អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៧,៤២៩ ដង)
សភាពនៃចិត្តរបស់មនុស្ស

|
ចិត្តរបស់មនុស្សមានឥទ្ធិពលអាចវិភាគ និងពិចារណាឃើញនូវវត្ថុធាតុសំខាន់ៗ និងប្រព័ន្ទផ្សេងៗជាច្រើនដែលមានក្នុងចក្រវាឡទាំងមូល ។ ចិត្តនេះមានលក្ខណៈលឿនរហ័ស កើតឡើងហើយរលត់ទៅវិញភ្លាមៗ ដូចជាផ្លេកបន្ទោរ ហើយមិនចេះសម្រាកស្ងៀមឡើយ។
ចិត្តជាថាមពលដ៏ខ្លាំងអស្ចារ្យមួយ ដែលគ្មានថាមពលណាមកប្រៀបផ្ទឹមបាន ចិត្តជាប្រធាននៃធម្មជាតិទាំងអស់ វាជាធម្មជាតិដែលមានអំណាចខ្ពស់ដាច់គេ អ្វីៗគ្រប់បែបយ៉ាងគឺកើតឡើងអំពីចិត្ត ។ ព្រះពុទ្ធត្រាស់ថា៖"តថាគតពិចារណាមិនឃើញសោះនូវថាមពលដ៏ខ្លាំងក្លាណាមួយដែលមានល្បឿនលឿនជាងចិត្តរបស់មនុស្ស" ។ ចំពោះអ្នកដែលធ្លាប់សិក្សាវិទ្យាសាស្រ្ត ពិតជាបានដឹងហើយអំពីលក្ខណៈនៃអាតូម អាតូមអាចធ្វើចលនាបានរាប់លានដងក្នុងមួយវិនាទី។ នៅក្នុងចិត្តវិជ្ជាពុទ្ធសាសនាបាននិយាយថា នូវពេលរូបរាងកាយធ្វើបំលាស់ប្តូរមួយដង ចិត្តបានផ្លាស់ប្តូរ១៧ដងរូចទៅហើយ។ ![]() ចិត្តរបស់យើងកើតហើយរលត់ទៅវិញលឿនជាងផ្លេកបន្ទោរ មួយពាន់ដង នេះគឺជាលក្ខណៈធម្មជាតិរបស់ចិត្ត ។ក្រៅពីនេះ ចិត្តមានទំនួលខុសត្រូវចំពោះអ្វីៗទាំងអស់ដែលកើតឡើងក្នុងលោក ។ ព្រះពុទ្ធទ្រង់សម្តែងថា៖ "ចិត្តមានទំនួលខុសត្រូវ ចំពោះរឿងរ៉ាវទាំងអស់ ទាំងអាក្រក់ ទាំងល្អ ដែលកើតមានក្នុងលោក" ។ ហើយពាក្យមួយឃ្លាទៀតនិយាយថា៖ "បើអ្នកគិតបែបណា អ្នកនឹងធ្វើយ៉ាងនោះ អ្វីដែលអ្នកធ្វើ គឺជាលទ្ធផលនៃគំនិតរបស់អ្នក" ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងចិត្តអ្នកដទៃបានឡើយ តែនៅពេលដែលយើងអាចអប់រំចិត្តរបស់យើងបាន យើងអាចមានឥទ្ធិពលទៅលើអ្នកដទៃ។ ការរៀននូវចំណេះវិទ្យាសាស្ត្រអាចធ្វើឲ្យមនុស្សយកទៅប្រើប្រាស់ខុស ដោយសារគំនិតអាត្មានិយម។ ម្យ៉ាងទៀតចិត្តនេះ ក៏អាចត្រូវបានគេអប់រំ ទៅតាមគន្លងនៃព្រះធម៌ និងដំណើរប្រព្រឹត្តទៅនៃលោកធាតុផងដែរ។ ឧទាហរណ៍ យើងបានរកឃើញនូវថាមពលនៃសារធាតុមួយ ដោយការអប់រំចិត្តបានល្អ យើងអាចប្រើនូវថាមពលនោះ ដើម្បីស្ថាបនានូវសមិទ្ធិផលយ៉ាងច្រើន ដែលជាប្រយោជន៍ដល់មនុស្សជាតិ ផ្ទុយទៅវិញ បើចិត្តមិនត្រូវបានគ្រប់គ្រង និងបង្វឹកឲ្យល្អទេ យើងអាចផលិតនូវអាវុធប្រល័យលោក ដែលអាចបំផ្លាញនូវពិភពលោកទាំងមូល បង្កនូវគ្រោះមហន្តរាយដ៏ធំធេងមួយ មិនអាចស្មានបាន ។ ស្ទើរតែគ្រប់វត្ថុ និងសត្វមានជីវិតទាំងអស់ ត្រូវវិនាសសាបសូន្យទៅបន្តិចម្តងៗ ដោយសារគំនិតអត្តទត្ថបុគ្គលរបស់មនុស្ស ដែលមិនបានទូន្មានឲ្យបានត្រឹមត្រូវ។ មនុស្សនាំគ្នាបំពុលទឹក បំពុលខ្យល់ និងបរិស្ថាន ដោយនិយាយថា ពួកគេកំពុងអភិវឌ្ឍន តែតាមពិត គឺការបង្ហិនបង្ហោច។ ក្នុងនាមជាមនុស្ស យើងត្រូវមានគោលការណ៍កំណត់ខ្លួនឯងថា អ្វីដែលយើងធ្វើជាទង្វើដែលមិនប្រព្រឹត្តទៅដើម្បីបំផ្លាញ គឺត្រូវប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។មានតែនៅពេលដែលចិត្តត្រូវបានគ្រប់គ្រង និងតម្រង់ទិសដៅបានល្អទេ ទើបផ្តល់នូវប្រយោជន៍ដល់ខ្លួនឯងផង និងសង្គមផង និងអ្នកដទៃ។ រាល់គ្រោះមហន្តរាយទាំងអស់ក្នុងលោក គឺជាស្នាដៃរបស់អ្នកដែលមិនបានទូន្មានចិត្តឲ្យមានតុល្យភាព និងស្ងប់ស្ងៀម។ (សាមណេរ ជិន ម៉ៅ ថ្នាក់ទីប្លូម, សហភាពភូមា) មនោបុព្វង្គមា ធម្មា! ដោយ ៥០០០ឆ្នាំ |