អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៦០,៩៥៣ ដង)
អានិសង្សនៃការចម្រើនមរណស្សតិ

|
អានិសង្សនៃការចម្រើនមរណស្សតិ
ភិក្ខុដែលប្រកបរឿយៗ នូវមរណស្សតិនេះ រមែងជាអ្នកមិនប្រមាទជានិច្ច បានអនភិរតិសញ្ញា ( ការសំគាល់ថាមិនគួរឲ្យរីករាយ ) ក្នុងភពទាំងពួង លះបង់សេចក្ដីត្រេកអរក្នុងជីវិត ជាអ្នកតិះដៀលបាប មិនច្រើនទៅដោយការសន្សំប្រាសចាកមន្ទិល គឺសេចក្ដីកំណាញ់ ក្នុងបរិក្ខារទាំងឡាយលោកក៏ដល់នូវការជំនាញក្នុងអនិច្ចសញ្ញា ម្យ៉ាងទៀត ទុក្ខសញ្ញានិងអនត្តសញ្ញា ក៏ប្រាកដទៅតាមគន្លងនៃអនិច្ចសញ្ញានោះដែរ សត្វទាំងឡាយដែលមិនបានអប់រំរឿងស្លាប់ ពេលស្លាប់ រមែងដល់នូវការតក់ស្លុត ភ័យខ្លាច វង្វេង ដូចបុគ្គលត្រូវសត្វសាហាវ យក្ស ពស់ ចោរ និងអ្នកសម្លាប់មនុស្សវាយប្រហារ ( ភ្លាមៗ ) យ៉ាងណា លោកមិនដល់នូវភាពដូច្នោះ ជាអ្នកមិនខ្លាច មិនវង្វេង ក្នុងការធ្វើកាលកិរិយា បើនៅមិនទាន់បានសម្រេច នូវអមតៈក្នុងទិដ្ឋធម៌ កាលកាយបែបធ្លាយហើយ រមែងជាអ្នកមានសុគតិជាទីប្រព្រឹត្តទៅខាងមុខ ព្រោះហេតុនោះ អ្នកមានបញ្ញាល្អ គប្បីធ្វើសេចក្ដីមិនប្រមាទ ក្នុងមរណស្សតិ ដែលមានអានុភាពច្រើនយ៉ាងនេះ គ្រប់ពេលចុះ។ នេះជាកថាមុខ ដោយពិស្ដារក្នុងមរណស្សតិ។ ...ម្នាលភិក្ខុទាំងឡាយ ធម៌មួយ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បី ( ស្ងប់ ) រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានដោយពិត។ ធម៌មួយគឺអ្វី? គឺ មរណស្សតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដើម្បីនឿយណាយ ដើម្បីប្រាស់ចាកតម្រេក ដើម្បីរំលត់ ដើម្បី ( ស្ងប់ ) រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានដោយពិត ។... ( បិដកលេខ ៤០ ទំព័រ ៦៨-៦៩ ) ដកស្រង់ចេញពីសៀវភៅ មរណស្សតិ រៀបរៀងដោយ ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ |