អានអត្ថបទ
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៣,៧២១ ដង)
គុណបិយវាចា (សម្តីគួរឲ្យស្រឡាញ់, សម្តីសុភាព)

|
សេចក្ដីថា កាលក្នុងអតីតកាលកន្លងទៅយូរហើយ ក្នុងក្រុងពារាណសី មានសេដ្ឋីបុត្រ៤នាក់នាំគ្នាចេញទៅពីផ្ទះអង្គុយជុំគ្នាក្រោមដើមឈើមួយដើម ក្រឡេកឃើញព្រានម្រឹគម្នាក់ផ្ទុកសាច់ក្នុងរទេះដឹកទៅលក់ ក៏នាំគ្នាសូមសាច់អំពីព្រាននោះ សេដ្ឋីបុត្រជាបឋមពោលសូមថានែចៅព្រានចង្រៃ អ្នកឯងដឹកសាច់ទៅលក់ឯណា ឱ្យមកអញមួយដុំ ព្រានម្រឹកគិតថា អ្នកនេះសូមអញ គួរតែពោលពាក្យល្អ គិតហើយទើបតបថា អើសម្ដីអ្នកនេះជាផរុសវាចា មិនឆ្ងាញ់ពិសាប្រហែលដូចសាច់វាវ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់វាវដល់អ្នក ថាហើយក៏ឱ្យសាច់វាវមួយដុំទៅ ។
![]() សេដ្ឋីបុត្រជាគម្រប់ពីរ ពោលសូមថា អើអ្នកបង អ្នកដឹកសាច់ទៅលក់ឯណា ចូរឱ្យខ្ញុំសូមមួយដុំ ព្រានម្រឹគគិតថា អើសម្ដីអ្នកនេះគួរសមហ៊ានហៅអាត្មាអញថាបង ហាក់ដូចជាបងប្អូនរបស់ខ្លួន សម្ដីនេះពីរោះប្រហែលដូចសាច់ចំឡកដ៏ឆ្ងាញ់ គិតហើយទើបតបថា អើសម្ដីរបស់អ្នកគួរហើយ ប្រហែលដូចសាច់ចំឡក បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ចំឡកដល់អ្នក ថាហើយក៏ឱ្យសាច់ចំឡកមួយដុំទៅ ។ សេចដ្ឋីបុត្រជាគម្រប់បីពោលសូមថា បពិត្របិតាអ្នកដឹកសាច់ទៅលក់ឯណា ចូរអ្នកឱ្យសាច់ខ្ញុំមួយដុំផង ព្រានម្រឹគគិតថា សម្ដីដែលហៅថាបពិត្របិតាដូច្នេះ មានតែកូនហៅឪពុក ញ៉ាំងបេះដូងនៃឪពុកឱ្យញាប់ញ័រ គិតហើយទើបតបថា អើសម្ដីរបស់អ្នកពីរោះហើយ ប្រហែលដូចសាច់បេះដូង បើដូច្នោះ ខ្ញុំនឹងឱ្យសាច់បេះដូងដល់អ្នក ថាហើយក៏ឱ្យសាច់បេះដូងមួយដុំទៅព្រមទាំងសាច់ឆ្ងាញ់ឯទៀតខ្លះផង ។ ![]() សេចដ្ឋីបុត្រជាគម្រប់៤ ពោលសូមថា នែសម្លាញ់ អ្នកដឹកសាច់ទៅលក់ឯណា ចូរសម្លាញ់ឯងចែកឱ្យយើងខ្លះផង ព្រានម្រឹគគិតថាមនុស្សប្រុស បើគ្មានមិត្រសម្លាញ់ក្នុងស្រុកនឹងគេហើយ ក៏ដូចជាគ្មានស្រុកនៅ ឧបមាដូចព្រៃមិនមានមនុស្សជ្រកពួននៅដូច្នោះដែរ ឥឡូវអ្នកនេះ គាត់នៅអាត្មាអញថា សម្លាញ់ ៗ ហាក់ដូចជាស្និទ្ធស្នាលនឹងគ្នាមកយូរហើយ គិតហើយទើបតបថា អើសម្ដីរបស់អ្នកដែលពោលមកនេះ ប្រហែលដោយសម្បត្តិរបស់ខ្លួនទាំងអស់នេះ បើដូច្នោះ ខ្ញុំនឹងឱ្យសាច់ព្រមទាំងរទេះរបស់ខ្ញុំនេះទាំងអស់ដល់អ្នកជាសម្លាញ់ ថាហើយក៏បររទេះដឹកសាច់ទៅឱ្យសេដ្ឋីបុត្រជាគម្រប់៤នោះទៅ ។ សេដ្ឋីបុត្រនោះក៏រាប់អានស្មោះស្មើ ប្រាប់ប្រពន្ធកូនឱ្យរាប់អានស្មើទៅ ហើយហាមលែងឱ្យធ្វើអំពើបាណាតិបាតតទៅទៀត ឱ្យនៅដោយសម្បត្តិរបស់ខ្លួនដរាបដល់អស់ជីវិត សេដ្ឋីបុត្រមានលាភបានសាច់ច្រើនជាងសេដ្ឋីបុត្រឯទៀតៗ ក៏ព្រោះគុណគឺពោលបិយវាចារនោះឯង ។ ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាថា បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ ប្រែថា សម្ដីឯណាដែលគេត្រេកអររីករាយហើយ បុគ្គលគប្បីពោលសម្ដីជាបិយវាចានោះកុំខាន ។ មួយវិញទៀត បុគ្គលបើពោលពាក្យឯណាក្ដី កុំកាន់ពាក្យដ៏លាមកដែលជាផរុសវាចាមិនជាទីស្រឡាញ់នោះឡើយ ត្រូវពោលតែពាក្យជាបិយវាចាដែលជាទីស្រឡាញ់នៃអ្នកទាំងឡាយ ។ ចប់រឿងសេដ្ឋីបុត្រ៤នាក់ ។ ដោយ៥០០០ឆ្នាំ |