អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៦,៤០០ ដង)
ព្រះបរិត្តអាចការពារអាយុជីវិតឲ្យរួចចាកភយន្តរាយបាន

|
រឿងអាយុវឌ្ឍនកុមារ
(ចាក អ. ធ.) (ព្រះបរិត្តអាចការពារអាយុជីវិតឲ្យរួចចាកភយន្តរាយបាន) មានសេចក្តីដំណាលថា នៅក្នុងទិឃលម្តិកះមានព្រាហ្មណ៍ពីរនាក់បានមូលមតិគ្នាពីរឿងចេញចាកកាម ក៏ចេញទៅបួសជាតាបស ប្រព្រឹត្តតបធម៌អស់៤៨ឆ្នាំ ។ តាបសម្នាក់មានគំនិតថា បើអាត្មាអញនៅបួសតទៅទៀតនឹងសាបសូន្យចាកប្រពៃណីមិនខាន ដូច្នេះគួរអញសិកទៅបន្តពូជទៅអនាគត ទៀត លុះគិតដូច្នេះហើយ ក៏លក់គ្រឿងប្រដាប់ដែលខ្លួនខំធ្វើឲ្យអ្នកដទៃ ហើយចូលស្តីដណ្តឹងធីតាម្នាក់យកមកធ្វើជាភរិយា ។
ការនៅរួមជាមួយមាតុគ្រាមអស់កាលមិនយូរប៉ុន្មាន ព្រាហ្មណ៍នោះក៏បានបុត្រមួយនាំយកទៅថ្វាយបង្កំតាបសជាសម្លាញ់ដែលព្រាត់ប្រាសគ្នាអស់ពេលដ៏យូរ ហើយទើបនឹងមកដល់។ ពេលព្រាហ្មណ៍ជាប្តីថ្វាយបង្គំ តាបសពោលឲ្យសព្ធសាធុការថា ចូរជាអ្នកមានអាយុវែង ។ ដល់វេនដែលមាតា បិតាឲ្យទារកនោះថ្វាយបង្គំ តាបសឥតមានពោលអ្វីឡើយ នៅអង្គុយស្ងៀម ទើបព្រាហ្មណ៍សួរថា លោកម្ចាស់ពេលខ្ញុំទាំងពីររូបថ្វាយបង្គំលោកម្ចាស់មិនឲ្យពរផង តើមានហេតុយ៉ាងណា? ចំរើនពរកូនអ្នកឯងរស់នៅបានតែ៦ថ្ងៃតែនឹងមានអន្តរាយចូលមកផ្តេចផ្តិលជីវិតក្នុងថ្ងៃទី៧ដោយពិត ។ ចុះអ្នកណាមានឧបាយសម្រាប់ការពារអន្តរាយនេះបាន? ចំរើនពរអាត្មាគ្មានទេ បើសមណៈគោតមទើបមាន ចូរអ្នកទៅសាកសួរឧបាយការពារពីសមណៈនោះចុះ ។ ព្រាហ្មណ៍ប្តីប្រពន្ធក៏នាំទារកនោះទៅថ្វាយបង្គំគាល់ព្រះបរមសាស្តា ដោយឥតគិតពីការសាបសូន្យ ចាកតប ធម៌របស់ខ្លួនឡើយ ព្រោះមានការស្តាយអាណិតចំពោះបុត្រជាពន់ពេក ។ កាលព្រាហ្មណ៍ប្រពន្ធកំពុងថ្វាយបង្គំ ព្រះសាស្តាពោលប្រទានពរថា ចូរឲ្យអ្នកមានអាយុវែង តែវេលាទារកថ្វាយបង្គំ ទ្រង់ក៏ស្ងៀម ពុំមានព្រះវាចាដូចម្តេចឡើយ ។ព្រាហ្មណ៍មានសង្ស័យ ក៏សាកសួរតាមន័យដែលសួរតាបសជាសម្លាញ់ដែរ ។ ព្រះសាស្តាត្រាស់ថា ម្នាលព្រាហ្មណ៍បានជាតថាគតមិនឲ្យសព្វសាធុកាពរដល់កូនអ្នក ព្រោះកូននេះនឹងមានអន្តរាយក្នុងថ្ងៃទី៧ដោយប្រាកដ បើអ្នកចង់ឲ្យកូននេះរួចរស់ជីវិតចូរអ្នកធ្វើមណ្ឌប១ ហើយរៀបអាសនៈ៨ឬ១៦ សម្រាប់ឲ្យសារករបស់តថាគតអង្គុយចំរើនព្រះបរិត្តអស់៧យប៧ថ្ងៃ ទើបរួចពីមរណភ័យនេះ តើអ្នកធ្វើតាមបង្គាប់តថាគតបានឬទេ? បពិត្រសម្តេចដ៏មានជោគ ខ្ញុំព្រះអង្គអាចធ្វើបាន តែមិនដឹងបានភិក្ខុអង្គណា ទៅអង្គុយចំរើនព្រះបរិត្ត។ ម្នាលព្រាហ្មណ៍ អ្នកកុំព្រួយ ចូររៀបចាត់ចែងអាសនះឲ្យស្រាច់ទៅចាំតថាគតចាត់ភិក្ខុទៅឲ្យ ។ព្រាហ្មណ៍ទទួលតាមបង្គាប់ ហើយចាត់ចែងអាសនះរួចស្រេច ក៏មកបង្គំទូលព្រះសាស្តាៗ ក៏ទ្រង់ចាត់ភិក្ខុឲ្យទៅចំរើនព្រះបរិត្តព័ទ្ធជុំវិញទារកនោះអស់៧យប់៧ថ្ងៃ ។ លុះដល់យប់ទី៧ទ្រង់ក៏យាងទៅផ្ទាល់ព្រះអង្គឯង ដោយមានពួកទេព្តាក្នុងចក្រវាឡទាំងមូលចោមរោមជាកិត្តយស។ តស្មី ទិវសេ ក្នុងថ្ងៃនោះឯង អវរុទ្ធកយក្ស ជាអ្នកបំរើព្រះបាទវេស្សវ័ណអស់១២ឆ្នាំ ក៏បាននូវពរពីសំណាក់ព្រះបាទវេស្សវ័ណនោះថា ឲ្យចាប់ទារកនេះស៊ីក្នុងថ្ងៃទី៧ព្រោះហេតុនោះ បានជាអវរុទ្ធយក្សមកជ្រែងនៅលើអាកាសនភល័យ តែមិនបានឱកាសដ៏សមគួរដោយពេលនោះ ទេវតាមានសិក្តិធំៗ នៅគាល់ព្រះសាស្តាត្រៀបត្រា ឯទេវតាតូចតាចថយឆ្ងាយពីទីនោះ១២យោជន៍ ។ រីអវរុទ្ធយក្ស ក៏មានស័ក្តិល្អិតដូចគេដែរ បានជាថយឈរឆ្ងាយ១២យោជន៍។ ឯព្រះសាស្តាបានទ្រង់ស្វាធ្យាយព្រះបរិត្តពេញមួយរាត្រី។ លុះថ្ងៃទីកន្លងផុតទៅអវរុទ្ធយក្សអស់សិទ្ធិនឹងចាប់ទារកនោះស៊ីបានក៏វិលត្រឡប់ទៅលំនៅឋានខ្លួនវិញ។ ដល់ថ្ងៃទី៨គ្រាន់តែព្រះអាទិត្យរះបំភ្លឺលោកនាបូព៌ាទិសភ្លាមជនទាំងនោះ ក៏នាំទារកមកថ្វាយបង្គមព្រហសាស្តា ព្រះអង្គទ្រង់ប្រទានពរថា ចូរអ្នកមានអាយុវែង ។ ជនទាំងនោះក៏ក្រាបង្គំសួរថា បពិត្រព្រះគោតមដ៏ចំរើន ទារករស់នៅបានប៉ុន្មានឆ្នាំ? មា្នលព្រាហ្មណ៍ ទារកនេះរស់នៅបាន១២០ឆ្នាំ ។ ទើបជនទាំងនោះកំណត់ឈ្មោះឲ្យទារកនោះថា អាយុវឌ្ឍនកុមារ ប្រែថា កុមារមានអាយុចំរើន ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |