អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧២៤ ដង)
ផ្លូវបុណ្យកុសល

|
ផ្លូវបុណ្យកុសល
សគ្គស្ស មគ្គំ អាចិក្ខតិ ប្រាប់ផ្លូវទៅកាន់ទីកន្លែងដ៏ល្អក្រៃលែង បានដល់ផ្លូវបុណ្យកុសល ផ្លូវសុចរិតប្រព្រឹត្តទៀងត្រង់ បុរសស្ត្រីណាដើរតាមផ្លូវនោះ នឹងបានដល់ទីឋានដ៏សុខសាន្តមានស្ថានសួគ៌ ទេវលោកជាដើម។ បើប្រៀបទៅជាមួយនឹងស្ថាននរកនោះ ទេវលោក ព្រហ្មលោក ពិតជាសុខសាន្ត ប៉ុន្តែនៅតែជាស្ថានមិនទៀងទាត់ដដែលទេ ក្នុងព្រះពុទ្ធសាសនា អាចធ្វើឲ្យខ្លួនយើងបានរួចចាកអំពីកំណើតទាំងអស់ ក្នុងភពបីនេះពិតប្រាកដ បើមានបញ្ញាចម្រើនច្រើនឡើងៗ ឃើញសង្ខារធម៌ដែលសន្មតថាជាខ្លួនយើងនោះត្រឹមតែជារបស់មិនទៀតប៉ុណ្ណោះ មិនមានអ្វីប្រាកដជាខ្លួនយើងនោះ ត្រឹមតែជារបស់មិនទៀតប៉ុណ្ណោះ មិនមានអ្វីប្រាកដជាខ្លួនយើងឡើយ ដូចជាអំពើកម្មអ៊ីចឹង បើជាបាបកម្មក៏សន្មតថាខ្លួនយើង ជាមនុស្សនរកឬមនុស្សប្រេត បើជាបុញ្ញកម្មជាប់ជានិច្ចកាល ក៏សន្មតថាជាមនុស្សពិតឬជាមនុស្សទេព មនុស្សព្រហ្មទៅតាមកម្មដ៏ប្រសើរហ្នឹងអ៊ីចឹងទៅ តែបើបញ្ញាឃើញកម្មនោះៗ ពុំមែនជាសត្វបុគ្គល តួខ្លួនយើង ខ្លួនយើងក៏ជាមនុស្សនិព្វាន មនុស្សស្ងប់ ព្រោះការរលត់អស់ទៅនូវសេចក្ដីយល់ខុស ដោយសព្វគ្រប់។ ជីវិតសត្វលោករមែងប្រព្រឹត្តទៅតាមកម្ម មានបុគ្គលច្រើនណាស់ដែលមិនច្បាស់ក្នុងសេចក្ដីពិតនេះ ព្រោះហេតុតែកម្មថ្មីៗក្នុងបច្ចុប្បន្នជាតិ បិទបាំងនូវកម្មចាស់ គេក៏យល់បញ្ច្រាសថាធ្វើអាក្រក់នាំឲ្យបានសុខ ធ្វើល្អនាំឲ្យបានទុក្ខ ការយល់ច្រឡំច្របូកច្របល់ ចំពោះកម្មនិងផល វាជារឿងល្ងង់របស់សត្វលោក ធ្វើឲ្យសត្វលោកពិការនូវស្មារតីក៏យ៉ាងក្រៃលែង។ ឧទាហរណ៍ដូចមនុស្សខ្លះមិនបានធ្វើស្រែជាច្រើនឆ្នាំមកហើយ ទើបតែស្ទូងនៅក្នុងឆ្នាំនេះ មនុស្សនេះកំពុងតែដកស្ទូង ហើយក៏កំពុងតែអត់បាយផងដែរ រឿងនេះតើគួរយល់ថា មកអំពីឆ្នាំនេះគេធ្វើស្រែ បានជាគេអត់បាយដែរឬទេ? មនុស្សខ្លះទៀតធ្វើស្រែរហូតមក មានស្រូវពេញជង្រុក ប៉ុន្តែឆ្នាំនេះខ្ជិលណាស់ របរអ្វីក៏មិនរកដែរ គេដេកស៊ីកាន់ខែមកហើយ សភាពយ៉ាងនេះតើគួរយល់ថា គេបានដេកស៊ីស្រួលៗព្រោះតែគេមិនធ្វើស្រែដែរឬទេ? តាមពិតច្បាប់ធម្មជាតិក្នុងលោកទាំងអស់ វាជាច្បាប់ហេតុផលប្រាកដណាស់ ដាំពូជយ៉ាងណា រមែងបានផលផ្លែផ្កាយ៉ាងនោះ ទោះបីមានក្លាយខ្លះក៏ព្រោះវាមានហេតុរបស់វាដែរដូចជាជាតិដី អាកាសធាតុ រដូវ ។ល។ មានខ្លះក្លាយទៅតាមរុក្ខជាតិដទៃ ដែលអាស្រ័យនៅជិតវា ប៉ុន្តែទោះជាយ៉ាងណា ក៏វាមិនក្លាយឆ្ងាយអំពីពូជពេកឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែក្នុងច្បាប់ហេតុនិងផលដែរ ផល១វាមិនកើតតែអំពីហេតុ១ទេ គឺហេតុច្រើនយ៉ាងណាស់ ដូចជាមនុស្សដែលបានកើតមកនេះ មានក្រល្អជា ពិការ គ ថ្លង់ យ៉ាងណាៗ គឺជាផលរបស់ហេតុក្នុងជាតិមុនខ្លះ និង ជាតិនេះខ្លះ មនុស្សកើតអំពីបុណ្យ គឺអំពើល្អក្នុងជាតិមុនប្រាកដណាស់គ្រាន់តែថា បុណ្យនោះពេញឬខ្វះ តិចឬច្រើន ខុសគ្នាតែប៉ុណ្ណោះលុះកើតហើយ វាត្រូវមានបុណ្យឬបាបដទៃទៀត ទាំងក្នុងជាតិមុន ទាំងក្នុងជាតិនេះ ចូលជួយឧបត្ថម្ភ ឬបៀតបៀនកាត់បង់យ៉ាងណាៗ វាជាធម្មតានៃសង្ខារធម៌ ដែលមិនមានអំណាចខ្លួនឯង វារមែងប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ។ កាលសេពគប់ ជាបច្ច័យក៏មានកម្លាំងមួយបែបដែលអាចធ្វើឲ្យផ្លាស់ប្ដូរប្រែប្រួល ខុសអំពីហេតុដើម វាដូចជាផ្លែឈើដេលក្លាយអំពីពូជដើមរបស់វាដូច្នោះដែរ សេពគប់មិត្តខុសនាំឲ្យស្លាប់ សេពគប់មិត្តត្រូវនាំឲ្យរស់ មនុស្សល្ងង់មានខ្លួនឯងជាសត្រូវនឹងខ្លួនឯង ចំណែកអ្នកប្រាជ្ញមានខ្លួនឯងជាទីពឹង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |