អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៤២៧ ដង)
មង្គលទី ២

|
មង្គលទី ២
បណ្ទិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយជាមង្គលដ៏ឧត្តម។ បណ្ឌិតទាំងឡាយក្នុងលោកនេះ មានព្រះពុទ្ធាទីបណ្ឌិតជាដើម ទោះបីកាលលោកនៅមានសន្តានជាបោថុជ្ជននៅឡើយក្តី លោកមានសន្តានដ៏បរិសុទ្ធផុតកិលេសអស់ហើយក្តី លោកមិនដែលកាត់ប្រយោជន៍ខ្លួនលោក និងប្រយោជន៍អ្នកដទៃឡើយ លោកតែងប្រកបដោយហិរិ និងឱត្តប្បៈ ព្រមទាំងប្រកបដោយ សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា លោកតែងប្រព្រឹត្តធ្វើប្រយោជន៍ ៣ ប្រការគឺ ប្រយោជន៍ជាតិនេះ និងប្រយោជន៍ជាតិខាងមុខ និងប្រយោជន៍ដ៏ក្រៃលែងគឺព្រះនិព្វាន បុគ្គលដែលចូលទៅសេពគប់នឹងបណ្ឌិតទាំងឡាយ មានពុទ្ធាទិបណ្ឌិតជាដើមនោះ រមែងបានផលប្រយោជន៍ ដូចរឿងឧបតិស្សៈនិងកោលិតៈ ទាំងពីរនាក់នេះជាមិត្រសម្លាញ់នឹងគ្នាបានចូលទៅសិក្សាក្នុងសំណាក់អាចារ្យសញ្ជ័យ ឃលញលទ្ធីធម៌របស់អាចារ្យសញ្ជ័យថា មិនមានខ្លឹមសារ ក៏លាអាចារ្យដើម បំបែកគ្នាស្វែងរកសារធម៌ ឬមោក្ខធម៌, ឯឧបតិស្សៈទៅកាន់ក្រុងរាជគ្រឹះ ក៏បានជួបនឹងព្រះអស្សជិតត្ថេរ ដែលជាតួអង្គព្រះសេអាមេត្រី ( ព្រះអរិយមេត្ថេយ្យោ ឬព្រះសិរីអារ្យមេត្រី ) លោកទើបនឹងបួសថ្មី ៗ ផង ហើយសួររកបំណងធម៌ថាមានទីបំផុតត្រឹមណា និងសួររកព្រះសាស្តាចារ្យថា វាទៈដូចម្តេច ? គ្រានោះ អស្សជិតត្ថេរ លោកពោលថាៈ យេ ធម្មា ហេតុប្បព្ភវា តេសំ ហេតំ តថាគតោ តេសញ្ច យោ និរោធោ ច ឯវំ វាទី មហាសមណោ ធម៌ទាំងឡាយឯណា មានហេតុជាដែនកើតឡើង ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះឯង និងពោលនូវសេចក្តីរំលត់ព្រមទាំងឧបាយជាគ្រឿងរំលត់ នូវធម៌ទាំងឡាយនោះផង ព្រះមហាសមណៈ ជាគ្រូអាត្មាព្រះអង្គមានវាទៈយ៉ាងនេះជាប្រក្រតី ។ ឯឧបតិស្សមាណព គ្រាន់តែបានស្តាប់ប៉ុណ្ណេះ ក៏បានសម្រេចសោតាបត្តិផល ហើយថ្វាយបង្គំលាព្រះអស្សជិតត្ថេរ ទៅសម្តែងធម៌ប្រាប់កោលិតៈជាសម្លាញ់ ៗ នោះស្តាប់ហើយក៏បានសម្រេចសោតាបត្តិផលដូចគ្នា ក៏នាំគ្នាចូលមកបួសជាឯហិបព្វជ្ជាក្នុងព្រះពុទ្ធសាសនា គ្រាក្រោយតមក ក៏បានសម្រេចព្រះអរហត្ត ហើយឧបតិស្សៈ គឺព្រះសារីបុត្តត្ថេរ បានជាបឋមសាវ័កព្រះពុទ្ធជាម្ចាស់យើង ឯកោលិតៈ គឺព្រះមោគ្គល្លានត្ថេរ ក៏បានទីជាទុតិយសាវ័កព្រះពុទ្ធជាម្ចាស់យើងនេះដែរ, ឯការសេពគប់នឹងបណ្ឌិត ក៏ឃើញថាបាននូវសេចក្តីចម្រើនដោយពិត ។ មានរឿងចោរ ៥០០ នាក់ទៀត ភ័យនឹងរាជបុរសលើកទ័ពដេញតាម ក៏រត់ចូលទៅសមាទានសីល ៥ អំពីសំណាក់អរញ្ញិកត្ថេរ ៗ ក៏ឲ្យសមាទានសីល ៥ ចប់ រាជបុរសមកទាន់ចាប់យកទៅសម្លាប់ស្លាប់ទៅ បានទៅកើតស្ថានសួគ៌ឈ្មោះតាវត្តិង្សសោយសុខក្នុងទិព្វវិមានទាំងអស់ ដោយការសេពគប់នីងបណ្ឌិតនោះឯង ។ ដកស្រង់ចេញពីសៀវភៅ អធិប្បាយមង្គលសូត្រសង្ខេប រៀបរៀងដោយៈ ព្រះវិន័យធរ អនុគុណ ឯក-ញឹម ធម្មិស្សរោ វត្តធម្មិស្សរារាម ខែត្រសៀមរាប វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |