អានអត្ថបទ
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,១៥៣ ដង)
អង្គរបស់សីល៥

|
បុគ្គលនឹងឈ្មោះថាប្រព្រឹត្តកន្លង(ដាច់)សីល៥ណាមួយ លុះត្រាតែប្រព្រឹត្តកន្លងគ្រប់អង្គនៃសិក្ខាបទនោះៗទើបឈ្មោះថាដាច់សីល។ អង្គនៃសិក្ខាបទប្រាំនោះមានដូចខាងក្រោមនេះ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ ។ បាណាតិបាត មានអង្គ៥ គឺ៖ ១-បាណោ សត្វមានជីវិត ២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត ៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់ ៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់ ៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ ![]() ២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ) ។ អទិន្នាទាន មានអង្គ៥ គឺ៖ ១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។ ២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។ ៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។ ៤-ឧបក្កមោ ព្យាយាមនឹងលួច។ ៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។ ![]() ៣-កាមេសុមិច្ឆាចារា វេរមណី វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ កាមេសុមិច្ឆារៈ មានអង្គ៤ គឺ៖ ១-អគមនីយដ្ឋានំ ស្រ្ដីដែលមិនគួរនឹងគប់រក គឺស្រ្ដីដែលមានគេហួងហែងរក្សា។ ២-តស្មឹសេវនចិត្ដំ គិតនឹងសេពមេថុនធម្មនឹងស្រ្ដីនោះ។ ៣-ឧបក្កមោ ព្យាយាមនឹងសេពមេថុនធម្ម។ ៤-មគ្គេនមគ្គបដិបាទនំ ញុំាងមគ្គ និងមគ្គឲ្យដល់គ្នា។ ៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។ មុសាវាទ មានអង្គ៤ គឺ៖ ១-អតថំវត្ថុ វត្ថុមិនពិត។ ២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។ ៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។ ៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។ ៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។ សុរាមេរយៈ មានអង្គ៤ គឺ៖ ១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។ ២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។ ៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។ ៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។ ![]() បើមនុស្សក្នុងទីណា សង្គមណា ប្រទេសណា សម្បូរណ៍ទៅដោយអ្នកមានសីល៥ ទីនោះ សង្គមនោះ ប្រទេសនោះ នឹងពោរពេញទៅដោយសន្តិសុខ និង សន្តិភាព។ ដោយ៥០០០ឆ្នាំ |