អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១២,៤៥៣ ដង)
គុហាគឺរាងកាយ

|
សុត្តនិបាត
គុហដ្ឋកសូត្រ ជនជាប់ជំពាក់ក្នុងគុហាគឺរាងកាយ ស្រោបដោយ កិលេសច្រើនប្រការ ធ្លាក់ចុះក្នុងកាមគុណ ជាគ្រឿងធ្វើចិត្តឱ្យវង្វេង ជនមានសភាពដូច្នេះ ឈ្មោះថាឆ្ងាយអំពីវិវេក ព្រោះ ថាកាមទាំងឡាយក្នុងលោក បុគ្គលមិនងាយ នឹងលះបង់បានឡើយ ។ កាមគុណទាំងឡាយ មានសេចក្តីប្រាថ្នាជាហេតុជាប់ ជំពាក់ដោយសេចក្តីត្រេកអរក្នុងភពស្រាយរួចបាន ដោយសេចក្តីលំបាក ទាំងដែលអ្នកដទៃមិនអាចស្រាយឱ្យ បានឡើយ ពួកជនទាំងឡាយ សង្ឃឹមចំពោះកាមក្នុងអនាគតសោកស្តាយ ចំពោះកាមក្នុងអតីត លិចលង់ក្នុងកាមជាបច្ចុប្បន្ន ជាសត្វរួចបានដោយកម្រ ។ សត្វទាំងនោះ ជាប់ជំពាក់វិលវល់ ខ្វល់ខ្វក់ វង្វេង ក្នុងកាមទាំងឡាយ មិនកាន់យកនូវព្រះពុទ្ធវចនៈ តាំងនៅមាំក្នុងធម៌មិនស្មើ ដល់នូវសេចក្តីទុក្ខ តែងខ្សឹកខ្សួលថា ឱហ្ន៎ អាត្មាអញចុតិអំពីអត្តភាពនេះនឹងទៅកើតក្នុងទីណា។ ព្រោះហេតុនោះឯង បុគ្គលគប្បីសិក្សាត្រៃសិក្ខា ក្នុងសាសនានេះ គប្បីដឹងថារបស់អ្វីៗក្នុងលោក ជារបស់មិន ស្ងប់ មិនគប្បីប្រព្រឹត្តនូវការមិនស្ងប់ ព្រោះហេតុតែរបស់ នោះឡើយ អ្នកប្រាជ្ញទាំងឡាយតែងពោលនូវជីវិតនោះថាជា របស់មានប្រមាណតិច ។ តថាគតឃើញនូវពពួកសត្វនេះ លុះតាមអំណាច នៃសេចក្តីប្រាថ្នាក្នុងភពទាំងឡាយ កំពុងអន្ទះអន្ទែងក្នុងលោក ពួកជនអ្នកថោកថយ សូម្បីខ្សឹកខ្សួលនៅក្នុងមាត់របស់មច្ចុរាជក៏ដោយ ក៏នៅតែមិនប្រាសចាកសេចក្តីប្រាថ្នាចំពោះ ភពតូចភពធំឡើយ ។ អ្នកទាំងឡាយ ចូរមើលពពួកជនដែលប្រកាន់ថា របស់នោះៗជារបស់យើងកំពុងអន្ទះអន្ទែង ដូចពួកមច្ឆាជាតិ ដែលកំពុងអន្ទះអន្ទែងក្នុងទីដែលមានទឹកតិច មានក្រសែទឹក រីងអស់ហើយដូេច្នាះឯង អ្នកប្រាជ្ញបានឃើញទោសនុ៎ះហើយ ក៏មិនមាននូវសេចក្តីប្រកាន់ថា នុ៎ះជារបស់យើងឡើយ ហើយក៏មិនបានធ្វើការជាប់ជំពាក់នៅក្នុងភពទាំងឡាយផងដែរ ។ អ្នកប្រាជ្ញកំណត់ដឹងនូវផស្សៈ ហើយលះបង់នូវ សេចក្តីត្រេកអរ ពេញចិត្តក្នុងផស្សៈទាំងពីរប្រការគឺ ផស្សៈ ដែលកើតហើយ និង ហេតុដែលនាំឱ្យកើតផស្សៈ អ្នកប្រាជ្ញ តិះដៀលអាត្មាឯងដោយកម្មណា ក៏មិនបានធ្វើនូវកម្មនោះ ហើយជាអ្នកមិនជាប់នៅក្នុងអារម្មណ៍ដែលបានឃើញ បានឮជាដើម ។ អ្នកប្រាជ្ញកំណត់ដឹងនូវកាមសញ្ញា ហើយឆ្លងចាកអន្លង់ មិនជាប់នៅក្នុងអារម្មណ៍ជាគ្រឿងហួងហែង ដកចោល នូវព្រួញពិសគឺកិលេស មិនមានសេចក្តីប្រមាទ ត្រាច់ទៅទាំង មិនមានសេចក្តីប្រាថ្នាក្នុងលោកនេះ និង លោកខាងមុខ ។ ចប់គុហដ្ឋកសូត្រ ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣ ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |