អានអត្ថបទ
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២០,១៥៩ ដង)
ធម៌ពិតគឺជីវិតនេះឯង

|
ធម៌ពិតគឺជីវិតនេះឯង
ពុទ្ធបរិស័ទយើងដោយច្រើនយល់ថា ធម៌ពិតដោយឡែក ផ្សេងអំពីជីវិតរស់នៅរាល់ថ្ងៃនេះ ប៉ុន្តែ កាលដែលបានសិក្សា ព្រះធម៌ហើយ ទើបដឹងថា ធម៌ពិតគឺជីវិតរាល់ថ្ងៃនេះឯង ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងអំពីលោភៈ គឺសេចក្តីប្រាថ្នា ដោយការជាប់ជំពាក់សព្វបែបយ៉ាង ដែលយើងមិនមានសតិរលឹក ដឹងថាជាធម៌ពិត ពេលខ្លះ ចេះគិតចង់លះលោភៈ ទាំងដែលមិន ដឹងថា លោភៈជាធម៌ពិត ធ្វើកិច្ចធ្វើនាទីរបស់ខ្លួនប៉ុណ្ណោះ ។ លោភៈក្នុងជីវិតរាល់ថ្ងៃ ជាធម៌ពិតមួយបែប ឬជាយើងអ្នក ស្រឡាញ់ជាប់ជំពាក់ ? តាមពិត ពាក្យថាយើងស្រឡាញ់ យើងជាប់ជំពាក់ គ្រាន់ តែសន្មតប៉ុណ្ណោះ ឯធម៌ពិតមានត្រឹមតែលោភៈ ដែលកើតហើយ រលត់ទៅ កន្លងទៅ លោភៈខណៈថ្មី ដួងថ្មីកើតបន្ត ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់អំពីទោសៈ គឺការថ្នាំងថ្នាក់ ការអាក់អន់ចិត្ត ពិតជាជីវិតរាល់ថ្ងៃ ។ ព្រះអង្គត្រាស់អំពីមេត្តា ករុណា ការឃើញ ការឮ សុខទុក្ខជាដើម ។ ធម្មទេសនារបស់ ព្រះដ៏មានព្រះភាគ គឺទ្រង់ប្រកាសធម៌ពិត ដើម្បីឱ្យអ្នកស្តាប់មាន ស្មារតីរលឹកសិក្សា កើតបញ្ញាដឹងថា អ្វីៗគ្រប់យ៉ាងគឺជាធម៌ពិត ហើយរលត់នូវអត្តានុទិដ្ឋិ ។ ក្នុងសតិប្បដ្ឋានសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងឱ្យរលឹក ដឹងធម៌ពិតក្នុងជីវិតរាល់ថ្ងៃ ។ ក្នុងព្រះធម៌ទេសនា បានសម្តែងថា ចំពោះជីវិតនេះ តាំងពីកើតដល់ស្លាប់ សុទ្ធតែជាធម៌ពិតទាំងអស់។ កំពុងឃើញជាដើម ធ្លាប់តែយល់ថា ជាតួខ្លួនយើង ជាអ្នកនេះ ជា អ្នកនោះ តែសេចក្តីពិត ជាសភាវធម៌មួយបែបដែលមានពិត ។ ធម៌ដែលមានពិត ជាបរមត្ថ កាន់តែប្រាកដ ព្រោះមានសតិរលឹក។ ធម៌ដែលមានពិត ជាបរមត្ថទាំងនេះ ធ្វើកិច្ចក្នុងលោក ៦ ជាលោក របស់មច្ចុរាជ ចំណែកសតិថ្នាក់សតិប្បដ្ឋាន សាងព្រហ្មយានចេញ ចាកលោក ។ ធម៌ដែលមានពិត ឥឡូវនេះ កំពុងតែធ្វើកិច្ចធ្វើនាទីជំនួស យើង នេះជាការមានសតិរលឹក ។ បើយើងមិនបានស្តាប់ព្រះធម៌ ទេ ក៏អាចគិតថា យើងបានស្គាល់ខ្លួនឯងយ៉ាងច្បាស់លាស់ ទាំង រូបកាយ ទាំងចិត្តគំនិត លុះដល់បានសិក្សាព្រះធម៌ហើយ ទើបដឹង ថា ការដែលធ្លាប់យល់ពីមុនមកនោះឯង សុទ្ធតែខុស ព្រោះមិន ស្គាល់ធម៌ពិត ។ ការយល់ខុសគឺមិនត្រូវតាមការពិតដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដឹង ដូចជាយល់ថា កំពុងឃើញខណៈនេះ ជាយើង កំពុងនឹកគិតខណៈនេះក៏ជាយើងដែរ ពោលគឺជាខ្លួន យើងទាំងឃើញ ទាំងនឹកគិត ។ មុនបានស្តាប់ព្រះធម៌ អ្វីៗក៏ជា យើងដែរ លុះដល់បានស្តាប់យល់ គឺយល់ថា ធម៌ពិត បានដល់អ្វីៗ ទាំងអស់ដែលកើតមានក្នុងជីវិត ការគិតក៏ជាធម៌ពិតមួយបែប ការ ឃើញក៏ជាធម៌ពិតមួយបែប មិនមែនយើងឡើយ ។ ខណៈដែលកំពុងស្តាប់ឮឥឡូវនេះ មិនងាយនឹងឃើញតាម ព្រះធម៌ ដែលបានសម្តែងថា មិនមែនយើងនោះឡើយ ។ អាការឮ ជាសភាវធម៌មួយបែបដែលមានពិត ប៉ុន្តែ វាសែនលំបាក ដែលនឹង អាចឃើញត្រឹមត្រូវយ៉ាងនោះទៅបាន ។ ពុទ្ធបរិស័ទ ស្តាប់ហើយ ពិចារណាដូច្នេះថា បើមិនមានសំឡេងប៉ះត្រចៀកទេ តើសោតវិញ្ញាណកើតបានយ៉ាងដូចម្តេចទៅ ។ ដូច្នេះ សំឡេងជាធម៌ពិត មួយបែប មិនអាចប៉ះនឹងបសាទរូបដទៃក្រៅអំពីសោតប្បសាទ បានឡើយ ។ សោតប្បសាទរូប ជារូបដែលមានលក្ខណៈពិសេស ក្នុងរាងកាយ អាចប៉ះនឹងសំឡេងបាន រូបដទៃដែលមិនមែនជា សោតប្បសាទ មិនអាចប៉ះនឹងសំឡេងបានទេ ។ ពិចារណារឿយៗ យល់ឡើងៗ គឺយល់ថា សំឡេងជាសភាវរូបមួយបែបដែលមាន ពិតៗ សោតប្បសាទក៏ជាសភាវរូបមួយបែបទៀត ដែលមានពិតៗ ដូច្នោះ សោតវិញ្ញាណគឺការឮកើតឡើងក៏រមែងមានពិតៗដែរ តើ មានអ្នកណាជាអ្នកឮផ្សេងទៀតនោះ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |