Reading Article
Public date : 25, Jul 2019 (8,942 Read)
ឧគ្គហសូត្រ

|
ឧគ្គហសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវ័ន ទៀបក្រុងភទ្ទិយៈ ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយក្នុងទីសមគួរ ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គទទួលភត្តខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក ។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព ។ គ្រានោះឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថាព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅឯលំនៅរបស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង គ្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់ ។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគ ឆាន់រួចលែងលូកព្រះហស្តក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គចម្រើន ពួកកុមារីរបស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយឱវាទានុសាសនៈណា ដែលនាំឲ្យបានប្រយោជន៍ និង សេចក្តីសុខ អស់កាលដ៏វែងដល់កុមារីទាំងនោះ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតានិងបិតា ជាអ្នកប្រាថ្នា សេចក្តីចម្រើន ជាអ្នកស្វែងរកប្រយោជន៍ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុងខ្លួននឹងទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែមដល់ស្វាមីនោះ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះចុះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណាជាទីគោរពនៃស្វាមី ទោះជាមាតក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី ទោះជាមាតាក្តី បិតាក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយនឹងធ្វើសក្ការៈ គោរពរាប់អាន បូជាដល់បុគ្គលទាំងនោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈនិងទឹកលាងជើង ចំពោះជនទាំងឡាយ ដែលមកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថាការងារទាំងឡាយណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុងការងារទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៍ដោយឧបាយនិង ការត្រិះរិះ ក្នុងកិច្ចការទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាល កុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណាជាជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើកក្តី អ្នកធ្វើការងារក្តីពួកយើងដឹងការងារដែលជនទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹងការងារដែលជនទាំងនោះ មិនបានធ្វើ ព្រោះការងារដែលជនទាំងនោះមិនបានធ្វើផង ដឹងថាឈឺធ្ងន់ ឈឺស្រាលផង ហើយចែករំលែកខាទនីយភោជនីយាហារ ជាចំណែកៗដល់ជនទាំងនោះផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថាស្វាមីនាំរបស់ណាមក ទោះទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តីមាសក្តី យើងទាំងឡាយនឹងធ្វើរបស់នោះឲ្យសម្រេចដោយការរក្សានិងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិនមែនជាស្រីអ្នកបំផ្លាញរបស់ទ្រព្យដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយពួកនាងត្រូវសិក្សាយ៉ាងនេះ ។ ម្នាលនាងកុមារីទាំងឡាយមាតុគ្រាម ប្រកបដោយធម៌ទាំង៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងពួកទេវតាមានកាយជាទីគាប់ចិត្ត ។ យោ នំ ភតិ សព្វទា និច្ចម អាតាបិ ឧស្សុកោ សព្វកាមហរំ បោសំ ភត្តារំ នាតិមញ្ញតិ ។ ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាមខ្វល់ខ្វាយជានិច្ច ភរិយាមិនត្រូវមើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ។ ន ចាបិ សោត្ថិ ភត្តារំ ឥស្សាចារេន រោសយេ ភត្តុ ច គរុនោ សព្វេ បដិបូជេតិ បណ្ឌិតា ។ ស្រ្តីល្អមិនត្រូវក្រោធខឹងស្វាមី ដោយកិរិយាប្រព្រឹត្តឬស្យាផង ស្រ្តីអ្នកចេះដឹង រមែងបូជាចំពោះពួកជនទាំងពួង ដែលជាទីគោរពរបស់ស្វាមីផង ។ ឧដ្ឋាយកា អនលសា សង្គហិតបរិជ្ជនា ភត្តុ មនាបំ ចរតិ សំភតម អនុរក្ខតិ ។ ភរិយាគប្បីជាស្រ្តីមានព្យាយាម មិនខ្ជិលច្រអូសសង្គ្រោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់ចិត្ត របស់ស្វាមី រក្សាទុកនូវសម្បត្តិដេលស្វាមីបានមកហើយ ដោយប្រពៃ ។ យា ឯវម វត្តតី នារី ភត្តុ ឆន្ទវសានុគា មនាបា នាម ទេវា យត្ថ សា ឧបបជ្ជតីតិ ។ នារីណាបានប្រព្រឹត្តយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមីនារីនោះរមែងទៅកើតក្នុងពួកទេវតាទាំងនោះដេលមានកាយជាទីពេញចិត្ត ។ អដ្ឋកថា
សួរថាៈ ព្រោះហេតុអ្វី ទើបឧគ្គហសេដ្ឋីដែលជាចៅប្រុសរបស់មេណ្ឌកសេដ្ឋីនោះ យាងព្រះដ៏មានព្រះភាគ មានព្រះអង្គជាគម្រប់៤ ពោលគឺភិក្ខុ ៣ អង្គមានព្រះដ៏មានព្រះភាគជាគម្រប់៤ អង្គ?
ឆ្លើយថាៈ ក្នុងគ្រឹះស្ថានរបស់លោកសេដ្ឋីនោះមានរៀបចំការងារមួយដ៏ធំ ម្ល៉ោះហើយ ត្រូវមានមនុស្សដ៏ច្រើនមកប្រជុំគ្នានាគ្រឹះស្ថាននោះ។ លោកសេដ្ឋីគាត់គិតថា អ្នកថ្វាយចង្ហាន់ព្រះភិក្ខុសង្ឃ មុខតែលំបាកនឹងយកចិត្តភ្ញៀវកាលណាបើព្រះភិក្ខុសង្ឃច្រើនអង្គពេកនោះ ដូច្នោះទើបអារាធនាព្រះដ៏មានព្រះភាគ ដោយមានព្រះអង្គជាគម្រប់ ៤ អង្គតែប៉ុណ្ណោះ ។ ម្យ៉ាងទៀតលោកសេដ្ឋីគាត់មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើព្រះបរមសាស្តា ទ្រង់ប្រទានឱវាទនៅកណ្តាលជំនុំព្រះភិក្ខុសង្ឃច្រើនអង្គ ក្មេងៗស្រីៗទាំងឡាយនោះរវល់តែសម្លឹងមើលលោក អង្គនេះ អង្គនោះ ម្ល៉ោះហើយ មិនអាចនឹងទទួលយកនូវព្រះបរមពុទ្ធោវាទបាន ទើបនិមន្តព្រះសង្ឃតែ៣ អង្គមានព្រះដ៏មានព្រះភាគគម្រប់៤ ។ ព្រះដ៏មានព្រះភាគ លុះសម្តែងព្រះសូត្រជាឱវាទចប់ហើយ កាលដែលព្រះអង្គទ្រង់សរុបដោយព្រះគាថាទាំងឡាយ ទើបត្រាស់ពាក្យជាដើមថា យោ នំ ភរតិ សព្វទា ។ បណ្តាបទទាំងនោះបទថា ភរតិបានដល់បានដល់រកស៊ីចិញ្ចឹមទំនុកបម្រុង ។ បទថា សព្វកាមហរំ គឺ ឲ្យវត្ថុដែលគួរប្រាថ្នាទាំងពួង ។ បទថា សោត្ថី ប្រែថា ជាស្រ្តីដែលល្អ ។ បទថា ឯវម វត្តតិ បានដល់ ប្រព្រឹត្តវត្តប្រមាណប៉ុណ្ណេះឲ្យបរិបូណ៌ ។ បទថា មនាបា នាម តេ ទេវា បានដល់ទេវតាជាន់និម្មានរតី ។ ពិតណាស់ ទេវតាទាំងនោះមាន នាមថា និម្មានរតី ព្រះនិម្មិតរូបដែលខ្លួនប្រាថ្នា ហើយអភិរម្យ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |