Reading Article
Public date : 05, Dec 2020 (18,495 Read)
ធម៌ពិតផ្សេងគ្នាក្នុងលោក ៦

|
ធម៌ពិតផ្សេងគ្នាក្នុងលោក ៦
នៅពេលសិងលក់ សម្រាន្តលក់ សភាវលោកមិនប្រាកដ ឡើយ មិនមានអ្វីប្រាកដទាំងអស់ មិនមានវិថីចិត្ត អត់ឃើញ អត់ឮ អត់ដឹងក្លិន អត់ដឹងរស អត់ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួនឯងជា អ្នកណា នៅទីណា ពោលគឺអត់ដឹងអ្វីទាំងអស់ ។ ភវង្គចិត្ត មាន ខណៈកើតហើយរលត់ រួចទៅកើតបន្តយ៉ាងលឿនរហ័សមានកិច្ច រក្សាភពដែលបដិសន្ធិ សន្មតថាជាបុគ្គលសឹងលក់ ឬសម្រាន្តលក់ ដេកលក់ រហូតដល់ភ្ញាក់ ឃើញទៀត ឮទៀត នឹកគិតទៀត រហូតដល់ស្លាប់ទៅ ។ កាលដែលមិនបានយល់ ឬនៅមិនទាន់ដឹងថា លោកដែល ប្រាកដផ្លូវភ្នែកនោះជាលោកមួយដោយឡែក សភាវធម៌ជាធម៌ពិត ប្រាកដក្នុងលោកត្រចៀកដោយឡែក លោកច្រមុះដោយឡែក លោកអណ្តាតដោយឡែក លោកកាយដោយឡែក និង សភាវធម៌ ជាធម៌ដែលមានពិត ក្នុងលោកចិត្តដោយឡែកទេនោះ បដិបត្តិធម៌ មិនអាចប្រព្រឹត្តទៅបានឡើយ ។ ការបដិបត្តិក្នុងព្រះពុទ្ធសាសនា គឺនៅត្រង់ដែលថា បានយល់ត្រឹមត្រូវចំពោះលក្ខណៈនៃសភាវធម៌ ជាធម៌ពិត ក៏ជាសង្ខារក្ខន្ធតាក់តែងឱ្យសតិថ្នាក់សតិប្បដ្ឋានកើត ឡើង ហើយបញ្ញាក៏ចាប់ផ្តើមពិចារណាដឹងលក្ខណៈនៃសភាវធម៌ ដែលកំពុងប្រាកដ ព្រមទាំងដឹងច្បាស់ថា ធម៌ពិតដែលមានពិតៗ នោះ ត្រូវនឹងព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងគ្រប់ ប្រការ ។ អស្ចារ្យណាស់ដែលខ្លួនយើងម្នាក់ បែរទៅជាធម៌ពិតប្រាកដ ជាលោក ៦ ផ្សេងគ្នា រកសត្វ រកបុគ្គល រកខ្លួនយើងក្នុងលោក ៦ មិនមានឡើយ ។ ព្រោះហេតុដូច្នោះ មុនដំបូងបំផុត ត្រូវកុំទាន់ទៅធ្វើធម៌ បដិបត្តិធម៌អ្វីទាំងអស់ ត្រូវយល់លក្ខណៈនៃសភាវធម៌ ដែលជាធម៌ ពិត ប្រាកដផ្លូវភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ជាមុន សិន ព្រោះខណៈបដិបត្តិនោះមិនមែនជាយើងឡើយ គឺជាសភាវធម៌មួយបែបៗ ដូចជាសតិជាសភាវធម៌ម៉្យាង បញ្ញាជាសភាវធម៌ ម៉្យាងទៀត រីឯវីរិយៈក៏ជាសភាវធម៌ម៉្យាងផ្សេងទៀតដែរ ។ ក្នុង ខណៈបដិបត្តិនោះ មានសភាវធម៌ច្រើនយ៉ាងកើតរួមគ្នា កាលបើ មិនដឹង ក៏គិតថាយើងជាអ្នកបដិបត្តិ ប៉ុន្តែតាមពិត គឺជាសភាវធម៌ ដែលមានសភាពយ៉ាងនោះឯង កើតឡើងបដិបត្តិកិច្ចនៃធម៌នោះៗ រៀងៗខ្លួន ។ ខណៈនេះចិត្តកំពុងបដិបត្តិកិច្ចរបស់ចិត្ត គឺឃើញ ជាដើម ខណៈដែលឃើញនេះឯង ជាចិត្តដែលកើតឡើងធ្វើកិច្ច ឃើញ ហៅថា ចក្ខុវិញ្ញាណ ។ ហៅចិត្តថាវិញ្ញាណក៏បាន ប៉ុន្តែ ព្រោះចិត្តមានច្រើនបែបច្រើនយ៉ាង ដូចជាចិត្តឃើញត្រូវអាស្រ័យ ភ្នែកជាបច្ច័យ ទើបកើតឡើងធ្វើកិច្ចឃើញទៅបាន ដូច្នេះទើប ហៅចិត្តនេះថាចក្ខុវិញ្ញាណ ។ ត្រូវយល់នូវសភាវធម៌ទាំងអស់នេះជាមុន ទើបអាចដឹង បានថា សភាវធម៌ដែលជាតួយល់ត្រឹមត្រូវនេះឯង ជាសង្ខារក្ខន្ធ ដែលនឹងធ្វើឱ្យកើតសភាវធម៌ជាតួយល់នេះ កើតឡើង ចម្រើន ឡើងថែមទៀត ។ កាលដែលបានស្តាប់ហើយពិចារណាសភាវធម៌ ដែលកើតឡើង ដោយបញ្ញាដ៏ប្រពៃច្រើនឡើងៗ រហូតទាល់តែ មានសតិរលឹកបាន ដូចជាកំពុងឃើញជាប្រក្រតីធម្មតា ក៏រលឹកដឹង ថា សភាវៈឃើញគឺជាសភាវៈដឹងអារម្មណ៍ ជាចិត្តមិនមែនយើង ជាបរមត្ថដែលមានពិតប្រាកដ មិនមែនអត់មានសភាវៈអ្វីសោះ មានតែយើងជាអ្នកឃើញនោះទេ តាមពិត យើងហ្នឹងហើយដែល អត់មាន តែការឃើញជាសភាវៈមួយបែប ជាសច្ចធម៌ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |