30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៣,៧២៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៥៣,៤៤៩
សរុប ៣៨៣,៧៤០,១៤២
អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៥,៤៧២ ដង)

រឿង​ព្រះ​មាល័យ



 
រឿង​ព្រះ​មាល័យ

ព្រះមាល័យ ជា​អង្គ​ព្រះ​អរហន្ត​មាន​មហិទ្ធិឬទ្ធិ​ប្រហាក់​ប្រហែល​នឹង​ព្រះមោគ្គល្លាន។ ថ្ងៃ​មួយ​ព្រះ​មាល័យ​ប្រារព្ធ​ចុះ​ទៅ​ឋាន​នរក ផ្កា​ឈូក​ដុះ​ឡើង​ប៉ុន​កង់​រទេះ​ទទួល​លោក ហើយ​លោក​អធិដ្ឋាន​ដោយ​ឬទ្ធិ​ក៏​អណ្ដែត​ចុះ​ទៅ​ដល់​ឋាន​នរក ពេល​បាន​ឃើញ​សត្វ​នរក​កំពុង​រង​ទុក្ខ​សែន​មហាខ្លោច​ផ្សា ទើប​លោក​ប្រើ​ថាមពល​បដិហារ្យ​សំដែង​ឬទ្ធិ ធ្វើ​ឲ្យ​កើត​ជា​ភ្លៀង​រលត់​ភ្លើង​នរក​គ្រប់កន្លែង​ឲ្យ​ត្រជាក់​ស្រួល ធ្វើ​ខ្ទះទង់​ដែង​ឲ្យ​បែក​ខ្ចាត់ខ្ចាយ ធ្វើ​ភ្នំភ្លើង​ឲ្យ​រលាយ ធ្វើ​រកាដែក​ឲ្យ​បាក់​ខ្ទេចខ្ទី ធ្វើ​ស្ទឹង​ប្រៃ​ឲ្យ​ផ្អែម​ជាដើម។ ពួក​សត្វ​នរក​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដោយ​ធូរ​ស្បើយ​អំពី​សេចក្ដី​ទុក្ខ​ដ៏​សែន​ខ្លោច​ផ្សា បាន​នាំ​គ្នា​ក្រឡេក​ឡើង​មើល​ឃើញ​ព្រះ​មាល័យ ក៏​ចូល​ទៅកុះករ លើក​ដៃ​ប្រណម្យ​ថ្វាយ​បង្គំ​រួច​ទូល​សួរ​ថា ព្រះតេជគុណ​និមន្ត​មក​អំពី​ណា?។ ព្រះ​មាល័យ​តប​ថា អាត្មា​មក​ពី​ជម្ពូទ្វីប​ជា​ទីនៅ​នៃ​មនុស្ស​លោក។ សត្វ​នរក​និយាយ​ទាំង​យំ​ស្រែក​ថា បពិត្រ​ព្រះគុណម្ចាស់ យើង​ខ្ញុំ​ឃើញលោក​ម្ចាស់​ជា​លាភ​ធំដុំ​ណាស់ ចាត់​ជា​ទស្សនានុត្តរិយៈ​យ៉ាង​ប្រសើរ។

កាល​ពី​ថ្ងៃ​មុន ព្រះ​មហា​មោគ្គល្លាន​បាន​និមន្ត​មក​ប្រោស​ពួក​យើង​ខ្ញុំ​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​យ៉ាង​អស្ចារ្យ​ម្ដង​រួច​មកហើយ ឥឡូវ​បាន​ព្រះតេជគុណ​និមន្ត​មក​ប្រោស​ពួក​យើង​ខ្ញុំ​ជា​លើក​ទី ២ ជា​ភ័ព្វ​ព្រេង​ល្អ​ណាស់ សូម​អង្វរ​ព្រះតេជគុណ​មេត្តា​និមន្ត​យាង​ស្ដេច​យមរាជ​ឲ្យ​ឃាត់​ពួក នាយនិរយបាល​កុំ​ឲ្យ​ធ្វើ​បាប​ពួក​យើង​ពេក។ ម្យ៉ាង​ទៀត លោកម្ចាស់​ត្រឡប់​ទៅ​ជម្ពូទ្វីប​វិញ​សូម​ផ្ដាំ​ញាតិ​មិត្ត​របស់​យើង​ខ្ញុំ​ផង ឲ្យ​ពួក​គេ​ខំ​ប្រឹង​ប្រែង​ធ្វើ​បុណ្យ​កុសល និង​ឧទ្ទិស​កុសល​កម្ម​ឲ្យ​ពួក​យើង​ខ្ញុំ​ផង ហើយ​សូម​ព្រះតេជគុណ​ជួយ​ហាម​ប្រាម​ដល់​ពួក​ញាតិ​របស់​យើង​ខ្ញុំ​ផង កុំ​ឲ្យ​គេ​ធ្វើ​អំពើ​អាក្រក់​ឲ្យ​សោះ ហេតុ​ដែល​នាំ​ឲ្យ​ពួក​យើង​ធ្លាក់​មក​កាន់​នរក​សោយ​ទុក្ខ​ធ្ងន់​សម្បើម​អស្ចារ្យ​យ៉ាង​នេះ ព្រោះ​កាល​នៅ​ជា​មនុស្ស​យើង​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​ឡាយ ច្រើន​ប្រការ មាន​ការ​សម្លាប់​សត្វ​ជាដើម។

ព្រះ​មាល័យ​បាន​ស្ដាប់​ពាក្យ​អង្វរករ​របស់​សត្វ​នរក​ដូច្នេះ​ហើយ​ក៏​មាន​ព្រះទ័យ​ករុណា​កើត​ឡើង ទើប​ចូល​ឈាន​មាន​អភិញ្ញា​ជា​ទី​តាំង​ហោះ​សំដៅ​ទៅ​រក​ស្ដេច​យមរាជ បាន​ដល់​ប្រាសាទ​យ៉ាង​លឿន​ប្រហែល​ផ្ទាត់​ម្រាម​ដៃម្ដង។

គ្រានោះ​អាមាត្យ​ ឈ្មោះ សរិគុត្ត អ្នកឈរ​យាមទ្វារ ដឹង​អធ្យាស្រ័យ​របស់​ព្រះថេរៈ ហើយ​ក៏​ចូល​ទៅ​ក្រាប​ទូល​ដំណឹង​ដល់​ស្ដេច​យមរាជៗ បាន​ទ្រង់​រាជានុញ្ញាតិ​ឲ្យ​ព្រះ​ថេរៈ​ចូល​មក​ជួប​ដោយ​សេរី។ ព្រះ​ថេរៈ​ចូល​ទៅ​ក្នុង​ប្រាសាទ​បាន​គង់​លើ​អាសនៈ​ដ៏​សមគួរ ហើយ​ស្ដេច​យមរាជ​ព្រម​ទាំង​បរិវារ​ក៏​ក្រាប​បង្គំដោយ​គោរព រួច​ត្រាស់​សួរ​ថា កុតោ អាគច្ឆថ ភន្តេ បពិត្រ​ព្រះគុណ​ម្ចាស់​ដ៏​ចំរើន តើ​ព្រះគុណ​ម្ចាស់​និមន្ត​មក​ពី​ទីណាហ្ន៎? ចង់​ជួប​និង​ញោម តើ​មាន​ថេរកិច្ច​យ៉ាង​ណា​ខ្លះ?

ព្រះមាល័យ​ថ្វាយ​ព្រះពរ​ថា អាត្មាភាព​ធ្វើ​ដំណើរ​មក​ពី​ជម្ពូទ្វីប ប្រាថ្នា​មក​ជួប​នឹង​ព្រះអង្គ។

យមរាជ : ព្រះតេជគុណ​ម្ចាស់​ព្រះនាម​អ្វី?
មាល័យ : អាត្មាភាព​ព្រះនាម​មាល័យ​ទេវថេរៈ។
យមរាជ : ញោម​សង្ស័យ​ណាស់​ព្រះនាម​របស់​ព្រះគុណ​ម្ចាស់​វែង​អ្វី​ម្លេះ? តើ​បាន​សេចក្ដី​ថា​ដូចម្ដេច​ទៅ?
មាល័យ : ថ្វាយ​ព្រះពរ បើ​ស្ដេច​មាន​ប្រាថ្នា​ចង់​ជ្រាប​អំពី​សេចក្ដី​នៃ​នាម​របស់​អាត្មា​ភាពៗ នឹង​ថ្វាយ​សេចក្ដី​ប្រាប់។ ដែលឈ្មោះ​ថា មាល័យ ព្រោះ​អាត្មាភាព​តែង​គង់​នៅ​ក្នុង​កោះ​មាល័យ​ដែល​មាន​ដើម​ខ្លឹម​ចន្ទន៍​ក្រហម​ច្រើន បាន​ជា​អ្នក​ផង​ទាំង​ពួង​ហៅ​អាត្មា​ថា មាល័យ ដូច្នេះ ជាប់​ជា​ហូរ​ហែ​មក។ ពាក្យ​ថា
ទេវៈ ពី​ព្រោះ​អាត្មា​ភាព​ជា​វិសុទ្ធិ​ទេព​ដ៏​ប្រសើរ​ជាង​ទេព្តា​និង​មនុស្ស​ទាំង​ឡាយ។ ពាក្យ​ថា ថេរៈ ពី​ព្រោះ​អាត្មា​ភាព​ជា​អ្នក​មាំមួន​ខ្ជាប់ខ្ជួន​ដោយ​សីល សមាធិ បញ្ញា។ រួម​ទាំង​ពាក្យ​ថា មាល័យ ទេវថេរៈ បាន​សេចក្ដី​ថា ព្រះ​មាល័យ​ជាវិសុទ្ធិ​ទេព​ខ្ជាប់ខ្ជួន​ដោយ​សីល សមាធិ បញ្ញា។
យមរាជ : តាម​ដែល​ព្រះគុណ​វិសជ្ជនា​មក​នេះ ញោម​ស្ដាប់​យល់​ចូល​ចិត្ត​ហើយ ប៉ុន្តែ​តើ​ព្រះគុណម្ចាស់​និមន្ត​មក​នេះ​មាន​កិច្ច​ការ​អ្វី?
មាល័យ : អាត្មាភាព​ធ្វើ​ដំណើរ​មក​កាន់​សំណាក់​របស់​ព្រះអង្គ​ក្នុង​ថ្ងៃ​នេះ​មាន​បំណង​ចង់​សន្ទនា​សាកច្ឆា​ការ​ពិត​ថា បណ្ដា​សត្វ​នរក​ទាំង​ឡាយ​ដែល​បាន​រង់​ទុក្ខ​វេទនា​រួច​ហើយ និង​កំពុង​រង​ទុក្ខ​ព្រម​ទាំង​បំរុង​នឹង​មក​រង​ទុក្ខ​ក្នុង​សំណាក់​របស់​ព្រះអង្គ​ជា​បន្តបន្ទាប់​គ្នា​នេះ តើ​អំពើ​គ្រប់​បែប​យ៉ាង​ព្រះអង្គ​ជា​អ្នក​បង្គាប់​បញ្ជា​ឬ? ឬ​មួយ​នាយ និរយបាល​ធ្វើ​ដោយ​ចិត្ត​ឯង​ទៅ​ទេ?
យម​រាជ : ញោម​មិនបាន​ចេញ​ពាក្យ​បង្គាប់​ដោយ​ខ្លួន​ឯង​ទេ។
មាល័យ : បើ​ដូច្នេះ​ទេ តើ​អ្នក​ណា​ជា​អ្នក​បង្គាប់​បញ្ជា​ទៅ?
យមរាជ : អំពើ​ដែល​សត្វ​លោក​កាល​នៅ​ជា​មនុស្ស​ធ្វើ​ដោយ កាយទុច្ចរិត វិចីទុច្ចរិត មនោទុច្ចរិត ហ្នឹង​ហើយ ដែល​បណ្ដាល​ឲ្យ​ធ្លាក់​មក​ទទួល​ផល​បាប​របស់​ខ្លួន​យ៉ាង​នេះ។
មាល័យ : ស្ដេច​ត្រាស់​ថា មិន​បាន​បង្គាប់​ទេ គឺ​ផល​កម្ម​ជា​អ្នក​បង្គាប់ អាត្មា​ភាព​ចូលចិត្ត​ហើយ ប៉ុន្តែ​គួរ​ដែរ​ឬ? បើព្រះអង្គ​គង់​នៅ​ស្ងៀម កន្តឹមកន្តើយ មិនរវល់ មិនហាម​ប្រាមនាយនិរយបាល ឲ្យ​បន្ធូរបន្ថយ​បន្ថើរ​ដៃ​ខ្លះ​ផង បណ្ដោយ​ឲ្យ​ធ្វើ​បាប​គេ​ទទេៗ​​យ៉ាង​នេះ​មិន​សំណំ​សំនួន​ទាល់​តែ​សោះ។
យមរាជ : ព្វយ៉ា ! ព្រះមាល័យ​កិន​ញោម​ដូច​គេ​កិន​អង្ករ​ហើយ​តើ! រឿង​នេះ​សូម​ពិត​ថា ញោម​បន្ធូរបន្ថយ​មិន​បាន​ជា​ដាច់​ខាត។ ពីព្រោះ​ញោម​មិន​មែន​ជា​ម្ចាស់​បាប​កម្ម​របស់​សត្វ​នរក​នោះ​ឯ​ណា សត្វ​ណា​ធ្វើ​បាប​ច្រើន​ក៏​ត្រូវ​មក​ទទួល​ទោសធ្ងន់ សត្វ​ណា​ធ្វើ​បាប​តិច​ក៏​ត្រូវ​ទទួល​ទោស​ស្រាល។ បើ​ព្រះគុណម្ចាស់​ចង់​ជ្រាប ចាំ​ញោម​ពិត​ឲ្យ​ជ្រាប​ថា មនុស្ស​មាន​បាប កាល​បើ​ដល់​ពេល​ស្លាប់​ ត្រូវ​ចុះ​មក​កាន់​ឋាននរក​តាម​កម្ម​របស់​ខ្លួន​ដែល​នាំ​មក​ពួក​នាយនិរយបាល​បាន​បណ្ដើរ​​មក​ឲ្យ​ញោមៗ ឃើញ​ហើយ​ក៏​មាន​ចិត្ត​អាណិត​ស្ទើរ​បែក​ប្រមាត់។ កាល​នាយនិរយបាល​សូត្រ​បញ្ជី​ទោស​អាក្រក់​ឲ្យ​ស្ដាប់​ហើយ ញោម​រឹត​តែ​អាសូរ​ឡើង រួច​ញោម​ក៏​បាន​សួរ​នូវ​ទេវទូត​ទាំង​៥​ប្រការ​ក្នុង​ទី​ចំពោះ​មុខ​សត្វ​នោះដើម្បី​ឲ្យ​សត្វ​ទាំង​ឡាយ​នោះ​មាន​ស្មារតី​ឆ្លើយ​រួច​នូវ​បញ្ហា​ណា​មួយញោម​នឹង​លើក​លែង​ទោស​ឲ្យ​ឡើង​ទៅ​កាន់​ឋានសួគ៌​បាន។ ប៉ុន្តែ​កុំ​ងាយ​មាន​ឃើញ​សត្វ​ណា​មួយ​ឆ្លើយ​រួច​សោះ ថែម​ទាំង​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក​មក​លើ​ញោម​ទៀត​ផង។ ញោម​ទ័ល​គំនិត​ក៏​បង្គាប់ឲ្យ​នាយនិរយបាល​នាំ​ខ្លួន​ទៅ​ទម្លាក់​ក្នុង​រណ្ដៅ​នរក ឲ្យ​សោយ​ទុក្ខ​តាម​កម្ម​របស់​ខ្លួន ដើម្បី​ឲ្យ​រាង​ចាល។
មាល័យ : យីអើ! មក​ពី​នោះ​មក​ដល់​នេះ គឺ​សង្វាត​មក​សួរ​ការ​ទេតើ បើ​មិន​កិន​ម្ដេច​នឹង​បាន​អង្ករ បើ​មិន​សួរ​ធ្វើ​ម៉េច​នឹង​បាន​ដឹង​ខុស​ត្រូវ។ តើ​មហាបពិត្រ​សួរ​នូវ​ទេវទូត​នោះ​យ៉ាង​ដូច​ម្ដេច​ទៅ? ទេវទូត​ទាំង ៥ ប្រការ​នោះ គឺ​អ្វី​ខ្លះ​ទៅ?
យមរាជ : បពិត្រ​ព្រះគុណម្ចាស់! បន្ទាប់​ពី​នាយនិរយបាល​បាន​អាន​បញ្ជី​ទោស​កំហុស​របស់​សត្វ​នោះ​ហើយ ញោម​ក៏​សួរ​ទេវទូត​ទាំង​ ៥ ប្រការ​ដោយ​សំដី​ទន់ភ្លន់​ ផ្អែម​ល្ហែម​ថា
 
ទេវទូត​ទី​១

យមរាជ = អម្ភោ ន ត្វំ អន្ទស មនុស្សេសុ បឋមំ ទេវទូតំ បាតុភូតន្តិ ម្នាល​បុរស​ដ៏​ចម្រើន អ្នក​ឯង​មិន​បាន​ឃើញ​នូវ​ទេវទូតទី ១ ដែល​កើត​ប្រាកដ​ក្នុង​មនុស្ស លោក​ទេឬ?
បុរស = នាទ្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ខ្ញុំ​ព្រះអង្គ​មិន​បាន​ឃើញ​ទេ។
យម​រាជ = អម្ភោ បុរិស ។ល។ សេមានន្តិ ម្នាល​បុរស​ដ៏​ចម្រើន អ្នក​ឯង​មិន​បាន​ឃើញ​កូន​ខ្ចី​កំពុង​ដេក​ផ្ងារ ដេក​ត្រាំ​ក្នុងទឹក​មូត្រ និង​ លាមក​របស់​ក្នុង​មនុស្ស លោក​ទេឬ?
បុរស = សទ្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តា​ប្រោស​ខ្ញុំ​ព្រះអង្គ​បាន​ឃើញ។
យមរាជ = អម្ភោ បុរិស តស្ស ។ល។ មនសាតិ ម្នាល​បុរស​ដ៏​ចម្រើន តាំង​តែ​ពី​អ្នក​ធំដឹង​ក្ដី​រហូត​ដល់​ខ្លួ​នចាស់ តើ​ធ្លាប់​មាន​គំនិត​ថា អាត្មាអញ​នេះ​ឯង មាន​ជាតិ​គឺ​ការកើត​ជា​ធម្មតា​មិន​អាច​កន្លង​នូវ​ជាតិ​បាន​ឡើយ កាល​បើ​អាត្មា​អញ​ស្លាប់​ទៅ​នឹង​ត្រូវ​ត្រឡប់​មក​កើត​ដេក​នៅច្រឡំ​ដោយ​ទឹកមូត្រ​និង​លាមក​ខ្លួន​ឯង​ទៀត​មិន​ខាន បើ​ដូច្នោះ​គួរ​តែ​អាត្មា​អញ​ធ្វើ​នូវ​អំពើ​ល្អ ដោយ​កាយ​ ដោយ​វាចា ដោយ​ចិត្ត​ដូច្នេះ ដែរឬ?
បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​អាច​នឹង​គិត​ឃើញ​ដូច្នោះ​បានឡើយ សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​ប្រមាទ (ខ្ញុំ​ព្រះអង្គ​គិត​តែ​ពី​ការ​រកស៊ី ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ)។
យមរាជ = អម្ភោ បុរិស បមាទវតាយ ។ល។ បដិសំវេទស្សសីតិ ម្នាល​បុរស​ដ៏​ចម្រើន ព្រោះ​តែ​សេចក្ដី​ប្រមាទ បាន​ជា​អ្នក​ឯង​មិន​បាន​ធ្វើ​អំពើ​ល្អ ដោយ​កាយ ដោយវាចា ដោយ​ចិត្ត។ អើ​បុរស បើ​អ្នក​ឯង​មាន​សេចក្ដី​ប្រមាទ​យ៉ាង​ណា ពួក​និរយបាល​នឹង​ធ្វើ (ទារុណកម្ម​ដល់​អ្នក​ឯង) យ៉ាង​នោះ ព្រោះ​បាប​កម្ម​របស់​អ្នក​ឯង​នោះ មិន​មែន​មាតា​ធ្វើ​ឲ្យ​ទេ មិន​មែន​បិតា​ធ្វើ​ឲ្យ​ទេ មិន​មែន​បងប្អូន​ប្រុស​ធ្វើ​ឲ្យ​ទេ មិន​មែន​បងប្អូនស្រី​ធ្វើ​ឲ្យ​ទេ មិន​មែនពួក​មិត្តអាមាត្យ​ធ្វើ​ឲ្យ​ទេ មិនមែន​ពួក​ញាតិ​សាលោហិត​ធ្វើ​ឲ្យ​ទេ​ មិន​មែន​ពួក​សមណព្រាហ្ម​ធ្វើ​ឲ្យ​ទេ មិន​មែន​ទេវតា​ទាំង​ឡាយ​ធ្វើ​ឲ្យ​ទេ ឯ​បាប​កម្ម​នុះ គឺ​អ្នក​ឯង​ធ្វើ​ខ្លួន​ឯង អ្នក​ឯង​នឹង​ត្រូវ​ទទួល​នូវ​វិបាក​នៃ​កម្ម​នោះ​វិញ។
 
ទេវទូតទី ២

កាល​បើ​បុរសនោះ ឆ្លើយ​ថា​ខ្លួន​ឯង​មិន​បាន​ស្គាល់​នូវ​ទេវទូត​ទី១ ព្រោះ​ហេតុ​តែ​ខ្លួន​ជា​មនុស្ស​ប្រមាទ​ដូច្នេះ​ហើយ ស្ដេច​យមរាជ​ក៏​តាំង​សួរ​ដេញ​ដោល សួរ​ឈ្លេច​ឈ្លី​នូវ​ទេវទូត​ទី ២ ទៀត​ថា
យមរាជ = អម្ភោ បរិស ន ត្វំ អទ្ទស មនុស្សេសុ ទុតិយំ ទេវទូតំ បាតុភូតន្តិ ម្នាល​បុរស​ដ៏ចម្រើន​អ្នក​ឯង​មិន​បាន​ឃើញ​នូវ​ទេវទូត​ទី​២ ដែល​កើត​ប្រាកដ​ក្នុង​មនុស្ស​លោក​ទេ​ឬ?
បុរស = នាទ្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​បាន​ឃើញ​ទេ។
យមរាជ = អម្ភោ បុរិស ។ល។ តិលកាហតគត្តន្តិ នែ​បុរស​ដ៏​ចម្រើន ចុះអ្នក​ឯង​មិន​បាន​ឃើញ​ស្ត្រី ឬ​បុរស មាន​អាយុ ៨០ឆ្នាំ ៩០ឆ្នាំ ១០០ឆ្នាំ ដែល​ចាស់​គ្រាំគ្រាមាន​ឆ្អឹង​ជំនី​កោង​ដូច​ជា​បង្កង់​ផ្ទះ មាន​កាយ​កោង​កាន់​ឈើ​ច្រត់​ដើរ​ទៅ​ញ័រ​រន្ធត់​ក្ដៅ​អន្ទះសារ មាន​ធ្មេញ​បាក់ មាន​សក់​ស្កូវ មាន​ក្បាល​ឆក មាន​ក្បាល​ទំពែក មាន​ស្បែក​ជ្រីវជ្រួញ មានខ្លួនសៅហ្មង​ដោយ​ប្រជ្រុយ ក្នុង​មនុស្ស​លោក​ទេឬ?
បុរស = អទ្ទសំ ភន្តេតិ សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​បាន​ឃើញ។
យមរាជ អម្ភោ បរិស ។ល។ មនសាតិ ម្នាល​បុរស​ដ៏​ចម្រើន ចាប់​តាំង​ពី​អ្នក​ឯង​ធំដឹង​ក្ដី​រហូត​ដល់​ចាស់ តើ​អ្នក​ធ្លាប់​មាន​គំនិត​ថា អាត្មា​អញ​មាន​សេចក្ដី​ចាស់​គ្រាំគ្រា​ជា​ធម្មតា មិនអាច​គេជវេះ​អំពី​សេចក្ដី​ចាស់​គ្រាំគ្រា​ទៅ​បាន​ឡើយ បើ​ដូច្នេះ (មុន​ពេល​ដែល​អាត្មាអញ ក្លាយ​ទៅ​ជា​មនុស្ស​ចាស់​ជរា) អាត្មា​អញ​គួរ​តែ​ធ្វើ​អំពើ​ល្អ ដោយ​កាយ ដោយវាចា និង​ដោយ​ចិត្ត (ឲ្យ​បាន​ច្រើន) ដូច្នេះ​ដែរ​ឬ?
បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​អាច (នឹង​គិត​ឃើញ​ទេ) សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​ប្រមាទ។
យមរាជ = អម្ភោ បុរិស បមាទវតាយ ។ល។ បដិសំវេទិស្សសីតិ ម្នាល​បុរស​ដ៏​ចម្រើន ព្រោះ​តែ​សេចក្ដី​ប្រមាទ បាន​ជា​អ្នក​ឯង​មិន​បាន​ធ្វើ​អំពើ​ល្អ ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត។ អើ​ បុរស បើ​អ្នក​ឯង​មាន​សេចក្ដី​ប្រមាទ (ហើយ​ធ្វើ​នូវ​អំពើ​បាបកម្ម) យ៉ាង​នោះ​វិញ ត្បិត​បាប​កម្ម​របស់​អ្នក​នោះ មិន​មែន​មាតា ធ្វើ​ឲ្យ​ទេ ។ល។ មិនមែន​ទេវតា​ទាំង​ឡាយ​ធ្វើ​ឲ្យ​ទេ ឯ​បាប​កម្ម​នុះ​គឺ​អ្នក​ឯង​បាន​ធ្វើ​ដោយ​ខ្លួន​ឯង អ្នក​ឯង​នឹង​ត្រូវ​ទទួល​នូវ​វិបាក​នៃ​បាប​កម្ម​នោះ​វិញ។
 
ទេវទូតទី ៣

ស្ដេច​យមរាជ​ក៏​បន្ត​សួរ​ដេញ​ដោល សួរ​ឈ្លេច​ឈ្លី​នូវ​ទេវទូត​ទី ៣ បន្ត​ទៀត
យមរាជ = អម្ភោ បុរិស ន ត្វំ អន្ទស មនុស្សេសុ តតិយំ ទេវទូតំ បាតុភូតន្តិ ម្នាល​បុរស​ដ៏ចម្រើន អ្នក​ឯង​មិន​បាន​ឃើញ​នូវ​ទេវទូត​ទី ៣ ដែល​កើត​ប្រាកដ​ក្នុង​មនុស្ស​លោក​ទេឬ?
បុរស = នាទ្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​បាន​ឃើញ​ទេ។
យមរាជ = អម្ភោ បុរិស ន ត្វំ ។ល។ ប វេសិយមានន្តិ នែបុរស​ដ៏​ចម្រើន អ្នក​ឯង​មិន​ធ្លាប់​បាន​ឃើញស្ត្រី ឬ​បុរស​ដេល​មាន​ជម្ងឺ​ដល់​នូវ​សេចក្ដី​លំបាក កំពុង​ដេក​ត្រាំ​ក្នុង​ទឹក​មូត្រ​លាមក​របស់​ខ្លួន(មាន​ការ​លំបាក់​យ៉ាកយ៉ាប់​ដោយ​ជម្ងឺ​ទាំង​ឡាយ​ដូច​ជា​គ្រុនក្ដៅ គ្រុនចាញ់ រោគថ្លើម រោគខ្យល់ រោគធ្លាក់ឈាម​ជាដើម ដេកថ្ងូររហ៊ឹះ) លុះតែ​មាន​ពួក​ជន​ដទៃ​ជួយ​គ្រាហ៍ ទើប​ក្រោក​ឡើង​រួច ក្នុង​មនុស្ស​លោក​ដែរ​ឬ?
បុរស = អទ្ទសំ ភន្តេតិ សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ធ្លាប់​បាន​ឃើញ។
យមរាជ = អម្ភោ បុរិស តស្ស ។ល។ មនសាតិ ម្នាល​បុរស​ដ៏ចម្រើន តាំង​តែ​ពី​អ្នក​ធំដឹង​ក្ដី​រហូត​ដល់​ចាស់ តើ​ធ្លាប់​មាន​គំនិតថា អាត្មា​អញ​នេះ​មាន​ជម្ងឺ​ជា​ធម្មតា​មិន​អាច​បង់​នូវ​ជម្ងឺ​ទៅ​បាន​ឡើយ បើ​ដូច្នេះ (មុន​ពេល​ដែល​រោគ​ទាំង​ឡាយ​ចូល​មក​យាយឺ​រុករាន​រូប​កាយ​របស់​អាត្មា​អញ) គួរ​ណាស់​តែ​អាត្មា​អញ​ធ្វើ​នូវ​អំពើ​ល្អ​ ដោយ​កាយ​ ដោយ​វាចា ដោយ​ចិត្ត ដូច្នេះ​ដែរ​ឬ​ទេ?
បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​អាច (ដឹង​គិត​ឃើញ) ទេ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ជា​មនុស្សប្រមាទ។
យមរាជ = អម្ភោ បុរិស បមាទ វតាយ ។ល។ បដិសំវេទិស្សសីតិ ម្នាល​បុរស​ដ៏​ចម្រើន ព្រោះ​តែ​សេចក្ដី​ប្រមាទ​បាន​ជា​អ្នក​ឯង មិន​បាន​ធ្វើអំពើ​ល្អ ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត។ អើ​បុរស បើ​អ្នក​ឯង​មាន​សេចក្ដី​ប្រមាទ(ប្រព្រឹត្តិ​ធ្វើ​នូវ​បាបកម្ម) យ៉ាង​ណា នាយនិរយបាល​នឹង​ធ្វើ (នូវ​ទោស​ដល់​អ្នក) យ៉ាង​នោះ​វិញ ត្បិត​ថា​បាបកម្ម​របស់​អ្នក​ឯង​នោះ​មិនមែន​មាតាធ្វើ​ឲ្យ​ទេ មិនមែន​បិតា​ធ្វើ​ឲ្យ​ទេ ។ល។ មិនមែន​ទេវតា​ទាំង​ឡាយ​ធ្វើ​ឲ្យ​ទេ បាប​កម្ម​នុះ​គឺ​អ្នក​ឯង បាន​ប្រព្រឹត្តិ​ធ្វើ​ដោយ​ខ្លួន​ឯង អ្នក​ឯង​នឹង​ត្រូវ​ទទួល​នូវ​វិបាក​នៃ​បាប​កម្ម​នេះ​វិញ។
 
ទេវទូត​ទី ៤

បន្ទាប់​មក​ស្ដេច​យមរាជ​ក៏​បន្ត​សួរ ឈ្លេច​ឈ្លី​នូវ​ទេវទូត ទី ៤ ជា​បន្ត​ទៀត​ថា
យមរាជ = អម្ភោ បុរិស ន ត្វំ អន្ទសំ មនុស្សស្សេសុ ចតុត្ថំ ទេវទូតំ បាតុភូតន្តិ តែ​បុរស​ដ៏​ចម្រើន តើ​អ្នកឯងធ្លាប់​បាន​ឃើញ​ទេវទូត​ទី ៤ ដែល​ប្រាកដ​ក្នុង​មនុស្ស​លោក​ទេឬ?
បុរស = នាទ្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គ​មិន​បាន​ឃើញ​ទេ។
យមរាជ = អម្ភោ បុរិស ន ត្វំ ។ល។ ឆិន្ទន្តេតិ ម្នាល​បុរស​ដ៏​ចម្រើន ចុះ​អ្នក​ឯង​ធ្លាប់​បាន​ឃើញនូវ​​ព្រះរាជា​ទាំង​ឡាយ កាល​ចាប់​ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់​បាន​ហើយ តែង​ត្រាស់​បង្គាប់​ឲ្យ​គេ​ធ្វើ​ទោស​ទាំង​ឡាយ​ច្រើន​ប្រការ​ដល់​ចោរ​នោះ ដូចជា​ឲ្យ​គេ​វាយ​ដំច្រំ​ធាក់ ឲ្យ​កាត់​ដៃ កាត់​ជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ ដាក់គុក ដាក់ច្រវាក់ ។ល។ រហូត​ដល់​សម្លាប់​ដោយ​ការព្យួរក ឬ​កាត់​ក​ជាដើម ដូច្នេះ​ដែរឬទេ?
បុរស = អន្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តា​ប្រោស​ ខ្ញុំ​ព្រះអង្គ​ធ្លាប់​បាន​ឃើញ។
យមរាជ = អម្ភោ បុរិស តស្ស ។ល។ មនសាតិ នែបុរស​ដ៏ចម្រើន ការ​ប្រព្រឹត្ត​នូវ​អំពើ​លាមក អំពើ​បាប​ អំពើ​អកុសល សូម្បី​តែក្នុង​បច្ចុប្បន្ន​នេះ ក៏​ត្រូវ​គេ​ធ្វើ​ទោស ដាក់​ទារុណ​កម្ម​យ៉ាងនេះ​ទៅ​ហើយ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​ទុក្ខ​ទោស​នៅ​ក្នុង​បរលោក​បើ​ដូច្នេះ​គួរ​ណាស់​តែ​អាត្មា​អញ​ប្រញាប់​ប្រញាល់​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​ការ ដោយវាចា ដោយ​ចិត្ត ដូច្នេះ​ដែរ​ឬ​ទេ?
បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​អាច (ដឹង​គិត​ឃើញ) ទេ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ជា​មនុស្សប្រមាទ។
យមរាជ = អម្ភោ បុរិស បមាទ វតាយ ។ល។ បដិសំវេទិស្សសីតិ ម្នាល​បុរស​ដ៏​ចម្រើន ព្រោះ​តែ​សេចក្ដី​ប្រមាទ​បាន​ជា​អ្នក​ឯង មិន​បាន​ធ្វើអំពើ​ល្អ ដោយ​កាយ ដោយ​វាចា ដោយ​ចិត្ត។ អើ​បុរស បើ​អ្នក​ឯង​មាន​សេចក្ដី​ប្រមាទ(ប្រព្រឹត្តិ​ធ្វើ​នូវ​បាបកម្ម) យ៉ាង​ណា នាយនិរយបាល​នឹង​ធ្វើ (នូវ​ទោស​ដល់​អ្នក) យ៉ាង​នោះ​វិញ ត្បិត​ថា​បាបកម្ម​របស់​អ្នក​ឯង​នោះ​មិនមែន​មាតាធ្វើ​ឲ្យ​ទេ មិនមែន​បិតា​ធ្វើ​ឲ្យ​ទេ ។ល។ មិនមែន​ទេវតា​ទាំង​ឡាយ​ធ្វើ​ឲ្យ​ទេ បាប​កម្ម​នុះ​គឺ​អ្នក​ឯង បាន​ប្រព្រឹត្តិ​ធ្វើ​ដោយ​ខ្លួន​ឯង អ្នក​ឯង​នឹង​ត្រូវ​ទទួល​នូវ​វិបាក​នៃ​បាប​កម្ម​នេះ​វិញ។
 
ទេវទូត​ទី ៥

បុរស​នោះ​ បើ​ទោះ​បី​ជា​ស្ដេច​យមរាជ​សួរ​ដេញ​ដោល​ទាំង​ពី​ទេវទូត​ទី ១ រហូត​ដល់​ទេវទូត​ទី ៤ ក៏​នៅ​តែ​មិន​ជា​អ្នក​មិន​មាន​ស្មារតី​ដដែល ព្រោះ​ភាវៈ​នៃ​ខ្លួន​ជា​មនុស្ស​ធ្លាប់​មាន​សេចក្ដី​ប្រមាទ​ប្រកប​ដោយ​មច្ឆា​ទិដ្ឋិ មិន​ជឿ​បុណ្យ​បាប មិន​ដឹង​គុណទោស​ស្ដេច​យមរាជ​ក៏​ចាប់​ផ្ដើម​ សួរ​ទេវទូត​ ទី ៥ ជា​លើក​ចុង​ក្រោយ

យមរាជ = អម្ភោ បុរិស ន ត្វំ អន្ទសំ មនុស្សេសុ បញ្ចមំ ទេវទូតំ បាតុភូតន្តិ ម្នាល​បុរស​ដ៏ចម្រើន អ្នក​ឯង​មិនធ្លាប់​ឃើញ​នូវ​ទេវទូត​ទី ៥ ដែល​កើត​ប្រាកដ​ក្នុង​មនុស្ស​លោក​ទេ​ឬ?
បុរស = នាទ្ទសំ ភន្តេតិ សូម​ទ្រង់​ព្រះមេត្តា​ប្រោស​ ខ្ញុំ​ព្រះអង្គ​មិន​ធ្លាប់​ឃើញ​ទេ។
យមរាជ = អម្ភោ បុរិស ន ត្វំ ។ល។ វិបុព្វកជាតន្តិ នែបុរស​ដ៏កំសត់ បើ​អ្នក​ឯង​មិន​ធ្លាប់​បាន​ឃើញ​ស្ត្រី ឬ​បុរសដែល​ស្លាប់​អស់​មួយថ្ងៃ ឬស្លាប់​អស់​ពីរ​ថ្ងៃ ឬ​ស្លាប់​អស់បី​ថ្ងៃ កំពុង​ហើម ប៉ោង មាន​សម្បុរខៀវ ច្រើន​មាន​ខ្ទុះ​ឈាម​ហូរ​ចេញ​តាម​ទ្វារងផ្សេងៗ​ឬ​ទេ?
បុរស = អន្ទសំ ភន្តេតិ = សូម​ទ្រង់​ព្រះមេត្តា​ប្រោស​ ខ្ញុំ​ព្រះអង្គ​ធ្លាប់​បាន​ឃើញ។
យមរាជ = អម្ភោ បុរិស តស្ស ។ល។ មន_សាតិ ម្នាល​បុរស​ដ៏ចម្រើន ចាប់​តាំង​ពីកាល​ដែល​អ្នក​ឯង​ធំដឹង​ក្ដី​រហូត​ដល់​ចាស់ តើ​ធ្លាប់​មាន​គំនិត​ថា (ទី​បំផុត​អាត្មា​អញ​នឹង​ក្លាយ​ទៅ​ជា​សាកសព​មាន​សភាព​ហើម​ប៉ោង មាន​ខ្ទុះ​នឹង​ឈាម​ហូរ​ចេញ​តាម​ទ្វា​រទាំង​ឡាយ ដូច​ជា​សាកសព​ដែល​កំពុង​ប្រាកដ​ក្នុង​ទី​ចំពោះ​មុខរបស់​អាត្មា​អញ​នេះ ដូច្នេះ​ដែរ​មិន​ខាន) អាត្មា​អញ​មាន​សេចក្ដីស្លាប់​ជាធម្មតា មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ឡើយ បើដូច្នេះ មុន​ពេល​សេចក្ដី​ស្លាប់​មក​ដល់​អាត្មាអញ​ត្រូវ​ធ្វើ​អំពើល្អ ជា​បុណ្យ​កុសល​ដោយ​កាយ ដោយវាចា ដោយ​ចិត្ត ដូច្នេះ​ដែរឬទេ?
បុរស = នាសក្ខិស្សំ ភន្តេ បមាទស្សំ ភន្តេតិ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​មិន​អាច (ដឹង​គិត​ឃើញ) ទេ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ជា​មនុស្សប្រមាទ។
យមរាជ = អម្ភោ បុរិស បមាទវតាយ ។ល។ បដិ_សំវេទិស្សសីតិ ម្នាល​បុរស ព្រោះ​តែ​សេចក្ដី​ប្រមាទ (មិនស្គាល់​នូវ​ទេវទូត​ទាំង​ឡាយ​នោះ​ហើយ) បាន​ជា​អ្នក​ឯង​មិន​បាន​ធ្វើ​នូវ​អំពើ​ល្អ ដោយ​កាយ ដោយវាចា ដោយចិត្ត។ អើ​បុរស បើ​អ្នក​ឯង​មាន​សេចក្ដី​ប្រមាទ​យ៉ាង​ណា ពួក​នាយនិរយបាល​និង​ធ្វើ​ទោស​ដល់​អ្នក​ឯង​យ៉ាង​នោះ​វិញ ត្បិត​ថា​បាបកម្ម​របស់​អ្នក​ឯង​នោះ មិន​មែន​មាតាធ្វើ​ឲ្យ​ទេ មិនមែន​បិតា​ធ្វើ​ឲ្យ​ទេ។ល។ មិនមែនទេវតា​ទាំង​ឡាយ​ធ្វើ​ឲ្យ​ទេ ឯ​បាប​កម្ម​នោះ គឺ​អ្នក​ឯង​ថ្វើ​ដោយ​ខ្លួន​ឯង អ្នក​ឯង​នឹង​ត្រូវ​ទទួល​នូវ​វិបាក​នៃ​បាបកម្ម​នៃ​ដោយ​ខ្លួន​ឯង។

បពិត្រ​ព្រះ​មាល័យដ៏ចម្រើន សូម​ព្រះគុណម្ចាស់​ស្ដាប់​មើលចុះ សូម្បី​តែ​ញោមសាក​សួរ​ដេញ​ដោល សួរ​ឈ្លេច​ឈ្លីនូវ​ទេវទូត​ជា​គម្រប់​៥​យ៉ាង​នេះ​ហើយ សត្វ​ទាំង​នោះ​នៅ​តែ​រក​គិត​ដល់បុណ្យ​កុសល​មិន​ឃើញ​ដដែល ដូច​ដែល​ព្រះ​គុណម្ចាស់​ទ្រង់ជ្រាប​ស្រាប់​ហើយ ធម្មតា​គ្រូក្ដី មាតាបិតាក្ដី តែង​ហាម​ប្រាម​កូន​ចៅ​របស់​ខ្លួន​មិន​ឲ្យ​ប្រព្រឹត្ត​ខុស​ទុក​ជា​ញយៗ លុះ​កូន​នោះ​ប្រព្រឹត្ត​កន្លង​នូវ​ដំបូន្មានរបស់​ខ្លួន គ្រូឬ​មាតាបិតា​តែង​ចាប់​កំហុស ហើយ​ធ្វើ​ទោសដាក់​ទណ្ឌ​កម្ម មាន​ការវាយ​និងជេរ​ជាដើម ក៏​ព្រោះ​តែ​សេចក្ដី​អាណិត​ស្រឡាញ់​កូន ចង់​ឲ្យ​កូន​នោះ​ល្អ យ៉ាង​ណា​មិញ​ញោម​ក៏​មាន​មេត្តា​សត្វ​នរក​នោះ​ដូច្នោះ​ដែរ បាន​សួរ​នូវ​ទេវទូត​៥​ដង បញ្ជាក់​ជា​មុន​ញយៗ ឲ្យ​មាន​ស្មារតី​ភ្ញាក់​រលឹក​ឡើង បើ​សិន​ជា​សត្វ​ណា​ឆ្លើយ​រួច​នូវ ខ ណាមួយ ក៏​ទុក​ជា​បាន​ការ នឹង​ឲ្យ​រួចទោស។ ដល់​សួរ​ទៅ​ថា មិន​ដឹង​មិនយល់​គ្រប់​តែ​ទាំង​អស់ដូច្នេះ​ឃើញ​ថា​សត្វ​នេះ​ប្រមាទ​ហើយស្រវឹង​ពេញ​ទី​ចំពោះ​មុខ​ទុក្ខ​ទាំង ៥ ប្រការ មិន​សម​នឹង​ឲ្យ​បាន​ឋាន​ខ្ពស់​នៅ​ទេ ព្រោះ​ហេតុដូច្នោះ​ឯង​បាន​ជា​ញោម​បង្គាប់​ឲ្យ​នាយ​និរយបាល នាំ​យក​ទៅ​ទំលាក់​ក្នុង​រណ្ដៅ​នរក​តាម​ផល​កម្ម​ទៅ។

បើម្លឹងៗ​ តើ​ព្រះមាល័យ​យល់​ដូចម្ដេច​ដែរ? តើ​ឲ្យ​ញោម​ធ្វើ​ដូច​ម្ដេច​ទៀត?
ព្រះមាល័យ​បាន​សន្ទនា​ផ្ទាល់ជា​មួយ​ស្ដេច​យមរាជ អស់​រយៈ​ពេល​យ៉ាង​យូរ ក៏​ឃើញ​ថា ស្ដេច​យមរាជ​មានអធ្យាស្រ័យ​អនុគ្រោះ​ដល់​សត្វ​នរក​ល្អ​ដែរ ទើប​ថ្វាយ​ព្រះពរ​ថា សាធុ! សាធុ! ហើយ​ព្រះមាល័យ​លាស្ដេច​យមរាជ ត្រឡប់​មក​កាន់​ឋាន​មនុស្ស​វិញ ហើយ​ព្រះមាល័យ​បាន​និមន្ត​ទៅ​ប្រាប់​ញាតិ​មិត្ត​របស់​សត្វ​នរក​គ្រប់​ច្រកល្ហក​តាម​បណ្ដាំ​របស់​សត្វ​នរក។

ពួក​ប្រជាជន​បាន​ឮ​ហើយ មាន​ចិត្ត​ភ័យ​ខ្លាច​ចំពោះ​ទុក្ខ​ទោស​ក្នុង​នរក​ជា​ខ្លាំង ហើយ​ក៏​បាន​នាំ​គ្នា​ទំលាក់​ចោល​នូវ​បាប​គ្រប់​បែប​យ៉ាង និង​នាំ​គ្នា​ធ្វើ​បុណ្យ​ឲ្យ​ទាន​រក្សា​សីល ចម្រើន​ភាវនា​ប្រមូល​ផ្គុំ​ប្រជុំ​កុសល ឧទ្ទិសមគ្គផល​ទៅ​ដល់​នរក​ប្រេត​ជា​ញាតិ​របស់​ខ្លួន នៅ​ចំពោះ​ព្រះភ័ក្រ​ព្រះមាល័យ។ ពួសត្វ​នរក​ប្រេត​ខ្លះ​ដែល​មាន​បាប​កម្ម​ស្រាលៗ ក៏​បាន​ទទួល​នូវ​ការ​អនមោទនា​បុណ្យ​កុសល ហើយ​បាន​រួច​របូត​ចាក​ស្ថាន​នរក​ប្រេត​ទៅទី​ស្ថាន​សុខ​ក្សេមក្សាន្ត​ទៅ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ២៨,១២៣ ដង)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៦,៨៥១ ដង)
មោនេយ្យបដិបទា ឬនាលកបដិបទា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.7
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿