Reading Article
Public date : 30, Jul 2019 (9,269 Read)
ក្រោមម្លប់នៃព្រះធម៌

|
ក្រោមម្លប់នៃព្រះធម៌
ព្រះនាគសមាលៈ ចម្រើនវ័យហើយក៏មានសទ្ធាបួសក្នុង ព្រះសាសនា លោកធ្លាប់ជាភិក្ខុឧបដ្ឋាកព្រះបរមសាស្តាក្នុងបឋមពោធិកាលផងដែរ ។ ថ្ងៃមួយ លោកចូលទៅបិណ្ឌបាតក្នុងព្រះនគរ ត្រួតមើលថ្នល់ដើម្បីការពារអន្តរាយ ក៏បានឃើញស្រីរបាំម្នាក់ ប្រដាប់តាក់តែងរាងកាយ និង កំពុងតែរាំទៅតាមចង្វាក់ភ្លេង ។ ព្រះថេរៈបានឃើញការកើត និង ការរលត់ទៅនៃសង្ខារ ដែលគួរ អស្ចារ្យ សង្ខារទាំងពួងមិនទៀង វាយោធាតុដែលធ្វេីឱ្យវិចិត្រនេះ រមែងផ្លាស់ប្តូរនូវ ករជកាយ ឱ្យទៅជាប្រការនោះៗ ដោយអំណាច នៃការផ្សាយទៅនៃវាយោធាតុហ្នឹងឯង ។ ព្រះថេរៈបានសម្រេច ព្រះអរហត្ត ព្រោះកម្លាំងនៃវិបស្សនានៅនឹងផ្លូវក្នុងដំណើរនិមន្ត បិណ្ឌបាតនោះ ។ ក្រោយមក ព្រះនាគសមាលៈ លោកបានពោលគាថា បញ្ជាក់ពីការបដិបត្តិរបស់លោក ដែលនាំឱ្យលោករួចផុតចាកទុក្ខ មាន ៤ គាថា ៖ ស្រីរបាំម្នាក់ មានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ទ្រទ្រង់ផ្កាកម្រង ប្រោះព្រំដោយខ្លឹមចន្ទន៍ រាំតាមភ្លេងនៅនឹង កណ្តាលផ្លូវធំ ។ អាត្មាអញកំពុងដើរចូលទៅកាន់ក្រុងដើម្បីបិណ្ឌបាត បានក្រឡេកមើលទៅឃើញស្រីរបាំនោះ ដែលមានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ហាក់ដូចជាអន្ទាក់នៃមច្ចុ ដែល មច្ចុដំឡើងហើយ ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយ នាំឱ្យកើតបញ្ញាក៏កើតឡើងដល់អាត្មាអញ អាទីនវគឺទោសបាន ប្រាកដដល់បញ្ញា និព្វិទាញាណគឺបញ្ញានឿយណាយក្នុងសង្ខារ ទាំងពួង ក៏តាំងនៅព្រម ។ ចិត្តរបស់អាត្មាអញ ក៏រួចស្រឡះចាក កិលេស ព្រោះវិបស្សនាញាណនោះ អ្នកចូរមើលនូវសភាពនៃធម៌ ដែលជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញបានធ្វើហើយ ។ មិនមែនថា ព្រះនាគសមាលៈ ឃើញហើយ លោកមិនដឹង អ្វីនោះឡើយ លោកឃើញថាជាស្រីរបាំម្នាក់ ហើយឃើញថាស្រី នោះមានខ្លួនស្អិតស្អាង មានសំពត់ស្លៀកល្អ ទ្រទ្រង់ផ្កាកម្រង ប្រោះព្រំដោយខ្លឹមចន្ទន៍ រាំតាមភ្លេងនៅនឹងកណ្តាលផ្លូវធំ ។ ព្រះថេរៈលោកដឹងរឿងជាធម្មតា ប៉ុន្តែនៅពេលដឹងរឿងអ្វីៗក៏ដោយ បើមិនមានសភាវធម៌ជាធម៌ពិតទេ បានអ្វីដឹងរឿង គឺមានចិត្តឃើញ រូបារម្មណ៍ ហើយមានចិត្តគិត មានចិត្តឮហើយមានចិត្តគិត ៘ នេះសុទ្ធតែជាអារម្មណ៍នៃព្រះកម្មដ្ឋាន ទាំងក្នុងស្រីរបាំនោះ ក៏ គ្មានអ្វីក្រៅអំពីចិត្ត ចេតសិក រូប ។ ព្រះនាគសមាលៈ លោកពិចារណានាម និង រូបគ្រប់ប្រការ សង្ខារធម៌ទាំងអស់ តាំងតែពីកើតដល់ស្លាប់ មិនថាខណៈណាជា ខណៈណា មានការកើតហើយរលត់ទៅ ។ នៅពេលដែលព្រះថេរៈ ឃើញស្រីរបាំនោះ លោកឃើញហាក់ដូចជាអន្ទាក់នៃមចរ៉្ចាជដែល បានដាក់ដំឡើងហើយ ជាអន្ទាក់ដែលសត្វលោកដឹងបានដោយក្រ។ ជំនួសការពេញចិត្ត រីករាយត្រេកត្រអាល សតិប្បដ្ឋានដែលព្រះថេរៈបានអប់រំចម្រើនរឿយៗមក ពិចារណាដឹងលក្ខណៈនៃបរមត្ថ ជាធម៌ដែលមានពិត ដូច្នេះបញ្ញាទើបឃើញអន្ទាក់ក្នុងវដ្តសង្សារ ដែលជាអន្ទាក់នៃមច្ចុរាជ ។ ព្រះថេរៈបានពោលថា អ្នកចូរមើលនូវសភាពនៃធម៌ ដែល ជាធម៌ល្អ (បស្ស ធម្មសុធម្មតំ ) គឺសតិប្បដ្ឋាន កាលដែលបុគ្គល បានអប់រំចម្រើនហើយ ក៏ជាធម៌ដ៏សែនល្អក្រៃលែង ព្រោះមិន ចំពោះថាពេលដែលជួបប្រសព្វរឿងអ្វីៗឡើយ គឺធម៌ពិតបានប្រាកដ ជាអារម្មណ៍ឱ្យឃើញច្បាស់ ឱ្យស្ងប់ ឱ្យសុខចិត្ត មិនត្រូវការរបស់អ្វី ទៀត នឿយណាយនឹងរបស់ទាំងពួង ព្រោះអាទីនវគឺទោសបាន ប្រាកដដល់បញ្ញា ។ ធម៌ពិត មានគ្រប់ទ្វារទាំង ៦ សត្វលោកទាំងអស់សុទ្ធតែ មានធម៌ពិត ប៉ុន្តែ ទាល់តែមានសតិប្បដ្ឋាន ទើបអុជប្រទីបបញ្ញា ឃើញធម៌ពិតនោះៗ គ្រប់ពេលវេលា សុទ្ធតែជាធម៌ពិត ជា អារម្មណ៍នៃការសិក្សា ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |