Reading Article
Public date : 05, Jan 2023 (19,367 Read)
រឿងអញ្ញតរឧបាសិកា

|
រឿងអញ្ញតរឧបាសិកា
( ចាក វិ. ខុ. ) ( គុណនៃការអុជប្រទីប បូជាធម្មទេសនា ) កាលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់គង់នៅក្នុងវត្តជេតពន។ ថ្ងៃមួយព្រះមោគ្គល្លានត្ថេរ បាននិមន្តទៅស្ថានត្រៃត្រឹង្ស ឃើញវិមានប្រាសាទរបស់នាងទេពធីតាម្នាក់ ជាវិការៈនៃកែវមណីជោតិ មានពន្លឺរស្មីចែងចាំងផ្សាយទៅពេញទេវលោកទាំងមូល គ្របសង្កត់ពន្លឺនៃទេវតាទាំងពួង ។
នាងទេពធីតាជាម្ចាស់ប្រាសាទ បានឃើញព្រះមោគ្គល្លានត្ថេរហើយ ក៏ប្រញាប់ប្រញាល់នាំបរិវាទាំងមួយពាន់ ចុះអំពីប្រាសាទមកថ្វាយបង្គំ ។ ព្រះមោគ្គល្លានត្ថេរបានសួរថា ម្នាលនាងទេពធីតាអ្នកបរិបូណ៌ដោយទិព្វសិរី នាងបានធ្វើបុណ្យអ្វីពីជាតិមុនមក បានជាមានពន្លឺចាំងចែងចិញ្ចាចដូច្នេះ ? ។ នាងទេពធីតាបានថ្លែងរៀបរាប់ប្រវត្តិរបស់ខ្លួន ប្រាប់ដល់ព្រះមហាមោគ្គល្លានថា បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំព្រះករុណាទើបមកពីស្ថានមនុស្សក្នុងពេលព្រឹកមិញនេះ។ កាលពីថ្ងៃឧបោសថម្សិលមិញ ខ្ញុំព្រះករុណា បានទៅស្តាប់ធម៌ទេសនាក្នុងវត្តជេតពន ជាមួយនឹងពុទ្ធបរិស័ទទាំងឡាយ កំពុងតែស្តាប់ធម៌ព្រះអាទិត្យក៏អស្តង្គតទៅ ខ្ញុំព្រះករុណាបានគិតថា ព្រះធម៌ទេសនាមិនទាន់ចប់ ងងឹតក៏កាន់តែចំរើនឡើងៗ គួរតែអញទៅយកប្រទីបមកអុជ។ លុះគិតដូច្នេះហើយ សេចក្តីជ្រះថ្លាក៏កាន់តែកើតឡើង ទើបក្រោកដើរទៅគេហស្ថានរបស់ខ្ញុំព្រះករុណា យកទៀនមួយគូនិងជើងទៀនកែវមួយគូមកអុជ ហើយយកទៅដំកល់លើតាំងមុខគ្រែទេសនា បានអង្គុយស្តាប់ធម៌ដល់ចប់។ លុះត្រឡប់ពីស្តាប់ធម៌ទៅវិញ ខ្ញុំព្រះករុណាកើតរោគខ្យល់ក៏ធ្វើមរណកាលក្នុងពេលនោះស្រាប់តែបានមកកើតក្នុងវិមានកែវមណីជោតិ នាស្ថានត្រៃត្រឹង្សនេះឯង ។ ព្រះមោគ្គល្លានបានជ្រាបដំណឹងនោះហើយ ក៏និមន្តហួសទៅទីដ៏ទៃទៀតទៅ ។ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ។ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |