អានអត្ថបទ
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ២,៨៣៧ ដង)
គុណអ្នកស្ដាប់សុភាសិតជាសាធារណៈ

|
សេចក្ដីថា កិរិយាស្ដាប់ធម៌ទេសនាទាំងអស់ក្ដី ស្ដាប់ចម្រៀងដែលប្រកបដោយធម៌ក្ដី ក៏រាប់ថា ស្ដាប់សុភាសិតទាំងអស់នោះ សមដូចមាននិទានថា កាលព្រះសម្ពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានហើយ មានភិក្ខុ៦០រូបក្នុងសីហលទ្វីប ជាអ្នករៀនវិបស្សនា បានឮចម្រៀងមនុស្សស្រីម្នាក់អ្នករក្សាស្រែក្នុងស្រុកលង្កា ច្រៀងប្រកបដោយសំវេជ្ជនីយធម៌៤ម៉ាត់គឺ កើត ចាស់ ឈឺ ស្លាប់ ភិក្ខុទាំងនោះកាន់យកមកពិចារណាជាអារម្មណ៍ ក៏លុះព្រះអរហត្តផលក្នុងពេលនោះ ។
![]() មានភិក្ខុមួយរូបទៀត ឈ្មោះតិស្សៈ ជាអ្នករៀនវិបស្សនាដែរ បានឮចម្រៀងមនុស្សស្រីម្នាក់ ចុះកាច់ផ្កាឈូកក្នុងស្រះច្រៀងដោយទំនុកថាផ្កាឈូកអើយរីកស្រស់តែពេលព្រឹក ល្គឹកបើពេលល្ងាចស្វិតស្រពោនវិញ ដោយកំដៅព្រះអាទិត្យមានឧបមាយ៉ាងណា មនុស្សសត្វទាំងឡាយអើយ តែងស្វិតស្រពោនជ្រួញជ្រីវទន់ទោរទៅដោយកម្លាំងជរាញាំញីគ្របសង្កត់ ក៏មានឧបមេយ្យដូចផ្កាឈូកនោះដែរ ។ តិស្សភិក្ខុកាន់យកមកពិចារណាជាអារម្មណ៍ ក៏បានលុះព្រះអរហត្តផលក្នុងពេលនោះ ។ មានរឿងមួយទៀតថា កាលក្នុងចន្លោះពុទ្ធកាលមានបុរសម្នាក់នាំកូនប្រុសរបស់ខ្លួន៧នាក់ដើរមកពីព្រៃ លុះដើរមកដល់ស្រុកបានឮចម្រៀងមនុស្សស្រីម្នាក់កំពុងស្រិតអង្ករច្រៀងដោយទំនុកថា សរីរាងកាយយើងនេះ គឺអំណាចជរាញាំញីឱ្យស្វិតស្រពោនជ្រួញជ្រីវទៅ ពណ៌សម្បុរស្បែកដែលអាស្រ័យសរីរាងកាយ យើងនេះសោត ក៏បែកធ្លាយទៅដោយកម្លាំងមរណៈ សរីរាងកាយយើងនេះ តែច្រឡំដោយគ្រឿងចង្អៀតចង្អល់នៃម្រឹត្យុគឺសេចក្ដីស្លាប់ ជាសម្បុកនៃហ្វូងដង្កូវជាកន្លែងសម្រាប់ដាក់របស់ស្មោកគ្រោកផ្សេងៗ ជាភាជន៍សម្រាប់តម្កល់របស់មិនស្អាត សរីរាងកាយនេះប្រហែលដោយកំណាត់ឈើ ។ បុរសជាបិតាព្រមនិងកូនទាំង៧នាក់ បានកាន់យកមកពិចារណាជាអារម្មណ៍ ក៏បានសម្រេចពោធិញ្ញាណជាព្រះបច្ចេកពុទ្ធទាំងអស់គ្នាគ្រានោះឯង ។ និទានទាំងបីរឿងដែលនាំមកនេះ អ្នកប្រាជ្ញរាប់ថា ចម្រៀងនោះជាសុភាសិតាវាចាដោយពិត ។ គុណអ្នកស្ដាប់សុភាសិតសាធារណចប់ ។ ដោយ៥០០០ឆ្នាំ |