អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨២,១៣១ ដង)
កូនចាបចៀបកប្បាសដែលមិនទាន់ចេះហើរ

|
កាលពីព្រេងនាយ មានព្រះពោធិសត្វមួយអង្គទ្រង់បានយោនយកកំណើតជាកូនចាបចៀបកប្បាស ។ កូនចាបចៀបកប្បាសនោះមានជើង និងស្លាបតូច ៗ នៅឡយ, មិនទាន់ចេះដើរឬហោះហើរបាននៅឡើយទេ ។
មេបាវាទាំងពីរខិតខំប្រឹងប្រែងជាខ្លាំងដើម្បីស្វែងរកចំណីយកមកសម្បុក ដើម្បីបញ្ចុកចំណីវាតាមចំពុះ ។ នៅតំបន់ព្រៃដែលចាបចៀបកប្បាសបានយោនយកកំណើតនោះ ជាភូមិមួយក្នុងលោកយើងនេះដែលតែងតែមានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ។ នាកាលវេលាឆ្នាំនោះឯង ក៏មានភ្លើងចាប់ឆាបឆេះព្រៃម្តងទៀត ។ បក្សាបក្សីទាំងអស់ដែលមានលិទ្ធភាព ក៏បាននាំគ្នាហើរទៅឆ្ងាយចាប់តៃងតែមានផ្សែងជាដម្បូងមកម្លេះ ។ ដោយហេតុថា ភ្លើងកាន់តែឆាបឆេះមកជិតសម្បុកកូនចាបចៀបកប្បាសបន្តិចម្តង ៗ ហើយនោះ ។
មេ និងបាទាំងពីរនាំគ្នាបន្សល់ខ្លួននៅជាមួយនឹងកូន ។ នៅទីបំផុត ភ្លើងបានឆាបឆេះមកជិតមែនទែន ដែលបានធ្វើឲ្យមេបាទាំងពីរបង្ខំចិត្តហើរចាកចេញយករួចតែជីវិតខ្លួន ចោលកូនចាបសម្លាញ់ទាំងចិត្តក្តុកក្តួលជាអនេក ។ ដើមឈើទាំងអស់ ទាំងតូចទាំងធំត្រូវបានភ្លើងឆេះរលំដួល ជាមួយនឹងសម្លេងផ្ទុះរប៉េះរប៉ោះជាខ្លាំង ។ កូនចាបចៀបកប្បាសបានឃើញអ្វី ៗ ត្រូវបានភ្លើងឆេះបំផ្លាញយ៉ាងសាហាវ ដោយគ្មានអ្វីអាចគ្រប់គ្រងបានឡើយ ។ វាមិនអាចធ្វើអ្វី ដើម្បីជួយដល់ជីវិតខ្លួនបានឡើយ ។ នៅក្នុងខណៈនេះ ចិត្តកូនចាបចៀបកប្បាសមានអារម្មណ៍ពោរពេញទៅដោយសេចក្តីអស់សង្ឃឹមជាខ្លាំង ។ ប៉ុន្តែរំពេចនោះ កូនចាបចៀបបាននឹងភ្នកក្នុងចិត្តថា ៖ " មេនិងបាខ្ញុំ លោកអាណិតស្រឡាញ់ខ្ញុំខ្លាំងណាស់ ។ ដោយមិនខ្លាចនឿយហត់អ្វីទាំងអស់ លោកបានធ្វើសម្បុកមួយសម្រាប់ខ្ញុំ និងចិញ្ចឹមបំប៉នរក្សាខ្ញុំ ដោយគ្មានការលោភលន់អ្វីសោះឡើយ ។ នៅពេលភ្លើងបានឆាបឆេះជិតមកដល់ លោកទាំងពីរបាននាំគ្នាបន្សល់ខ្លួននៅជាមួយខ្ញុំ រហូតដល់នាទីចុងក្រោយបំផុត ។ បក្សាបក្សីទាំងអស់ដែលមានលទ្ធភាពអាចហោះហើរបាន គេបាននាំគ្នាហើរចេញទៅឆ្ងាយ តាំងតែពីមុនយូរណាស់មកហើយ ។ អញ្ជឹងហើយ មេត្តាធម៌របស់មេ និងបាដែលលោកមានចំពោះខ្ញុំធំធេងណាស់ ។ លោកបានបន្សល់ខ្លួននៅជាមួយខ្ញុំដោយផ្សងព្រេងនឹងគ្រោះថ្នាក់នៃជីវិតរបស់លោកទាំងពីរ ។ តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកនៅតែគ្មានសង្ឃឹមថានឹងអាចជួយយកអាសារជីវិតខ្ញុំបាន ។ ដូច្នេះហើយ ដោយសារតែលោកមិនអាចបីពរយកខ្ញុំទៅជាមួយបាន ទើបលោកដាច់ចិត្តហោះហើរចេញទៅតែខ្លួន ។ ខ្ញុំសូមអរគុណដល់លោកទាំងពីរ ចំពោះសេចក្តីស្រឡាញ់របស់លោក ដែលមានចំពោះរូបខ្ញុំ ទោះជាលោកទាំងពីរដល់ទីណាក៏ដោយ ។ ខ្ញុំសូមផ្សងដោយអស់ពីចិត្ត សូមឲ្យលោកទាំងពីរបានរួចផុតពីគ្រោះថ្នាក់ មានសុខមាលភាព និងសុភមង្គល ។ " " ឥឡូវនេះ ខ្ញុំនៅតែម្នាក់ឯងតែលតោល ។ គ្មានអ្នកណាមនាក់ដែលខ្ញុំទៅរកឲ្យជួយបានទេ ។ ខ្ញុំមានតែស្លាប តែខ្ញុំមិនអាចហើរឲ្យរួចខ្លួនបាន ។ ខ្ញុំមានជើង តែខ្ញុំមិនអាចរត់គេចចេញបាន ។
ប៉ុន្តែ ខ្ញុំនៅអាចគិតបាន ។ សល់តែចិត្តប៉ុណ្ណោះ ដែលខ្ញុំនៅប្រើបាន គឺជាចិត្តដែលបរិសុទ្ធ ។ ក្នុងជិវិតដ៏ខ្លីរបស់ខ្ញុំ សត្វលោកដែលខ្ញុំស្គាល់ មានតែមេ និងបារបស់ខ្ញុំតែប៉ុណ្ណោះ ។ ហើយចិត្តរបស់ខ្ញុំសោត ក៏ពោរពេញទៅដោយក្តីមេត្តាករុណាចំពោះលោកទាំងពីរ ។ ខ្ញុំមិនដែលបានធ្វើអំព៉ើអាក្រក់ ដល់អ្នកណាម្នាក់ឡើយ ។ ខ្ញុំមានតែសច្ចភាពនៃទារកនិរទោសតែប៉ុណ្ណោះ ។ រំពេចនោះ បាដិហារដ៏មហស្ចារ្យមួយបានកើតឡើង ។ សច្ចភាពនៃទិរទោសនេះបានរីកធំឡើង ៗ រហូតដល់បានធំជាងខ្លួនកូនចាបចៀបកប្បាស ។ ចំណេះដឹងចំពោះសច្ចធម៌នេះ មានកម្រិតខ្ពស់ហួសឆ្ងាយផុតពីជីវិតរស់នៅរបស់បុគ្គលម្នាក់ ៗ ។ ចំណេះដឹងនេះព្រះពោធិសត្វ លោកមិនត្រឹមតែយល់ដឹងតែនៅក្នុងជាតិនេះទេ គឺលោកក៏មានចំណេះដឹងនេះតាំងតែពីគ្រប់ជាតិមុន ៗ មកផងដែរ ចំណេះដឹងនេះ ហៅថា បុព្វេជាតិស្សរញ្ញាណ ប្រែថា ( ប្រាជ្ញារលឹកជាតិកំណើត ពីក្នុងអតីតកាលបាន ) ។ នរជនដែលបានយោនយកកំណើតពីជាតិមុនយ៉ាងនេះបាននាំ្យមនុស្សជាតិស្គាល់ថា ជាព្រះពុទ្ធមួយអង្គ ដែលលោកជាអ្នកបានសម្រេចសម្មាសម្ពោធិញ្ញាណ ស្គាល់សច្ចធម៌ច្បាស់លាស់ លោកជាអ្នកមានអនុភាព នៃសច្ចធម៌, ភាពបរិសុទ្ធនៃកុសលធម៌ និងគោលបំណងនៃមេត្តាធម៌ ។ ដូច្នេះហើយ ព្រះពោធិសត្វដែលជាកូនចាបចៀបកប្បាស លោកបានអធិដ្ឋានតាំងមាំក្នុងចិត្តថា ៖ " សូមឲ្យសច្ចភាពនៃនិរទោសនេះបានជួបជុំជាមួយភាពបរិសុទ្ធនៃកុសលធម៌ និងអានុភាពនៃសច្ចធម៌ដ៏បុរាណផងចុះ ។ សូមឲ្យបក្សាបក្សា និងសត្តនិករទាំងអស់ ដែលនៅជាប់អន្ទាក់ភ្លើងឆេះព្រៃនេះ បានរួចផុតពីគ្រោះភ័យ ។ និងសូមឲ្យទីកន្លែងត្រង់នេះបានចៀសរួចផុតពីភ្លើងព្រៃមួយលានឆ្នាំទៅហោង ។ " ហើយអ្វី ៗ ក៏បានសម្រេចដូចសេចក្តីអធិដ្ឋានតាំងចិត្តសច្ចាប្រាថ្នារបស់ព្រះពោធិសត្វមែន ។ ដំបូន្មានៈ សច្ចធម៌, កុសលធម៌ និងករុណាធម៌អាចសង្រ្គោះពិភពលោកបាន ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |