Reading Article
Public date : 27, Jul 2019 (26,530 Read)
រឿងប្រេតញីឈ្មោះឧត្តរមាតា

|
រឿងប្រេតញីឈ្មោះឧត្តរមាតា
( ចាក បេ. ខុ. ) ( ទោសនៃការដាក់បណ្តាសាកូនរបស់ខ្លួន ) សម័យមួយ ព្រះកង្ខាររេវតត្ថេរ កំពុងសម្រាកក្នុងវេលាពេលថ្ងៃក្បែរឆ្នេរ ទន្លេគង្គា ។ ពេលនោះមានប្រេតញីមួយ មានសម្បុរអាក្រក់ ឃើញគួរខ្លាចមានសក់វែងដល់ដី អាក្រាតខ្លួនទទេ បានយកសក់របស់ខ្លូនបិទបាំងកាយ ដើរចូលទៅរកព្រះថេរៈ ហើយនិយាយត្អួញត្អែថា បពិត្រលោកម្ចាស់ចាប់តាំងពីខ្ញុំបានធ្វើមរណកាលមក ចំនួន ៥៥ ឆ្នាំហើយ មិនដែលបានបរិភោគអាហារ ផឹកនូវទឹកសោះឡើយ ខ្ញុំស្រេកទឹកណាស់ សូមលោកម្ចាស់មេត្តាឪ្យទឹកដល់ខ្ញុំផង ។
ព្រះកង្ខារេវតត្ថេរ តបថាទន្លេគង្គានេះមានទឹកត្រជាក់ហូរពីលើកភ្នំហេមពាន្ភមក ចូរនាងផឹកនូវទឹកក្នុងទន្លេនេះទៅ ហេតុអ្វីមកសុំទឹកពីអាត្មាវិញ ។ ប្រេតឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំដងទឹកទន្លេនេះហើយ តែមិនអាចផឹកបាន ព្រោះទឹកនោះក្លាយជាឈាម ក្នុងពេលដែលខ្ញុំដងឡើង ។ អាស្រ័យហេតុនេះ សូមលោកម្ចាស់ឪ្យទឹកខ្ញុំផឹកផង ។ ព្រះថេរៈសួរថា នាងបានធ្វើកម្មអាក្រក់ដូចម្តេចដោយកាយ វាចា ចិត្តពីជាតិមុន ទើបពេលនេះមានវិបាកដូច្នេះ ? ប្រេតឆ្លើយថា កាលពីបព្វជាតិ ខ្ញុំមានកូនប្រុសម្នាក់ឈ្មោះឧត្តរៈ ជាឧបាសកអ្នកមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា ខ្ញុំជាមនុស្សកំណាញ់មិនចង់ខាតបង់ទ្រព្យ ។ កូនខ្ញុំបានឪ្យចីវរបិណ្ឌបាត គិលានភេសជ្ជ និងសេនាសនៈ ចំពោះសាមណៈ ទាំងឡាយ។ ពេលនោះសេចក្តីកំណាញ់រួបរឹត ចិត្តខ្ញុំបណ្តាលឪ្យមាន សេចក្តីក្រោធញាប់ញ័រជេរ ប្រទេចដាក់បណ្តាសាកូនថា ម្នាលឧត្តរៈ ចីវរប្បច្ឆ័យជាដើមនោះ ចូរកើតទៅជាឈាមដល់ឯងក្នុងបរលោកចុះ ព្រោះផលនៃកម្មនេះទើបទឹកទន្លេ គង្គានេះក្លាយជាឈាមដល់ខ្ញុំ ។ ព្រះថេរៈមានសេចក្តីអនុគ្រោះ បានជួយប្រេតនោះឪ្យរួចចាកបាបកម្មរបស់ខ្លួន ។ អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក។ ដោយ៥០០០ឆ្នាំ |