អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៨០៤ ដង)
សទ្ធានិសង្សសូត្រ

|
សទ្ធានិសង្សសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨៤ ដល់៨៤) ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្រអ្នកមានសទ្ធានេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរសដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះកាលអនុគ្រោះរមែងអនុគ្រោះចំពោះបុគ្គលដែលមានសទ្ធាជាដំបូង មិនមែនអនុគ្រោះបុគ្គលដេលអត់សទ្ធាជាដំបូងទេ ១ កាលចូលទៅជិត រមែងចូលទៅជិតបុគ្គល ដែលអត់សទ្ធាជាដំបូង មិនមែនចូលទៅជិតបុគ្គលដែលអត់សទ្ធាជាដំបូងទេ ១ កាលទទួល រមែងទទួលចំពោះបុគ្គលដែលមានសទ្ធាជាដំបូង មិនមែនទទួលបុគ្គលដែលអត់សទ្ធាជាដំបូងទេ ១ កាលសម្តែងធម៌ ក៏សម្តែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនមែនសម្តែងធម៌ចំពោះបុគ្គលដែលអត់សទ្ធាជាដំបូងទេ ១ កុលបុត្រមានសទ្ធាលុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ៥ ក្នុងកុលបុត្រអ្នកមានសទ្ធា ។ម្នាលភិក្ខុទាំងឡាយ ដើម ជ្រៃធំដុះលើផែនដីដ៏មានល្អ ត្រង់ផ្លូវធំបែកជា៤ រមែងជាទីពួនសំងំនៃពួកបក្សីជុំវិញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយកុលបុត្រដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យនៃជនដ៏ច្រើន គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ ។ សាខាបត្តផលូបេតោ ខន្ធិមាវ មហាទុមោ មូលវា ផលម្បន្មោ បតិដ្ឋា ហោតិ បក្ខិនំ មនោរមេ អាយតនេ សេវន្តិ នំ វិហង្គមា ឆាយំ ឆាយត្ថិកា យន្តិ ផលត្ថា ផលភជិនោ តថេវីលសម្បន្មំ សទ្ធំ បុរិសបុគ្គលំ និវាតវុត្ថី អត្ថទ្ធំ សុរតម សខិលំ មុទុំ វីតរាគា វីតទោសា វីតមោហា អនាសវា បុញ្ញក្ខេត្តានិ លោកស្មី សេវន្តិ តាទិសំ នរំ តេ តស្ស ធម្មំ ទេសន្តិ សព្វទុក្ខាបនាសវោតិ ។ ដើមឈើធំ ច្រើនដោយមែកស្លឹក ផ្លែ មានដើម និងឬសមាំទាំ បរិបូណ៌ដោផល ជាទីពឹងរបស់ពួកសត្វបក្សី ។ ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែលនៅក្នុងព្រៃរំលោង ជាទីរីករាយនៃចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វដែលត្រូវការផ្លែ ក៏បរិភោគផ្លែ យ៉ាងណាមិញ បុរសបុគ្គលអ្នកមានសទ្ធាបរិបូណ៌ដោយសីល ប្រព្រឹតិ្តឱលំទោន មិនរឹងរូសស្លូតត្រង់ មានចិត្តមាំទាំតែទន់ភ្លន់ ពួកព្រះសង្ឃ ដែលប្រាសចាករាគៈ ទោសៈ មោហៈមិនមានអាសវៈ ជាបុញ្ញក្ខេត្តក្នុងលោក រមែងរាប់រតនរជន ប្រាកដដូច្នោះ ។ ពួកព្រះសង្ឃទាំងនោះ រមែងសម្តែង ធម៌ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ដល់នរៈណោះ នរៈនោះដឹងនូងធម៌ច្បាស់ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ។ អដ្ឋកថាសទ្ធានិសង្សសូត្រ បទថា ខន្ធីមាវ មហាទុមោ គឺដូចដើមឈើធំសម្បូណ៌ដោយមែក ។ បទថា មនោមេ អាយតនេ បានដល់ក្នុងស្ថាន ដែលជាទីជួបជុំដ៏ជាទីរីករាយនៃចិត្ត ។ បទថា ឆាយំ ឆាយត្ថិកា យន្តិ បានដល់ពួកសត្វដែលត្រូវកាម្លប់ ក៏ចូលទៅជ្រកម្លប់ ។ បទថា និវាតវត្មិ គឺប្រប្រឹត្តឱនលំទោន ។ បទថា អត្ថទ្ធំ គឺ វៀរចាកភាពជាអ្នករឹងរូស ព្រោះសេចក្តីក្រោធនិង ព្រោះមានៈ ។ បទថា សុរតំ បានដល់ ជាអ្នកស្លូតប្រកបដោយសេចក្តីស្ងប់សៀម មានសីលស្អាត ។ បទថា សខិលំ គឺ មានចិត្តមាំទាំ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា រៀបរៀងដោយៈ អគ្គបណ្ឌិត ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |