អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៩២០ ដង)
សុត្តន្តបិដក សុទ្ទកនិកាយ

|
សុត្តន្តបិដក សុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២ សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។ (១១)- ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន ជើងគោដែលកំពុងអូសទៅ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លា ហើយពោលក្ដី ធ្វើក្ដី (នូវសុចរិត) ព្រោះសុចរិតទាំងនោះ សុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ។ (ទំព័រ២៣) ជនទាំងឡាយ ដែលយល់ឃើញក្នុងធម៌មានខ្លឹមថា ជាធម៌មិនមានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ ជាធម៌មិនមានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹមឡើយ។ ជនទាំងឡាយដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាអ្នកមានតម្រិះត្រូវជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម។ ផ្ទះដែលប្រក់ខ្ជីខ្ជាហើយ តំណក់ទឹកភ្លៀងរមែងលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយរាគៈរមែងចាក់ដោតយ៉ាងនោះឯង។ (ទំព័រ២៤) ផ្ទះដែលប្រក់ល្អហើយ តំណក់ទឹកភ្លៀងរមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំទុកល្អហើយ រាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។ បុគ្គលអ្នកធ្វើបាប រមែងសោកស្ដាយក្នុងលោកទាំងពីរ គឺសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងសោកស្ដាយក្នុងលោកនេះ១ ក្នុងលោកខាងមុខ១ បុគ្គលនោះរមែងសោកស្ដាយក្ដៅក្រហាយ ព្រោះឃើញអំពើសៅហ្មងរបស់ខ្លួន។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយក្នុងលោកទាំងពីរ គឺរីករាយក្នុងលោកនេះ១ រីករាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើបរិសុទ្ធរបស់ខ្លួន។ បុគ្គលអ្នកធ្វើបាប តែងក្ដៅក្រហាយក្នុងលោកទាំងពីរ គឺក្ដៅក្រហាយក្នុងលោកនេះ១ ក្ដៅក្រហាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងក្ដៅក្រហាយ ដោយគិតឃើញថា បាបអាត្មាអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរឹតតែក្ដៅក្រហាយដ៏ក្រៃលែង។ បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរក្នុងលោកទាំងពីរ គឺត្រេកអរក្នុងលោកនេះ១ ត្រេកអរក្នុងលោកខាងមុខ១ បុគ្គលនោះរមែងត្រេកអរ ដោយគិតឃើញថា បុណ្យអាត្មាអញបានធ្វើទុកហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកអរដ៏ក្រៃលែង។ (ទំព័រ២៥) បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នកប្រមាទមិនធ្វើតាមពាក្យនោះរមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចជាអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដែលជាម្ចាស់គោរួចហើយ (ខ្លួនឯងជាអ្នករក្សាក៏មិនបានបរិភោគនូវបញ្ចរស) ដូច្នោះឯង។ ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្ដាភាគទី១ បណ្ដាំលោកគ្រូ ដោយ៥០០០ឆ្នាំ |