Reading Article
Public date : 16, Jan 2022 (28,597 Read)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន

|
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន
ការដោះលែងនូវសត្វដែលជាប់អន្ទាក់ ដូចជាសត្វបក្សី សត្វម្រឹគ ឬត្រីដែលជាប់លបឬទ្រូជាដើម ដោយចិត្តអាណិតចង់ឲ្យសត្វនោះរួចផុតអំពីទុក្ខភ័យ នេះមិនចាត់ជាអទិន្នាទាន តែបើដោះលេងដោយចិត្តលួច ខ្លាចក្រែងម្ចាស់គេឃើញ ការដោះលែងយ៉ាងនេះ ចាត់ជាអទិន្នាទានកម្ម ព្រោះមានរឿងក្នុងវិនយបញ្ញត្តិនៃទុតិយបារាជិករបស់ភិក្ខុថា សម័យនោះឯងមានភិក្ខុ១រូប ដោះលែងជ្រូកជាប់អន្ទាក់ ដោយសេចក្ដីករុណាភិក្ខុនោះក៏សង្ស័យថា អញត្រូវអាបត្តិបារាជិកហើយដឹង! ភិក្ខុនោះក្រាបទូលសួរសេចក្ដីនោះចំពោះព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ តើអ្នកមានចិត្តគិតដូចម្ដេច? ភិក្ខុនោះក្រាបទូលថា ខ្ញុំព្រះអង្គមានចិត្តករុណាហើយដោះលែង។ ម្នាលភិក្ខុអាបត្តិមិនមានដល់ភិក្ខុអ្នកដោះលែងដោយចិត្តករុណាទេ តែសម័យក្រោយមក មានភិក្ខុ១ទៀតដោះលែងជ្រូកដែលជាប់អន្ទាក់ដោយថេយ្យចិត្ត គិតថា ក្រែងម្ចាស់គេឃើញ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុអ្នកត្រូវអាបត្តិបារាជិកហើយ។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |