Reading Article
Public date : 02, Feb 2021 (41,947 Read)
អត្ថបទខ្លី ៗ គួរយល់ដឹង

|
ខឹងគេ ស្អប់គេ គឺមានតែចិត្តខ្លួនឯងប៉ុណ្ណោះ ដែលជាទុក្ខ ។ គួរអប់រំចិត្ត ចម្រើនបញ្ញា ឲ្យឃើញថា អ្វី ៗ គ្រប់យ៉ាង ជាធម្មតាធម៌ ដូចជា ជរាធម្មតា ព្យាធិធម្មតា មរណធម្មតា ព្រាត់ប្រាសធម្មតា វិបាកកម្មក៏ជាធម្មតា ។ល។ កាលដែលបានឃើញថា អ្វី ៗ គឺជាធម្មតាធម៌ ក៏មិនប្រកាន់ ហើយក៏មិនមានអ្វីណា មកធ្វើឲ្យកើតទុក្ខតាមផ្លូវចិត្តបានឡើយ ។
បុគ្គលល្ងង់ខ្លៅ សម្គាល់នូវពាក្យទ្រគោះបោះបោក ថាជាជ័យជម្នះ ចំណែកអ្នកចេះដឹង មានសេចក្ដីអត់ធន់ ជាជ័យជម្នះ ។
ពេលនេះ បានជួបព្រះធម៌ជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ គួរពុទ្ធបរិស័ទព្យាយាមបំពេញសេចក្ដីល្អ តាមព្រះពុទ្ធអង្គទ្រង់ណែនាំ គួរឲ្យព្រះធម៌គ្រប់គ្រងចិត្ត មិនគួរឲ្យកិលេសគ្រប់គ្រងចិត្តឡើយ ។
![]() -មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ ព្រោះត្រូវជួយខ្លួនឯងឲ្យរួចពីបាប ឲ្យរួចពីទុក្ខក្នុងវដ្ដសង្សារ ប៉ុន្តែត្រូវប្រយ័ត្នគំនិតដែលគិតថា ខ្លួនជាមនុស្សសំខាន់ណាស់ ជាមនុស្សពិសេស ជាមនុស្សប្រសើរ ជាមួយនឹងមនុស្សដទៃ ឬជាមួយនឹងកម្មវិធីផ្សេង ៗ ។ ដែលមនុស្សយើងសំខាន់សម្រាប់ខ្លួនឯង គឺសំខាន់ត្រង់មានស្មារតីគ្រប់គ្រងថែររក្សាជវនចិត្តឲ្យប្រព្រឹត្តទៅជាកុសល ចំណែកជាមួយនឹងសង្គមមនុស្សជុំវិញខ្លួន ជាមនុស្សសំខាន់ឬមិនសំខាន់ នៅលើវិបាករបស់កម្មដោយឡែក ។
-មនុស្សយើង ចង់បានណាស់ អ្វី ៗ អំពីអ្នកដទៃ មិនថាលាភយស ការសរសើរ ការលើកតម្កើង សេចក្ដីស្រឡាញ់ ។ល។ ប៉ុន្តែអ្វីទាំងអស់នេះ មិនអាចឲ្យយើងរួចផុតចាកទុក្ខបានឡើយ ចំណែកខ្លួនយើងវិញ អាចឲ្យការមិនធ្វើបាប ការបំពេញបុណ្យ និងភាពស្អាតផូរផង់នៃចិត្តដល់ខ្លួនឯងបាន អាចជួយខ្លួនឯងឲ្យរួចផុតចាកទុក្ខបាន ប៉ុន្តែបែរជាមិនចេះសូមនូវគុណដ៏អស្ចារ្យនេះ អំពីខ្លួនឯងឡើយ នេះហើយដែលឈ្មោះថាបុគ្គលល្ងង់ខ្លៅ ចង់បានតែរបស់អត់ខ្លឹមសារ ដោយសម្គាល់ថាជារបស់មានខ្លឹមសារសំខាន់ណាស់ ហ្នឹងឯង ។ ![]() -មនុស្សយើងសព្វថ្ងៃ មានរោគម្យ៉ាង គឺរោគប្រញាប់ជឿគំនិតខ្លួនឯង ដោយមិនបានផ្ទៀងផ្ទាត់នឹងព្រះពុទ្ធដីកា ។
-មនុស្សយើង មិនដែលគិតបោកប្រាស់ខ្លួនឯងទេ ប៉ុន្តែគំនិតប្រកបដោយលោភៈឬទោសៈជាដើម តើគួរជឿតាមទេ ដែលថាអ្វី ៗ នោះវាយ៉ាងដូច្នោះមែន ? មួយថ្ងៃ ៗ តើយើងបោកប្រាស់ខ្លួនឯងប៉ុនណាទៅ ទាំងដែលមិនដឹងខ្លួនសោះ ចំណែកសង្សារទុក្ខ គឺជា លទ្ធផលនៃការបោកប្រាស់ខ្លួនឯង ។
-ការព្រមទទួលសេចក្ដីពិត ដែលមិនត្រូវនឹងបំណងប្រាថ្នារបស់យើង គឺជាបដិបត្តិធម៌ដ៏ប្រសើរ ។
-វេទនានុបស្សនាសតិប្បដ្ឋាន គឺសតិរលឹក បញ្ញាឃើញថា ត្រឹមតែវេទនាសោយអារម្មណ៍ មិនថាសុខវេាទនា ឬទុក្ខវេទនាឡើយ។ កាលដែលបានដឹងច្បាស់ហើយ រមែងមិនត្រេកអរក្នុងសុខ និងមិនប្រទូស្តទាស់ចំពោះទុក្ខ ។ នេះជាបដិបទាក្នុងការមិនប្រកាន់អ្វីតិចតួចក្នុងលោក មិនតក់ស្លុត ព្រមទាំងការអស់ទៅនៃកម្ម ។
-ដោះស្រាយការមិនសប្បាយចិត្តក្នុងរឿងផ្សេង ៗ មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាងឲ្យបានដូចចិត្តនោះទេ គឺត្រូវដោះស្រាយដោយការព្រមទទួលថា មិនមានអ្វី ៗ ចេះតែបានដូចចិត្តយើងចង់គ្រប់យ៉ាងទៅនោះឡើយ ម្យ៉ាងទៀតគប្បីសិក្សាថា ការមិនសប្បាយចិត្តនេះ គ្រាន់តែជានាមធម៌មួយបែបប៉ុណ្ណោះ ។
-គប្បីជ្រាបថា កិច្ចនៃសតិប្បដ្ឋានគឺហាមឃាត់នូវចំណង់តណ្ហា មិនចាំបាច់បាននូវសភាវៈដទៃអ្វីឡើយ ឲ្យតែជាក់ច្បាស់ថា សភាវៈដែលកំពុងប្រាកដមិនមែនជាយើងទៅ សប្បាយហើយ ។
-បើសេចក្ដីសុខរបស់យើងជាប់ទាក់ទងនឹងអ្នកដទៃ ទាល់តែអ្នកដទៃធ្វើអ្វី ៗ ត្រូវចិត្តយើង ទើបយើងបានសុខនោះ យើងលំបាកនឹងរស់នៅឲ្យបានសុខណាស់ បើបានសុខខ្លះ ក៏មិនមែនជាខ្លឹមនៃសេចក្ដីសុខដែរ ។
-អ្វីដែលបានមកដោយមិនបាច់ស្វែងរក គឺកិលេសនិងចាស់ជរា ចំណែកអ្វី ៗ ដែលត្រូវបានមកដោយកុសលភាវនា គឺគុណតម្លៃនៃជីវិត ។
-បុណ្យមិនមែនប្រែថាបោកទេ... ។ បុណ្យមានលក្ខណៈសម្គាល់នូវត្រង់ ចិត្តយើងល្អ សុខសប្បាយ ស្ងប់ត្រជាក់ មិនក្ដៅក្រហាយខ្វាយខ្វល់ ។ បុណ្យគឺជាគុណជាតិជម្រះចិត្តឲ្យស្អាត ដូចជាទឹកបរិភោគដែលបរិសុទ្ធ ឬទឹកងូតដែលស្អាត ជម្រះញើសក្អែល និងបំបាត់ការស្រេកឃ្លាន ម្យ៉ាងទៀតបុណ្យគឺជាអាហារបំប៉នផ្លូវចិត្ត និងជាឱសថកម្ចាត់រោគ ។ បាបប្រៀបបានទៅនឹងញើសក្អែល ភាពក្ដៅស្អុះ ការស្រេកឃ្លាន ឬជំងឺរោគាផ្សេង ៗ នៅពេលមានរាគៈ គឺចិត្តមានជំងឺ នៅពេលខឹងក្រោធ កំណាញ់ ច្រណែន អំនួតអួតអាង រមិលគុណ ។ល។ គឺត្រូវជ្រាបថា ចិត្តយើងកំពុងឈឺ ចំណែកបុណ្យគឺជាឱសថកម្ចាត់រោគទាំងអស់នេះឯង ។
-ទៀនក្ដៅរលាយក្រមួន ចិត្តក្ដៅរលាយសុខ ។ ការឲ្យអភ័យគឺជាការពន្លត់ភ្លើងក្នុងចិត្តខ្លួនឯង ។ បុគ្គលដែលគ្រាន់តែចេះចាំធម៌ រមែងចូលចិត្តយកឈ្នះអ្នកដទៃ សូម្បីតែការសូត្រធម៌... ប៉ុន្តែចំណែកអ្នកដែលមានធម៌វិញ រមែងចូលចិត្តយកឈ្នះខ្លួនឯង ឃើញសារៈខ្លឹមសារនៃជីវិតគឺស្ងប់ ។ បុគ្គលស្ងប់ គឺបុគ្គលអស់ការស្វែងរកដោយតណ្ហា ព្រោះបានកំណត់ដឹងនូវបញ្ចក្ខន្ធហើយ ។
ដោយ៥០០០ឆ្នាំដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ |