Reading Article
Public date : 11, Oct 2022 (46,443 Read)
ចំណុចខ្សោយរបស់អ្នកជាស្វាមី

|
ចំណុចខ្សោយ ១០ យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹង និងពិនិត្យកែខៃខ្លួនឲ្យបានល្អ និងទាន់ពេលវេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឲ្យភរិយារបស់ខ្លួនមើលងាយ ឬធុញទ្រាន់មកលើខ្លួនបាន ។
១. ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា ឬដូចសម្ដេចសង្ឃរាជលោកតែងជាកាព្យថា " ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃឆ្នៃទាស់ "។ ២. ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយថ្ងៃកាត់ មួយថ្ងៃកោរ រកថ្ងៃជានោះតិច បន្តិចឈឺៗ។ ៣. ជាមនុស្សចាស់ គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរា ចូលតម្រាតាជូជក និងនាងអមិត្តធីតា ធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន។ ៤. ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹង ក៏ថ្វើអាការៈថោកទាប អាក្រាតខ្លួន ឬពុំនោះសោត ក៏វាយប្រពន្ធកូន។ ៥. ជាមនុស្សល្ងង់ ទក់មក់ ទ្រើកៗ មិនសូវគ្រប់១០។ ៦. ជាមនុស្សធ្វេសប្រហែស ខ្ជីខ្ជា គ្មានសតិ មានសេចក្ដីប្រមាទច្រើន។ ៧. ធ្វើអ្វី ធ្វើមិនជាក់លាក់ ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើនោះបន្តិច ធ្វើនោះបន្តិច ចាប់ការឲ្យពីសពាស មិនច្បាស់អ្វីសោះ។ ៨. ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រពន្ធ រកស៊ីដូចសត្វប្រឡាំងកាស។ ៩. មិនប្រឹងប្រែងរកទ្រព្យសម្បត្តិយកមកទុកដាក់។ ១០. បំផ្លាញទ្រព្យសម្បត្តិឲ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |