images/articles/2761/drgcvsxedfxvfd.jpg
Public date : 15, May 2026 (41,713 Read)
images/articles/2762/sexfresdvcwfsd.jpg
Public date : 15, May 2026 (41,643 Read)
សម័យមួយ កាលព្រះដ៏មានព្រះភាគ ទ្រង់បរិនិព្វានទៅ មិនទាន់បានយូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ ដើម្បីនឹងធ្វើសង្គាយនាគ្រាទី ១ ។ គ្រានោះ ព្រះអានន្ទ ដ៏មានអាយុ បានសន្ទនាជាមួយនឹងគោបកមោគ្គល្លានព្រាហ្មណ៍ មួយអន្លើដោយវស្សការព្រាហ្មណ៍ ។
-ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់បង្កើតផ្លូវដែលមិនទាន់កើតឡើង ទ្រង់រៀបចំផ្លូវដែលគេមិនទាន់រៀបចំ ទ្រង់ប្រាប់ផ្លូវដែលគេមិនដែលប្រាប់ ព្រះអង្គទ្រង់ស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ចំណែកពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមទៅជាខាងក្រោយប៉ុណ្ណោះ មិនមានភិក្ខុអង្គណា មាននូវសព្វញ្ញុតញ្ញាណនោះឡើយ ។
-ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនអត់ទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង ។
-ម្នាលព្រាហ្មណ៍ បសាទនីយធម៌ គឺធម៌ជាទីតាំងនៃសេចក្ដីជ្រះថ្លា ១០ យ៉ាង ដែលព្រះដ៏មានព្រះភាគ អង្គនោះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសម្ដែងហើយ រមែងមាន ។ បសាទនីយធម៌ទាំងនោះឯង មាននៅក្នុងភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ ក៏តែងនៅអាស្រ័យនឹងភិក្ខុនោះ ។
-បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និងអភិញ្ញា ៦ ទៀតជាគម្រប់ដប់ ។
-ព្រះអានន្ទ គង់នៅវត្តវេឡុវ័ន ឆ្លើយប្រាប់វស្សការព្រាហ្មណ៍ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្ដីគឹកកងតិចផង មានខ្យល់រំភើយៗ ជាទីគួរដល់សេចក្ដីស្ងប់ស្ងាត់របស់មនុស្ស ជាទីសមគួរដល់ការពួនសំងំ ថែមទាំងមានបុគ្គលទាំងឡាយប្រហែលនឹងអ្នក ជាអ្នករក្សាគ្រប់គ្រងដោយពិត ។
-វស្សការព្រាហ្មណ៍ ពោលថា បពិត្រព្រះអានន្ទដ៏ចម្រើន បានឮថា ព្រះគោតមដ៏ចម្រើនអង្គនោះ ទ្រង់សរសើរនូវឈានដែលគួរសរសើរ ទ្រង់តិះដៀលនូវឈានដែលគួរតិះដៀល ។
-ឈានដែលព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់មិនសរសើរព្រះអានន្ទដ៏មានអាយុ បានប្រកាសហើយ គឺ ម្នាលព្រាហ្មណ៍ ក្នុងលោកនេះ បុគ្គលពួកខ្លះ មានចិត្តត្រូវកាមរាគរួបរឹតហើយ ត្រូវកាមរាគគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿងរលាស់ចោល នូវកាមរាគដែលកើតឡើង បុគ្គលនោះ ធ្វើនូវកាមរាគឱ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង ។ នីវរណៈបន្តមកទៀត គ្រប់ទាំង ៥ ព្រះអានន្ទដ៏មានអាយុ បានសម្ដែងមានទំនងដូចគ្នាដែរ ។ ចំណែកឈាន ៤ មានបឋមជ្ឈានជាដើម ព្រះអានន្ទប្រកាសថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ត្រាស់សរសើរ ។
វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ត្រេកអររីករាយនឹងភាសិតរបស់ព្រះអានន្ទដ៏មានអាយុ ។
អដ្ឋកថា ប្រាប់ថា វស្សការព្រាហ្មណ៍ ធ្វើកាលកិរិយាទៅកើតជាស្វានៅវត្តវេឡុវ័ន ព្រោះហេតុពេលមួយគាត់បានឃើញព្រះមហាកច្ចាយនត្ថេរ និមន្តចុះអំពីភ្នំគិជ្ឈកូដមក បានពោលថា នោះដូចស្វា ។ ព្រះដ៏មានព្រះភាគ ទ្រង់ព្រះសណ្ដាប់នូវពាក្យនោះហើយ ព្រះអង្គត្រាស់ថា បើព្រាហ្មណ៍សូមខមាទោស ជាការល្អ តែបើមិនសូមខមាទោសទេ ព្រាហ្មណ៍នឹងកើតជាស្វាកន្ទុយគោ ( គោនង្គលមក្កដោ ) ក្នុងព្រះវេឡុវ័ននេះ ។ វស្សការព្រាហ្មណ៍នោះ បានស្ដាប់ព្រះតម្រាស់នៃព្រះដ៏មានព្រះភាគហើយ គិតថា ធម្មតាព្រះតម្រាស់របស់ព្រះសមណគោតមមិនជាពីរ ( ត្រាស់ថាយ៉ាងណា គឺយ៉ាងហ្នឹង ) ដូច្នេះ នៅពេលដែលយើងទៅជាស្វា នឹងត្រាច់ទៅរកស៊ីក្នុងទីដែលមានអាហារ ទើបចាត់ចែងដាំដើមឈើមានផ្លែផ្សេងៗ ក្នុងព្រះវេឡុវ័ន ហើយឱ្យមានការថែរក្សា ។
ចំពោះព្រះសូត្រដែលមានឈ្មោះថាគោបកមោគ្គល្លានសូត្រ ព្រោះគោបកមោគ្គល្លានព្រាហ្មណ៍បានឱកាសសាកសួរបញ្ហា ចំពោះព្រះអានន្ទដ៏មានអាយុមុនវស្សការព្រាហ្មណ៍ ទាំងព្រះអានន្ទដ៏មានអាយុ ក៏បាននិមន្តមកកាន់កន្លែងរបស់គោបកមោគ្គល្លានព្រាហ្មណ៍ផងដែរ ។ អដ្ឋកថាប្រាប់ថា គោបកមោគ្គល្លានព្រាហ្មណ៍ មានចិត្តច្រណែនឈ្នានីស (ឧសូយតិ) ចំពោះវស្សការព្រាហ្មណ៍ ព្រោះដោយ សារថា ព្រះអានន្ទដ៏មានអាយុយកបញ្ហារបស់វស្សការព្រាហ្មណ៍មកឆ្លើយយ៉ាងទូលំទូលាយ ចំណែកបញ្ហារបស់គាត់ ព្រះអានន្ទឆ្លើយបានបន្តិចបន្តួចដោយចំណែកខ្លះប៉ុណ្ណោះ ដូចយកចុងឈើច្រត់ទៅច្រត់ដីតែប៉ុណ្ណឹង ។
គួរសង្វេគចំពោះកិលេសក្នុងសន្ដានចិត្តនៃសត្វលោកណាស់ ដូចជាព្រាហ្មណ៍ទាំងពីរនាក់នេះ នៅនឹងក្រុងរាជគ្រឹះ មានឋានៈខ្ពង់ខ្ពស់... ប៉ុន្តែក្នុងរយៈពេលជាង ៤០ ព្រះវស្សានៃការត្រាស់ដឹង និងការគង់ព្រះជន្មនៅនៃព្រះដ៏មានព្រះភាគ រហូតដល់ព្រះអង្គទ្រង់បរិនិព្វានទៅ ម្នាក់ស្លាប់ទៅកើតជាសត្វស្វា ម្នាក់ទៀតប្រាកដនូវកិលេសដែលបញ្ជាក់ថានៅជាបុថុជ្ជននៅឡើយ ដូច្នេះសូមពុទ្ធបរិស័ទយើង ព្យាយាមបដិបត្តិកម្ចាត់បាបចេញអំពីសន្ដាន ទាន់នៅមានជីវិតក្នុងព្រះធម៌ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2770/sdfverscfrcdcgrse.jpg
Public date : 15, May 2026 (41,210 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ ក្នុងអដ្ឋកថាឧដ្ឋានសូត្រ សុត្តនិបាត ប្រាប់ថា ព្រះពុទ្ធអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ក្នុងវេលារាត្រី លុះដល់ពេលថ្ងៃព្រះអង្គទ្រង់គង់ប្រថាប់នៅវត្តបុព្វារាម ក្នុងប្រាសាទរបស់មិគារមាតា បើវេលាយប់ ស្ដេចគង់ប្រថាប់នៅបុព្វារាម ពេលថ្ងៃទ្រង់ស្ដេចយាងមកគង់ប្រថាប់នៅព្រះជេតពនមហាវិហារវិញ នេះគឺព្រះដ៏មានព្រះភាគទ្រង់បដិបត្តិមកជាប្រចាំ ព្រោះហេតុអ្វី?
ម្យ៉ាង ដើម្បីអនុគ្រោះដល់ត្រកូលទាំង ២ ម្យ៉ាងទៀត ដើម្បីជាប្រយោជន៍ដល់ការប្រកាសគុណនៃមហាបរិច្ចាគរបស់ត្រកូលទាំង ២ នោះឯង ។
នៅក្នុងមហាបុណ្ណមសូត្រនេះ ផ្ដើមដោយព្រះសង្ឃត្ថេរមួយព្រះអង្គជាមហាខីណាស្រព បាននាំភិក្ខុ ៦០ ព្រះអង្គចូលគាល់ព្រះដ៏មានព្រះភាគក្នុងពេលព្រលប់ នៅទីវាលស្រឡះ ចំថ្ងៃពេញបូណ៌មី ១៥ កើត ព្រះចន្ទចាប់ផ្ដើមរះនៅទិសបូព៌ ព្រះអាទិត្យក៏អស្ដង្គត ភិក្ខុបរិស័ទគង់ស្ថិតក្នុងឆព្វណ្ណរង្សីនៃព្រះបរមសាស្ដា នាវត្តបុព្វារាមនោះឯង ។
ភិក្ខុ ៦០ ព្រះអង្គ សុទ្ធតែបានកំណត់ដឹងនូវនាមរូប ប៉ុន្តែមិនទាន់សម្រេចមគ្គផល ទើបព្រះសង្ឃត្ថេរជាព្រះអាចារ្យ ជាមហាខីណាស្រព ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះដ៏មានព្រះភាគហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើព្រះដ៏មានព្រះភាគ ធ្វើឱកាសដើម្បីដោះស្រាយប្រស្នារបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងសួរនូវហេតុបន្តិចបន្តួចចំពោះព្រះដ៏មានព្រះភាគ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់សួរប្រស្នាណា ចូរអង្គុយលើអាសនៈរបស់ខ្លួន សួរប្រស្នានោះចុះ ។
លំដាប់នោះ ព្រះសង្ឃត្ថេរ បានគង់អង្គុយលើអាសនៈរបស់លោកហើយ ក៏បានក្រាបបង្គំទូលសួរជាបឋមអំពីឧបាទានក្ខន្ធ ៥ ។ តាមពិត ព្រះសង្ឃត្ថេរ ជ្រាបហើយ ប៉ុន្តែការក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគនេះ ដើម្បីជាការអនុគ្រោះដល់សិស្សទាំង ៦០ ព្រះអង្គនោះឯង ។
-សួរអំពីមូលហេតុនៃឧបាទានក្ខន្ធ ៥ ។
-សួរអំពីឧបាទាន ។
-សួរអំពីឆន្ទរាគៈផ្សេងគ្នា ។
-សួរអំពីខន្ធ ១១ កង ។
-សួរអំពីហេតុ អំពីបច្ច័យនាំឱ្យបញ្ញត្តខន្ធ ៥ ។
-សួរអំពីសក្កាយទិដ្ឋិកើតមាន ។
-សួរអំពីសក្កាយទិដ្ឋិមិនកើតមាន ។
-សួរអំពីអស្សាទ អាទីនវៈ និងនិស្សរណៈក្នុងខន្ធ ៥ ។
-សួរអំពីកាលបុគ្គលដឹងដូចម្ដេច ឃើញដូចម្ដេច ទើបអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន ។
ជាចុងក្រោយនៃព្រះធម្មទេសនា ព្រះភិក្ខុទាំង ៦០ ព្រះអង្គនោះឯង គង់នៅមួយកន្លែងនៅឡើយ បានរួចផុតចាកអាសវៈទាំងឡាយ ក្នុងគ្រានោះហោង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
Public date : 15, May 2026 (58,071 Read)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ នាវេលារាត្រីពេញបូណ៌មី ១៥ កើត ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពី ៖
-អសប្បុរស មិនស្គាល់នូវអសប្បុរស ។
-អសប្បុរស មិនស្គាល់នូវសប្បុរស ។
-អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម មានការសេពគប់ជាអសប្បុរស មានគំនិតជាអសប្បុរស មានការប្រឹក្សាជាអសប្បុរស មានវាចាជាអសប្បុរស មានការងារជាអសប្បុរស មានទិដ្ឋិជាអសប្បុរស តែងឱ្យទានជាអសប្បុរស ។
-ម្នាលភិក្ខុទាំងឡាយ អសប្បុរសនោះឯង ( ប្រកបដោយធម៌អសប្បុរសទាំង ៨ ពួកយ៉ាងនេះហើយ ) លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតក្នុងគតិរបស់ពួកអសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ ឯគតិរបស់ពួកអសប្បុរសតើដូចម្ដេច គតិរបស់ពួកអសប្បុរសគឺនរក ឬកំណើតតិរច្ឆាន ។
-សប្បុរសស្គាល់នូវសប្បុរស ។
-សប្បុរសស្គាល់នូវអសប្បុរស ។
-សប្បុរស ប្រកបដោយព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។
-សប្បុរស មានការសេពគប់នឹងអ្នកដែលមាននូវព្រះសទ្ធម្មទាំង ៧ នេះឯង ។
-សប្បុរស មានគំនិតជាសប្បុរស គឺមិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ។
-សប្បុរសមានការប្រឹក្សាជាសប្បុរស គឺសប្បុរសមិនប្រឹក្សាដើម្បីបៀតបៀនខ្លួនឯងជាដើមឡើយ ។
-សប្បុរសមានវាចាជាសប្បុរស គឺវៀរចាកវចីទុច្ចរិត ៤ យ៉ាង
-សប្បុរសមានការងារជាសប្បុរស គឺវៀរចាកកាយទុច្ចរិត ៣ យ៉ាង ។
-សប្បុរសមានទិដ្ឋិជាសប្បុរស គឺមានសម្មាទិដ្ឋិ ១០ ហ្នឹងឯង
-សប្បុរសតែងឱ្យទានជាសប្បុរស មានការឱ្យដោយគោរពកោតក្រែងជាដើម ។
-ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈតែងទៅកើតក្នុងគតិរបស់សប្បុរស ម្នាលភិក្ខុទាំងឡាយ ចុះគតិរបស់សប្បុរសតើដូចម្ដេច គតិរបស់សប្បុរសនោះ គឺសភាពជាទេវតាដ៏ស្ដុកស្ដម្ភ ឬសភាពជាមនុស្សដ៏ស្ដុកស្ដម្ភ ។
លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្ដីត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2786/dgvdgrcfxfvsczx.jpg
Public date : 15, May 2026 (59,288 Read)
យើងប្រាថ្នាព្រះនិព្វាន តើយើងដឹងថាព្រះនិព្វាននោះយ៉ាងដូចម្ដេចទេ ? ថាព្រះនិព្វានជាបរមសុខ តើសុខដ៏ក្រៃលែងនោះដូចម្ដេច ? ថាព្រះនិព្វានរួចផុតចាកទុក្ខ តើអ្វីជាទុក្ខ ? ហើយអ្វីជាការរួចផុតចាកទុក្ខ ? ដូច្នេះអ្វីដែលអាចដឹងបានក្នុងពេលនេះ គឺរូបជាធាតុមិនដឹង ដោយឡែកអំពីរូបគឺនាមធម៌ដែលដឹងអារម្មណ៍ សតិរលឹកដឹងលក្ខណៈនៃរូបធម៌ និងនាមធម៌រឿយៗ រហូតដល់វិបស្សនាកើតឡើងស្គាល់ទុក្ខ ដឹងហេតុនៃសេចក្ដីទុក្ខក្នុងវដ្ដៈ ទើបមានញាណក្នុងសន្តិបទ ដឹងអំពីការអស់ទៅនៃបច្ច័យ ។
នៅក្នុងអដ្ឋកថាសច្ចវិភង្គ សម្ដែងអំពីអនុពោធិញ្ញាណគឺវិបស្សនាដឹងទុក្ខ រមែងហាមនូវសក្កាយទិដ្ឋិ ដឹងសមុទយៈរមែងហាមនូវឧច្ឆេទទិដ្ឋិ ដឹងនូវនិរោធរមែងហាមនូវសស្សតទិដ្ឋិ ដឹងមគ្គរមែងហាមនូវអកិរិយទិដ្ឋិ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2787/rtdyvhgcvx.jpg
Public date : 15, May 2026 (38,978 Read)
យើងកើតទុក្ខ មិនស្ងប់ចិត្ត ទាំងដែលកំពុងគិតថា យើងធ្វើបុណ្យមកច្រើនហើយ ប៉ុន្តែមិនបានផលល្អសោះ បុណ្យមិនជួយខ្ញុំសោះ ធ្វើល្អមិនបានផលល្អសោះ.... តាមពិតក្នុងពេលដែលកំពុងកើតទុក្ខនោះ គឺមិនមែនចិត្តជាបុណ្យឡើយ ពេលនោះ អាចជាចិត្តដែលកំពុងតែគិតខុសក្នុងរឿងអ្វីមួយ ឬកំពុងតែប្រៀបធៀបខ្លួនឯង នឹងអ្នកដទៃ ដូច្នេះ សូមពុទ្ធបរិស័ទ ប្រយ័ត្នចិត្តខ្លួនឯង ដែលចេះតែគិតប្រៀបធៀបឱ្យកើតទុក្ខឯងៗ ហើយបន្ទោសបុណ្យ បន្ទោសមេឃ បន្ទោសដី បន្ទោសអ្នកដទៃ... ជាធម្មតានៃចិត្តជាបុណ្យរមែងជាសុខទាន់ពេលនោះឯង ហើយរមែងមានវិបាកជាសុខ ទៅតាមគ្រាដែលបុណ្យនោះឱ្យផល ដូចជាការដាំពូជដូច្នោះដែរ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2788/drvgcrdfvsdfgvefdx.jpg
Public date : 15, May 2026 (35,903 Read)
ក្នុងជីវិតមនុស្សយើង មានសុខ មានទុក្ខ មានកុសល មានអកុសល មានកើត មានស្លាប់ មានជា មានឈឺ មានជួប មានព្រាត់ មានលោភៈ មានទោសៈ មានមោហៈ ។ល។ មានបានតាមប្រាថ្នា និងមិនបានតាមប្រាថ្នា ព្រោះថា អ្វីៗទាំងអស់នោះៗ កើតឡើងសុទ្ធតែត្រឹមត្រូវទៅតាមហេតុ ជួនកាលក៏សមតាមសេចក្ដីប្រាថ្នា ជួនកាលក៏មិនបានដូចប្រាថ្នាឡើយ ព្រោះត្រឹមតែសេចក្ដីប្រាថ្នាប៉ុណ្ណឹង មិនមានហេតុគ្រប់គ្រាន់ឱ្យអ្វីនោះកើតឡើងទេ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
Public date : 15, May 2026 (33,269 Read)
កុំបណ្ដោយឱ្យរឿងរ៉ាវ នោះបន្តិច នេះបន្តិច មកទម្លាយសេចក្ដីសុខរបស់យើងឡើយ តាមពិត វាគ្រាន់តែជារឿងរ៉ាវក្នុងលោក នៃគំនិតរបស់យើងប៉ុណ្ណោះ ព្រោះបើមិនមានចិត្តដឹងអារម្មណ៍ទេ ឬមិនមានចិត្តគិតទេ មានរឿងអ្វីនៅឯណា ។ ពុទ្ធបរិស័ទយើង គួរតែមានអារម្មណ៍សម្រាប់ចិត្តខ្លួនឯង គឺជាអារម្មណ៍ព្រះកម្មដ្ឋាន នេះ ទើបឈ្មោះថា បានអប់រំចិត្ត មានចិត្តពួនសំងំ ចិត្តវិវេក ប្រតិបត្តិយ៉ាងនេះ ទើបចិត្តមិនសន្សំរឿង មិនសន្សំទុក្ខកង្វល់យកមកដាក់ខ្លួនឡើយ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2790/rvdsgcvxcwsdz.jpg
Public date : 15, May 2026 (30,076 Read)
ចិត្តដែលល្អស្អាត រមែងមើលឃើញសេចក្ដីល្អរបស់អ្នកដទៃ។ មានរឿងគួរគិតម្យ៉ាងដែរ ត្រង់ដែលមនុស្សយើងចូលចិត្តមើលផ្កា មើលរូបស្អាតផ្សេងៗ ប៉ុន្តែបែរជាមិនចូលចិត្តមើលសេចក្ដីល្អរបស់អ្នកដទៃទៅវិញ ឯចំណែកលាមកជាដើម ជារបស់ស្មោកគ្រោក មិនត្រូវការមើលឡើយ ប៉ុន្តែបែរចូលចិត្តសម្លឹងមើលសេចក្ដីអាក្រក់លាមក ឬទោសកំហុសរបស់អ្នកដទៃទៅវិញដែរ ។ ការរៀនសម្លឹងមើលសេចក្ដីល្អរបស់អ្នកដទៃ នាំឱ្យកាត់បន្ថយនូវការខឹងស្អប់ ដូច្នេះ ទើបមេត្តាចិត្តមានឱកាសកើតឡើងបាន មេត្តាជាគ្រឿងទ្រទ្រង់លោក ចំណែកព្យាបាទជាគ្រឿងដុតលោក ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2799/gvrdfgcvfxdbf_c.jpg
Public date : 15, May 2026 (40,654 Read)
នៅពេលកើតទុក្ខផ្លូវចិត្ត យើងត្រូវគិតដល់ហេតុនៃសេចក្ដីទុក្ខនោះ គឺមកអំពីតណ្ហា ពោលគឺចំណង់ដែលចង់បានអ្វីពីអ្នកដទៃ ឬចង់បានអ្វីអំពីលោកនេះ គ្រាន់តែមិនបានតាមចំណង់ប៉ុណ្ណោះ ទើបកើតទុក្ខហ្នឹងឯង ។ កាលណា បើយើងរកហេតុឃើញដូច្នេះហើយ យើងត្រូវគិតឱ្យច្បាស់លាស់តទៅថា សូម្បីបានអ្វីៗនោះតាមប្រាថ្នា ដូចបំណង តើយើងពិតជាគ្រប់គ្រាន់ទេ អស់ទុក្ខអស់ភ័យទេ ឈប់ធ្វើអ្វីខុសហើយឬ មានចិត្តត្រជាក់ក្សេមក្សាន្តពិតមែនឬ... យើងនឹងបានចម្លើយយ៉ាងច្បាស់លាស់មកថា អត់ទេ ព្រោះអ្វីនោះមិនមែនជាសោតាបត្តិមគ្គផងហ្នឹង ។ កាលណាបានយល់ដឹងដូច្នេះពិតប្រាកដក្នុងចិត្តហើយ អ្វីនោះៗ គឺមិនសូវជាសំខាន់ប៉ុន្មានឡើយ មិនបានទេក៏ហីទៅ អ្វីដែលសំខាន់ពិត គឺការឃើញសច្ចធម៌ ចូលកាន់ភូមិព្រះអរិយៈឯណេះទេតើ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2805/rdtgcvfgvsed.jpg
Public date : 15, May 2026 (43,300 Read)
មនុស្សយើងរក្សាគ្នា ជាពិសេសរក្សាផ្លូវចិត្ត ដូច្នេះត្រូវប្រយ័ត្នពេលខឹងក្រោធ គឺប្រយ័ត្នពាក្យសម្ដីរបស់យើងជាដើម វាចូលទៅទម្លាយសេចក្ដីសុខក្នុងចិត្តរបស់អ្នកដទៃ រហូតដល់ទម្លាយមិត្តភាពនឹងគ្នាទៀតផង ។ ការខ្វះខាតយើងមានទាំងអស់គ្នា អ្នកដទៃខ្វះខាតរឿងនោះ យើងខ្វះខាតរឿងនេះ ដូច្នេះត្រូវជួយមើលថែគ្នាទៅតាមផ្លូវព្រះធម៌ ប្រកាន់គ្នាធ្វើអ្វី ខុសត្រូវជារឿងធម្មតា សំខាន់គឺគុណតម្លៃនៃការព្រមព្រៀងគ្នា ត្រូវចាំទុកថា គុណតម្លៃនៃជីវិតរបស់យើង គឺស្ថិតនៅត្រង់រក្សាសេចក្ដីសុខឱ្យដល់អ្នកដទៃ ប្រៀបដូចអាហារជាទីសប្បាយ ទឹកបរិសុទ្ធ ឬថ្នាំកែរោគជាដើម ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2819/sdfadsfvedsc.jpg
Public date : 15, May 2026 (44,934 Read)
សុខទុក្ខផ្លូវចិត្ត ប្រព្រឹត្តទៅតាមគំនិត គឺគិតត្រូវកើតសុខ បើគិតខុសកើតទុក្ខ ដូច្នេះហើយ ទើបបានចេះតែរំលឹកគ្នាថា ខំស្ដាប់ធម៌ រៀនធម៌ឱ្យទូលំទូលាយ ដើម្បីបានឆ្លាតក្នុងគំនិត ។ សេចក្ដីទុក្ខក្នុងចិត្តវាមិនចេះតែតោងយើងជាប់ទៅនោះទេ មកពីយើងទេតើដែលចេះតែទូលរែកសេចក្ដីទុក្ខដោយគំនិតល្ងង់ខ្លៅខ្លួនឯង ចំណែកសេចក្ដីសុខវិញ ក៏មិនចេះរត់ចេញពីចិត្តយើងដែរ តែមកអំពីយើង មិនចេះថ្នម មិនចេះថែរក្សាទុកក្នុងចិត្តឱ្យបានល្អ បណ្តោយឱ្យ សេចក្ដីទុក្ខមកនៅជំនួស របៀបដូចស្រឡាញ់ទុក្ខ ស្អប់សុខអ៊Íចឹង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2815/dfgvxcrdfxcsed.jpg
Public date : 15, May 2026 (41,085 Read)
ដែលបានពោលថា ព្រះនិព្វានជាបរមសុខ គឺត្រូវតែជាសុខរបស់អ្នកដែលបានសម្រេចនូវព្រះនិព្វាននោះឯង ពីព្រោះសត្វលោកមានទុក្ខ បានដល់សង្សារទុក្ខ លុះដល់មានអរិយមគ្គ កាត់នូវតណ្ហា ក៏ជាការកាត់នូវសង្សារទុក្ខ ទើបបានពោលថា ព្រះអរិយបុគ្គលនោះៗ បាននូវបរមសុខ រួចផុតចាកទុក្ខ តាមដូចព្រះពុទ្ធដីកាក្នុងនាគវគ្គ ព្រះគាថាធម្មបទថា សព្វស្ស ទុក្ខស្ស សុខំ បហានំ ការលះបង់នូវទុក្ខទាំងពួង គឺជាសុខ ។ នៅក្នុងសេចក្ដីនេះ បើពោលដោយបរមត្ថកថា គឺ ទុក្ខនិងការរលត់ទុក្ខ តែបើសម្មតិកថាវិញ គឺសត្វលោកមានទុក្ខ និងសត្វលោកបានរួចផុតចាកទុក្ខដល់នូវព្រះនិព្វាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2814/dtcgfvfbfvcx.jpg
Public date : 15, May 2026 (28,210 Read)
បាទទី ៣ នៃព្រះគាថា ដែលព្រះអស្សជិត្ថេរ បានសម្ដែងប្រាប់ដល់ព្រះសារីបុត្ត ព្រះអដ្ឋកថាវិន័យ មហាខន្ធកៈ បានពន្យល់សេចក្ដីថា តេសំ ឧភិន្នម្បិ សច្ចានំ យោ អប្បវត្តិនិរោធោ តញ្ច តថាគតោ អាហាតិ អត្ថោ ។ តេនស្ស និរោធសច្ចំ ទស្សេតិ ។ មានសេចក្ដីថា ព្រះតថាគតត្រាស់សម្ដែងនូវនិរោធ គឺការមិនប្រព្រឹត្តទៅនៃសច្ចៈសូម្បីទាំង ២ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) នោះផង ។ ដោយពាក្យនេះឯង ដែលព្រះថេរៈសម្ដែងនូវនិរោធសច្ចដល់ព្រះសារីបុត្តនោះ ។
អថ វា តេសញ្ច យោ និរោធោតិ ឯត្ថ តេសំ យោ និរោធោ ច និរោធុបាយោ ចាតិ ឯវំ ទ្វេបិ សច្ចានិ ទស្សិតានិ ហោន្តីតិ ។ ម្យ៉ាងទៀត ក្នុងបាទនៃព្រះគាថា ដែលថា តេសញ្ច យោ និរោធោ ច នេះ គឺសូម្បីសច្ចៈទាំង ២ ( បានដល់និរោធសច្ចនិងមគ្គសច្ច ) ដែលព្រះថេរៈសម្ដែងហើយ យ៉ាងនេះថា ការរលត់នៃសច្ចៈទាំង ២ នោះ ( គឺទុក្ខសច្ចនិងសមុទយសច្ច ) និងឧបាយនៃការរលត់សច្ចៈទាំង ២ នោះឯង ដោយប្រការដូច្នេះ ។
សេចក្ដីដែលព្រះអដ្ឋកថាពន្យល់ក្នុងបាទនៃព្រះគាថា តេសញ្ច យោ និរោធោ ច នេះ គឺព្រះអស្សជិត្ថេរ ប្រកាសសច្ចៈ ២ គឺនិរោធសច្ច និងមគ្គសច្ច ។ និរោធសច្ច បានដល់ការរលត់សច្ចៈ ២ ខាងដើម គឺទុក្ខសច្ចនិងសមុទយសច្ច ចំណែកមគ្គសច្ចវិញ បានដល់ឧបាយនៃការរលត់ទុក្ខសច្ចនិងសមុទយសច្ចហ្នឹងឯង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2824/textpic.jpg
Public date : 15, May 2026 (51,490 Read)
វត្ថុកាមក្ដី ស្នេហាក្ដី មិនមែនលំបាកក្នុងការបានមកនោះទេ ប៉ុន្តែវាមិនងាយនឹងរក្សា ណាមួយមិនចេះគ្រប់ ទាំងដែលមានសេចក្ដីត្រេកអរតិច តែមានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ចិត្តច្រើន រវល់ច្រើនឥតប្រយោជន៍ ។ សេចក្ដីស្រឡាញ់ពិតប្រាកដក្នុងព្រះពុទ្ធសាសនា គឺសេចក្ដីជ្រះថ្លា មេត្តា ករុណា ប្រាថ្នាឱ្យអ្នកដទៃដែលយើងស្រឡាញ់នោះ បានល្អ មានសេចក្ដីសុខក្នុងព្រះធម៌ និងរួចផុតចាកទុក្ខអំពីវដ្ដសង្សារ ។ ត្រូវប្រយ័ត្ន សកម្មភាពនៃសេចក្ដីស្រឡាញ់ខុសទំនង ក្លាយទៅជាការបៀតបៀនទាំងខ្លួនឯង ទាំងអ្នកដែលយើងស្រឡាញ់ ទាំងអ្នកដែលស្រឡាញ់យើងច្រើនទៀតផង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2826/werhvcvsxdhfbjg.jpg
Public date : 15, May 2026 (30,880 Read)
សម័យមួយ ដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃប្រមាណ ៥០០ អង្គ សុទ្ធតែសម្បូណ៌ទៅដោយគុណ មានគុណគឺសេចក្តីសន្តោស និងការប្រាថ្នាតិចជាដើម ។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្សចាស់ជរា មានអាយុ ១២០ ឆ្នាំ ចេះចប់គម្ពីរត្រៃវេទ និងគម្ពីរមហាបុរិសលក្ខណៈ គាត់មានបំណងគាល់ព្រះដ៏មានព្រះភាគ ប៉ុន្តែចាំឲ្យប្រាកដសិនថា តើព្រះពុទ្ធមែន ឬមិនមែន ដូច្នេះទើបគាត់ចាត់ឲ្យឧត្តរមាណពជាកូនសិស្ស ទៅពិនិត្យមើលមហាបុរិសលក្ខណៈ ៣២ ប្រការនៃព្រះពុទ្ធអង្គជាមុនសិន ។
ឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈ ៣២ ប្រការនៃព្រះដ៏មានព្រះភាគហើយ ទាំងបាននៅជាប់តាមព្រះដ៏មានព្រះភាគអស់ ៧ ខែទៀតផង ។ កាលដែលឧត្តរមាណព បានជម្រាបដំណឹងដល់ព្រហ្មាយុព្រាហ្មណ៍ អំពីមហាបុរិសលក្ខណៈទាំង៣២ប្រការ ព្រមទាំងព្រះចរិយាគុណរបស់ព្រះដ៏មានព្រះភាគ យ៉ាងសន្ធឹកសន្ធាប់រួចមក ព្រហ្មាយុព្រាហ្មណ៍បានក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះត្រង់ទីដែលព្រះដ៏មានព្រះភាគគង់នៅ ហើយបន្លឺវាចានមស្ការព្រះសម្មាសម្ពុទ្ធគ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចយាងទៅកាន់ចារិកក្នុងដែនវិទេហៈ តាមលំដាប់ ក៏បានដល់នគរមិថិលា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលានោះឯង ។ ព្រហ្មាយុព្រាហ្មណ៍ បានចូលគាល់ព្រះដ៏មានព្រះភាគទូលសួរបញ្ហា ៨ ចំណុច គឺ
១- កថំ ខោ ព្រាហ្មណោ ហោតិ បុគ្គលដូចម្ដេច ហៅថា ព្រាហ្មណ៍ ?
២- កថំ ភវតិ វេទគូ បុគ្គលដូចម្ដេច ហៅថា អ្នកចេះចប់នូវវេទៈ ?
៣- តេវិជ្ជោ ភោ កថំ ហោតិ បុគ្គលដូចម្ដេច ហៅថា អ្នកមានត្រៃវិជ្ជា ?
៤- សោត្ថិយោ កិន្តិ វុច្ចតិ បុគ្គលដូចម្ដេច ហៅថា អ្នកមានសួស្ដី ?
៥- អរហំ ភោ កថំ ហោតិ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដូចម្ដេចហៅថា ព្រះអរហន្ត ?
៦-កថំ ភវតិ កេវលី បុគ្គលដូចម្ដេចហៅថា អ្នកបរិបូណ៌ដោយគុណទាំងអស់ ?
៧- មុនិ ច ភោ កថំ ហោតិ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត បុគ្គលដូចម្ដេច ហៅថា មុនី ?
៨- ពុទ្ធោ កិន្តិ បវុច្ចតីតិ បុគ្គលដូចម្ដេច ហៅថា ព្រះពុទ្ធ ?
គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបនឹងព្រហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា
បុព្វេនិវាសំ យោ វេទី សគ្គាបាយញ្ច បស្សតិ
អថោ ជាតិក្ខយំ បត្តោ អភិញ្ញាវោសិតោ មុនិ ។
បុគ្គលណា ដឹងនូវខន្ធដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ឃើញច្បាស់នូវឋានសួគ៌និងអបាយ មួយទៀត បុគ្គលណា ដល់នូវកិរិយាអស់ទៅនៃជាតិ បុគ្គលនោះជាមុនី ដល់នូវទីបំផុតដោយអភិញ្ញា ( ក្នុងព្រះគាថាមួយនេះ ព្រះអង្គទ្រង់ត្រាស់អំពីអ្នកមានវិជ្ជា ៣ ) ។
ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ
បហីនជាតិមរណោ ព្រហ្មចរិយស្ស កេវលី
បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតីតិ ។
អ្នកប្រាជ្ញដឹងច្បាស់នូវចិត្តដ៏បរិសុទ្ធ ជាចិត្តរួចស្រឡះហើយចាករាគៈ ដោយប្រការទាំងពួង ជាអ្នកមានជាតិនិងមរណៈលះបង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកដល់ត្រើយនៃធម៌ទាំងពួង បុគ្គលប្រាកដដូច្នោះ តថាគតហៅថា ព្រះពុទ្ធ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់តបបញ្ហាទី ១ ឈ្មោះថាព្រាហ្មណ៍ ព្រោះជាអ្នកមានបាបបានបណ្ដែតចោលហើយ ដោយព្រះតម្រាស់ថា ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ២ គឺជាអ្នកចេះចប់នូវវេទៈ ដោយព្រះតម្រាស់ថា បារគូ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៣ គឺជាអ្នកមានត្រៃវិជ្ជា ដោយព្រះតម្រាស់ ៣ បាទខាងដើម ក្នុងព្រះគាថាទី ១ មានបទថា បុព្វេនិវាសំ ជាដើម ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៤ គឺអ្នកមានសួស្ដី ដោយព្រះតម្រាស់ថា មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៥ គឺព្រះអរហន្ត ដោយព្រះតម្រាស់ថា បហីនជាតិមរណោ ។
ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៦ គឺអ្នកបរិបូណ៌ដោយគុណទាំងអស់ ដោយព្រះតម្រាស់ថា ព្រហ្មចរិយស្ស កេវលី ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៧ គឺដែលហៅថាមុនី ដោយព្រះតម្រាស់ថា អភិញ្ញាវោសិតោ មុនិ ។ ព្រះអង្គទ្រង់ត្រាស់តបបញ្ហាទី ៨ គឺដែលហៅថាព្រះពុទ្ធ ដោយព្រះតម្រាស់ថា បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតិ ។
នៅខាងចុងនៃព្រះសូត្រ គឺព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងព្រះធម្មទេសនា ឲ្យព្រហ្មាយុព្រាហ្មណ៍ សម្រេចមគ្គផល ហើយបានអារាធនាព្រះពុទ្ធអង្គ មួយអន្លើដោយព្រះភិក្ខុសង្ឃ ថ្វាយចង្ហាន់អស់ ៧ ថ្ងៃ ។ ព្រហ្មាយុព្រាហ្មណ៍បានចាកលោកនេះហើយ បដិសន្ធិក្នុងសុទ្ធាវាសព្រហ្ម នឹងបរិនិព្វានក្នុងទីនោះឯង ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ