក​ទៀត គឺ​គ្រហស្ថ​និង​បព្វជិត ដែល​ធ្វើ​ឲ្យ​ព្រាហ្មណ៍​ប្រកាស​ក្នុង​ពេល​នោះ​ថា ផ្នួស​ប្រកប​ដោយ​ធម៌​ប្រាកដ​ជា​មាន​មែន មិន​មែន​ដូច​គំនិត​របស់​គាត់​ពី​មុន​នោះ​ទេ ។ នៅ​ពេល​ដែល​ព្រះឧទេន​ភិក្ខុ​សម្ដែង​អំពី​បុគ្គល ៤ ពួក​ដោយ​ពិស្ដារ​ចប់​ហើយ ឃោដមុខ​ព្រាហ្មណ៍​បាន​ប្រកាស​សរសើរ​ព្រះធម៌ និង​សូម​ដល់​ព្រះឧទេន​ដ៏​ចម្រើន​ផង ព្រះធម៌​ផង និង​ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទី​រលឹក ព្រម​ទាំង​ប្រកាស​ខ្លួន​ជា​ឧបាសក ។ ព្រះឧទេន​ភិក្ខុ បាន​ប្រាប់​ទៅ​ឃោដ​មុខ​ព្រាហ្មណ៍​ថា ម្នាល​ព្រាហ្មណ៍ អ្នក​កុំ​យក​អាត្មា​ជាទី​ពឹង​ឡើយ អាត្មា​យក​ព្រះមាន​ព្រះភាគ​អង្គ​ណា​ជាទី​ពឹង អ្នក​ចូរ​យក​ព្រះមាន​ព្រះភាគ​អង្គ​នោះ​ជាទី​ពឹង​ចុះ ។ ឃោដ​មុខ​ព្រាហ្មណ៍​សួរ​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ចុះ​ឥឡូវ​នេះ ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​គង់​នៅ​ក្នុង​ទី​ណា ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ ឥឡូវ​នេះ​ព្រះភគវន្ត​អរហន្ត​សម្មាសម្ពុទ្ធ ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០ យោជន៍​យើង​ខ្ញុំ​គួរ​ទៅ​កាន់​ទី​ចំនួន ១០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន​ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន​បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ២០ យោជន៍.... ក្នុង​ទី​ចំនួន ៣០ យោជន៍.... ក្នុង​ទី​ចំនួន ៤០ យោជន៍.... ក្នុង​ទី​ចំនួន ៥០ យោជន៍.... យើង​ខ្ញុំ ក៏​គួរ​ទៅ​កាន់​ទី​ចំនួន ៥០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ប្រសិន បើ​យើង​ខ្ញុំ ឮ​ដំណឹង​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ គង់​ក្នុង​ទី​ចំនួន ១០០ យោជន៍ យើង​ខ្ញុំ ក៏​គួរ​តែ​ទៅ កាន់​ទី​ចំនួន ១០០ យោជន៍ ដើម្បី​ជួប​នឹង​ព្រះគោតម​ដ៏​ចម្រើន ជា​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ដែរ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន កាល​បើ​ព្រះគោតម​ដ៏​ចម្រើន ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ ក៏​យើង​ខ្ញុំ​សូម​ដល់​នូវ​ព្រះគោតមដ៏​ចម្រើន​អង្គ​នោះ ដែល​ព្រះអង្គ​បរិនិព្វាន​ទៅ​ហើយ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃ​ផង ជាទី​ពឹង​ទីរលឹក សូម​ព្រះឧទេន​ដ៏​ចម្រើន ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា ថា​ជា​ឧបាសក ដល់​នូវ​សរណៈ​ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន​ព្រះរាជា​ក្នុង​ដែន​អង្គៈ ទ្រង់​ប្រទាននិច្ចភិក្ខា ដល់​ខ្ញុំ​ព្រះករុណា តែ​សព្វ ៗ ថ្ងៃ ខ្ញុំ​ព្រះ​ករុណា​សូម​ប្រគេន​និច្ចភិក្ខា​មួយ​ចំណែក អំពី​និច្ចភិក្ខា​នោះ ដល់​ព្រះឧទេន​ដ៏​ចម្រើន ។ ឧទេន​ភិក្ខុ​សួរ​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ព្រះបាទ​អង្គៈ​ទ្រង់​ប្រទាន​និច្ចភិក្ខា​ប៉ុន្មាន ដល់​អ្នក សព្វ ៗ ថ្ងៃ ។ ឃោដមុខ​ព្រាហ្មណ៍​តប​ថា បពិត្រ​ព្រះឧទេន​ដ៏​ចម្រើន ព្រះបាទ​អង្គៈ ទ្រង់​ប្រទាន ៥០០ កហាបណៈ ។ ឧទេន​ភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ យើង​មិន​គួរ​ទទួល​មាស​និង​ប្រាក់​ទេ ។ ឃោដ​មុខ​ព្រាហ្មណ៍​ឆ្លើយ​ថា បពិត្រ​​ព្រះឧទេន​ដ៏​ចម្រើន បើ​មាស​ប្រាក់​នោះ​មិន​គួរ ខ្ញុំ​ព្រះករុណា​នឹង​ឲ្យ​ជាង​ធ្វើ​វិហារ​ប្រគេន​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ។ ឧទេនភិក្ខុ​តប​ថា ម្នាល​ព្រាហ្មណ៍ បើ​អ្នក​ចង់​ឲ្យ​ជាង​ធ្វើ​វិហារ​ឲ្យ​អាត្មា ចូរ​ឲ្យ​ជាង​សង់​ឧបដ្ឋានសាលា​ប្រគេន​សង្ឃ នៅ​ក្នុង​ក្រុង​បាដលិបុត្ត​វិញ​ចុះ ។ ឃោដមុខ​ព្រាហ្មណ៍​ពោល​ថា លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន បបួល​ខ្ញុំ​ព្រះ​ករុណា​ឲ្យ​ធ្វើទាន​ចំពោះ​សង្ឃ ដោយ​​ហេតុ​ណា ខ្ញុំ​ព្រះករុណា​មាន​ចិត្ត​ត្រេកអរ​រីករាយ​ពន់​ប្រមាណ ចំពោះ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ដោយ​​ហេតុ​នេះ បពិត្រ​លោក​ម្ចាស់​ឧទេន​ដ៏​ចម្រើន ខ្ញុំ​ព្រះករុណា​នេះ នឹង​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​​សង្ឃ​ក្នុង​ក្រុង​បាដលិបុត្ត ដោយ​និច្ចភិក្ខា​នេះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ លំដាប់​នោះ ឃោដមុខ​ព្រាហ្មណ៍ ក៏​ឲ្យ​ជាង​ធ្វើ​ឧបដ្ឋាន​សាលា​ប្រគេន​សង្ឃក្នុងក្រុងបាដលិបុត្ត ដោយ​និច្ចភិក្ខា​នុះ​ផង ដោយ​និច្ចភិក្ខា​ដទៃ​ផង ។ ឥឡូ​វនេះ សាលា​នោះ គេ​ហៅ​ថា ឃោដមុខី ។ នៅ​ក្នុង​អដ្ឋកថា បាន​សម្ដែង​ប្រាប់​ថា ឃោដមុខ​ព្រាហ្មណ៍ បាន​បំពេញ​បុណ្យហើយ អស់​ជីវិត​ទៅ​បដិសន្ធិ​ក្នុង​ទេវលោក ។ កាល​ដែល​សង្ឃប្រជុំ​គ្នា​ដើម្បី​ចាត់​ចែង​ជួស​ជុល​នូវ​ឧបដ្ឋាន​សាលា ឃោដមុខ​ទេវបុត្រ​បាន​ចុះ​ពី​ទេវលោក មក​ណែ​នាំ​ឲ្យ​ប្អូន​ស្រី​ទៅ​យក​កំណប់​ទ្រព្យ​មក​ចាត់​ចែង​ជួស​ជុល​និង​សាង​នូវ​សាលា​ឆាន់ និង​ទុក​ទ្រព្យ​ចិញ្ចឹម​កូន​ចៅ​ទៅ​ទៀត​ផង រួច​ហើយ​ថ្វាយ​បង្គំ​ព្រះភិក្ខុ​សង្ឃ អណ្ដែត​ទៅ​ព្ធដ៏អាកាស​វេហា ត្រឡប់​កាន់​ទេវលោក​វិញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2835/7766tpic.jpg
Public date : 15, May 2026 (17,429 Read)
ភូមិ ៣១ ចែកជា ៣ ពួក ។ ពួកទី ១ ពោលដោយលំដាប់ឋាន មាន ៣ គឺ ៖ ១. កាមភូមិ ១១ មាន អបាយភូមិ ៤ (គឺ នរក ប្រេត តិរច្ឆាន អសុរកាយ) និង កាមសុគតិភូមិ ៧ គឺ មនស្ស ចាតុមហារាជិកា តាវត្តិង្ស យាមាតុសិត និម្មានរតី បរនិម្មិតវសវត្តី ។ ២. រូបភូមិ ១៦ មាន បឋមជ្ឈានភូមិ ៣ (គឺព្រហ្មបារិសជ្ជាព្រហ្មបុរោហិតា មហាព្រហ្មា) ទុតិយជ្ឈានភូមិ ៣ (គឺបរិត្តាភាអប្បមាណាភា អាភស្សរា) តតិយជ្ឈានភូមិ ៣ (គឺ បរិត្តសុភាអប្បមាណសុភា សុភកិណ្ហា) និង ចតុត្ថជ្ឈានភូមិ ៧ (វេហប្ផលាអសញ្ញីសត្តា និង សុទ្ធាវាសភូមិ ៦ គឺ អវិហា អតប្បា សុទស្សាសុទស្សី អកនិដ្ឋា) ។ ៣. អរូបភូមិ ៤ មាន អាកាសានញ្ចាយតភូមិ វិញ្ញាណញ្ចាយតនភូមិអាកិញ្ចញ្ញាយតនភូមិ នេវសញ្ញានាសញ្ញាយតនភូមិ ។ ពួកទី ២ ពោលដោយខន្ធ មាន ៣ គឺ ៖ ១. បញ្ចវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៥ មាន ២៦ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) ។ ២. ចតុវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៤ មាន ៤ គឺ អរូបភូមិ ។ ៣. ឯកាវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ១ មាន ១ គឺ អសញ្ញីសត្តា ។ ពួកទី ៣ ពោលដោយសញ្ញា មាន៣ គឺ ៖ ១. សញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញា មាន ២៩ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) និង អរូបភូមិ ៣ (វៀរនេវសញ្ញានាសញ្ញាយតនភូមិ)។ ២. អសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមិនមានសញ្ញា មាន ១ គឺអសញ្ញីសត្តាភូមិ ។ ៣. នេវសញ្ញីនាសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មាន១គឺនេវសញ្ញានាសញ្ញាយតនភូមិ ។ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
Public date : 15, May 2026 (58,226 Read)
ការ​លះ​បង់​នូវ​សេចក្ដី​ទុក្ខ​ទាំង​ពួង​បាន គឺ​ជា​សុខ ។ ត្រូវ​ប្រយ័ត្ន​ការ​ស្វែង​រក​សុខ ដែល​ជា​ការ​បង្ក​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ទៅ​វិញ។ គួរ​ហ្វឹក​ហាត់ ៧ យ៉ាង នឹង​បាន​ក្សេមក្សាន្ត​ក្នុង​ចិត្ត គឺ ១-ហ្វឹក​ហាត់ មើល​ខ្លួន​ឯង​ឲ្យ​ឃើញ​តូច​ទៅ ៗ ។ គប្បី​ជា​មនុស្ស​ខ្លួន​តូច​ដោយ​សតិ កុំ​ជា​មនុស្ស​ខ្លួន​ធំ​ដោយ​កិលេស ចូរ​ជា​មនុស្ស​ធម្មតា ៗ ។ កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់ គេ​ត្រូវ​គោរព​យើង​យ៉ាង​នេះ យ៉ាង​នោះ​ឲ្យ​សោះ គប្បី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្តី​សៅហ្មង​ទៅ បាន​ហើយ ។ ត្រូវ​ចាំ​ថា ធម្មតា​ជីវិត​គឺ​ធម្មតា​ធម៌ ។ ២-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​អ្នក​មិន​សន្សំ ។ ការ​សន្សំ​អ្វី ៗ គ្រប់​យ៉ាង គឺ​ជា​ភារៈ មិន​មាន​អ្វី​ដែល​យើង​សន្សំ​ហើយ មិន​មែន​ជា​ភារៈ​នោះ​ឡើយ វៀរ​លែង​តែ​សេចក្ដី​ល្អ​ក្នុង​ការ​លះ​បាប​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​សុទ្ធ​តែ​ជា​ភារៈ​ទាំង​អស់ បើ​មិន​ច្រើន​ក៏​តិច​ដែរ ។ ៣-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​សប្បាយ ៗ ។ មាន​បុគ្គល​ជាទី​សប្បាយ មាន​ធម៌​ស្ដាប់​ជា​ទី​សប្បាយ និង​មាន​បដិបទា​ជា​ទី​សប្បាយ​ជា​ដើម ។ កុំ​ទៅ​វង្វេង​ជា​មួយ​នឹង​របស់​សម្បូណ៌​បែប ព្រោះ​តាម​ពិត របស់​សម្បូណ៌​បែប​នោះ​មិន​មាន​ទេ វា​គ្រាន់​តែ​ជា​អារម្មណ៍​នៃ​ឆន្ទរាគៈ​តែ​ប៉ុណ្ណោះ មាន​តែ​បុគ្គល​ល្ងង់​ខ្លៅ​ទេ​ដែល​លិច​ចុះ​ក្នុង​របស់​សម្បូណ៌​បែប ព្រោះ​យល់​ច្រឡំ​ថា មាន​ពិត​ក្នុង​មាយា​ធម៌​នោះៗ ចំណែក​អ្នក​ចេះ​ដឹង មិន​លិច​ចុះ​ឡើយ ។ ៤-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ដឹង​ធម្មជាតិ​ថា អ្វី ៗ សុទ្ធ​តែ​មាន​ការ​កន្លង​ទៅ ។ ពេល​ដែល​សុខ ត្រូវ​ដឹង​ថា បន្តិច​វា​នឹង​កន្លង​ទៅ ពេល​ដែល​មាន​ទុក្ខ ក៏​ត្រូវ​ដឹង​ថា វា​នឹង​កន្លង​ទៅ​ដូច​គ្នាដែរ ។ នៅ​ពេល​ដែល​ស្ថាន​ការណ៍​លំបាក​យ៉ាក​យ៉ាប់​មក​ដល់ ត្រូវ​ដឹង​ឲ្យ​ទាន់​ថា រឿង​រ៉ាវ​ទាំង​នេះ វា​មិន​បាន​នៅជា​មួយ​យើង​រហូត​ទៅ​នោះ​ឡើយ ហើយ​យើង​ត្រូវ​តែ​ឈរ​នៅ​ខាង​សេចក្ដី​ល្អ​ជានិច្ច ។ ៥-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ចេះ​លះ​បង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ផង ។ ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ ជា​ការ​ចាំ​បាច់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល យ៉ាង​នេះ យ៉ាង​នោះ ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់​យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត​ទៅ​វិញ ព្រោះ​ត្រូវ​តស៊ូ​ជា​មួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន ដើម្បី​ទាម​ទារ​រក​ឲ្យ​ខ្លួន​ឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ដូច្នេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹង​ឯង ដើម្បី​សេចក្ដី​សុខ​ក្នុង​ជីវិត​ផង និង​ដើម្បី​បាន​ឈ្នះ​នូវ​មានៈ​ក្នុង​ខ្លួន​ឯង​ផង ។ ៦-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ស្ងៀមស្ងាត់ មិន​និយាយ​ច្រើន​អត់​ប្រយោជន៍ ។ កាល​បើ​ត្រូវ​និយាយ គប្បី​និយាយ​ដោយ​សតិ​សម្បជញ្ញៈ មិន​ទម្លាយ​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន មិន​និយាយ​បៀត​បៀន​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ ត្រូវ​ដក​ចង្កូម គឺ​វចីទុច្ចរិត​ទាំង ៤ អំពី​មាត់​របស់​ខ្លួន​ចេញ ត្រូវ​នឹក​រលឹក​ដល់​ព្រះពុទ្ធ​ដីកា ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​សម្ដី​ល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យ​មាន​ប្រយោជន៍ ៤-ពោល​តាម​កាលៈទេសៈត្រឹម​ត្រូវ ៥-​ពោល​ដោយ​មេត្តា​ចិត្ត ។ ត្រូវ​ប្រយ័ត្ន​សម្ដី​មិន​ល្អ ៥ យ៉ាង​ផ្ទុយ​គ្នា ប្រយ័ត្ន​ម្យ៉ាង គឺ​ខ្លួន​ឯង​កុំ​ពោល​ឲ្យ​សោះ និង​ប្រយ័ត្ន​ម្យ៉ាង​ទៀត ត្រូវ​តាំង​មេត្តា​ចិត្ត​ឲ្យ​បាន​ល្អ នៅ​ពេល​បាន​ស្ដាប់​ឮពី​អ្នក​ដទៃ​នូវ​សម្ដី​មិន​ល្អ ៥ យ៉ាង​នេះ ត្រូវ​ចាំ​ថា សម្ដី​មិន​ល្អ​ទាំង​នេះ រមែង​មាន​ក្នុង​លោក ដូច្នោះឯង ។ ៧-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​រួច​ផុត​អំពី​ភាព​ជា​ទាសៈ​នៃ​មាស​ប្រាក់ ។ ពាក្យ​ថា​ទាសៈ គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ញាប់​ញ័រ​ក្នុង​ចិត្ត ។ ដើម្បី​ភាព​ជា​ឥស្សរៈ​នេះ ត្រូវ​ហ្វឹក​ហាត់​ឲ្យ​ចេះ​ល្មម​ជា​មួយ​នឹង​របស់​បរិភោគ​ប្រើ​ប្រាស់ កាល​បើ​ចេះ​ល្មម ចេះ​សន្តោស​ហើយ ទើប​មាន​ឱកាស​មក​ទទួល​យក​ព្រះធម៌ ដើម្បី​សិក្សា​បដិបត្តិ ដែល​ការ​សិក្សា​បដិបត្តិ​តាម​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​នេះ គឺ​ជា​ការងារ​មាន​សារៈ​សំខាន់​បំផុត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2840/poilumkjmgbfv.jpg
Public date : 15, May 2026 (43,131 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ក្នុង​ដែន​កោសល ព្រម​ដោយ​ភិក្ខុ​សង្ឃ​ជា​ច្រើន​ព្រះអង្គ ព្រះអង្គ​ទ្រង់​គង់​ក្នុង​សាលវ័ន ជិត​ឱបាសាទគ្រាម ។ សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ​ចង្កី នៅ​អាស្រ័យ​នឹង​ឱបាសាទ​គ្រាម ដែល​ជា​ស្រុក​កុះករ​ដោយ​សត្វ​និង​មនុស្ស បរិបូណ៌​ដោយ​ស្មៅ​ឧស​និង​ទឹក ទាំង​ធញ្ញាហារ​ក៏​សម្បូណ៌​ដែរ ជា​ស្រុក​ព្រះរាជ​ទ្រព្យ ដែល​ព្រះរាជា​បសេនទិកោសល ទ្រង់​ព្រះរាជទាន ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ គឺ​ទ្រង់​ប្រទាន​ដោយ​ដាច់​ខាត ។ បន្ទាប់​អំពី​ពួក​ព្រាហ្មណ៍​ក្នុង​ស្រុក បាន​សន្ទនា​គ្នា​អំពី​ព្រះគុណ​នៃ​ព្រះដ៏មាន​ព្រះភាគ​រួច​មក ចង្កី​ព្រាហ្មណ៍ ព្រម​ទាំង​ពួក​ព្រាហ្មណ៍​ដ៏​ច្រើន បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ។ ក្នុង​កាល​នោះ មាន​ព្រាហ្មណ៍​កំលោះ​​ម្នាក់ ឈ្មោះ​កាបទិកៈ អាយុ​ទើប​តែ ១៦ ឆ្នាំ បាន​ចេះ​ចាំ​គម្ពីរ​ព្រាហ្មណ៍​យ៉ាង​ច្រើន ហើយ​កាប​ទិកៈ​​នេះ​ឯង បាន​ជាប្រមុខ​ក្នុង​ការ​ទូល​សួរ​បញ្ហា​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ។ បញ្ហា​​ដែលកាបទិកៈ​ទូលសួរ​​ព្រះ​ដ៏មាន​ព្រះភាគ គឺ -ការរក្សា​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ការ​ត្រាស់​ដឹង​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ការ​កើត​ឡើង​នៃ​សច្ចៈ​តើ​ត្រឹម​ប៉ុន្មាន ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​បធាន​គឺ​សេចក្ដី​ព្យាយាម ។ -ធម៌​មាន​ឧបការ​ច្រើនដ​ល់​ការ​ថ្លឹងថ្លែង​ពិចារណា ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ឧស្សាហៈ​គឺកា​រ​ប្រឹង​ប្រែង ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ​គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​អត្ថ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចេះ​ចាំ​ធម៌ ។ -ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ។ -ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុ​យ​​ជិត ។ -ធម៌​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ថា សទ្ធា​​មាន​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​រក ការ​ចូល​ទៅ​រក​មាន​​ឧបការ​ច្រើន​ដល់​ការ​ចូល​ទៅ​អង្គុយ​ជិត ការ​ចូល​ទៅ​អង្គុយ​​ជិត​មាន​ឧបការ​ច្រើន​ដល់​ការ​ផ្ចង់​ត្រចៀក ការ​ផ្ចង់​ត្រចៀក​​មាន​ឧបការ​ច្រើន​ដល់​ការ​ស្ដាប់​ធម៌ ការ​ស្ដាប់​ធម៌​មាន​ឧបការ​ច្រើន​​ដល់​ការ​ចេះ​ចាំ​នូវ​ធម៌ ការ​ចេះ​ចាំ​នូវ​ធម៌​​មាន​ឧបការ​ច្រើន​ដល់​ការ​ពិចារណា​​នូវ​អត្ថ ការ​ពិចារណា​នូវ​អត្ថមា​ន​ឧបការ​ច្រើន​ដល់​ការ​សម្លឹង​មើល​ធម៌ គឺ​សម្លឹង​ដឹង​ថា សីល​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ សមាធិ​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​ក្នុង​ទី​នេះ ជា​ដើម ការ​សម្លឹង​មើល​ធម៌​មាន​ឧបការ​ច្រើន​ដល់​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​នឹង​ធ្វើ ឆន្ទៈ​មាន​ឧបការ​ដល់​ឧស្សាហៈ​​គឺ​ការ​ប្រឹង​ប្រែង ឧស្សាហៈ​មានឧបការ​ដល់​ការ​ថ្លឹង​ថ្លែង​ពិចារណា ( តុលេតីតិ ) គឺ​ថ្លឹង​ថ្លែង​ពិចារណា​​ការ​មិន​ទៀង​ជា​ដើម​ក្នុង​សង្ខារ​ធម៌ ការ​ថ្លឹង​ថ្លែង​ពិចារណា​មាន​ឧបការ​ច្រើន​បធាន​គឺ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គ បធាន បទហិត ការ​តាំង​សេចក្ដី​ព្យាយាម​ក្នុង​មគ្គមាន​ឧបការ​ច្រើន​ដល់​ការ​កើត​ឡើង​នៃ​សច្ចៈ​គឺ​សច្ចានុប្បត្តិយា បាន​ដល់ការ​សម្រេច​នូវ​ផលដែល​ជា​លោកុត្តរវិបាក ។ ព្រះពុទ្ធអង្គ​ត្រាស់​សម្ដែង​ធម៌ ១២ ប្រការ ចាប់​ពី​សទ្ធា​មក​ដល់​បធាន អនុលោម​ក្នុង​ការពោល​ដល់​មគ្គ​គឺ​ការ​ត្រាស់​ដឹង​សច្ចៈ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ នៅ​ក្នុង​វារៈ​នៃ​ការ​ត្រាស់​ដឹ​ង​សច្ចៈ គឺ​​ការ​សម្រេច​អរិយមគ្គ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា បហិតត្តោ សមានោ កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ បញ្ញាយ ច តំ អតិវិជ្ឈ បស្សតិ ។ ឯត្តាវតា ខោ ភារទ្វាជ សច្ចានុពោធោ ហោតិ ។ ជា​អ្នក​មាន​ចិត្ត​បញ្ជូន​ទៅ​កាន់​ព្រះនិព្វាន ( បហិតត្តោ ) ទើប​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​នាម​កាយ​ផង បាន​ចាក់​ធ្លុះ​ឃើញ​ច្បាស់​នូវ​បរមត្ថ​សច្ច​នោះ ដោយ​បញ្ញា​ផង ។ ម្នាល​ភារទ្វាជៈ ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​មាន​ត្រឹម​ប៉ុណ្ណេះ​ឯង ។ អដ្ឋកថា ប្រាប់​ថា ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បរមត្ថសច្ច ដោយ​កាយ ដោយ​សេចក្ដី​ថា ធ្វើ​ឲ្យ​ជាក់​ច្បា​ស់​នូវ​ព្រះនិព្វាន ដោយ​នាម​កាយ ដែល​ជា​សហជាតិ ហើយ​បាន​ចាក់​ធ្លុះ ឃើញ​ច្បាស់​​នូវ​ព្រះនិព្វាន​នោះ ដោយ​បញ្ញា​ក្នុង​ការ​លះបង់​នូវ​កិលេស​ហ្នឹង​ឯង ។ ត្រង់​បទ​ថា ការ​ត្រាស់​ដឹង​នូវ​សច្ចៈ គឺ​ការ​ត្រាស់​ដឹង​នូវ​មគ្គ ( សច្ចានុពោធោតិ មគ្គានុពោធោ ) ។ ការ​រក្សា​សច្ចៈ គឺ​បុគ្គល​មាន​ជំនឿ​ក្ដី មាន​ការ​គាប់​ចិត្ត​ក្ដី មាន​ការ​ស្ដាប់​តាម​គ្នា​ក្ដី មាន​ការ​ត្រិះរិះ​នូវ​អាការ​ណា​ក្ដី មាន​ការ​សម្លឹង​ពិនិត្យ​យល់​ចូល​ចិត្ត​ក្ដី កាល​ដែល​និយាយ ក៏​និយាយ​ទៅ​តាម​​ដែល​ខ្លួន​ឯង​មាន​ជំនឿ​ជា​ដើម​នោះ ៗ ឈ្មោះ​ថា​រក្សា​សច្ចៈ តែ​មិន​ដល់​ថ្នាក់​ដាច់​ខាត​ថា ពាក្យ​នេះ​ពិត ពាក្យ​ដទៃ​ជា​មោឃៈ​ឡើយ ។ នៅ​ក្នុង​ទំព័រ ១៣៤ ព្រះដ៏មាន​ព្រះភា ទ្រង់​ត្រាស់​សម្ដែង​ថា ម្នាល​ភារទ្វាជៈ មាន​សេចក្ដី​តំណាល​ថា ភិក្ខុ​ក្នុង​សាសនា​នេះ ចូល​ទៅ​អាស្រ័យ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​និគម​ណា​មួយ ។ អដ្ឋកថា ប្រាប់​ថា​ព្រះពុទ្ធអង្គ​ទ្រង់​សំដៅ​ដល់​ព្រះអង្គ​ឯង នូវ​ពាក្យ​ថា ឥធ កិរ ភារទ្វាជ ភិក្ខុ ...។ គហបតី ឬកូ​​នគហបតី បាន​ញ៉ាំង​សទ្ធា​ឲ្យ​កើត​ឡើង​ក្នុង​ព្រះ​តថាគត ទើប​ចូល​ទៅ​រក​ហើយ​អង្គុយ​ជិត ។ល។ នៅ​​ខាង​ចុង​នៃ​ព្រះសូត្រ កាបទិកមាណព បាន​ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគថា យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​រក្សា​សច្ចៈធម៌​នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការ​រក្សា​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​​ត្រាស់​ដឹង​នូវ​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​​ដ៏​ចម្រើ ក៏​បាន​ព្យាករ​នូវ​​ការ​​ត្រាស់​ដឹង​​សច្ចៈ​ហើ​យ ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ការកើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្តផង គួរ​ផង ដល់​យើងខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្ត​ត្រេកអរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ធម៌​មាន​ឧបការ​ច្រើន ដល់​ការ​កើត​សច្ចៈ​ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត ក៏​មាន​ចិត្តត្រេក​អរ ដោយ​ការ​ព្យាករ​នោះ យើង​ខ្ញុំ​បាន​សួរ នូវ​ប្រស្នា​ណា ៗ នឹង​ព្រះគោតម​ដ៏​ចម្រើន ព្រះគោតម​ដ៏​ចម្រើន ក៏​បាន​ព្យាករ​នូវ​ប្រស្នា​នោះ ៗ ហើយ ក៏​ការ​ព្យាករ​នោះ គាប់​ចិត្ត​ផង គួរ​ផង ដល់​យើង​ខ្ញុំ ទាំង​យើង​ខ្ញុំ​សោត​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​ការ​ព្យាករ​នោះ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ព្រោះ​ថា​កាល​ពី​ដើម​យើង​ខ្ញុំ​បាន​ដឹង​យ៉ាង​នេះថា បុគ្គល​ពួក​ណា ជា​សមណៈ​ត្រងោល ជា​គហបតិជាតិ មាន​សម្បុរ​ខ្មៅ ជា​កូន​កើត​មក​អំពី​ព្រះបាទ​នៃ​មហាព្រហ្ម បុគ្គល​ពួក​ណា ជា​អ្នក​ដឹង​ច្បាស់​នូវ ធម៌ ឱហ្ន៎ ! ( ឥឡូវនេះ ) ព្រះគោតម​ដ៏​ចម្រើន បាន​នាំខ្ញុំឲ្យមាន សេចក្ដី​ស្រឡាញ់​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​ជ្រះថ្លា​ក្នុង​ពួក​សមណៈ ឲ្យ​មាន​សេចក្ដី​គោរព ក្នុង​ពួក​សមណៈ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភ្លឺ​ច្បាស់​ណាស់ ។ បេ ។ សូម​ព្រះគោតម​ដ៏​ចម្រើន​ទ្រង់​ជ្រាប នូវ​ខ្ញុំ​ព្រះអង្គ​ថា​ជា​ឧបាសក អ្នក​ដល់​នូវ​ត្រៃ​សរណគមន៍ ស្មើ​ដោយ​ជីវិត តាំង​ពី​​ថ្ងៃ​នេះ​ជា​ដើម​ត​ទៅ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
Public date : 15, May 2026 (59,852 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតវនារាម របស់​លោក​អនាថ​បណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រាហ្មណ៍ឈ្មោះ​ឯសុការី បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​នូវ​ការ​បញ្ញត្ត​របស់​ពួក​ព្រាហ្មណ៍ ដែល​ព្រាហ្មណ៍​បាន​បញ្ញត្ត​នូវ​ការ​បម្រើ ៤ យ៉ាង ទៅ​តាម​វណ្ណៈ​ទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួក​ព្រាហ្មណ៍​បាន​បញ្ញត្ត​ថាៈ -ព្រាហ្មណ៍​ត្រូវ​បម្រើ​ព្រាហ្មណ៍ ក្សត្រិយ៍​ក៏​ត្រូវ​បម្រើ​ព្រាហ្មណ៍​ដែរ វេស្សៈ សុទ្ទៈ ត្រូវ​បម្រើ​ព្រាហ្មណ៍​ទាំង​អស់ ។ -ក្សត្រិយ៍ ត្រូវ​បម្រើ​ក្សត្រិយ៍ វេស្សៈ និង​សុទ្ទៈ ត្រូវ​បម្រើ​ក្សត្រិយ៍ ។ -វេស្សៈ​ត្រូវ​បម្រើ​វេស្សៈ សុទ្ទៈ​ត្រូវ​បម្រើ​វេស្សៈ ។ -សុទ្ទៈ​ត្រូវ​បម្រើ​សុទ្ទៈ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​ត្រាស់​សម្ដែង​នូវ​ដំណើ​រនោះ ថា​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ព្រាហ្មណ៍​ចុះ​លោក​ទាំង​មូល​យល់​ព្រម​ដាច់​ស្រេច នូវ​ការ​បញ្ញត្ត របស់​ពួក​ព្រាហ្មណ៍​នុ៎ះ​ថា ចូរ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​នូវ​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ​ចុះ ដូច្នេះ​ដែរ​ឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន លោក​ទាំង​មូល​មិន​យល់​ព្រម នូវ​ការ​បញ្ញត្ត​នេះ​ទេ ។ ម្នាល​ព្រាហ្មណ៍ បុរស​កំសត់ ឥត​យស មិន​ស្ដុកស្ដម្ភ ពួក​ឈ្មួញ​រទេះ យក​ចំណែក​សាច់ ( គោ​របស់​ខ្លួនដែល​ស្លាប់​តាម​ផ្លូវ ) ផ្ដែក​វេរ​ឲ្យ​ដល់​បុរស​កំសត់​នោះ ដែល​មិន​ចង់​បាន​ដោយ​បង្ខំ​ថា នែ​វ៉ឺយ​បុរស ឯង​ត្រូវ​តែ​ស៊ី​សាច់​នេះ ទាំង​ត្រូវ​សង​ថ្លៃ​ផង សេចក្តី​នេះ​មាន​ឧបមា​យ៉ាង​ណា ម្នាល​ព្រាហ្មណ៍ ដោយ​ការ​ដែល​ពួក​សមណព្រាហ្មណ៍​នោះ មិន​បាន​យល់​ព្រម​សោះ ស្រាប់​តែ​ពួក​ព្រាហ្មណ៍ មក​បញ្ញត្ត​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ ក៏​មាន ឧបមេយ្យ​យ៉ាង​នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រហ្មណ៍ តែ​តថាគត​នឹង​បាន​ពោល​ថា​មិន​ត្រូវ​បម្រើ​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើ​គេ​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប​ក្រៃ​ពេក មិន​បាន​ប្រយោជន៍ ព្រោះ​ហេតុ​ការ​បម្រើ តថាគត​មិន​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះ​ទេ ម្នាល​ព្រាហ្មណ៍ តែ​ថា​កាល​គេ​បម្រើ​បុគ្គល​ណា បាន​ប្រយោជន៍​មិន​បាន​បាប ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ តថាគត​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះចុះ ។ ម្នាល​ព្រាហ្មណ៍ ប្រសិន​បើ​គេ​សួរ ក្សត្រិយ៍​យ៉ាង​នេះ​ថា កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា ទ្រង់​ក្លាយ​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​កា​របម្រើ មួយ​ទៀត កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា បាន​ជា​បុគ្គល​គាប់​ប្រសើរ មិន​ក្លាយ​ជា​បុគ្គល​ថោក​ថយ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​ព្រះអង្គ​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​ក្សត្រិយ៍​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គួរ​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​ខ្ញុំ​បម្រើ​បុគ្គល​ណា ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ លុះ​តែ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បាន​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​ព្រាហ្មណ៍... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​វេស្សៈ... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​សុទ្ទៈ​យ៉ាង​នេះ​ថា កាល​បើ​អ្នក​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ មួយ​ទៀត កាល​បើ​អ្នក បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បានការ​អាក្រក់ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​អ្នក​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​សុទ្ទៈ​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គប្បី​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​អាក្រក់ មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​មែន​ជា​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ថយ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ប្រព្រឹត្ត​ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​វា​ចា​ទ្រគោះ និយាយ​តែ​ពាក្យ​ឥត​ប្រយោជន៍ ជា​អ្នក​មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មិច្ឆាទិដ្ឋិ ហេតុ​នោះ​បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់ ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ ទុក​ជា​មាន​ជាតិ​ថ្លៃថ្លា​ក៏​ដោយ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​សម្ដី​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ជាតិ​ថ្លៃថ្លា ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ភោគៈ​លើស​លុប តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា និយាយ​ពាក្យ​មុសា មាន​វា​ចាញុះញង់ មាន​ពាក្យ​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មនុស្ស​មិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​មាន​ភោគៈ​លើស​លុប​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ភោគៈ​ដ៏​លើស​លុប ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈលើស​លុបទេ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា មិន​ត្រូវ​បម្រើ​អ្នក​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើគេ​បម្រើ​បុគ្គល​ណា សទ្ធា​ចម្រើន សីល​ចម្រើន សុតៈ​ចម្រើន ចាគៈ​ចម្រើន ប្រាជ្ញា​ក៏​ចម្រើន ព្រោះ​ការ​បម្រើ ( នោះ ) ជា​ហេតុ តថាគត​ទើប​ពោលថា​ ត្រូវ​បម្រើ​បុគ្គល​នោះ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​មួយ​រឿង​ទៀត អំពី​ការ​បញ្ញត្ត​ទ្រព្យ​របស់​ពួក​ព្រាហ្មណ៍ គឺ​ការ​ប្រព្រឹត្ត​សូម​ជា​ទ្រព្យ​របស់​ព្រាហ្មណ៍ ធ្នូ​និង​បំពង់​ព្រួញ​ជា​ទ្រព្យ​របស់​ក្សត្រិយ៍ ការ​ភ្ជួរ​រាស់​និង​ការ​រក្សា​គោ​ជា​ទ្រព្យ​របស់​វេស្សៈ កណ្ដៀវ​និង​អម្រែក​ជា​ទ្រព្យ​របស់​សុទ្ទៈ ។ ក្នុង​ទ្រព្យ​ទាំង ៤ ប្រការ​នេះ ប្រសិន​បើ​វណ្ណៈ​ណា​មើល​ងាយ​នូវ​ទ្រព្យ​របស់​ខ្លួន ឈ្មោះ​ថា ជា​អ្នក​មិន​ធ្វើ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ដូច​អ្នក​រក្សា​ទ្រព្យ លួច​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ថា តើ​ព្រះគោតម​ដ៏​ចម្រើន សម្ដែង​ថា​ដូច​ម្ដេច ចំពោះ​រឿង​នេះ ? សេចក្ដី​នៅ​ក្នុង​ព្រះ​សូត្រ គឺ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​បញ្ញត្តលោកុត្តរធម៌​ដ៏​ប្រសើរ ថា​ជា​ទ្រព្យ​សម្រាប់​ខ្លួន​របស់​បុរស​ស្ត្រី។ វណ្ណៈ​ទាំង ៤ ចូល​កាន់​ផ្នួស អាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សម្ដែង​ហើយ វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន ។ល។ មាន​សម្មាទិដ្ឋិ ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ជា​គ្រឿង​នាំ ចេញ​ចាក​ទុក្ខ ចម្រើន​ចិត្ត​មេត្តា មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ប្រព្រឹត្ត​ទៅ​បាន​គ្រប់​វណ្ណៈ​ទាំង​អស់ មិន​ចំពោះ​តែ​វណ្ណៈព្រាហ្មណ៍​ទេ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​លើក​អំពី​ការ​ងូត​ទឹក​ជម្រះ​ក្អែល អំពី​ការ​បង្កាត់​ភ្លើង ដើម្បី​ឲ្យ​ឯសុការី​ព្រាហ្មណ៍ បាន​យល់​អំពី​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា ក្នុង​ការ​លះបង់​នូវ​កិលេស ដោយ​មិន​ចំពោះ​វណ្ណៈ​ណា​មួយ​នោះ​ឡើយ ។ ឯសុការី​ព្រាហ្មណ៍ បាន​ជា​ឧបាសក អ្នក​ដល់​នូវសរណគមន៍ ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2844/3dddd44.jpg
Public date : 15, May 2026 (57,544 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះមហាវិហារ​វេឡុវ័ន ជិត​ក្រុងរាជគ្រឹះ ។ សម័យ​នោះ ព្រះសារីបុត្ត មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ច្រើន​ព្រះអង្គ បាន​និមន្ត​មក​ដល់​ទក្ខិណាគិរិជនបទ ។ ទក្ខិ​ណា​គិរិ​ជនបទ ឋិត​នៅ​ខាង​ត្បូង​ក្រុងរាជ​គ្រឹះ ជា​ស្រុក​របស់​នន្ទមាតា​វេឡុកណ្ដកី ជា​ឧបាសិកាគម្រូ​ល្អ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់ត្រាស់​សរសើរ ជា​គូ​ជា​មួយ​នឹង​ឧបាសិកាខុជ្ជុត្តរា ។ នៅ​ក្នុង​ព្រះសូត្រ​នេះ ព្រះសារីបុត្ត​បាន​ទូន្មាន ណែ​នាំ​អប់រំ​ដល់​ធនញ្ជានិព្រាហ្មណ៍ ដែល​មិន​ទាន់​មាន​សីល ប្រកប​ដោយ​សេចក្ដី​ប្រមាទ បោក​ប្រាស់​អ្នក​ស្រុក កុហក​ព្រះរាជា​ក្នុង​ក្រុង​រាជគ្រឹះ ឲ្យ​ជា​ព្រាហ្មណ៍​មាន​សីល មាន​សេចក្ដី​មិន​ប្រមាទ ចម្រើន​ព្រហ្មវិហារ​ធម៌ ចូល​ទៅ​កាន់​ព្រហ្ម​លោក​ដោយ​បដិសន្ធិ ។ ធនញ្ជានិព្រាហ្មណ៍ គាត់​អាស្រ័យ​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ផ្នែក​ខាង​តណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារ​នេះ គឺ​ជា​ទ្វារ​តូច​មួយ​ក្នុង​បណ្ដា​ទ្វារ​តូច​ចំនួន ៦៤ ទ្វារ ។ ក្នុង​អដ្ឋកថា​ប្រាប់​ថា ក្រុង​រាជ​គ្រឹះ​មាន​ទ្វារ​ធំ ៣២ ទ្វារ និង​ទ្វារ​តូច ៗ ចំនួន ៦៤ ទ្វារទៀត ។ កាល​ដែល​ព្រះសារីបុត្ត គង់​នៅ​ទក្ខិណាគិរិជនបទ បាន​ជ្រាប​ដំណឹង​ថា ធនញ្ជានិព្រាហ្មណ៍​មាន​សេចក្ដី​ប្រមាទ​ហើយ ក៏​បាន​និមន្ត​មក​វត្តវេឡុវ័ន បិណ្ឌ​បាត​ក្នុង​ក្រុង​រាជគ្រឹះ ឆាន់​រួច​ហើយ​ក៏​បាន​និមន្ត​ចូល​ទៅ​រក​ធនញ្ជានិព្រាហ្មណ៍ ដើម្បី​ប្រទាន​ឱវាទ​ហ្នឹង​ឯង ។ ព្រះសារីបុត្ត​បាន​សួរ​ព្រាហ្មណ៍​ថា ម្នាល​ធនញ្ជានិ អ្នក​ជា​បុគ្គល​មិន​ប្រមាទ​ទេ​ឬ ? ព្រាហ្មណ៍​បាន​ឆ្លើយ​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន សេចក្ដី​មិន​ប្រមាទ​របស់​ខ្ញុំ​ព្រះ​ករុណា នឹង​មាន​មក​អំពី​ណា ព្រោះ​ខ្ញុំ​ព្រះករុណា ត្រូវ​ចិញ្ចឹម​មាតា​បិតា ត្រូវ​ចិញ្ចឹម​កូន​ប្រពន្ធ ទាសកម្មករ ត្រូវ​ធ្វើ​កិច្ច​ដល់​មិត្ត​អាមាត្យ ញាតិ​សាលោ​ហិត​ ពួកភ្ញៀវ បុព្វបេត ពួក​ទេវតា ទាំង​ដែល​ត្រូវ​ធ្វើ​កិច្ច​ដល់​ព្រះរាជា និង​ត្រូវ​ចិញ្ចឹម​រូប​កាយ​នេះ​ឲ្យ​ធាត់​ចម្រើន​​ផង​ដែរ ។ ព្រះសារីបុត្ត បាន​ដាស់​តឿន​ព្រាហ្មណ៍ ឲ្យ​យល់​អំពី​ការ​ទ្រុស្ត​សីល​របស់​ព្រាហ្មណ៍​នោះ មាន​ទោស​នាំ​ឲ្យ​ធ្លាក់​នរក ដោយ​មិន​អាច​អាង​នៅ​លើ​ការ​ចិញ្ចឹម​អ្នក​ដទៃ​ជា​ដើម ឬ​ថា​អ្នក​ដទៃ​ណា​នោះ អាច​ជួយ​ការពារ​ព្រាហ្មណ៍​បាន​ឡើយ ។ ការ​ងារ​ទាំង​ឡាយ​ផ្សេង​ទៀត ត្រូវ​តាម​ធម៌ មិន​ទ្រុស្តសីល មិន​បាច់​ធ្វើ​នូវ​បាបកម្ម​ផង អាច​ប្រតិបត្តិ​នូវ​បដិបទា ដែល​ជា​ហេតុ​ឲ្យ​កើត​បុណ្យ​បាន​ផង មាន​ដែរ​តើ ។ ធនញ្ជា​និព្រាហ្មណ៍ បាន​ត្រេកអរ អនុមោទនា​នូវ​ភាសិត​របស់​ព្រះសារីបុត្ត​ដ៏​មាន​អាយុ ។ ក្រោយ​មក ព្រាហ្មណ៍​ក៏​បាន​ដល់​រោគា​ពាធ មាន​ជំងឺ​ជា​ទម្ងន់ គាត់​បាន​ឲ្យ​បុរស​ម្នាក់​ទៅ​និមន្ត​ព្រះសារីបុត្ត​មក ក្នុង​បំណង​ដើម្បី​បាន​ស្ដាប់​នូវ​ឱវាទ​អំពី​ព្រះសារីបុត្ត​ហ្នឹង​ឯង ។ ព្រះសារីបុត្ត​បាន​ណែនាំ​ឲ្យ​ព្រាហ្មណ៍​ដក​ចិត្ត​ចេញ​អំពី​កាមភព ដោយ​ការ​សម្ដែង​ផ្លូវ ដើម្បី​ឲ្យ​ព្រាហ្មណ៍​បាន​កើត​រួម​នឹង​ព្រហ្មទាំង​ឡាយ ទើប​បាន​ប្រកាស​នូវ​ព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយ​ទៅ​កាន់​លោក​ទាំង​មូល ក្នុង​ទិស​ទាំង​ពួង មាន​ចិត្ត​ធំ​ទូលាយ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ។ ធន​ញ្ជានិព្រាហ្មណ៍ បាន​ពោល​ថា បពិត្រ​ព្រះសារីបុត្ត​ដ៏​ចម្រើន បើ​ដូច្នោះ សូម​លោក​ម្ចាស់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​បុណ្យ​ដោយ​ត្បូង តាម​ពាក្យ​របស់​ខ្ញុំ​ព្រះករុណា​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិ​ព្រាហ្មណ៍ មាន​អាពាធ ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះដ៏មាន​ព្រះភាគ​ដោយ​ត្បូង ។ គ្រា​នោះ ព្រះសារីបុត្ត​ដ៏​មាន​អាយុ កាល​បើ​មាន​កិច្ច ដែល​លោក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជា​និ​ព្រាហ្មណ៍​​ឲ្យ​តម្កល់​នៅ​ត្រឹមព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ​ហើយ​ក៏​ចេញ​ទៅ ។ គ្រា​នោះ​ឯង ធនញ្ជានិព្រាហ្មណ៍ កាល​បើ​ព្រះសារីបុត្ត​មាន​អាយុ​និមន្ត​ចេញ​ទៅ មិន​យូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល​ហើយ​ទៅ​កើត ឯ​ព្រហ្មលោក ។ គ្រា​នោះ ព្រះមាន​បុណ្យ ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​នុ៎ះ កាល​បើ​មាន​កិច្ច​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត​ទៅ​ទៀត ក៏​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប រួច​ក្រោក​ចាកអាសនៈ ចេញ​មក ។ គ្រា​នោះ ព្រះសារីបុត្ត​មាន​អាយុ ចូល​ទៅ​គាល់​ព្រះមាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះមាន​ព្រះភាគ ហើយ​ក៏​អង្គុយ ក្នុង​ទី​ដ៏​សម​គួរ ។ លុះ​ព្រះសារីបុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទូល​ព្រះមាន​ព្រះភាគ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ធនញ្ជានិព្រាហ្មណ៍ មាន​អាពាធ​​​ដល់​នូវ​ទុក្ខ​វេទនា មាន​ជំងឺ​ជា​ទម្ងន់ គាត់​ក្រាប​ថ្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះមាន​ព្រះភាគ​ដោយ​ត្បូង ។ ព្រះមាន​ព្រះភាគ​ត្រាស់​សួរ​ថា ហៃ​សារីបុត្ត កាល​បើ​កិច្ច​ដែល​អ្នក​ត្រូវ​ធ្វើ​ត​ទៅ​ទៀត​នៅ​មាន ហេតុ​ម្ដេច​ក៏​អ្នក​ញ៉ាំង​ធនញ្ជានិព្រាហ្មណ៍ ឲ្យ​តម្កល់​នៅ​ត្រឹម​ព្រហ្មលោក​ថោក​ទាប​រួច​ក្រោក​ចាក​អាសនៈ​ចេញ​មក ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះអង្គ​មាន​សេចក្ដី​ត្រិះ​រិះ​យ៉ាង​នេះ​ថា ពួក​ព្រាហ្មណ៍​ទាំង​នេះ មាន​ចិត្ត​ជឿ​ស៊ប់​នឹង​ព្រហ្មលោក បើ​ដូច្នោះ គួរ​តែ​ខ្ញុំ​ព្រះអង្គ​សម្ដែង​ផ្លូវ​ប្រព្រឹត្ត​ទៅ​ដើម្បី​កើត​រួម​នឹង​ពួក​ព្រហ្ម ដល់​ធន​ញ្ជានិ​ព្រាហ្មណ៍​​ចុះ ។ ហៃ​សារីបុត្ត ធនញ្ជានិ​ព្រាហ្មណ៍​ស្លាប់​ហើយ ទៅ​កើត​ឯព្រហ្ម​លោក​ហើយ ។ ព្រះអដ្ឋកថា​សម្ដែង​ប្រាប់​ថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​ព្រះ​សារីបុត្ត​ថា ធនញ្ជានិ​ព្រាហ្មណ៍​ធ្វើ​កាល​កិរិយា​ហើយ ទៅ​កើត​ឯព្រហ្ម​លោក ដូច្នេះ​ដោយ​ព្រះពុទ្ធ​បំណង​ឲ្យ​ព្រះសារីបុត្តនិមន្ត​ទៅ​កាន់​ព្រហ្ម​លោក ហើយ​សម្ដែង​ធម៌​ដល់​ព្រាហ្មណ៍​ដែល​បាន​កើត​ជា​ព្រហ្ម​នោះ​ឯង ។ ព្រះសារីបុត្ត​ក៏​បាន​និមន្ត​ទៅ​កាន់​ព្រហ្មលោក​ក្នុង​ខណៈ​នោះ​ភ្លាម​ដែរ ហើយ​បាន​សម្ដែង​ធម៌​ដល់​មហាព្រាហ្មណ៍​ជា​ព្រះព្រហ្ម ។ ចាប់​តាំង​អំពី​ពេល​នោះ​មក ព្រះសារីបុត្ត​សូម្បី​សម្ដែង​គាថា ៤ បាទ ក៏​មិន​សម្ដែង​ឲ្យ​ផុត​អំពី​សច្ចៈ ៤ ឡើយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2845/ssdsew3.jpg
Public date : 15, May 2026 (45,133 Read)
ខឹងគេ ស្អប់​គេ គឺ​មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ជា​ទុក្ខ ។គួរ​អប់រំ​ចិត្ត ចម្រើន​បញ្ញា ឲ្យ​ឃើញ​ថា អ្វី ៗ គ្រប់​យ៉ាង ជា​ធម្មតា​ធម៌ ដូច​ជា ជរា​ធម្មតា ព្យាធិ​ធម្មតា មរណ​ធម្មតា ព្រាត់​ប្រាស​ធម្មតា វិបាក​កម្ម​ក៏​ជា​ធម្មតា ។ល។ កាល​ដែល​បាន​ឃើញ​ថា អ្វី ៗ គឺ​ជា​ធម្មតា​ធម៌ ក៏​មិន​ប្រកាន់ ហើយ​ក៏​មិន​មាន​អ្វី​ណា មក​ធ្វើ​ឲ្យ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​បាន​ឡើយ ។ បុគ្គល​ល្ងង់​ខ្លៅ សម្គាល់​នូវ​ពាក្យ​ទ្រគោះ​បោះ​បោក ថាជា​ជ័យ​ជម្នះ ចំណែក​អ្នក​ចេះ​ដឹង មាន​សេចក្ដី​អត់​ធន់ ជា​ជ័យ​ជម្នះ ។ ពេល​នេះ បាន​ជួប​ព្រះធម៌​ជា​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ គួរ​ពុទ្ធបរិស័ទ​ព្យាយាម​បំពេញ​សេចក្ដី​ល្អ តាម​ព្រះពុទ្ធអង្គ​ទ្រង់​ណែ​នាំ គួរ​ឲ្យ​ព្រះធម៌​គ្រប់​គ្រង​ចិត្ត មិន​គួរ​ឲ្យ​កិលេស​គ្រប់​គ្រង​ចិត្ត​ឡើយ ។ -មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ ព្រោះ​ត្រូវ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប ឲ្យ​រួច​ពី​ទុក្ខ​ក្នុង​វដ្ដ​សង្សារ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គំនិត​ដែល​គិត​ថា ខ្លួន​ជា​មនុស្ស​សំខាន់​ណាស់ ជា​មនុស្ស​ពិសេស ជា​មនុស្ស​ប្រសើរ ជា​មួយ​នឹង​មនុស្ស​ដទៃ ឬ​ជា​មួយ​នឹង​កម្ម​វិធី​ផ្សេង ៗ ។ ដែល​មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង គឺ​សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់​គ្រង​ថែររក្សា​ជវន​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជា​មួយ​នឹង​សង្គម​មនុស្ស​ជុំ​វិញ​ខ្លួន ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់ នៅ​លើ​វិបាក​របស់​កម្ម​ដោយ​ឡែក ។ -មនុស្ស​យើង ចង់​បាន​ណាស់ អ្វី ៗ អំពី​អ្នក​ដទៃ មិន​ថា​លាភយស ការ​សរសើរ ការ​លើក​តម្កើង សេចក្ដី​ស្រឡាញ់ ។ល។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ មិន​អាច​ឲ្យ​យើង​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ចំណែក​ខ្លួន​យើង​វិញ អាច​ឲ្យ​ការ​មិន​ធ្វើ​បាប ការ​បំពេញ​បុណ្យ និង​ភាព​ស្អាត​ផូរ​ផង់​នៃ​ចិត្ត​ដល់​ខ្លួន​ឯង​បាន អាច​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន ប៉ុន្តែ​បែរ​ជា​មិន​ចេះ​សូម​នូវ​គុណ​ដ៏​អស្ចារ្យ​នេះ អំពីខ្លួន​ឯង​ឡើយ នេះ​ហើយ​ដែល​ឈ្មោះ​ថា​បុគ្គល​ល្ងង់​ខ្លៅ ចង់​បាន​តែ​របស់​អត់​ខ្លឹម​សារ ដោយ​សម្គាល់​ថា​ជា​របស់​មាន​ខ្លឹម​សារ​សំខាន់​ណាស់ ហ្នឹង​ឯង ។ -មនុស្ស​យើង​សព្វ​ថ្ងៃ មាន​រោគ​ម្យ៉ាង គឺ​រោគ​ប្រញាប់​ជឿ​គំនិត​ខ្លួន​ឯង ដោយ​មិន​បាន​ផ្ទៀងផ្ទាត់​នឹង​ព្រះពុទ្ធ​ដីកា ។ -មនុស្ស​យើង មិន​ដែល​គិត​បោក​ប្រាស់​ខ្លួន​ឯង​ទេ ប៉ុន្តែ​គំនិត​ប្រកប​ដោយ​លោភៈ​ឬ​ទោសៈ​ជា​ដើម តើ​គួរ​ជឿ​តាម​ទេ ដែល​ថា​អ្វី ៗ នោះ​វា​យ៉ាង​ដូច្នោះ​មែន ? មួយ​ថ្ងៃ ៗ តើ​យើង​បោក​ប្រាស់​ខ្លួន​ឯង​ប៉ុន​ណា​ទៅ ទាំង​ដែល​មិន​ដឹង​ខ្លួន​សោះ ចំណែក​សង្សារ​ទុក្ខ គឺ​ជា លទ្ធផល​នៃ​ការ​បោក​ប្រាស់​ខ្លួន​ឯង ។ -ការ​ព្រម​ទទួល​សេចក្ដី​ពិត ដែល​មិន​ត្រូវ​នឹង​បំណង​ប្រាថ្នា​របស់​យើង គឺ​ជា​បដិបត្តិ​ធម៌​ដ៏​ប្រសើរ ។ -វេទនានុបស្សនា​សតិប្បដ្ឋាន​ គឺ​សតិ​រលឹក​ បញ្ញា​ឃើញ​ថា ត្រឹម​តែ​វេទនា​សោយ​អារម្មណ៍ មិន​ថា​សុខ​វេាទនា ឬ​ទុក្ខវេទនា​ឡើយ។ កាល​ដែល​បាន​ដឹង​ច្បាស់​ហើយ រមែង​មិន​ត្រេកអរ​ក្នុង​សុខ និង​មិន​ប្រទូស្ត​ទាស់​ចំពោះ​ទុក្ខ ។ នេះ​ជា​បដិបទា​ក្នុង​ការ​មិន​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក ​មិន​តក់​ស្លុត ព្រម​ទាំង​ការ​អស់​ទៅ​នៃ​កម្ម ។ -ដោះ​ស្រាយ​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​រឿង​ផ្សេង ៗ មិន​មែន​នៅ​ត្រង់​ការ​ព្យាយាម​ធ្វើ​អ្វី ៗ គ្រប់​យ៉ាង​ឲ្យ​បាន​ដូច​ចិត្ត​នោះ​ទេ គឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​ព្រម​ទទួល​ថា មិន​មាន​អ្វី ៗ ចេះ​តែ​បាន​ដូច​ចិត្ត​យើង​ចង់​គ្រប់​យ៉ាង​ទៅ​នោះ​ឡើយ ម្យ៉ាង​ទៀត​គប្បី​សិក្សា​ថា ការ​មិន​សប្បាយ​ចិត្ត​នេះ គ្រាន់​តែ​ជា​នាមធម៌​មួយ​បែប​ប៉ុណ្ណោះ ។ -គប្បី​ជ្រាប​ថា កិច្ច​នៃ​សតិប្បដ្ឋាន​គឺ​ហាមឃាត់​នូវ​ចំណង់​តណ្ហា មិន​ចាំ​បាច់​បាន​នូវ​សភាវៈ​ដទៃ​​អ្វី​ឡើយ ឲ្យ​តែ​ជាក់​ច្បាស់​ថា សភាវៈ​ដែល​កំពុង​ប្រាកដ​មិន​មែន​ជា​យើង​ទៅ សប្បាយ​ហើយ ។ -បើ​សេចក្ដី​សុខ​របស់​យើង​ជាប់​ទាក់​ទង​នឹង​អ្នក​ដទៃ ទាល់​តែ​អ្នក​ដទៃ​ធ្វើ​អ្វី ៗ ត្រូវ​ចិត្ត​យើង ទើប​យើង​បាន​សុខ​នោះ យើង​លំបាក​នឹង​រស់​នៅ​ឲ្យ​បាន​សុខ​ណាស់ បើ​បាន​សុខ​ខ្លះ ក៏​មិន​មែន​ជា​ខ្លឹម​នៃ​សេចក្ដី​សុខ​ដែរ ។ -អ្វី​ដែល​បាន​មក​ដោយ​មិន​បាច់​ស្វែង​រក គឺ​កិលេស​និង​ចាស់​ជរា ចំណែក​អ្វី ៗ ដែល​ត្រូវ​បាន​មក​ដោយ​កុសលភាវនា គឺ​គុណ​តម្លៃ​នៃ​ជីវិត ។ -បុណ្យ​មិន​មែន​ប្រែ​ថា​បោក​ទេ... ។ បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់ ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅ​ក្រហាយ​ខ្វាយ​ខ្វល់ ។ បុណ្យ​គឺ​ជា​គុណ​ជាតិ​ជម្រះ​ចិត្ត​ឲ្យ​ស្អាត ដូច​ជា​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ស្អាត ជម្រះ​ញើស​ក្អែល និង​បំបាត់​ការ​ស្រេក​ឃ្លាន ម្យ៉ាង​ទៀត​បុណ្យ​គឺ​ជា​អាហារ​បំប៉ន​ផ្លូវ​ចិត្ត និង​ជា​ឱសថ​កម្ចាត់​រោគ ។ បាប​ប្រៀប​បាន​ទៅ​នឹង​ញើសក្អែល ភាព​ក្ដៅ​ស្អុះ ការ​ស្រេក​ឃ្លាន ឬ​ជំងឺ​រោគា​ផ្សេង ៗ នៅ​ពេល​មាន​រាគៈ គឺ​ចិត្ត​មាន​ជំងឺ នៅ​ពេល​ខឹង​ក្រោធ កំណាញ់ ច្រណែន អំនួត​អួត​អាង រមិល​គុណ ។ល។ គឺ​ត្រូវ​ជ្រាប​ថា ចិត្ត​យើង​កំពុង​ឈឺ ចំណែក​បុណ្យ​គឺជា​ឱសថ​កម្ចាត់​រោគ​ទាំង​អស់​នេះ​ឯង ។ -ទៀន​ក្ដៅ​រលាយ​ក្រមួន ចិត្ត​ក្ដៅ​រលាយ​សុខ ។ ការ​ឲ្យ​អភ័យ​គឺ​ជា​ការ​ពន្លត់​ភ្លើង​ក្នុង​ចិត្ត​ខ្លួន​ឯង ។ បុគ្គល​ដែល​គ្រាន់​តែ​ចេះ​ចាំ​ធម៌ រមែង​ចូល​ចិត្ត​យក​ឈ្នះ​អ្នក​ដទៃ សូម្បី​តែ​ការ​សូត្រ​ធម៌... ប៉ុន្តែ​ចំណែក​អ្នក​ដែល​មាន​ធម៌​វិញ រមែង​ចូល​ចិត្ត​យក​ឈ្នះ​ខ្លួន​ឯង ឃើញ​សារៈ​ខ្លឹម​សារ​នៃ​ជីវិត​គឺ​ស្ងប់ ។ បុគ្គល​ស្ងប់ គឺ​បុគ្គល​អស់​ការ​ស្វែង​រក​ដោយ​តណ្ហា ព្រោះ​បាន​កំណត់​ដឹង​នូវ​បញ្ចក្ខន្ធ​ហើយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2846/64rgk.jpg
Public date : 15, May 2026 (79,032 Read)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​ដង​ព្រៃ​ឈ្មោះ​ឥច្ឆានង្គលៈ ជិត​ស្រុក​ឥច្ឆានង្គលៈ​នោះ​ឯង ។ សម័យ​នោះ វា​សេដ្ឋមាណព និង​ភារទ្វាជមាណព​ទាំង ២ នាក់ ទាំង​គំនិត​មិន​ត្រូវ​គ្នាក្នុង​បញ្ហា​ដែល​ថា ឈ្មោះ​ថា​ព្រាហ្មណ៍ តើ​ដោយ​ហេតុ​ដូច​ម្ដេច ។ ភារទ្វាជមាណព​ថា ព្រោះ​មាន​ជាតិ​ល្អ​ទាំង ២ ចំណែក ទាំង​​ខាង​មាតា​និង​ខាង​បិតា ចំណែក​វាសេដ្ឋមាណព​ថា ព្រោះ​មាន​សីល​ផង បរិបូណ៌​ដោយ​វត្ត​ផង ។ ទាំង ២​ នាក់​នេះ​ឯង បាន​នាំ​គ្នា​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ ទូល​សួរ​នៅ​ក្នុង​សេចក្ដី​នេះ ដោយ​វាសេដ្ឋ​មាណព​​ពោល​នូវ​គាថា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ ៖ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ បាន​ទទួល​អនុញ្ញាត អំពី​អាចារ្យ​ដែល​បាន​ឲ្យ​រៀន​សូត្រ​ស្រេច​ហើយ ទាំង​បាន​ប្ដេជ្ញា​ខ្លួន​ឯង​ថា បាន​រៀន​សូត្រ​ចេះ​ចាំ​នូវ​វេទ​ទាំង ៣ ខ្ញុំ​ព្រះអង្គ​ជា​សិស្ស​ច្បង​របស់​បោក្ខរសាតិព្រាហ្មណ៍ ឯ​មាណព​នេះ ជា​សិស្ស​ច្បង របស់​តារុក្ខព្រាហ្មណ៍ បទ​ណា​ដែល​ពួក​ព្រាហ្មណ៍​ចេះ​នូវ​វេទ​ទាំង ៣ បានប្រាប់ ដោយ​អត្ថក្ដី ដោយ​ព្យញ្ជនៈ​ក្ដី ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​បាន​ចូល​ចិត្ត​ក្នុង​បទ​នោះ​ទាំង​អស់ ទាំង​សេចក្ដី​ព្យាករណ៍​នូវ​បទ​របស់​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ក៏​ប្រាកដ​ស្មើ​នឹង​អាចារ្យ ត្រង់​កន្លែង​ជាទី​ពោលមន្ត បពិត្រ​ព្រះគោតម ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មាន​សេចក្ដី​វិវាទ ក្នុង​ការ​ពោល​អំពី​ជាតិ ភារទ្វាជមណព​ពោល​ថា បុគ្គល​ដែល​ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជាតិ ចំណែក​ខ្ញុំ​ព្រះអង្គ​ពោល​ថា ព្រោះ​កម្ម បពិត្រ​ព្រះអង្គ​អ្នក​មាន​ចក្ខុ សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាង​នេះ ដោយ​ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ មិន​អាច​ញ៉ាំង​គ្នា​នឹង​គ្នា​ឲ្យ​ដឹង​បាន ទើប​នាំ​គ្នា​មក​ក្រាប​ទូល​សួរ​ព្រះមាន​ព្រះភាគ​ដែល​ប្រាកដ​ថា​ជា​ព្រះសម្ពុទ្ធ ពួក​ជន​តាំង​អញ្ជលិកម្ម​ថ្វាយ​បង្គំ ចំពោះ​ទៅ​រក​ព្រះចន្ទ​ពេញ​វង់ យ៉ាង​ណា គេ​ក៏​ថ្វាយ​បង្គំ​ចំពោះ​ព្រះគោតម​ក្នុង​លោក យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ សូម​ទូល​សួរ​ព្រះគោតម ដែល​មាន​ដួង​ចក្ខុ​កើត​ឡើង​បរិសុទ្ធ​ស្អាត​ក្នុង​លោក​ថា បុគ្គល​ដែល​ជា​ព្រាហ្មណ៍​នោះ តើ​ព្រោះ​ជាតិ​ឬ​ព្រោះ​កម្ម ដ្បិត​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់​មិន​ស្គាល់ សូម​ព្រះអង្គ​ទ្រង់​សម្ដែង ល្មម​ឲ្យ​ខ្ញុំ​ព្រះអង្គ​ទាំង ២ នាក់ ស្គាល់​ថា​ព្រាហ្មណ៍​បាន​ផង ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​ឆ្លើយ​តប​ច្រើន​ព្រះគាថា តាម​ដូច​ព្រះគាថា​ក្នុង​ព្រាហ្មណ​វគ្គ​នៃ​ព្រះគាថា​ធម្មបទ​ដែរ ។ នៅ​ក្នុង​ព្រះពុទ្ធសាសនា យើង​សិក្សា​បាន​យល់​ដឹង​ថា ការ​ប្រព្រឹត្ត​លះ​បង់​នូវ​បាប កម្ចាត់​ហេតុ​នៃ​សេចក្ដី​ទុក្ខ នេះ​ទើប​ជា​គោលការណ៍​សំខាន់​នៃ​ព្រះពុទ្ធសាសនា ចំណែក​អ្វី ៗ គ្រាន់​តែ​ជាទី​តាំង​នៃ​ការ​ពេញ​ចិត្ត ដូច​ជា​ជាតិ​ត្រកូល វណ្ណៈ​ទ្រព្យធន និង​វត្ថុ​កាម​គុណ​ផ្សេងៗ ជា​ដើម​នេះ ដែល​បាន​មក​ហើយ​ មិន​មែន​សម្រាប់​លះ​ហេតុ​នៃ​ទុក្ខ​ក្នុង​វដ្ដ​សង្សារ គឺ​មិន​ចាត់​ថា​ជា​ខ្លឹម​សារ​ក្នុង​ព្រះពុទ្ធសាសនា​ឡើយ ។ យើង​គប្បី​នឹក​រលឹក​ដល់​ឱវាទ​ខ្លឹម​សារ​នៃ​ព្រះសម្មាសម្ពុទ្ធ​គ្រប់ៗ ព្រះអង្គ​គឺ​កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំង​​ពួង ១ កិរិយា​ដល់​ព្រម​ដោយ​ការ​បំពេញ​នូវ​បុណ្យ​កុសល ១ និង​កិរិយា​សម្អាត​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់ ១ កិរិយា​ទាំង ៣ នេះ គឺ​មាន​ប្រយោជន៍​សំខាន់​ក្នុង​ការ​កាត់​ផ្ដាច់​នូវ​វដ្ដៈ ធ្វើ​ឲ្យ អស់​ហេតុ​នៃ​សង្សារ​ទុក្ខ ។ នៅ​ក្នុង​ព្រះសូត្រ​នេះ មាណព​ទាំង ២ នាក់​បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក លើក​ទី ១ ។ ក្រោយ​មក​បាន​ស្ដាប់​ព្រះធម៌​នៅ​ក្នុង​តេវិជ្ជសូត្រ គឺ​ព្រះសូត្រ​ចុង​ក្រោយ​នៃ​ទីឃនិកាយ សីលក្ខន្ធវគ្គ បិដក​លេខ ១៥ បាន​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទី​រលឹក ជា​លើក​ទី ២ ហើយ ២, ៣​ថ្ងៃ​ក្រោយ​មក ក៏​បាន​បួស​ជា​សាមណេរ ។ បន្ត​មក​ទៀត បាន​ស្ដាប់​នូវ​អគ្គញ្ញសូត្រ គឺ​ព្រះសូត្រ​ទី ៤ នៃ​ទីឃនិកាយ បាដិកវគ្គ បិដកលេខ ១៨ ក៏​បាន​សម្រេច​ព្រះអរហត្តផល ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2878/______pic.jpg
Public date : 15, May 2026 (9,584 Read)
ភិក្ខុនីពីររូប ជាកុលធីតាក្នុងសាក្យត្រកូល ជាអ្នកមានគុណសម្បត្តិ ក្នុងនគរកុសុមបាដលិបុត្ត ដែលជាមណ្ឌលនៃដែនដី ។ បណ្ដាភិក្ខុនីទាំងពីរូបនោះ ភិក្ខុនី ១ រូប ឈ្មោះឥសិទាសី ភិក្ខុនីទី ២ ឈ្មោះ ពោធិ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកត្រេកអរដោយការរំពឹងក្នុងឈាន ជាពហុស្សូត មានកិលេសកម្ចាត់​បង់​ហើយ ។ ភិក្ខុនីទាំងពីររូបនោះ ត្រាច់ទៅបិណ្ឌបាត ហើយធ្វើនូវភត្តកិច្ច លុះលាងបាត្រហើយ អង្គុយ​ជាសុខក្នុងទីស្ងាត់ ទើបផ្ដើមនិយាយសម្ដីទាំងឡាយនេះថា ៖ ម្នាលនាងម្ចាស់ ឈ្មោះឥសិទាសី នាងជាស្រីគួរជ្រះថ្លា ទាំងវ័យរបស់នាងក៏មិនទាន់សាបសូន្យ អើចុះនាងឃើញទោសដូចម្ដេច ទើបមកប្រកបខ្លួនក្នុងបព្វជ្ជា ?ឥសិទាសីភិក្ខុនីនោះ ជាអ្នកឈ្លាសវៃក្នុងធម្មទេសនា កាលបើពោធិភិក្ខុនីសាកសួរ ក្នុងហេតុជាប្រយោជន៍យ៉ាងនេះហើយ ក៏បានពោលនូវពាក្យនេះថាម្នាលនាងពោធិ នាងចូរស្ដាប់តាមដំណើរ ដែលខ្ញុំបួសចុះ ។លំដាប់អំពីនេះទៅ គឺជាពាក្យវិសជ្ជនាសេដ្ឋីអ្នកសង្រួមក្នុងសីល ជាបិតារបស់ខ្ញុំ ក្នុងបុរីដ៏ប្រសើរឈ្មោះ ឧជ្ជេនី (ក្នុងដែនអវន្ដិ) ខ្ញុំជាធីតាម្នាក់ ជាទីស្រឡាញ់ពេញចិត្ត ជាអ្នកគួរទទួលសេចក្ដីអនុគ្រោះរបស់បិតានោះ ។ លុះចំណេរមកខាងក្រោយ សេដ្ឋីមានត្រកូលដ៏ឧត្តម មានទ្រព្យច្រើន មកអំពីនគរសាកេត ដណ្ដឹងខ្ញុំ បិតាក៏បានឲ្យខ្ញុំជាកូនប្រសារបស់សេដ្ឋីនោះ ។ ខ្ញុំចូលទៅក្រាបក្បាលថ្វាយបង្គំនូវជើងម្ដាយក្មេក និងឪពុកក្មេក រាល់ល្ងាចព្រឹក តាមដំណើរ ដែលមាតាបិតាប្រៀនប្រដៅ ។ ខ្ញុំឃើញនូវអ្នកដណ្ដឹងសូម្បីម្នាក់ ដែលជាបងប្អូនស្រី បងប្អូនប្រុស ឬជាបរិវាររបស់ស្វាមី ខ្ញុំក៏រលះរលាំង ក្រាលអាសនៈ ។ ខ្ញុំអង្គាសផ្គត់ផ្គង់ ឲ្យបាយ ទឹក និងបង្អែម ដែលមាននៅក្នុងលំនៅនោះ តាមសមគួរតាមវត្ថុដែលគេត្រូវការ ។ ខ្ញុំក្រោកឡើងតាមកាលគួរ ហើយចូលទៅកាន់ផ្ទះរបស់ប្ដី ជូតសម្អាតនូវធរណីទ្វារ (ជាដើម) នឹងដៃជើង ផ្គងអញ្ជលីចូលទៅរកប្ដី ។ ខ្ញុំយកស្និតសក់ ម្សៅសម្រាប់លាបមុខ ថ្នាំសម្រាប់បន្ដក់ភ្នែក និងកញ្ចក់ ស្អិតស្អាងឲ្យប្ដីដោយខ្លួនឯង ហាក់ដូចជា (វណ្ណទាសី) អ្នកធ្វើនូវការបម្រើ ។ ខ្ញុំដាំបាយខ្លួនឯង លាងភាជន៍ខ្លួនឯង បម្រើភស្ដា ដូចជាមាតាថ្នមកូនខ្ចី ។ តែភស្ដាតែងខឹងសម្បានឹងខ្ញុំ ដែលជាស្រី្តបម្រើបាយ គ្មានស្រ្តីណាលើស ជាស្រ្តីធ្វើការ (គ្រប់យ៉ាង) ជាស្រី្តមិនមានសេចក្ដីប្រកាន់ មានសេចក្ដីព្យាយាម មិនខ្ជិលច្រអូស មានមារយាទយ៉ាងនេះ ។ ស្វាមីនោះនិយាយនឹងមាតាបិតារបស់គេថា ខ្ញុំសូមលា (អ្នកម្ដាយលោកឪពុក) ទៅ (ក្នុងទីណាមួយ) (ព្រោះ) ខ្ញុំមិនអាចនៅរួមគ្នាក្នុងផ្ទះមួយ ជាមួយនឹងនាងឥសិទាសីឡើយ ។ (មាតាបិតាពោលថា) នែកូន កុំពោលយ៉ាងនេះឡើយ នាងឥសិទាសី ជាបណ្ឌិត ឈ្លាសវៃ ជាស្រ្តីមានសេចក្ដីព្យាយាម មិនខ្ជិលច្រអូសទេ ម្នាលកូន ហេតុអ្វីក៏កូនឯងមិនពេញចិត្ត ។(កូនពោលថា) នាងឥសិទាសី មិនបៀតបៀនអ្វី ៗ ដល់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនអាចនៅជាមួយនឹងនាងឥសិទាសី ព្រោះថានាងឥសិទាសីជាស្រីសម្អប់របស់ខ្ញុំ ខ្ញុំមិនគួរនឹងនៅរួមទេ ខ្ញុំសូមលាទៅហើយ ។ម្ដាយក្មេក និងឪពុកក្មេក បានស្ដាប់ពាក្យកូននោះហើយ សួរខ្ញុំថា នាងធ្វើខុសអ្វីទេ នាងចូរប្រាប់កំហុសដែលនាងធ្វើហើយ នាងចូរដោះស្រាយ តាមសេចក្ដីពិតមកចុះ ។ (ខ្ញុំក៏ឆ្លើយថា) ខ្ញុំមិនបានប្រទូស្តអ្វី ៗ ទេ ខ្ញុំមិនបៀតបៀន មិនពោលពាក្យអាក្រក់ទេ (ដល់គាត់ទេ) ភស្ដាស្អប់ខ្ញុំ ឲ្យខ្ញុំអាចធ្វើអ្វីកើត ។ ម្ដាយក្មេកនិងឪពុកក្មេកទាំងឡាយនោះ ក៏អាក់អន់ចិត្ត ត្រូវសេចក្ដីព្រួយគ្របសង្កត់ ក៏នាំខ្ញុំត្រឡប់ទៅកាន់ផ្ទះបិតាវិញ រក្សានូវកូន (ដោយគិតថា) យើងនឹងរកឲ្យបាននូវស្រ្តីមានរូបឆោមដ៏មានសិរី ។ គ្រាក្រោយមក បិតាបានឲ្យខ្ញុំ ក្នុងផ្ទះនៃត្រកូលទី ២ ជាអ្នកស្ដុកស្ដម្ភ ដោយជំនូនពាក់កណ្ដាល អំពីជំនូនដែលសេដ្ឋីបានជូនមកខ្ញុំមុននោះ ។ ខ្ញុំបាននៅក្នុងផ្ទះនៃប្ដីទី ២ នោះ អស់ ១ ខែ គ្រានោះ គាត់ក៏បណ្ដេញខ្ញុំ ដែលជាស្រ្តីខ្នះខ្នែងបម្រើដូចជាទាសី ជាស្រីមិនប្រទូស្ត មានមារយាទល្អ ។ បិតារបស់ខ្ញុំ និយាយនឹងបុរសអ្នកទូន្មាន (ចិត្ត) អ្នកទូន្មាន (កាយនិងវាចា) ដែលកំពុងត្រាច់ទៅដើម្បីភិក្ខាថា អ្នកចូរជាកូនប្រសារបស់ខ្ញុំ អ្នកចូរបោះចោលនូវកំណាត់សំពត់ និងឆ្នាំង ។ ស្វាមីទី ៣ នោះ បាននៅ (ជាមួយនឹងខ្ញុំ) អស់បក្ខ ១ (កន្លះខែ) ក៏និយាយនឹងបិតាខ្ញុំថា អ្នកចូរឲ្យ កំណាត់សំពត់ ឆ្នាំង និងអំបែងមកខ្ញុំវិញ ខ្ញុំនឹងត្រាច់ទៅដើម្បីភិក្ខាទៀត ។ គ្រានោះ បិតាមាតា និងពពួកញាតិទាំងអស់របស់ខ្ញុំ និយាយនឹងបុរសនោះថា អ្នកណាមិនធ្វើតាមអ្នកក្នុងទីនេះឬ អ្នកចូរប្រាប់ហេតុដែលគេធ្វើដល់អ្នកឲ្យឆាប់ ។ បុរសនោះ កាលបើគេពោលយ៉ាងនេះហើយ ក៏ពោលតបថា បើខ្លួនរបស់ខ្ញុំអាចនៅបាន (ក៏នាងឥសិទាសី) មិនគួរដល់ខ្ញុំ (ព្រោះហេតុនោះ) ខ្ញុំមិននៅជាមួយនាងឥសិទាសី ក្នុងផ្ទះមួយជាមួយគ្នាទេ ។ បុរសនោះ កាលបើ (បិតារបស់ខ្ញុំ) លះបង់ហើយ ក៏ទៅបាត់ទៅ ចំណែកខាងខ្ញុំជាស្រ្តីនៅតែម្នាក់ឯង គិតថា អាត្មាអញនឹងលាមាតាបិតាទៅស្លាប់ ឬទៅបួស ។ គ្រានោះ នាងថេរីជាម្ចាស់ឈ្មោះជិនទត្តា ជាអ្នកទ្រទ្រង់នូវវិន័យ ជាពហុស្សូត បរិបូណ៌ដោយសីល កាល​ត្រាច់ទៅដើម្បីភិក្ខាហារ ក៏បាននិមន្ដមកកាន់ត្រកូលនៃបិតា (ខ្ញុំ) ។ ខ្ញុំឃើញនាងជិនទត្តាថេរីនោះ ក៏ក្រោកឡើង ក្រាលអាសនៈរបស់យើង ប្រគេននាងថេរីនោះ លុះព្រះនាងគង់ហើយ ខ្ញុំក៏ថ្វាយបង្គំនូវព្រះបាទា ហើយប្រគេនភោជន ។ ខ្ញុំញ៉ាំងជិនទត្តាថេរី ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងបង្អែម ដែលមានក្នុងលំនៅនោះ ហើយពោលថា បពិត្រព្រះនាងជាម្ចាស់ ខ្ញុំចង់បួស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា ម្នាលកូនស្រីតូច នាងចូរប្រព្រឹត្តធម៌នោះក្នុងផ្ទះនេះទៅចុះ ចូរញ៉ាំងសមណៈ​ទាំងឡាយផង ព្រាហ្មណ៍ទាំងឡាយផង ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹកចុះ ។ លំដាប់នោះ ​ខ្ញុំក៏ប្រណម្យអញ្ជលី យំពោលនឹងបិតាថា បពិត្របិតា សូមលោកអនុញ្ញាតខ្ញុំ ខ្ញុំនឹងញ៉ាំងបាបកម្មដែលខ្ញុំធ្វើហើយនោះឲ្យវិនាស ។ គ្រានោះ បិតាពោលនឹងខ្ញុំថា (ព្រះសម្មាសម្ពុទ្ធ) ព្រះអង្គប្រសើរជាសត្វជើងពីរ ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ណា នាងចូរបានលុះនូវពោធិញាណ និងអគ្គធម៌ និងព្រះនិព្វាននោះចុះ ។ ខ្ញុំថ្វាយបង្គំលាបិតាមាតា និងពពួកនៃញាតិទាំងអស់ ហើយបួសបាន ៧ ថ្ងៃ ក៏សម្រេចវិជ្ជាបី ។ ខ្ញុំដឹងជាតិរបស់ខ្លួន បាន ៧ ជាតិ ផលវិបាកនេះរបស់កម្មណា ខ្ញុំនឹងប្រាប់កម្មនោះដល់នាង នាងចូរមានចិត្តតែមួយ ចាំផ្ទៀងស្ដាប់នូវកម្មនោះ ដូចតទៅនេះ ៖ ខ្ញុំជាជាងមាសមានទ្រព្យច្រើន ក្នុងនគរឈ្មោះ ឯក​កច្ឆៈ​ ខ្ញុំនោះជាមនុស្សស្រវឹង ព្រោះការស្រវឹងវ័យ បានប្រព្រឹត្តសេពសម្ភពនឹងប្រពន្ធបុគ្គលដទៃ ។ ខ្ញុំនោះ​លុះឃ្លាតចាក​អត្តភាពនោះហើយ ក៏ឆេះរោលរាលក្នុងនរកអស់កាលយូរ លុះរួចចាកនរកនោះហើយ មកចាប់បដិសន្ធិក្នុងផ្ទៃនៃមេស្វា ។ ស្វាឈ្មោលធំជាម្ចាស់នៃហ្វូង ខាំផ្ដាច់នូវជាតកម្ម គឺអង្គជាត (របស់ខ្ញុំ) ដែលទើបនឹងកើតបាន ៧ ថ្ងៃ នុ៎ះជាផលនៃកម្មរបស់ខ្ញុំនុ៎ះ ដែលគប់រកនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំនោះធ្វើមរណកាល ច្យុតចាកកំណើតនៃស្វានោះហើយ ក៏ចាប់បដិសន្ធិក្នុងផ្ទៃនៃមេពពែខ្វាក់ផង ខ្ចកផង ក្នុងដែននៃស្ដេចសិន្ធវៈ ។ ខ្ញុំត្រូវគេព្រនាក់កូនក្មេងអស់ ១២ ឆ្នាំ ត្រូវគេគ្រៀវ ត្រូវដង្កូវបៀតបៀន ឈឺចាប់ ព្រោះតែអំពើដែលខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះច្យុតចាកកំណើតនៃពពែនោះហើយ ក៏កើតជាកូនគោ អំពីមេគោរបស់ឈ្មួញគោ បាន ១២ ខែ មានរោមក្រហមដូចជាជ្រលក់ល័ក្ត ហើយត្រូវគេគ្រៀវ ។ ខ្ញុំតែងទាញនូវនង្គ័ល និងរទេះ ខ្វាក់ ខ្ចក ឈឺ ព្រោះតែខ្ញុំសេពនូវប្រពន្ធរបស់បុគ្គលដទៃ ។ ខ្ញុំនោះជាសត្វច្យុតចាកកំណើត នៃគោនោះហើយ ក៏កើតក្នុងផ្ទៃនៃទាសីក្នុងផ្ទះក្បែរថ្នល់ មិនប្រាកដជាស្រី មិនប្រាកដជាប្រុស (ខ្ទើយ) ព្រោះតែសេពនូវប្រពន្ធនៃបុគ្គលដទៃ ។ ខ្ញុំស្លាប់ក្នុងអាយុ ៣០ ឆ្នាំ ហើយក៏កើតជាទារិកា ក្នុងត្រកូលនៃអ្នករទេះ ដែលជាត្រកូល​កំព្រា គ្មានភោគសម្បត្តិ ត្រូវបុរសជាម្ចាស់ទ្រព្យរឹបជាន់ច្រើន ។ កាលការប្រាក់ចម្រើនច្រើនឡើងហើយ នាយឈ្មួញរទេះក៏អូសទាញខ្ញុំ អំពីផ្ទះនៃត្រកូល ដែលកំពុងយំខ្សឹកខ្សួល ។ គ្រានោះ បុត្ររបស់ឈ្មួញរទេះនោះ ឈ្មោះ គិរិទាសៈ បានឃើញខ្ញុំជាស្រ្តីនៅក្រមុំ មានវ័យចម្រើន ក្នុងឆ្នាំជាគម្រប់ ១៦ ក៏ហួងហែងទុក (ក្នុងផ្ទះរបស់ខ្លួន) ។ ប្រពន្ធដទៃរបស់គិរិទាសៈ ជាស្រ្ដីមានសីលផង មានគុណផង ជាស្រ្តីប្រព្រឹត្តតាមភស្ដា ខ្ញុំក៏បានធ្វើការស្អប់នូវប្រពន្ធរបស់គាត់ ។ ប្ដីទាំង​ឡាយ​ លះលែងខ្ញុំ ដែលជាអ្នកខ្នះខ្នែងបម្រើដូចជាទាសី ព្រោះផលនៃកម្មណា នុ៎ះជាផលកម្ម (របស់ខ្ញុំ) នោះ ទីបំផុតនៃបាបកម្មនោះឯង ខ្ញុំបានធ្វើហើយ ។ ឥសិទាសីថេរី ចប់ ៕ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨) ដោយ៥០០០ឆ្នាំ
images/articles/3040/2021-06-12_10_09_49-buddha_-_Google_Search.jpg
Public date : 03, May 2026 (4,760 Read)
៙.បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។ ( ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះរាហុល ) ៙.អ្នកចូរលះនូវកាមគុណ ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីត្រេកអរនៃចិត្ត ចេញចាកផ្ទះចូលកាន់ផ្នួស បួសដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃសេចក្ដីទុក្ខចុះ ៕៚ ( បិ.៥៤/ទំ.១០៨ ) ៙.ទាំងមនុស្ស ទាំងសត្វ តែងគិតពីខ្លួនឯង ទោះបីទេវតា យក្ខ មារ ក៏ដោយ នេះពោលអំពីអានុភាពនៃអត្តានុទិដ្ឋិ ។ មនុស្សយើង បើលះអត្តានុទិដ្ឋិនេះចេញបាន មិនខ្វល់នឹងអត្តា តួខ្លួនហើយនោះ រមែងមានសីលបរិសុទ្ធបរិបូណ៌គ្រប់ចំណុច មិនថាជាគ្រហស្ថ ឬជាបព្វជិតឡើយ ។ ៙.មនុស្សយើង ស្រឡាញ់ខ្លួនឯងខ្លាំងណាស់ ហើយចេះខឹងស្អប់អ្នកដទៃ ក៏ខ្លាំងណាស់ដែរ ។ តាមពិត ខ្លួនឯងក្ដី អ្នកដទៃក្ដី ពោលដល់បរមត្ថធម៌ គឺចិត្ត ចេតសិក រូប មិនមានអត្តា តួខ្លួន យើងគេទេ ។ ការដែលមិនមានកង្វល់ដោយអត្តានុទិដ្ឋិ មិនប្រកាន់បញ្ចក្ខន្ធ ថាជា អត្តា តួខ្លួន នេះឯងគឺព្រះនិព្វាន ៕៚ ៙.រូបមារ មិនមែនដូចរូបដែលគេគូរ ឬគេសាងឡើងគួរឱ្យខ្លាចនោះទេ ។ រូបកាចអាក្រក់មានចង្កូមនោះៗ គេគូរ គេសាង ជាតំណាងនៃចិត្តអាក្រក់ ក៏គឺជាចិត្តបាបទូទៅហ្នឹងឯង ។ ចំណែករូបមារពិតប្រាកដ គឺ រូប សំឡេង... ដែលគេស្វែងរកដោយការពេញចិត្ត យ៉ាងមនោរម្យ ប្រកបដោយកាមជាទីតាំងនៃតម្រេក ៕៚ ៙.មិនមែនថារូបនៅទីណា ខ្លួនយើងនៅទីនោះ នោះទេ ។ គ្រាន់តែសន្មតប៉ុណ្ណោះ ព្រោះអត្តាមិនមាននៅក្នុងរូប មានតែវេទនា សញ្ញា សង្ខារ វិញ្ញាណ អាស្រ័យនឹងវត្ថុរូបកើតរលត់ តៗ គ្នា ។ មនុស្សយើង ខំប្រឹងរកអ្វីៗ ឱ្យខ្លួនឯង ទោះជាបានច្រើនប៉ុនណា ក៏មិនអស់ខ្វល់ដែរ ព្រោះមេខ្វល់គឺការយល់ខុស ប្រកាន់ថាមានខ្លួនយើង ខ្លួនគេហ្នឹងឯង ។ ៙.គប្បីបដិបត្តិ រលឹករឿយៗ ចំពោះលក្ខណៈនៃបរមត្ថធម៌ ជាការសាងគ្រឹះវិបស្សនា ។ ការឃ្លានជារោគដ៏ក្រៃលែង សង្ខារទាំងពួង ជាទុក្ខដ៏ក្រៃលែង វិបស្សនា បានដឹងសេចក្ដីនោះតាមពិត ក៏កាត់ផ្ដាច់វដ្ដៈដោយមគ្គ ជាក់ច្បាស់នូវព្រះនិព្វាន ៕៚ ដោយ​៥០០០​ឆ្នាំ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.41
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿