អានអត្ថបទ
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,៤៣៥ ដង)
សីលសម្បទា

|
សីលសម្បទា
ដល់ព្រមដោយការរក្សាសីល។ ពាក្យថា " សីល " បានដល់វិធីសម្រាប់សិក្សាហាត់ទូន្មាននូវកាយនិងវាចា ឲ្យមានរបៀបរៀបរយល្អ ឬថា ជាធម៌ប្រតិបត្តិដើម្បីការពារនូវទោសមិនឲ្យកើតឡើងតាមផ្លូវកាយ និងផ្លូវវាចា។ សីល ដែលចាត់ចូលក្នុងសីលសម្បទា នេះសំដៅយកនិច្ចសីលដែលមានសិក្ខាបទ ៥ គឺ ក- មិនសម្លាប់សត្វ ការមិនសម្លាប់សត្វគឺជាការអនុគ្រោះដល់សត្វលោកទាំងអស់ ឲ្យបានរស់នៅរហូតដល់អាយុកាល ដោយមិនមានការភ័យខ្លាចតក់ស្លុត។ សត្វលោកទាំងអស់ មានអធ្យាស្រ័យមិនដូចគ្នាទេ តែដូចគ្នាមួយចំណុច គឺត្រង់ដែលចង់បានសេចក្ដីសុខហើយភ័យខ្លាចសេចក្ដីទុក្ខ។ កាលបានពិចារណាយ៉ាងនេះរឿយៗហើយ ប្រាជ្ញាស្មារតីក៏កើតឡើងយល់ច្បាស់ថា ការសម្លាប់សត្វជាអំពើគួរឲ្យរង្កៀសយ៉ាងក្រៃលែងមិនគួរប្រព្រឹត្តទាល់តែសោះ ព្រោះសត្វលោកទាំងអស់សុទ្ធតែចង់រស់នៅសុខសាន្តដូចជាយើងអ៊ីចឹងដែរ។
ការសម្លាប់ចាប់ចងទាំងអស់ គឺកើតឡើងអំពីបុគ្គលដែលអត់សីលទី១នេះឯង ដូច្នេះគួរបានពិចារណានូវគុណរបស់អ្នកមានសីល ដែលអ្នកមានសីលទាំងអស់ សូម្បីច្រើនគ្នាយ៉ាងណាក៏ដោយ ក៏មិនដែលបៀតបៀនសត្វលោកណាមួយ ឲ្យដល់នូវសេចក្ដីទុក្ខឡើយ ហើយមិនត្រឹមតែមិនសម្លាប់មិនបៀតបៀនប៉ុណ្ណោះទេ ថែមទាំងមានមេត្តាករុណាដល់សត្វលោកទៀតផង ទើបបានជាការបូជាដល់អ្នកមានសីលរមែងមានផលច្រើន នេះនិយាយចំពោះអ្នកមានសីលពិតប្រាកដ មិនមែនគ្រាន់តែយកផ្លាកសីលមកពាក់ដោយមិនប្រតិបត្តិតាមនោះទេ។ ការមិនសម្លាប់សត្វ គឺជាការអនុគ្រោះខ្លួនឯងផង អនុគ្រោះសត្វដទៃផងឲ្យមានសេចក្ដីសុខតាំងសងខាង និងជាការដាំពូជសេចក្ដីសុខនិងពូជអាយុវែងតទៅជាតិខាងមុខផង។ ភ័យតែងកើតមានអំពីអ្នកអត់សីល។ ខ- មិនលួចទ្រព្យអ្នកដទៃ អ្នកដែលលួចទ្រព្យគេមានឈ្មោះថា " ចោរ " មកពីមានចោរហ្នឹងហើយទើបមានប៉ូលីស ប្រទេសជាតិត្រូវចំនាយលុយមិនស្ទើរទេដើម្បីបង្កើតប៉ូលីស ដូច្នេះអ្នកធ្វើចោរឈ្មោះថា បំផ្លាញខ្លួនឯងផង បំផ្លាញអ្នកដទៃផង និងជារោគនៃសង្គមទាំងមូលផង។ ការលួចទ្រព្យគេ បើទុកជាប៉ូលីសចាប់មិនបានក៏ដោយ ក៏ត្រូវខ្លួនឯងចាប់បានដែរ ព្រោះគេចទៅទីណាក៏មិនអាចរត់គេចពីខ្លួនឯងបានឡើយ។ ប៉ូលីសចាប់បាន គេយកទៅដាក់មន្ទីរឃុំឃាំងមានកាលកំណត់មិនយូរប៉ុន្មានឡើយ ហើយថែមទាំងមានបាយបរិភោគទៀតផង តែបើខ្លួនឯងចាប់ខ្លួនឯងបានហើយ គឺរមែងតែងតែបោះខ្លួនឯងចូលទៅក្នុងអបាយភូមិមាននរកជាដើម មានសេចក្ដីទុក្ខជាអនេកព្រោះចោរកម្មដែលធ្លាប់ធ្វើហើយ បានចូលមកកាត់ក្ដីឲ្យនៅពេលទៀបនឹងស្លាប់។ ការមិនលួចទ្រព្យអ្នកដទៃ គឺជាការអនុញ្ញាតឲ្យអ្នកដទៃរីករាយនឹងទ្រព្យរបស់គេ ដូចគ្នានឹងការដែលយើងស្រឡាញ់ទ្រព្យរបស់យើងដែរ ហើយជាការសន្សំពូជមានបាន និងពូជគង់វង្សទ្រព្យសម្បត្តិទៅជាងខាងមុខទៀត។ អ្នកមានសិលមិនធ្វើចោរទេ មានតែអ្នកអត់សីល ឬថាអ្នកដែលពាក់ផ្លាកសីលក្លែងក្លាយប៉ុណ្ណោះដែលហ៊ានធ្វើអំពើបែបនេះ។ គ- មិនប្រព្រឹត្តខុសក្នុងកាម ការមិនប្រព្រឹត្តអនាចារក្នុងរឿងកាមគុណ គឺការមិនប្រព្រឹត្តខុសសីលធម៌លើកូនប្រពន្ធអ្នកដទៃ និងមិនព្រឹត្តក្បត់ចិត្តភរិយាឬស្វាមីរបស់ខ្លួន។ សត្វតិរច្ឆានដោយច្រើន មិនមានធម្មសញ្ញាគឺការពិចារណារឿងខុសត្រូវទេ តែកាមសញ្ញារបស់សត្វទាំងអស់នោះ អាចថាកាលមានរដូវច្បាស់លាស់គ្រាន់បើដែរ ចំណែកភាពជាមនុស្សបើមិនកាន់សីលទី៣នេះទេ ពិតជាលំបាកនឹងប្រៀបផ្ទឹមជាមួយនឹងសត្វតិរច្ឆានដោយពិត។ ក្នុងពិភពលោក គេចំនាយលុយមិនតិចទេដើម្បីព្យាបាលជំងឺកាមរោគ ជាពិសេសគឺជំងឺសម័យថ្មីដែលហៅថា " អេដស៍ "។ អ្នកដែលប្រព្រឹត្តខុស ក្នុងសិក្ខាបទទី៣នេះគឺជាភ្នាក់ងារចម្លងមេរោគអេដស៍យ៉ាងគួរឲ្យខ្លាច។ មនុស្សយើងគួរតែហ្វឹកហាត់ចិត្ត ឲ្យមានសេចក្ដីសន្ដោសក្នុងរឿងកាមគុណ គឺឲ្យចេះត្រេកអរតែនឹងប្ដីប្រពន្ធរបស់ខ្លួនប៉ុណ្ណោះ ដោយមិនបណ្ដែតបណ្ដោយតាមតែចំណង់ បើមិនដូច្នោះទេ សូម្បីគេលើកពិភពលោកនេះឲ្យទាំងមូលក៏មិនគ្រប់គ្រាន់ដែរ។ ពាក្យថា " គ្រប់គ្រាន់ដោយការប្រាថ្នា " នោះមិនមានសោះឡើយ គឺប្រាថ្នាច្រើនឡើង ការខ្វះខាតក៏កាន់តែច្រើនឡើងដែរ តែ " ការមិនប្រាថ្នា " ប៉ុណ្ណោះទើបជាការគ្រប់គ្រាន់។ ការសមាទានសិក្ខាបទទី៣នេះ នាំឲ្យគ្រួសារអ្នកដទៃសុខសាន្តផង នាំឲ្យមានភាពសុខសប្បាយនិងទុកចិត្តគ្នាក្នុងរង្វង់ក្រុមគ្រួសាររបស់ខ្លួនឯងផង និងជាការដាំពូជសុខសប្បាយទៅក្នុងជាតិខាងមុខផង។ ឃ- មិននិយាយកុហក ការមិននិយាយកុហកគឺជាការឲ្យនូវភាពពិតត្រង់ដល់អ្នកដទៃ ដោយមិនឲ្យអ្នកដទៃភ័ន្តច្រឡំ ដូចគ្នានឹងការដែលយើងចង់ឲ្យអ្នកដទៃពោលពាក្យពិតត្រង់ចំពោះយើងដែរ។ ការនិយាយស្ដី អាចធ្វើឲ្យមនុស្សយើងថ្លៃថ្នូរ ឬថោកទាបបាន។ ការនិយាយពាក្យពិត ធ្វើឲ្យខ្លួនឯងជាមនុស្សមានខ្លឹម តែការពោលពាក្យកុហកវិញដូចជាដើមឈើដែលប្រហោងក្នុង។
អ្នកពោលពាក្យពិត រមែងមានអ្នកជឿស្ដាប់ទាំងក្នុងលោកនេះនិងក្នុងលោកខាងមុខ។ ង- មិនផឹកទឹកស្រវឹង ទឹកស្រវឹងគឺជាគ្រឿងខ្ទាស់ទៅនឹងសតិស្មារតី។ មនុស្សដែលបាត់បង់ស្មារតីធ្វើអ្វីៗមិនបានល្អឡើយ។ មនុស្សយើងគ្រប់គ្នាដែលកើតមក មានការខ្វះខាតនូវសតិស្មារតីស្រាប់ទៅហើយ បើផឹកទឹកស្រវឹងបន្ថែមទៀត គឺជាការបន្ថយនូវកម្លាំងស្មារតីឲ្យកាន់តែចុះខ្សោយទៅ ហើយនឹងធ្វើខ្លួនឯងឲ្យមាននូវសេចក្ដីប្រមាទកាន់តែខ្លាំងឡើង។ សេចក្ដីប្រមាទ មិនអាចនាំសត្វលោកឲ្យរួចចាកអំពីសេចក្ដីទុក្ខលំបាកបានឡើយ។ សិក្ខាបទទាំង ៥ ដែលបានរៀបរាប់មកហើយនេះ គឺជាធម៌សម្រាប់វាស់នូវគុណភាពរបស់មនុស្ស បើមិនមាននូវសីល៥នេះទេ ហៅថា "មនុស្ស" ពិតជាមិនពីរោះស្ដាប់នោះទេ។ ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ៥០០០ឆ្នាំ |