អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១៣០ ដង)
មហាកច្ចាយនត្ថេរ

|
បព្វជិតមិនគប្បីធ្វើនូវកម្មច្រើនទេ គប្បីលះបង់ជន (បាបមិត្ត) មិនគប្បីខ្វល់ខ្វាយ (ដើម្បីលាភទេ) ព្រោះបព្វជិតអ្នកខ្វល់ខ្វាយជាប់ចិត្តក្នុងរស រមែងលះបង់ប្រយោជន៍ ដែលនាំមកនូវសេចក្តីសុខ ។ ការថ្វាយបង្គំនឹងការបូជាណា ក្នុងត្រកូលទាំងឡាយ ពួកអរិយៈ ដឹងច្បាស់នូវការថ្វាយបង្គំ នោះថាដូចជាភក់ ទាំងដឹងថាជាសរដ៏ឆ្មារ គេកម្រដកបាន ជាគ្រឿងសក្ការៈ ដែលបុរសអាក្រក់ លះបង់បានដោយកម្រ ។
បុគ្គលមិនគប្បីសេពនូវអំពើអាក្រក់ដោយខ្លួនឯង ព្រោះបំពេញ(ទុក្ខ)ដល់សត្វដទៃ (ទាំងមិនញ៉ាំងបុគ្គលដទៃឲ្យសេពនូវអំពើអាក្រក់នោះ) ព្រោះថាសត្វទាំងឡាយ មានកម្មជាផៅពង្ស ។ បុគ្គលជាចោរ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលជាអ្នកប្រាជ្ញ ព្រោះពាក្យអ្នកដទៃក៏ទេ បុគ្គលដឹងខ្លួនឯង យ៉ាងណា សូម្បីពួកទេវតាក៏ដឹងបុគ្គលនោះដូច្នោះដែរ ។ ពួកជនផ្តេសផ្តាស រមែងមិនដឹងច្បាស់ថា យើងទាំងឡាយនឹងលំបាក ក្នុងលោកនេះ តែពួកជនណា ដឹងច្បាស់ក្នុងដំណើរនោះ ការជំលោះតែងស្ងប់រម្ងាប់ទៅ អំពីសំណាក់ពួកជននោះ ។ បុគ្គលប្រកបដោយបញ្ញា បើទុកជាអស់សម្បត្តិរលីងធេង ក៏ឈ្មោះថារស់នៅ ឯបុគ្គលមានសម្បត្តិ ឈ្មោះថា មិនរស់នៅ ព្រោះការមិនបាននូវបញ្ញា ។ បុគ្គលរមែងស្តាប់នូវសម្លេងទាំងអស់បាន ដោយសារត្រចៀក បុគ្គលមានចក្ខុរមែងឃើញរូបគ្រប់យ៉ាង ចំណែកអ្នកប្រាជ្ញមិនគួរលះចោល (ឬប្រកាន់) នូវអារម្មណ៍ទាំងពួងដែលខ្លួនឃើញ ហើយឮហើយឡើយ ។ បុគ្គលអ្នកមានភ្នែក គប្បីធ្វើដូចជាខ្វាក់ បុគ្គលអ្នកមានត្រចៀក គប្បីធ្វើដូចជាថ្លង់ បុគ្គលអ្នកមានបញ្ញា គប្បីធ្វើដូចជាគ បុគ្គលមានកម្លាំង គប្បីធ្វើដូចជាអ្នកខ្សោយកម្លាំង តែកាលបើហេតុ (មិនគួរធ្វើ) កើតឡើងហើយ ត្រូវដេកដូចជាដេកស្លាប់ ។ មហាកច្ចាយនត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ៧-៨ ដោយ៥០០០ឆ្នាំ |