អានអត្ថបទ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៩,៤០២ ដង)
កុលបលិពោធ

|
កុលបលិពោធ
ត្រកូលរបស់ញាតិក្ដី ត្រកូលរបស់ឧបដ្ឋាកក្ដី ឈ្មោះថាត្រកូល។ ពិតមែន សម្រាប់ភិក្ខុរូបខ្លះអ្នកច្រឡូកច្រឡំ (ជាមួយមនុស្សក្នុងត្រកូល ស្និទ្ធស្នាលពាក់ព័ន្ធ) ដោយន័យថា កាលគេបានដល់នូវសេចក្ដីសុខក៏សុខផង ដូច្នេះជាដើម សូម្បីត្រកូលឧបដ្ឋាក ក៏ជាបលិពោធបាន (នឹងពោលទៅថ្វីដល់ត្រកូលញាតិ) ភិក្ខុ (ដូច) នោះ នឹងលះបង់មនុស្សក្នុងត្រកូលទៅសូម្បីតែវិហារជិតស្រុក ដើម្បីស្ដាប់ធម៌ ក៏មិនបាន (ចំណែក) ភិក្ខុរូបខ្លះ សូម្បី (តែ) មាតាបិតា ក៏មិនជាបលិពោធទេ ដូចជាភិក្ខុកំលោះជាក្មួយរបស់ព្រះតិស្សត្ថេរៈ អ្នកនៅកោរណ្ឌកវិហារ។ មានរឿងពោលមកថា ភិក្ខុកំលោះរូបនោះ បានទៅរោហណជនបទ ដើម្បីរៀនបាលី ចំណែកឧបាសិកា (ជាញោមស្រី) ត្រូវជាប្អូនរបស់ព្រះថេរ ក៏សួរដំណឹងរបស់លោកកូនចំពោះព្រះថេរៈរឿយៗ ថ្ងៃមួយព្រះថេរៈគិតថា ជាការរំខាន់ (ក៏ទៅ) នាំភិក្ខុកំលោះត្រឡប់មកវិញ ទើបធ្វើដំណើរឆ្ពោះទៅកាន់រោហណជនបទ។ ចំណែកភិក្ខុកំណោះ ក៏គិតថា យើងនៅទីនេះយូរហើយ ឥឡូវនេះយើងនឹងទៅសួរសុខទុក្ខឧបជ្ឈាយ៍ នឹងប្រាប់ដល់ញោមហើយ(ចាំត្រឡប់មកវិញ) ដូច្នេះ, ហើយក៏ចេញអំពីរោហណជនបទមកភិក្ខុទាំងពីររូបមកជួបគ្នានៅត្រង់ឆ្នេរស្ទឹងមួយកន្លែង ភិក្ខុកំលោះក៏ធ្វើ (ឧបជ្ឈាយវត្ត) ដល់ព្រះថេរៈទៀបដើមឈើមួយ ព្រះថេរៈសួរថា នឹងទៅទីណា? ក៏ប្រាប់សេចក្ដីដែលគិតនោះ (ឲ្យជ្រាប) ព្រះថេរៈទើបពោលថា អ្នកធ្វើនេះល្អហើយ ឧបាសិកាក៏សួរដល់អ្នកមិនដាច់ សូម្បីយើងមកនេះក៏ដើម្បី (ឲ្យអ្នកត្រឡប់ទៅ) ហ្នឹងឯង អ្នកទៅចុះ ចំណែកយើងនឹងទៅនៅចាំវស្សា (ក្នុងវិហារណាមួយ) ក្នុងទឹកដីនេះឯង ដូច្នេះហើយ ក៏បញ្ជូនភិក្ខុកំលោះនោះទៅលោក (ទៅ) ដល់(កោរន្ទក)វិហារនោះ ក្នុងថ្ងៃចូលវស្សាល្មម ដើម្បីសេនាសនៈដែលបានដល់លោក ក៏គឺជាទីសេនាសនៈដែលញោមប្រុសរបស់លោកកសាងទុកនោះឯង កាលថ្ងៃស្អែកឡើង (បន្ទាប់ពីថ្ងៃចូលវស្សា) ញោមប្រុសរបស់លោកមកសួរ (សេនាសនគ្គាហាបកៈ) ថា "បពិត្រលោកម្ចាស់ក៏ចម្រើ សេនាសនៈរបស់ខ្ញុំព្រះករុណា បានដល់ភិក្ខុអង្គណា" បានឮថា បានដល់ ភិក្ខុកំនោះជាអាគន្តុកៈ ទើបទៅរកថ្វាយបង្គំលោក ពោលថា "បពិត្រលោកម្ចាស់ក៏ចម្រើន សម្រាប់ភិក្ខុដែលចាំវស្សាក្នុងសេនាសនៈរបស់ខ្ញុំព្រះករុណា មានវត្ត (ដែលត្រូវបដិបត្តិ) លោកសួរថា "វត្តអ្វីខ្លះឧបាសក" ញោមប្រុសប្រាប់ថា "វត្តគឺត្រូវទទួលភត្តក្នុងផ្ទះរបស់ខ្ញុំម្ចាស់តែម្យ៉ាង រហូតអស់ត្រីមាស ១ បវារណាហើយ វេលាទៅត្រូវមកប្រាប់លា ១" លោកទទួលដោយតុណ្ហីភាព។ ចំណែកឧបាសកទៅផ្ទះវិញប្រាប់ឧបាសិកាថា ព្រះគុណម្ចាស់ជាអាគន្តុកៈ១រូប ចូលចាំវស្សាក្នុងអាវាសរបស់យើង យើងគប្បីទំនុកបម្រុងដោយគោរពចុះ ឧបាសិកាក៏ទទួលពាក្យថា សាធុ! ហើយឲ្យចាត់ចែងខាទនីយភោជនីយប្រណិតទុក។ ឯភិក្ខុកំលោះដល់ពេលឆាន់ ក៏ទៅឆាន់ផ្ទះរបស់ញាតិ មិនមានអ្នកណាចំណាំមុខលោកបានសូម្បីត្រឹមតែម្នាក់ លោកឆាន់បិណ្ឌបាតក្នុងផ្ទះនោះ ចាំវស្សារហូតអស់ត្រីមាសហើយពោលលាថា អាត្មានឹងទៅ កាលនោះពួកញាតិរបស់លោកក៏សូមអង្វរថា "ស្អែកនេះសឹមទៅលោកម្ចាស់" ថ្ងៃស្អែកឡើងប្រគេនចង្ហាន់លោកក្នុងផ្ទះនោះហើយ ថែមប្រេងពេញបំពង់ ប្រគេនស្ករអំពៅ ១ដុំ និងសំពត់សាដកប្រវែង ៩ ហត្ថ (មួយផ្ទាំង) ហើយទើបអនុញ្ញាតឲ្យលោកទៅ ភិក្ខុកំលោះធ្វើអនុមោទនាហើយ ក៏បែរមុខ(ត្រឡប់ទៅកាន់) រោហណជនបទវិញ។ ចំណែកឧបជ្ឈាយ៍របស់លោក បវារណាហើយដើរតាមផ្លូវមកក៏បានជួបលោក ក្នុងទីដែលធ្លាប់ជួបមុខគ្នានោះឯង ភិក្ខុកំលោះថ្វាយបង្គំព្រះថេរៈហើយ បានធ្វើឧបជ្ឈាយវត្តដល់ព្រះថេរៈទៀបគល់ឈើត្រង់កន្លែងមួយ កាល(បានធ្វើវត្ត) ហើយ ព្រះថេរៈសួរលោកថា "នែ៎អាវុសោ ភទ្រមុខ (អ្នកមានមុខស្រស់) អ្នកបានជួបឧបាសកនិងឧបាសិកា (ញោម) របស់អ្នកហើយឬ? ភិក្ខុទទួលថា "បានជួបហើយលោកម្ចាស់" ហើយក៏និយាយប្រាប់ព្រឹត្តិការណ៍ទាំងពួង លាបជើងរបស់ព្រះថេរៈដោយប្រេងនោះ ធ្វើទឹកបានដោយទឹកអំពៅ (ប្រគេន) ប្រគេនសំពត់សាដកមួយផ្ទាំងនោះចំពោះព្រះថេរៈ ថ្វាយបង្គំហើយប្រាប់ថា លោកម្ចាស់ រោហណជនបទ ប៉ុណ្ណោះ ជាទីសប្បាយសម្រាប់ខ្ញុំព្រះករុណា ហើយក៏ (លា) ទៅ ចំណែកព្រះថេរៈ ក៏និមន្តមកកាន់កោរន្ទកវិហារ ថ្ងៃស្អែក ឡើងទើបចូលទៅកាន់ស្រុកកោរន្ទកគ្រាម។ ចំណែកឧបាសិកាសង្ឃឹមក្នុងចិត្តថា លោកបងរបស់ខ្ញុំ នឹងនាំលោកកូនមកក្នុងថ្ងៃនេះឯង តែងឈរមើលផ្លូវរាល់ថ្ងៃ (ថ្ងៃនោះ) នាងឃើញព្រះថេរៈមកតែមួយអង្គឯង ក៏សម្គាល់ថា ប្រហែលជាកូនរបស់ខ្លួនស្លាប់បាត់ទៅហើយ ទើបព្រះថេរៈមកតែមួយអង្គឯង ក៏ដួលចុះស្រែកយំរៀបរាប់ទៀបព្រះបាទាព្រះថេរៈ ព្រះថេរៈរលឹកបានថា "ភិក្ខុកំលោះមកហើយ មិនឲ្យអ្នកណាស្គាល់ខ្លួន ព្រោះសេចក្ដីប្រាថ្នាតិច (ត្រឡប់) ចេញទៅហើយ មែនពិតហ្ន៎!" ទើបលួងលោមនាង (ឲ្យស្បើយពីបរិទេវៈ) ហើយនិយាយព្រឹត្តិការណ៍ទាំងពួងឲ្យស្ដាប់ ក៏ទាញយកសំពត់សាដកមួយផ្ទាំងនោះ ចេញអំពីស្លោកបាត្រសម្ដែង (ឲ្យឃើញច្បាស់) ឧបាសិកាជ្រាបសេចក្ដីពិតដូច្នោះ កើតសេចក្ដីជ្រះថ្នា បែរមុខទៅទិសដែលលោកកូនទៅក្រាបចុះនមស្ការពោលថា "ព្រះមានព្រះភាគ គង់នឹងធ្វើភិក្ខុដូចជាបុត្តរបស់ខ្ញុំនេះឯងហ្ន៎ ឲ្យជាកាយសក្ខី (អ្នកមានខ្លួនជាបន្ទាល់) ត្រាស់រថវិនីតបដិបទា នាលកបដិបទា តុវដ្ដកបដិបទា និងមហាអរិយវង្សបដិបទា ដែលសម្ដែងសេចក្ដីបន្ទោសដោយបច្ច័យ ៤ និងសេចក្ដីត្រេកអរដោយភាវនា គួរឲ្យសរសើរ សូម្បីឆាន់អាហារនៅក្នុងផ្ទះរបស់មាតាបិតាបង្កើតដល់ទៅ ៣ខែ លោកក៏មិនបានបង្ហើបថា អាត្មាជាកូនរបស់ញោម ញោមជាមាតាបិតារបស់អាត្មា ឱ! អច្ឆរិយមនុស្ស" សម្រាប់ភិក្ខុ (មានចិត្តមិនជាប់ជំពាក់) យ៉ាងនេះឯង សូម្បីតែមាតាបិតា នៅមិនជាបលិពោធទេ នឹងបាច់ពោលទៅថ្វីដល់ត្រកូវឧបដ្ឋានដទៃនោះ ដោយប្រការដូច្នេះ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |