អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,១២០ ដង)
បុគ្គលដែលជាមិត្ត និយាយចាក់បណ្ដោយឲ្យតែគាប់ចិត្ត

|
បុគ្គលដែលជាមិត្ត និយាយចាក់បណ្ដោយឲ្យតែគាប់ចិត្ត មានលក្ខណៈ៤យ៉ាងដូចនោះគឺៈ
១- បាបកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើបាបមនុស្សណាដែលអនុញ្ញាតឲ្យយើងធ្វើនូវបាប មានការសម្លាប់សត្វជាដើម ដើម្បីផ្គាប់ចិត្តយើង ក៏ដូចជាអនុញ្ញាតឲ្យយើងទៅកើតក្នុងឋានរក ប្រេតអ៊ីចឹងដែរ។ ពាក្យសរសើរនៅក្នុងលោកមានច្រើនណាស់ ហើយវាជាគ្រឿងនាំឲ្យស្រវឹង នាំឲ្យវង្វេងដ៏ក្រៃលែងទៀតផង មានមនុស្សច្រើនណាស់ដែលស៊ីជោរ ទីបំផុតត្រូវបរាជ័យក្នុងការងាររបស់ខ្លួនព្រោះខ្លួនឯងមានចំណុចខ្សោយ។ តាមពិតមនុស្សយើងមិនមែនល្អបរិសុទ្ធដោយសារពាក្យសរសើរ ឬពាក្យបញ្ជោរទេ ពិតមែនតែមានពេលខ្លះ បានធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លាក្នុងការងារដោយសារពាក្យសរសើរក៏ដោយ ប៉ុន្តែដែលយើងជាមនុស្សល្អបរិសុទ្ធពិតនោះ គឺព្រោះយើងមានការងារប្រាសចាកទោសឯណេះទេតើ មិនមែនដោយសារគេថាយើងល្អ យើងក៏ល្អតាមគេថានោះទេ បើមនុស្សអាក្រក់ឬល្អតាមតែពាក្យរបស់អ្នកដទៃ សូម្បីព្រះសម្មាសម្ពុទ្ធក៏មិនផុតពីការសៅហ្មងដែរ តែនេះពុំមែនដូច្នោះឡើយ មានតែការងារប៉ុណ្ណោះដែលរៀបចំមនុស្សឲ្យជាបុគ្គលសៅហ្មង ឬបុគ្គុលបរិសុទ្ធ។ ២- កល្យាណកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើនូវអំពើល្អ ការយល់ព្រមនេះមិនមែនជាចិត្តសប្បុរស ក្នុងនាមជាមិត្តចិត្តល្អនោះទេ បើជាមិត្តពិតជាអនុគ្រោះយើងមែនមិនមែនពេលខ្លះព្រមឲ្យយើងធ្វើបាប ដោយមិនបានហាមឃាតនោះឡើយ។ យើងត្រូវតែប្រយ័ត្នឲ្យណាស់ ចំពោះមនុស្សដែលនិយាយចាក់បណ្ដោយ គេមិនមានគំនិតឲ្យយើងចំរើននោះទេ គេមានតែត្រេកអរនៅពេលណាដែលយើងធ្លាក់ដុនដាប ចំពោះមិត្តប្លមគេមានចិត្តគិតប្រឡងប្រណាំងជាមួយយើងជានិច្ច នៅពេលដែលយើងមានលំនឹង ឬកំពុងរីកចម្រើនគេមិនចោលយើងទេ គេពឹងយើងលិទ្ធដៃលិទ្ធជើង នៅពេលណាដែលយើងចុះខ្សោយឬមានសេចក្ដីប្រមាទភ្លាំងភ្លាត់បន្តិចបន្តួចនៅក្នុងការងារ គេជួយច្រានយើងដោយពាក្យសរសើរ ក្នុងគោលបំណងកុំឲ្យយើងមើលឃើញនូវការប្រហែសធ្វេសរបស់យើង លុះដល់កំហុសយើងកាន់តែច្រើន ដើម្បីជ័យជំនះរបស់គេមកលើយើង គឺគេដើរខ្សឹបប្រាប់អ្នកដទៃ នូវអ្វីៗដែលជាសេចក្ដីប្រមាទធ្វេសប្រហែសរបស់យើងថែមទៀតប្រឌិតរឿងអាស្រូវមិនពិតផ្សំបញ្ចូលទៀតផង គឺដល់ពេលដែលគេធាក់យើងឲ្យខ្ទាត ដើម្បីគេបានកន្លែងនោះ ព្រោះគេឃ្លានយូហើយ។ មានបុគ្គុលខ្លះមិនហ៊ានហាមឃាត់យើងដែលធ្វើនូវអំពើឆ្គាំឆ្គង ប៉ុន្តែមិនប្រាកដជាយល់ព្រមឲ្យយើងប្រព្រឹត្តនោះឡើយ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់ បានជាគេមិនហ៊ានឃាត់ គេអាចធ្វើជាមិត្តល្អបាន បើគេព្យាយាមដឹកនាំឲ្យយើងស្ដាប់ធម៌រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីវៀរចាកអំពើសៅហ្មងដោយខ្លួនឯង។ មនុស្សមានច្រើនប្រភេទណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈមនុស្សឲ្យបានច្បាស់ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង តាមពិតព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលក្រៃលែង ជាមួយនឹងពុទ្ធបរិស័ទយើង ការប្រព្រឹត្តព្រហ្មចរិយធម៌បានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត ប៉ុន្តែសេចក្ដីនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្ដែងឲ្យយើងមាននូវកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗឲ្យហ៊ានជួយប្រាប់ ព្រមទាំងនៅរួមសុខទុក្ខទៀតផង។ មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាកក៏ពិតមែន ប៉ុន្តែមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងការធ្វើនូវអំពើអាក្រក់នោះទៀតផង ដូចជាមិត្តប្លមផ្នែកខាងនិយាយចាក់បណ្ដោយក្នុងលក្ខណៈប្រការទី៣ បានដល់ៈ ៣- សម្មុខស្ស វណ្ណំ ភាសតិ និយាយសរសើរមិត្តតែក្នុងទីចំពោះមុខ មនុស្សយើងបានដឹងអំពីចំណុចទន់ខ្សោយរបស់មនុស្សផងគ្នា ទើបនិយមយកពាក្យសរសើរមកធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់ទាក់យកផលកម្រៃ ឬសម្រាប់ផ្ដួលរំលំគ្នាទៀតផង ដូចជាពាក្យសរសើរនៃមនុស្សដែលជាមិត្តប្លម ពាក្យសរសើរនោះវាជាគ្រឿងស្រវឹង ឬវាជាគ្រឿងបំពុលរបស់គេ មនុស្សយើងដែលមិនបានយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ ក៏រមែងបរិភោគនូវគ្រឿងស្រវឹង ឬគ្រឿងបំពុលនោះ ដោយពុំដឹងខ្លួន ពោលគឺវង្វេងភ្លេចសតិ។ មនុស្សយើងខំប្រឹងធ្វើល្អ ដោយការចំណាយធនធានឲ្យទៅជាទាន ឬក៏ការខ្នះខ្នែងផ្សេងៗជាដើម លុះដល់មានអ្នកដទៃរំលឹកឈ្មោះសរសើរ ក៏ភ្លេចនឹកជ្រះថ្លាចំពោះបុណ្យកុសលធម៌ ដែលជាកល្យាណមិត្រ ជាគុណដ៏ប្រសើរពិតៗ ដោយមកអំពីរវល់តែត្រេកអរពេញចិត្តនឹងខ្លួនឯងដែលគេសរសើរ ចំពោះមុខមហាជន មានពេលខ្លះទៀត គេសរសើរប៉ុណ្ណឹងមិនគ្រប់ល្មមទេ ចង់ឲ្យគេនឹកសរសើរបន្ថែមទៀត ក៏បានពោលថា <<កុំចាំបាច់សរសើរខ្ញុំអី>> គឺចង់ឲ្យគេស្ងើចថា ខ្លួនឯងមិនចេះស៊ីជោរឡើយ។ ការលិចលង់ផុងខ្លួនក្នុងពាក្យសរសើរ ត្រូវបានបាត់បង់នូវគំនរបុណ្យកុសលអស់ច្រើនណាស់ គឺកុសលគ្រប់កាលទៀតបី (មុនធ្វើ កំពុងធ្វើ ធ្វើរួចហើយ) ទាំងការតាំងចិត្តក៏មិនបានស្លុះចុះស៊ប់ឲ្យណែននៅក្នុងបុណ្យកុសលពិតប្រាកដទៀតផង វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្ត បញ្ចុះកម្លាំងរបស់បុណ្យកុសលប៉ុណ្ណឹងទេ ការវង្វេងនឹងពាក្យសរសើរ នាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចអំពីរណ្ដៅលាមកគឺអំពើទុច្ចរិតទៀតផង។ ភិក្ខុត្រូវទោសបារាជិកហើយ នៅហ៊ានបន្លំខ្លួនជាសង្ឃ ព្រោះខ្លាចបាត់បង់នូវពាក្យសរសើរនិងកិត្តិយសជាដើម មិត្តក្បត់មិត្ត សិស្សក្បត់គ្រូ ប្តីប្រពន្ធក្បត់គ្នា ។ល។ ព្រមដោយបាបកម្មផ្សេងៗទៀតមានបាណាតិបាត (សម្លាប់សត្វមានជីវិត) ជាដើម គឺមួយចំណែកធំព្រោះចង់បានមុខមាត់ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរ មានខ្លះរហូតដល់ទៅបោកប្រាស់គេ ដើម្បីយកមកកសាងវត្តនៅស្រុករបស់ខ្លួនឯងក៏មានដែរ។ ពាក្យសរសើរគឺជាមាត់ជ្រោះក៏រអិលមួយកន្លែង វាងាយនឹងឲ្យធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលដែលគ្រាន់តែប្រយ័ត្នចំពោះមនុស្សដែលជាមិត្តប្លម គេសរសើរយើងរឿយៗនៅចំពោះមុខតែប៉ុណ្ណោះ។ ៤- បរម្មុខស្ស អវណ្ណំ ភាសតិ ពោលទោសមិត្តក្នុងទីកំបាំងមុខ គេមិនមានចិត្តអាណិតមេត្តាយើងឡើយ គេបានផ្សែផ្សំរឿងនេះបន្តិចរឿងនោះបន្តិច ស្មានខ្លះប្រហែលខ្លះ ពិតខ្លះ មិនពិតខ្លះ ក្នុងការនិយាយអំពីយើងជាមួយនឹងអ្នកដទៃ។ គួរនឹករលឹកដល់ទឹកចិត្តឪពុកម្ដាយ គាត់ពោលស្ដីថាឲ្យកូនចៅ ទូន្មានប្រៀនប្រដៅរឿយៗជានិច្ច ប៉ុន្តែទោះគាត់ដឹងនូវកំហុសខុសឆ្គាំឆ្គងរបស់យើងជាកូនយ៉ាងណាៗ ការនេះគាត់មិនដើរនិយាយប្រាប់គេប្រាប់ឯង អំពីអ្វីដែលជារឿងមិនល្អរបស់កូនគាត់ទេ គាត់ពិតជាបិទបាំងណាស់ បើសិនជារឿងហ្នឹងវាធ្ងន់ធ្ងរពេកអ្នកដទៃក៏បានដឹងខ្លះដែរនោះ គាត់ក៏និយាយដែរ ប៉ុន្តែបន្តិចបន្តួចប៉ណ្ណោះ នៅពេលដែលមានគេសាកសួរបញ្ជាក់រឿងនោះៗថែមទាំងសម្ដែងទឹកចិត្តកង្វល់ ភ័យព្រួយចំពោះកូនរបស់គាត់ទៀតផង មិនមែននិយាយដោយសប្បាយរីករាយនូវទោសកំហុសរបស់យើងដែលជាងកូនរបៀបដូចមិត្តប្លមនោះទេ ដូច្នេះមាតាបិតាគែជាមិត្តជិតដិត ស្និតស្នាល ប្រកបដោយការតស៊ូនិងការលះបង់ដ៏ធំធេង ចំពោះបុត្តធីតា។ ការនិយាយអំពីទោសកំហុសរបស់អ្នកដទៃ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ បើយើងនិយាយដោយស្មារតី មិនបៀតបៀនអ្នកដទៃ មិនដើម្បីលើកដម្កើងខ្លួនឯង គឺនិយាយដោយកុសលចិត្តពិតៗ ក្នុងន័យដើម្បីឲ្យអ្នកស្ដាប់កុំធ្វើតម្រាប់តាម ការនិយាយដោយចិត្តគំនិតបែបនេះជាការប្រពៃ សេចក្ដីនេះ សូម្បីយើងនិយាយអំពីគុណអ្នកដទៃពិតៗក៏មិនប្រាកដសុទ្ធតែល្អនោះទេ ព្រោះវាអាចជាពិសពុល ដោយអំណាចចិត្តអកុសលនាំឲ្យនិយាយ ដូច្នេះរឿងនេះយើងគ្រាន់តែចាំទុកថា << បុគ្គលពាលមានការសំឡឹងទោសអ្នកដទៃជាកម្លាំង បណ្ឌិតមានការមិនសំឡឹងទោសអ្នកដទៃជាកម្លាំង អ្នករៀនច្រើនមានការពិចារណាជាកម្លាំង អ្នកស្ងប់រម្ងាប់មានសេចក្ដីអត់ធន់ជាកម្លាំង >> ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |