អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១១,៨៣៥ ដង)
ចង់ត្រជាក់កុំឱបភ្លើង

|
មនុស្សយើងម្នាក់ៗត្រូវការសភាពត្រជាក់ចិត្តចង់បាននូវសេចក្តីស្ងប់ចិត្ត ហើយគិតធ្វើយ៉ាងណា ឲ្យខ្លួនបានសប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គលខ្លះគិតដូច្នេះហើយក៏ដើរលេងតាមឆ្នេរសមុទ្រខ្លះ ព្រៃភ្នំខ្លះ ទៅកាន់ប្រាសាទបុរាណខ្លះ ទៅកាន់ឧទ្យានផ្កាតូចធំ ខ្លះទៅកាន់ស្រុកឆ្ងាយជិតខ្លះទៅមើលល្បែងរបាំច្រៀងរាំខ្លះស្តាប់តន្ត្រីខ្លះ ជិះយានជំនិះតាមដងវិថីតូចធំខ្លះ ទៅកាន់ទីផ្សារលក់ទំនិញខ្លះរហូតដល់ ហ៊ានបរិភោគទឹកស្រវឹង ទៀតផងប៉ុណ្ណោះជាដើម គឺដើម្បីឲ្យខ្លួនសប្បាយ បានត្រជាក់ចិត្តរួចផុតអំពីគំនរភ្លើង គឺសេចក្តីទុក្ខសោក ប៉ុន្តែការដើរទស្សនាទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោក ប៉ុន្តែការដើរទស្សនា ទាំងអស់នេះមិនអាចបានធូរស្រាលអំពីសេចក្តីទុក្ខសោកបានឡើយ ឬបើបានធូរស្រាលខ្លះនោះក៏បានបន្តិចបន្តួចប៉ុណ្ណោះ ប្រៀបដូចជាថ្នាំស្ពឹក ដែលគេចាក់ដើម្បីកុំឲ្យឈឺក្នុងរយះពេលខ្លីគឺ១ម៉ោង ២ ម៉ោង ឬ ១ថ្ងៃប៉ុណ្ណោះ ដូច្នេះការដើរគ្រប់ទីកន្លែងមិនមែនជាដំណោះស្រាយធ្វើឲ្យធូរស្រាលបានត្រជាក់ចិត្តដូចជាការធ្វើទានរក្សាសីលចំរើនមេត្តាចិត្តព្រោះការរក្សាសីលជាដើមទើបអាចរំលត់នូវសភាពក្តៅក្រហាយក្នុងចិត្តបាន គប្បីជ្រាបថាសេចក្តីសុខមិនមែននៅឆ្ងាយអំពីក្នុងចិត្តរបស់ខ្លួនទេ ហើយសេចក្តីទុក្ខ ក៏នៅក្នុងចិត្តដែរដូច្នេះការត្រាច់ទៅកាន់ទីឆ្ងាយៗ ក៏មានចិត្តរួមដំណើរទៅជាមួយដែរ ដូច្នេះសេចក្តីទុក្ខក៏វាមាននៅក្នុង ទីនោះបើមានបញ្ញា នៅទីបញ្ញា នៅទីនើ បញ្ញានោះឯងក៏រំលត់នូវសេចក្តីទុក្ខនោះបាន ។
- មិនត្រជាក់ទេ បើនៅតែឱបភ្លើង -មិនត្រជាក់ទេ បើនៅតែប្រកាន់ -មិនត្រជាក់ទេ បើនៅតែជាប់ជំពាក់ -មិនត្រជាក់ទេ បើនៅតែខឹងក្រោធច្រើន -មិនត្រជាក់ទេ បើនៅតែមានគំនិតខូច -មិនត្រជាក់ទេ បើនៅតែមានគំនិតយល់ខុស -មិនត្រជាក់ទេ បើនៅតែច្រណែនអ្នកដទៃ -មិនត្រជាក់ទេ បើនៅតែទ្រុស្តសីល -មិនត្រជាក់ទេបើមិនមានបញ្ញា នត្តិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខដទៃ ក្រៅអំពីសេចក្តីស្ងប់ឡើយ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |