Reading Article
Public date : 29, Jul 2019 (15,253 Read)
បញ្ញា

|
បញ្ញា
បញ្ញា ប្រែថា ការដឹងច្បាស់ បានដល់ការយល់ការដឹងហេតុផល ដឹងដោយទូទៅ វិនិច្ឆ័យបានថា អ្វីពិត អ្វីមិនពិត អ្វីល្អ អ្វីអាក្រក់ អ្វីខុស អ្វីត្រូវ អ្វីគួរ អ្វីមិនគួរ អ្វីជាគុណ អ្វីជាទោស និងអ្វីជាប្រយោជន៍ អ្វីមិនជាប្រយោជន៍ជាដើម។ បញ្ញា ដឹងទំនាក់ទំនងរវាងហេតុនិងផល ឬបច្ច័យផ្សេងៗ ដឹងសភាវៈតាមសេចក្ដីពិត ដឹងថា ត្រូវបដិបត្តិយ៉ាងណាចំពោះសភាវៈពិតនោះ ទើបអាចដោះស្រាយបញ្ហា ដោះស្រាយនូវទុក្ខទាំងឡាយក្នុងជីវិត។ បញ្ញា ចេះដឹងអំពីដំណើរជីវិតព្រមទាំងចេះរៀបចំដំណើរជីវិតឲ្យបានល្អត្រឹមត្រូវទៀតផង គឺមិនឲ្យកើតបញ្ហាមិនឲ្យជាទីមកនៃទុក្ខ ព្រោះការដើរក្នុងផ្លូវខុសឡើយ។ បញ្ញា យល់អំពីលោក និងជីវិតក្នុងលោកតាមសេចក្ដីពិត ឃើញបដិច្ចសមុប្បទធម៌ ដឹងនូវអរិយសច្ចធម៌មានការគិតពិចារណានូវហេតុផល ដែលមិនត្រូវអកុសលនីវរណៈគ្របសង្កត់។ បញ្ញាសម្បទាដែលជាគុណសម្បត្តិរបស់ព្រះអរិយសាវ័ក គឺដឹងការកើត និងការអស់ទៅសូន្យនៃសង្ខារធម៌ ដឹងគតិធម្មតារបស់លោកនិងជីវិត ដែលមានការកើតចាស់ឈឺស្លាប់ អ្វីៗដែលកើតឡើងរមែងមានការវិនាសទៅវិញរលត់ទៅវិញជាធម្មតា ហើយរំលត់នូវសេចក្ដីប្រកាន់ ដោយបានដឹងច្បាស់ថា សង្ខារទាំងពួងមិនគួរប្រកាន់ថាជារបស់មាំមួន។ មិនថាអ្នកណា ដែលជាអ្នកមានលោកិយបញ្ញាខ្លាំងក្លាពូកែ ទោះជាក្នុងផ្នែកការងាររកទទួលទាន ឬរកធ្វើមានធ្វើបាន រុងរឿងខាងសេដ្ឋកិច្ច ពូកែខាងស្រាវជ្រាវក្នុងផ្នែកវិទ្យាសាស្ត្រយ៉ាងណាក៏ដោយ ចំណេះដឹងដែលមិនអាចខ្វះខាតបាន ឬមានការចាំបាច់ជាទីបំផុតសម្រាប់គ្រប់គ្នា ក្នុងការដែលត្រូវដោះស្រាយបញ្ហាជីវិតឲ្យប្រាសចាកទោស ក៏គឺបញ្ញាដែលជាគុណសម្បត្តិរបស់ព្រះអរិយសាវ័កនោះឯង។ សុតៈជាឧបករណ៍ដ៏សំខាន់របស់បញ្ញា ឯចំណែកបញ្ញាឲ្យសេចក្ដីសម្រេចដល់សុតៈ ពោលគឺបញ្ញាជាផលសម្រេចរបស់សុតៈនោះឯង។ មិនត្រឹមតែឲ្យសេចក្ដីសម្រេចដល់សុតៈប៉ុណ្ណោះទេ បញ្ញាបានឲ្យភាពត្រឹមត្រូវដល់គុណសម្បត្តិដទៃៗទាំងអស់។ បញ្ញាធ្វើឲ្យសទ្ធាជាសទ្ធាដែលត្រឹមត្រូវទៅតាមសេចក្ដីពិត មិនភ្លាំងភ្លាត់ទៅជារឿងភ្ញាក់ផ្អើលផ្សេងៗ ដោយចេះតែជឿខុសហេតុផលនោះឡើយ។ បញ្ញាធ្វើឲ្យសីល ជាសីលដែលជាទីត្រេកអរនៃព្រះអរិយៈ មិនក្លាយទៅជាសីលព្វតបរាមាស។ បញ្ញាធ្វើឲ្យចាគៈ ជាចាគៈដែលលះបង់ពិតប្រាកដ។ បើមិនមានបញ្ញាយល់អំពីលោក និងជីវិតតាមសេចក្ដីពិត ពោលគឺមិនបានឃើញសភាវធម៌ដែលមានការកើតឡើង និងរលត់ទៅ មិនបានកំណត់ដឹងនូវគតិធម្មតារបស់សង្ខារទាំងឡាយទេ ព្រមទាំងមិនបានរៀនឲ្យដឹងអំពីសេចក្ដីសុខដែលប្រណីតក្រៃលែងឡើងនោះ គឺជាធម្មតារមែងឲ្យតម្លៃដល់វត្ថុកាមដ៏ខ្ពង់ខ្ពស់បំផុត ម្ល៉ោះហើយវាជាការលំបាកណាស់ ដែលថាមិនឲ្យវង្វេងប្រាថ្នាទៅក្នុងលោកិយសុខ និងការលំបាកដោយពិត ដែលថាចាឝៈលះបង់ហើយដោយមិនប្រាថ្នាផលតបស្នង ជាកាមគុណផ្សេងៗ ឬក្នុងសភាវៈឯណានីមួយនោះ។ ដូច្នេះ បញ្ញាទើបជាខ្លឹម និងជាតួឃុំគ្រងនូវគុណសម្បត្តិដទៃៗ។ បញ្ញាជាគុណសម្បត្តិដ៏សំខាន់បំផុតរបស់ព្រះអរិយសាវ័ក និងជាចំណុចទិសដៅនៃការហ្វឹកហាត់អប់រំខ្លួនរបស់ព្រះអរិយសាវ័កជាបន្តទៅ រហូតដល់អស់អវិជ្ជាមិនមានសល់។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |