Reading Article
Public date : 30, Jul 2019 (8,794 Read)
ការហាត់វិគ្រោះចំពោះទុក្ខ

|
ហាត់វិគ្រោះចំពោះទុក្ខ
ក្នុងជីវិតមនុស្សយើងម្នាក់ៗ រមែងមាននូវសេចក្តីទុក្ខ ជាពិតប្រាកដ ។ សេចក្តីទុក្ខដែលព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅថាជាសភាវទុក្ខ គឺ ជរាទុក្ខ ព្យាធិទុក្ខ និងមរណទុក្ខ ។ សភាវទុក្ខនេះ សូម្បីតែព្រះអរហន្តក៏នៅតែធ្លាក់ចូល ក្នុងអំណាចផងដែរ ដូច្នេះ ពិតជាមិនមានបុគ្គលណាក្នុង លោកនេះ អាចគេចពីសភាវទុក្ខបានឡើយ ឱ្យតែមានជាតិ កើតមកហើយ ។ មនុស្សលោកយើងដែលនៅមានឧបាទាន គឺសេចក្តី ប្រកាន់មាំ មិនមែនមានតែសភាវទុក្ខប៉ុណ្ណឹងនោះទេ គឺនៅ មានសេចក្តីទុក្ខច្រើនបែបច្រើនយ៉ាងទៀតណាស់ ដែលបាន ចូលមកបន្ថែមលើសភាវទុក្ខ ឱ្យទៅជាទុក្ខដ៏ខ្លាំងក្លា ។ បើមិនមានឧបាទានទេ សេចក្តីទុក្ខក៏នៅត្រឹមតែជា សភាវទុក្ខសុទ្ធៗប៉ុណ្ណោះ ដូចជាសភាពចាស់ជរាជាដើម បើ ព្រមឱ្យចាស់ទៅតាមធម្មតារបស់សង្ខារ ក៏ជារឿងធម្មតានៃ ការចាស់ជរា មិនមានរឿងអ្វីដែលត្រូវកើតទុក្ខតាមផ្លូវចិត្ត ឡើយ ប៉ុន្តែ ដល់ទៅមានឧបាទាន ក៏បានទៅជារឿងភ័យខ្លាច ចាស់ មិនចង់ចាស់ ព្រោះចាស់ទៅវាត្រូវអស់ស្អាត អស់ សង្ហា ដូច្នេះសេចក្តីទុក្ខក៏កើតឡើងភ្លាមទាន់ពេលដែរ ។ ក្រៅអំពីនេះ នៅមានសេចក្តីទុក្ខដែលកើតពីឧបាទាន សុទ្ធៗទៀត ដូចជាការប្រកាន់ថា គេជេរយើង គេនិយាយ អាក្រក់ពីយើង គេធ្លាប់លើកតម្កើងសរសើរយើង ឥឡូវដូច ម្តេចបានជាព្រងើយកន្តើយទៅវិញ យ៉ាងនេះជាដើម ហើយ ក៏កើតទុក្ខតាមផ្លូវចិត្តទៅ ។ សេចក្តីទុក្ខបែបនេះ បើមិនគិត ប្រកាន់ទេ វាពិតជាមិនមានឡើយ តែបើគិតប្រកាន់ វាក៏មក ដល់ រឹតតែប្រកាន់រឹតតែទុក្ខ យ៉ាងនេះ ហៅថា ទុក្ខព្រោះ ឧបាទាន ។ កាលដែលយើងវិគ្រោះវែកញែក យើងក៏បានដឹងថា សេចក្តីទុក្ខណាកើតព្រោះឧបាទាន ដល់លះឧបាទាន ឬដក ឧបាទានបានហើយ សេចក្តីទុក្ខនោះក៏រលត់ទៅភ្លាមដែរ ។ ដកស្រង់ចេញពីសៀវភៅ សុខចិត្ត រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |