30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៨៥៣
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,៣៧៦,៩៦៩
សរុប ៣៨៩,៤៥៩,៤៥៣
អានអត្ថបទ
ផ្សាយ : ១២ មីនា ឆ្នាំ២០២៤ (អាន: ១០,៧២០ ដង)

កាកជាតក



ស្តាប់សំឡេង

 

(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។

ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ 

គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ )

អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ  លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ  ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។  ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ?  បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ 

គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។

ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។

ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា

និច្ចំ ឧព្ពិគ្គហទយា,  សព្ពលោកវិហេសកា;
តស្មា នេសំ វសា នត្ថិ,   កាកានម្ហាក ញាតិនំ។

ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។

ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។

ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។

ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។ កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ 

កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១)

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២៣ (អាន: ៣៦,៣៩២ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,១២០ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៧,៤៦១ ដង)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.8
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿