អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,២១៩ ដង)
កំណើតនៃសុរាមានក្នុងលោក

|
កំណើតនៃសុរាមានក្នុងលោក
តើសុរានេះមានតាំងពីពេលណាមក? ទើបមានរហូតមកដល់បច្ចុប្បន្ននេះ យើងគ្រប់គ្នាត្រូវគិតថាកម្លាំងសុរានេះខ្លាំងយ៉ាងណា? នៅពេលដែលបុគ្គលណាម្នាក់បានផឹកតើផ្ដល់គុណសម្បត្តិឬគុណវិបត្តិយ៉ាងណាដែរ? ទោះបីយ៉ាងណាក៏ដោយតាមសាច់រឿងបានបញ្ជាក់ថាកាលណាមនុស្សបានផឹកសុរាហើយ សុរានោះវានឹងផ្ដល់ផលមិនល្អដល់អ្នកផឹកវិញ ពិសេសមានការប្រមាទច្រើនដូចមានរឿងតំណាលថា
រឿងថ្មើរព្រៃឈ្មោះសុរៈ
កាលដែលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងក្រុងពារាណសី។ សម័យកាលនោះមានថ្មើរព្រៃម្នាក់ឈ្មោះសុរៈគាត់បានទៅព្រៃហេមពាន្តដើម្បីប្រកបកិច្ចការផ្សេងៗ ។ នៅព្រៃហេមពាន្តនោះមានឈើមួយដើមកម្ពស់មួយជំហរ បែកមែកជាបី ក្នុងប្រឡោះប្រគាបឈើនោះមានរណ្ដៅធំប៉ុនពាង។ លុះដល់ធ្លាក់ភ្លៀងមកទឹកដក់នៅក្នុងរណ្ដៅធំៗនោះថែមទាំងមានដើមសម៉ កន្ទួតព្រៃ នឹងម្រេចជាដើមដុះល្បែរដើមឈើនោះហើយផ្លែទាំងនោះតែងជ្រុះទៅក្នុងរណ្ដៅនោះ។ មិនតែប៉ុណ្ណោះសត្វបក្សីទាំងឡាយតែងពាំស្រូវសាលីទៅទំស៊ីហើយជ្រុះទៅក្នុងរណ្ដៅនោះទៀត។ ទឹកក្នុងរណ្ដៅនោះ ក៏មានពណ៌ក្រហម មានរស់ជាតិខ្លាំងដល់ក្ដៅសត្វបក្សីទាំងឡាយ មានសេចក្ដីស្រេកឃ្លានបានផឹកទឹកនោះក៏ស្រវឹង បម្រះននៀលដួលជ្រប់នៅទៀបគល់ឈើនោះ បន្តិចក៏ស្រែកកញ្ជ្រៀវខ្ញៀវខ្ញារ ហើរចេញទៅសូម្បីសត្វកំប្រុកស្វាកង្ហែនជាដើម ដែលបានផឹកទឹកនោះក៏មានទំនងដូចគ្នាដែរ។ ថ្មើរព្រៃបានឃើញហើយក៏គិតថាទឹកនេះមិនមែនពុលទេបើជាទឹកពុលសត្វ ដែលផឹកទាំងប៉ុន្មានមុខជាស្លាប់អស់ឥតសល់ហើយក៏ដងទឹកផឹកដរាបដល់ស្រវឹង ហើយបង្កាត់ភ្លើងចាប់សត្វដែលដួលជ្រប់ក្រាបក្បែរគល់ឈើសម្លាប់បោកអាំងស៊ីផឹកទឹកនោះអស់ពីរបីថ្ងៃ។ សម័យនោះមានតាបសមួយរូបឈ្មោះ វរុណៈ នៅក្នុងទីជិតនោះ ថ្មើរព្រៃដងយកទឹកនោះមួយបំពង់ឫស្សី និងដុំសាច់ដែលចម្អិនស្រេចនោះ ដើរទៅកាន់សំណាក់ វរុណៈ តាបសហើយបាននិយាយថា សូមលោកម្ចាស់ឆាន់ទឹកនោះចុះ! លុះឆាន់អស់កាលជាយូរថ្ងៃទើបទឹកនោះមានឈ្មោះ វរុណៈ ដោយហេតុតាបសនោះបានផឹកមុនគេ។ អ្នកទាំងពីរគិតគ្នាថាទឹកនោះវាសំខាន់ណាស់ក៏ដងចាក់ពេញបំពង់ឫស្សីជាច្រើន រួចរែកទៅស្រុកបច្ចន្តគ្រាមឲ្យអ្នកស្រុកក្រាបបង្គំទូលព្រះមហាក្សត្រថាមានអ្នកចេះធ្វើទឹកស្រវឹងយ៉ាងវិសេសទើបនឹងមកដល់។ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ ឲ្យអ្នកទាំងពីរចូលទៅគាល់អ្នកទាំងពីរក៏យកទឹកនោះទៅថ្វាយព្រះរាជាៗ ទ្រង់សោយក៏ស្រវឹងស្រួលមែន លុះអស់ទឹកនោះទៅបានត្រាស់បង្គាប់ឲ្យដងយកទៅ ថ្វាយទៀត។ ជនទាំងពីរនាក់ទៅនាំទឹកសុរានោះបានពីរបីថ្ងៃទើបបបួលគ្នាថាយើងមិនអាចយកទៅជានិច្ចបានទេ ហើយក៏បានកំណត់យកគ្រឿងផ្សំគ្រប់មុខមកផ្សំធ្វើសុរាក្នុងនគរនោះ។ អ្នកនគរនាំគ្នាផឹកសុរាតែរាល់ៗគ្នាក៏ទៅជាអ្នកមានសេចក្ដីប្រមាទក្នុងការងារ ធ្លាក់ខ្លួនទៅជាជនកំសត់ទូគ៌តនគរនោះក៏សាបសូន្យ ចាកសេចក្ដីចម្រើនគ្រប់យ៉ាង អ្នកធ្វើសុរាក៏នាំគ្នារត់ទៅក្នុងនគរពារាណសី ឲ្យអ្នកនគរក្រាបទូលព្រះបាទពារាណសី ហើយទ្រង់បង្គាប់ឲ្យហៅមកទ្រង់ព្រះរាជទានស្បៀងអាហារឲ្យធ្វើសុរាថ្វាយ។ នគរនោះក៏វិនាសដូចមុនទៀតអ្នកធ្វើសុរារត់ចេញពីទីនោះទៅក្នុងនគរសាកេត ចេញពីនគរសាកេតទៅនគរសាវត្ថី។ គ្រានោះព្រះចៅក្រុងសាវត្ថីទ្រង់ព្រះនាមព្រះបាទ សព្វមិត្រ ព្រះអង្គបានធ្វើសេចក្ដីសង្គ្រោះដល់អ្នកដែលធ្វើសុរាទាំងពីរនាក់នោះ ទ្រង់ព្រះរាជទានទេយ្យវត្ថុផ្សេងៗ ដល់អ្នកទាំងពីរៗ ក៏បានធ្វើសុរានៅក្នុងនគរសាវត្ថីនោះអស់កាលជាយូរឆ្នាំ ការធ្វើសុរាក៏ចេះតែកើតបន្តៗពីត្រឹមនោះមក។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |