អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥៦,៧៥១ ដង)
អប់រំចិត្តឱ្យស្ងប់

|
អប់រំចិត្តឱ្យស្ងប់
ការអប់រំចិត្តឱ្យស្ងប់ដោយវិធីសមាធិ ឬសមថភាវនា និងម៉្យាងទៀត អប់រំឱ្យស្ងប់ផង លះផ្តាច់ផង ដោយវិធី វិបស្សនាភាវនា ។ សមាធិឬសមថភាវនា ចំណុចនេះសំដៅដល់ការ ចងចិត្តទុកជាមួយនឹងអារម្មណ៍សមាធិយ៉ាងណាមួយ ។ នៅ ពេលណាចិត្តចាប់នូវអារម្មណ៍បានល្អហើយ ពោលគឺមិនរវើរវាយងាករេទៅក្នុងរឿងដទៃ នៅពេលនោះ សេចក្តីសុខក៏ កើតឡើង ។ ចិត្តបានទទួលនូវការសម្រាកជាសុខសម្រាន្តមិនស្វែង រក ឬសម្លឹងរករបស់ដទៃទៀតឡើយ មានភាពជាខ្លួនឯង និង មានសេចក្តីសុខនៅដោយខ្លួនឯង ពោលគឺមិនមានរវល់ ដោយអំណាចកិលេសចូលមករំខាន និងចូលមកដឹកនាំទៅ ក្នុងអារម្មណ៍ផ្សេងៗនោះឯង ។ ការដែលចិត្តរបស់មនុស្សរវើរវាយ ត្រាច់ទៅនេះ ត្រាច់ទៅនោះ ព្រោះហេតុតែស្វែងរកនូវសេចក្តីសុខ ដោយ អំណាចនៃកាមតណ្ហា ។ លុះដល់ពេលចិត្តបានទទួលនូវ សេចក្តីសុខដោយអារម្មណ៍របស់សមាធិហើយ មានការពេញ ចិត្តនៅក្នុងអារម្មណ៍របស់សមាធិនោះ ចិត្តក៏មាននូវសេចក្តី សុខសម្រាន្ត រាងកាយក៏រឹងបុងឹមាំមួន តាំងមាំមិនញាប់ញ័រ មិនងេងងោងងោកងក់ បាត់បង់អស់នូវការហត់នឿយជាដើម ទាំងនេះព្រោះមកអំពីភាពសុខសម្រាន្តនៃចិត្ត បានផ្សព្វផ្សាយ ទៅគ្រប់សរសៃប្រសាទ និងគ្រប់ចំណែកនៃរាងកាយ ។ នៅ ពេលចិត្តបានទទួលសេចក្តីស្ងប់យ៉ាងនេះហើយ ភាពជាសុខ ប្រកបដោយបីតិ បានជ្រួតជ្រាបពេញរាងកាយ អស់កាល ដ៏យូរ អាចតាំងនៅរហូតដល់មួយថ្ងៃមួយយប់ក៏បាន ។ វិបស្សនាភាវនា ជាបឋមគឺត្រូវស្តាប់ព្រះធម៌ឱ្យ យល់ច្បាស់ ដល់នូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹក សមាទានសីល មានសទ្ធាជឿថាសត្វទាំងឡាយប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ។ គោលសំខាន់គឺការគ្រប់គ្រងចិត្តដោយសតិសម្បជញ្ញៈ ឱ្យចិត្តនៅជាមួយនឹងអារម្មណ៍បច្ចុប្បន្ន ក្នុងពេលដេក ដើរ ឈរ អង្គុយ ឬក្នុងពេលបរិភោគអាហារជាដើម ។ វិបស្សនា ភាវនាគឺជាការគ្រប់គ្រងនូវឥន្ទ្រិយ ៦ បានដល់ការសង្រួម ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មិនឱ្យអភិជ្ឈា (ស្រឡាញ់ ) ទោមនស្ស (ស្អប់ ) គ្របសង្កត់ចិត្តបាន នៅ ពេលឃើញរូប ឬឮសំឡេងជាដើម ។ វិបស្សនាភាវនាមានភាពប្រណីតនិងខ្ពស់ជាងឥន្ទ្រិយសំវរៈថ្នាក់សីល ប៉ុន្តែចាំបាច់ត្រូវតែមានជំនួយអំពីឥន្ទ្រិយសំវរសីល ព្រោះឥន្ទ្រិយសំវរសីល ជាអាហារនៃសុចរិត ៣ (គឺកាយសុចរិត វចីសុចរិត និងមនោសុចរិត ) សុចរិត ៣ ជា អាហារនៃសតិប្បដ្ឋាន ៤ ឯការអប់រំចម្រើននូវសតិប្បដ្ឋាន ៤ ជាការចម្រើនវិបស្សនាភាវនា ។ ឥន្ទ្រិយសំវរសីល មិនមែនជាការស្រាវជ្រាវរាវរក សេចក្តីពិតក្នុងអារម្មណ៍ជាបរមត្ថឡើយ គ្រាន់តែប្រៀបបីដូច ជាអ្នកយាមទ្វារប៉ុណ្ណោះ ។ ឯចំណែកការចម្រើនសតិប្បដ្ឋាន វិញ គឺជាកម្រិតនៃសតិដែលមានការហ្វឹកហាត់ខ្ពស់ជាង កម្រិតសតិថ្នាក់សំវរសីល ។ ជាសតិផ្នែកតាមដានស្រាវជ្រាវ និងនាំមកនូវបញ្ញាចែកខន្ធធាតុអាយតនៈ ដុសខាត់កម្ចាត់នូវ មោហៈអវិជ្ជា ដែលមោហៈអវិជ្ជានេះនាំឱ្យវង្វេងប្រកាន់ខន្ធ ធាតុអាយតនៈថា ជាសត្វបុគ្គលតួខ្លួន ។ អរិយមគ្គអង្គ ៨ បើសង្គ្រោះជាសិក្ខា ៣ គឺសម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ជាបញ្ញាសិក្ខា សម្មាវាចា សម្មាកម្មន្តៈ និង សម្មាអាជីវៈជាសីលសិក្ខា ឯអង្គមគ្គ ៣ ទៀតគឺសម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ ជាសមាធិសិក្ខា ឬចិត្តសិក្ខា។ បើសង្គ្រោះជាវិជ្ជានិងចរណៈ សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ជាវិជ្ជា ឯអង្គមគ្គផ្សេងៗទៀតជាចរណៈ ។ បើសង្គ្រោះជាសមថៈ និងវិបស្សនាវិញ សម្មាទិដ្ឋិ និង សម្មាសង្កប្បៈ ជាវិបស្សនា ក្រៅពីនេះជាសមថៈ ដូច្នេះ សីលសិក្ខា ត្រូវចូលក្នុងក្រុមសមថៈ ឬក្រុមចរណៈ (ការ សង្គ្រោះនេះមានក្នុងអដ្ឋកថាសច្ចវិភង្គ គម្ពីរអភិធម្ម ) ។ ពិតមែនតែជាបឋម សតិប្បដ្ឋាន ៤ មានអារម្មណ៍ជា បច្ចុប្បន្ន តែលុះដល់បញ្ញាមានការចម្រើនខ្លាំងក្លា បញ្ញាក៏ មានការពិចារណា ឃើញច្បាស់នូវអារម្មណ៍ជាបរមត្ថគ្រប់ កាលទាំង ៣ ឃើញបច្ច័យនៃបញ្ចក្ខន្ធ ឃើញបដិច្ចសមុប្បាទធម៌ដែលជាសង្ខារធម៌សុទ្ធ ។ បញ្ញាឃើញសង្ខារធម៌ មានតែការអស់ទៅ សូន្យទៅ ត្រូវនាំមកនូវអានិសង្ស ៨ ប្រការ ៖ ១-មានការលះបង់នូវភវទិដ្ឋិ ( យល់ថាមានព្រលឹង តួខ្លួនត្រូវទៅកើតក្នុងភពថ្មី ក្រោយពីស្លាប់ ព្រោះមិនបាន ឃើញថា បដិសន្ធិជាផលវិបាករបស់កម្ម នេះជាភវទិដ្ឋិ ) ។ ២-មានការលះបង់នូវសេចក្តីត្រេកអរ និងសេចក្តីត្រូវ ការប្រាថ្នាក្នុងជីវិត (នេះមិនមែនជាបែបទោមនស្ស របៀប ដូចមនុស្សខ្លះមិនប្រាថ្នាការរស់នៅនោះឡើយ អានិសង្សទី ២ នេះ សំដៅត្រង់ប្រាសចាកតណ្ហាក្នុងជីវិត ) ។ ៣-មានភាពស្ទុះស្ទាប្រឹងប្រែង ស្វែងរកបុណ្យកុសល គ្រប់ពេល និងគ្រប់ផ្នែកដែលអាចបំពេញបាន ។ ៤-មានអាជីពបរិសុទ្ធ ។ ៥-មានការលះបង់នូវសេចក្តីខ្វល់ខ្វាយ ក្នុងការធ្វើ បាប ។ ៦-មានការប្រាសចាកនូវភ័យ ។ ៧-បាននូវខន្តី និងសោរច្ចៈ ។ ៨-កម្ចាត់បង់បាននូវការស្រឡាញ់ និងការស្អប់ មិន បង្កប់នូវគំនុំទុកក្នុងសន្តាន ។ វិបស្សនាភាវនា គឺជាភ្លើងដុតនូវបាបធម៌ និងកិលេស ផ្សេងៗ ឱ្យរីងស្ងួត រហូតដាច់ជាសមុច្ឆេទ លែងត្រឡប់មក វិញ ព្រោះការបានសម្រេចនូវអរិយមគ្គជាលោកុត្តរ ។ នេះ ជាសេចក្តីស្ងប់ដោយអំណាចវិបស្សនាភាវនា ។ រួមសេចក្តីថា ឧបសមៈ គឺសេចក្តីស្ងប់នេះ ជាគុណជាតិដែលចាំបាច់ដ៏ក្រៃលែង សម្រាប់ជីវិតប្រចាំថ្ងៃ ដោយ ចំពោះណាស់នោះគឺស្ងប់ចាកកិលេសដែលជាហេតុនៃសេចក្តី ខ្វល់ខ្វាយ និងការជំពាក់វាក់វិនទាំងឡាយ ។ បើមនុស្សក្នុង លោកយើងនេះ ជួយនាំគ្នារម្ងាប់នូវកិលេសក្នុងសន្តាននៃខ្លួន ឯង គ្រប់ៗគ្នា ពិភពលោកយើងនេះ នឹងបានសុខស្ងប់ត្រជាក់ ជាងសព្វថ្ងៃ រាប់រយពាន់ដង ព្រោះកិលេសដែលមាននៅ ខាងក្នុងសន្តាននៃមនុស្សយើងម្នាក់ៗនោះឯង បានប្លែងឫទ្ធិ ចេញមកទម្លាយគ្នានឹងគ្នាឱ្យក្តៅក្រហាយ ក្រវល់ក្រវាយជា និច្ចរហូតមក ។ ការជួយគ្នារក្សានូវសេចក្តីស្ងប់ក្នុងចិត្តរៀងៗ ខ្លួន គឺជាការជួយដល់ពិភពលោក ជួយដល់សង្គមដ៏ធំ ឱ្យបាន ស្ងប់មាំមួន និងគង់វង្សឋិតថេរជាពិតប្រាកដ ។ ដកស្រង់ចេញពីសៀវភៅ សុខចិត្ត រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |