តិលមុដ្ឋិជាតក

|
គប្បីហាមឃាត់អំពើអាក្រក់ តាំងពីនៅតិចតួច ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅនាមហាវិហារព្រះជេតពន ទ្រង់ប្រារព្ធភិក្ខុមួយ អង្គដែល ច្រើនទៅដោយសេចក្តីក្រោធ ទើបត្រាស់រឿងនេះ មានព្រះបាលីថា អជ្ជាបិ មេ តំ មនសិ ដូច្នេះជាដើម ។ បានស្តាប់មកថា មានព្រះភិក្ខុ ១ អង្គ លោកច្រើនទៅដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែអ្នកដទៃថាអ្វីឲ្យបន្តិចបន្តួច ក៏ខឹងក្រោធភ្លាម ធ្វើការប្រទូសរ៉ាយ និងការអន់ចិត្តឲ្យប្រាកដ ។ ក្រោយមកថ្ងៃមួយ ភិក្ខុទាំងឡាយគង់អង្គុយសន្ទនាគ្នាក្នុងសាលាធម្មសភាថា លោកដ៏មានអាយុទាំង ឡាយ ភិក្ខុអង្គនោះ ជាបុគ្គលច្រើនដោយសេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ពេលក្រោធម្តងៗ មានសភាពដូចអំបិលដែលគេបាចក្នុងភ្លើងចង្ក្រាន ដូច្នោះឯង ។ លោកបួសក្នុងព្រះសាសនា ដែល ប្រដៅមិនឲ្យក្រោធ ជាសាសនានាំសត្វឲ្យរួចផុតចាកពីសេចក្តីសៅហ្មងគ្រប់យ៉ាង ប៉ុន្តែសូម្បីគ្រាន់តែ សេចក្តីក្រោធប៉ុណ្ណោះ ក៏មិនអាចគ្របសង្កត់បាន។ ព្រះបរមសាស្តាស្តេចយាងមកកាន់សាលាធម្មសភា ទ្រង់ជ្រាបអំពីការសន្ទនារបស់ភិក្ខុទាំងឡាយ ព្រះអង្គត្រាស់ឲ្យភិក្ខុ ១ អង្គទៅនិមន្តភិក្ខុដែលច្រើនទៅ ដោយសេចក្តីក្រោធនោះមក កាលដែលលោកនិមន្តមកដល់ហើយ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ មានដំណឹងថា លោកជាបុគ្គលក្រោធងាយ ពិតមែនឬ ? កាលដែលភិក្ខុអង្គនោះ ក្រាបទូលការពិតហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏បានជាអ្នកច្រើនទៅដោយសេចក្តីក្រោធដូចគ្នាដែរ។ កាលដែលភិក្ខុទាំងឡាយទូលអារាធនា ទើបព្រះភគវា នាំយករឿងក្នុងអតីតកាលមកសម្តែងតទៅ ៖ ព្រោះហេតុដូច្នោះ ទើបព្រះបាទព្រហ្មទត្ត ត្រាស់ហៅព្រហ្មទត្តកុមារជាព្រះរាជបុត្រ ដែលមានព្រះជន្មវស្សា ១៦ ឆ្នាំ ឲ្យចូលមកគាល់ ហើយព្រះរាជទាននូវស្បែកព្រះបាទមួយគូ ឆត្រស្លឹកឈើមួយ និងទ្រព្យ ១ ពាន់កហាបណៈ ព្រមទាំងត្រាស់ប្រាប់ថា បុត្រចូរទៅកាន់នគរតក្កសិលា ប្រឹងប្រែងសិក្សាយកនូវសិល្ប៍សាស្ត្រមក ។ ព្រហ្មទត្តកុមារទទួលព្រះរាជឱង្ការហើយថ្វាយបង្គំព្រះរាជមាតាបិតាលាចេញទៅ ។ ព្រហ្មទត្តកុមារ ក៏បានសួររកផ្ទះលោកអាចារ្យឃើញហើយ ក៏ដោះស្បែកព្រះបាទ និងដោះឆត្រ ចូលទៅសំពះលោកអាចារ្យ រួចឈរក្នុងទីដ៏សមគួរ ។ កាលដែលលោកអាចារ្យធ្វើបដិសណ្ឋារៈ និងសាកសួរដឹងហេតុការណ៍សព្វគ្រប់ហើយ ក៏ទទួលបង្ហាត់បង្រៀននូវសិល្ប៍សាស្ត្រដល់ព្រហ្មទត្តកុមារដោយពិស្តារ ចំណែកព្រះរាជកុមារ ក៏រៀនយកនូវសិល្ប៍សាស្ត្រដោយការតាំងចិត្ត ។ ថ្ងៃបន្ទាប់មកទៀត ព្រះរាជកុមារនោះ ក៏បានធ្វើយ៉ាងនោះទៀត សូម្បីស្ត្រីចាស់ជរាក៏មិនបានពោលថ្វាអ្វីដែរ នៅស្ងៀមជាលើកទី ២ ។ លុះដល់ថ្ងៃទី ៣ ព្រះរាជកុមារក៏នៅតែចាប់យកល្ងរបស់ស្ត្រីចាស់ជរានោះដដែលទៀត លើកនេះ ស្ត្រីចាស់ជរាមិនអាចទ្រាំបាន គាត់ស្រែកយំហើយពោលរៀបរាប់ថា អាចារ្យទិសាបាមោក្ខ ប្រើឲ្យសិស្សរបស់ខ្លួនប្លន់យើង ។ អាចារ្យត្រឡប់មកសួរថា តើមានរឿងអ្វីលោកយាយ ។ ស្ត្រីចាស់ជរាពោលថា លោកអាចារ្យ សិស្សរបស់លោកបរិភោគគ្រាប់ល្ងខ្ញុំថ្ងៃនេះមួយក្តាប់ ម្សិលមិញ មួយក្តាប់ ម្សិលម្ង៉ៃមួយក្តាប់ បើសិស្សលោកអាចារ្យ ស៊ីល្ងរបស់ខ្ញុំយ៉ាងនេះ ទោះជាគ្រាប់ល្ងរបស់ខ្ញុំមាន ប៉ុន្មានក៏មិនសល់ដែរ ។ អាចារ្យទិសាបាមោក្ខពោលថា សូមលោកយាយ ឈប់យំទៅណ៎ា! ចាំខ្ញុំសងតម្លៃល្ងដល់លោកយាយ ។ ស្ត្រីចាស់ជរាពោលថា ខ្ញុំមិនត្រូវការតម្លៃអ្វីទេ ខ្ញុំត្រូវការឲ្យលោកប្រដៅសិស្សរបស់លោក កុំឲ្យថ្ងៃក្រោយធ្វើអីចឹងទៀត ។ អាចារ្យពោលថា មិនអីទេលោកយាយ សូមលោក យាយកុំព្រួយ លោកយាយចាំមើលណ៎ា! ភ្លាមនោះ លោកអាចារ្យបានឲ្យមាណពពីរនាក់ ចាប់ដៃព្រះរាជកុមារម្ខាងម្នាក់ ហើយទើបយកសំពត់ឫស្សីមកវាយកណ្តាលខ្នងព្រះរាជកុមារ ៣ រំពាត់ ព្រមទាំង ពោលប្រដៅថា អ្នកកុំធ្វើយ៉ាងនេះតទៅទៀត ។ ព្រះរាជកុមារក្រោធចំពោះលោកអាចារ្យ មានភ្នែកក្រហមសម្លឹងមើលលោកអាចារ្យតាំងពីខ្នងជើងរហូតដល់ចុងសក់ ។ លោកគ្រូអាចារ្យ បានទទួលការអញ្ជើញពីព្រះរាជាក្រុងពារាណសីហើយ ក៏គិតថា ក្នុងពេលដែលព្រះរាជានៅក្មេង ដូច្នេះ យើងមិនអាចឲ្យទ្រង់យល់បានឡើយ គិតហើយ គាត់ក៏មិនបានទៅក្នុងពេលនោះដែរ ។ លុះដល់វេលាដែលព្រះរាជានោះ ចូលដល់មជ្ឈិមវ័យហើយ ទើបលោកគ្រូអាចារ្យគិតថា ឥឡូវនេះ យើងអាចធ្វើឲ្យព្រះរាជាក្រុងពារាណសីយល់បាន ទើបធ្វើដំណើររហូតចូលដល់ក្រុងពារាណសី ហើយឈរនៅនាខ្លោងទ្វារព្រះរាជវាំង ឲ្យគេក្រាបទូលថា អាចារ្យពីនគរតក្កសិលាមកហើយ ។ ព្រះរាជាទ្រង់សោមនស្សត្រេកអរ បង្គាប់ឲ្យនាំលោកគ្រូអាចារ្យចូលមក គ្រាន់តែទ្រង់ទតព្រះនេត្រឃើញលោកគ្រូអាចារ្យដែលចូលមកគាល់ភ្លាម ទ្រង់ពិរោធរហូតដល់ព្រះនេត្រទាំងពីរឡើងក្រហម ហើយត្រាស់ហៅអាមាត្យទាំងឡាយមកថា នែអាមាត្យទាំងឡាយ ! អាចារ្យនេះហើយវាយយើងឲ្យបែកខ្នង នៅស្នាមរហូតដល់សព្វថ្ងៃ ឥឡូវគេមករកសេចក្តីស្លាប់ដោយមិនដឹងខ្លួនថា អាត្មាអញ នឹងស្លាប់ក្នុងថ្ងៃនេះ ។ រួចហើយព្រះរាជាបានត្រាស់ទៅរកលោកគ្រូអាចារ្យ ដោយគាថា ដែលមានសេចក្តីថា អ្នកឲ្យគេចាប់យើងត្រង់ដើមដៃ ហើយអ្នកវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយយើងដោយរំពាត់ ព្រោះហេតុតែល្ងមួយក្តាប់ ការវាយនោះ ប្រាកដក្នុងចិត្តរបស់យើងដរាបដល់ថ្ងៃនេះ។ ម្នាលព្រាហ្មណ៍ អ្នកមិនត្រេកអរក្នុងជីវិតរបស់អ្នកហើយឬ ទើបបានជាមករកយើងដល់ទីនេះ អំពើដែលអ្នកឲ្យគេចាប់ដៃយើងម្ខាងម្នាក់ ហើយអ្នកបានវាយយើងដល់ទៅ ៣ រំពាត់នោះ នឹងតបស្នងដល់អ្នកវិញក្នុងថ្ងៃនេះឯង ។ អរិយោ អនរិយំ កុព្វំ យោ ទណ្ឌេន និសេធតិ សាសនំ តំ ន តំ វេរំ ឥតិ នំ បណ្ឌិតា វិទូ ។ អរិយជនណា ហាមឃាត់នូវបុគ្គលមិនប្រសើរ មានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអាក្រក់ អំពើរបស់អរិយជននោះ រាប់ថាជាការប្រៀនប្រដៅ គឺមិនមែនជាពៀរឡើយ បណ្ឌិតទាំងឡាយ រមែងដឹងច្បាស់នូវហេតុនោះ ដូច្នេះឯង ។ បពិត្រមហារាជ ព្រោះហេតុនោះ សូម្បីព្រះអង្គក៏សូមទ្រង់ជ្រាបយ៉ាងនេះចុះ ព្រះអង្គមិនគួរសាងកម្មពៀរក្នុងសភាពបែបនេះឡើយ ។ ប្រសិនបើក្នុងកាលនោះ ទូលព្រះបង្គំ មិនបានទូន្មានប្រៀនប្រដៅព្រះអង្គទេ បន្តមកទៀត ទ្រង់នឹងលួចនំ លួចស្ករក្រួសនិងផ្លែឈើជាដើម ម៉្លោះហើយទ្រង់នឹងធ្លាក់ក្នុងចោរកម្មផ្សេងៗ រហូតដល់លួចប្លន់សម្លាប់មនុស្សតាមផ្លូវ សម្លាប់អ្នកស្រុកទីបំផុត ត្រូវគេចាប់បានព្រមទាំងព័ស្តុតាងទូលដល់ព្រះរាជា ទ្រង់នឹងទទួលនូវភ័យគឺអាជ្ញា ដោយព្រះតម្រាស់ថា ពួកអ្នកចូរដាក់អាជ្ញា ឲ្យសមគួរដល់ទោសរបស់ចោរនេះ ដូច្នោះ តើសម្បត្តិមានសភាពបែបនេះ នឹងសម្រេចដល់ព្រះអង្គបានដូចម្តេចទៅ តាមពិត ទ្រង់បានដល់នូវសភាពជាធំយ៉ាងរៀបរយដូច្នេះ ក៏ព្រោះអាស្រ័យទូលព្រះបង្គំជាខ្ញុំហ្នឹងឯង មិនមែនទេឬ ? លោកគ្រូអាចារ្យបានធ្វើឲ្យព្រះរាជាទទួលព្រមដោយប្រការដូចពោលមកនេះឯង ។ ក្នុងពេលនោះ អាមាត្យទាំងឡាយ ដែលឈរនៅជុំវិញ បានស្តាប់ពាក្យលោកគ្រូអាចារ្យហើយ ទើបក្រាបទូលថា ព្រះករុណាថ្ងៃវិសេស ពាក្យដែលលោកអាចារ្យពោលនេះជាការពិតណាស់ ភាពជាធំនេះ គឺជារបស់លោកអាចារ្យរបស់ព្រះអង្គដោយពិត ។ ខណៈនោះ ព្រះរាជាទ្រង់កំណត់បាន ទ្រង់ដឹងគុណលោកគ្រូអាចារ្យទើបត្រាស់ថា បពិត្រលោកអាចារ្យ ខ្ញុំសូមជូននូវភាពជាធំនេះដល់លោក សូមលោកទទួលនូវរាជសម្បត្តិនេះចុះ ។ លោកគ្រូអាចារ្យបដិសេធថា ទូលព្រះបង្គំជាខ្ញុំមិនត្រូវការនូវរាជសម្បត្តិឡើយ ។ ព្រះរាជាទ្រង់បានបញ្ជូនដំណឹងទៅកាន់នគរតក្កសិលា ឲ្យនាំបុត្រនិងភរិយារបស់លោកគ្រូអាចារ្យមក ហើយទ្រង់ប្រទានឥស្សរិយយសដ៏ធំ ដោយទ្រង់តែងតាំងលោកគ្រូអាចារ្យនោះឯង ក្នុងតំណែងជាបុរោហិត និងតាំងទុកក្នុងឋានៈជាបិតា ។ ព្រះរាជាតាំងនៅក្នុងឱវាទរបស់បុរោហិត បំពេញបុណ្យទាំងឡាយមានទានជាដើម និងមានសុគតិភពប្រព្រឹត្តទៅខាងមុខ ។ ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់នាំយកនូវព្រះធម៌ទេសនានេះ មកសម្តែងរួចហើយ ព្រះអង្គទ្រង់ប្រកាសចតុរារិយសច្ច និងប្រជុំជាតក ។ ក្នុងវេលាចប់សច្ចកថា ភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធ បានតាំងនៅក្នុងអនាគាមិផល បរិស័ទដទៃៗ បានជាព្រះសោតាបន្ន និងព្រះសកទាគាមី ។ ព្រះរាជាក្នុងគ្រានោះ បានមកជាភិក្ខុដែលច្រើនទៅដោយសេចក្តីក្រោធនេះឯង ចំណែកលោកគ្រូអាចារ្យ គឺបានមកជា តថាគត ៕
|