អានអត្ថបទ
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៧២៧ ដង)
ឱវាទព្រះសាស្ដាបណ្ដាំលោកគ្រូ

|
ឱវាទព្រះសាស្ដាបណ្ដាំលោកគ្រូ
លោកគ្រូជាម្ចាស់បានសម្ដែង ខ្ញុំព្រះករុណានាងខ្ញុំបានស្ដាប់មកថា ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ តថាគតបានសម្រេចដល់សេចក្ដីសុខដែលមិនអាស្រ័យកាមទៀតទេ។ ព្រមជាមួយគ្នានោះ ព្រះអង្គបានសម្ដែងដាស់តឿនអ្នកប្រព្រឹត្តធម៌ឲ្យចាំទុកថា បើអរិយសាវ័ក បានឃើញច្បាស់តាមសេចក្ដីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនោះថា កាមទាំងឡាយមានសេចក្ដីសុខតិច មានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន ទោសក្នុងតាមទាំងឡាយមានច្រើនពេកក្រៃ។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសលទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខៈនោះទេ កាលបើដូច្នេះ អរិយសាវ័កនោះនឹងឈ្មោះថា មិនវិលត្រឡប់មករកកាមទាំងឡាយនោះ មិនមែនឡើយ។ ឈ្មោះថាកាមមាន កាមតណ្ហា គឺចំណង់ក្នុងកាម បានដល់ការចង់បាន ចង់យក និង សេពសោយ។ កាមទាំងឡាយមានឧបមារដូចជាលំពែង និង អណ្ដាត ជាទីកាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ។ ខន្ធទាំងឡាយមាន ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ។ ព្រះសាស្ដា ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលឃើញ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលជារបស់មិនទៀត ថាមិនទៀត ការឃើញរបស់បុគ្គលនោះ ជាសម្មាទិដ្ឋិ។ កាលដែលបុគ្គលបានឃើញត្រូវដូច្នេះ ក៏រមែងនឿយណាយ។ សម្មាទិដ្ឋិ គឺជាការយល់ត្រូវ តាមហេតុផលពិតយល់ត្រូវក្នុងសច្ចធម៌។ សម្មាទិដ្ឋិ យល់ត្រូវក្នុងជីវិតដែលមានបរមត្ថធម៌ ជាធម៌ដែលអាស្រ័យបច្ច័យកើតឡើង ហើយរលត់ទៅវិញ។ ជីវិតរស់នៅមានតែចិត្តដឹងអារម្មណ៍ និង អារម្មណ៍របស់ចិត្តតៗគ្នា។ នេះជាការកើតឡើងនៃសង្ខារធម៌សុទ្ធ និង ជាតំណនៃសង្ខារធម៌នោះ។ អ្វីៗគ្រប់យ៉ាង ជាអារម្មណ៍របស់ចិត្ត។ ចិត្តកើតឡើង ចិត្តរស់នៅ ចិត្តបែកធ្លាយ។ ការរស់នៅជាប្រក្រតី គឺចិត្តដឹងអារម្មណ៍ បុគ្គលអ្នករស់នៅដទៃផ្សេងទៀតក្រៅពីចិត្តដឹងអារម្មណ៍ កើតហើយរលត់ទៅមិនមានទេ។ ចិត្តគិតបានសាងប្រឌិតនូវលោក និងសាងគ្រប់រឿងរ៉ាវទាំងអស់ដូចសុបិន។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឮក កុំយករបស់ដទៃជាទីពឹងទីរឮកឡើយ ចូររកធម៌ជាទីពឹងយកធម៌ជាទីរឮក កុំយករបស់ដទៃជាទីពឹងទីរឮកឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើយកខ្លួនជាទីពឹង យកខ្លួនជាទីរឮក មិនយករបស់ដទៃជាទីរឮក យកធម៌ជាទីពឹងយកធម៌ជាទីរឮកហើយ គប្បីពិចារណារកហេតុផលដោយយោបល់ថា សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្ត កើតមកអំពីអ្វី មានមកអំពីអ្វី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនសិក្សាក្នុងសប្បុរសធម៌ រមែងពិចារណាឃើញនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួនឃើញនូវខ្លួនថា មានក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ លុះ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ នោះ របស់បុគ្គលនោះប្រែប្រួលវិបត្តិផ្សេងៗទៅ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួលសេចក្ដីទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងដល់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុដឹងច្បាស់នូវសេចក្ដីមិនទៀង សេចក្ដីប្រែប្រួល សេចក្ដីវិនាស និង សេចក្ដីរលត់ទៅ នៃ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ហើយឃើញច្បាស់តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងកាលមុនក្ដី ក្នុងកាលឥឡូវនេះក្ដី របស់ទាំងអស់នេះ មិនទៀង ជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា ភិក្ខុនោះក៏លះបង់សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្ដីទុក្ខ ទោមនស្ស និង សេចក្ដីចង្អៀតចង្អល់ចិត្តចេញបាន កាលបើភិក្ខុនោះលះបង់សេចក្ដីសោកជាដើមទាំងនោះចេញហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ រមែងជាសុខ ភិក្ខុអ្នកមានធម៌ ជាគ្រឿងនៅជាសុខ ហៅថា អ្នករំលត់កិលេស ដោយអង្គនៃវិបស្សនានោះៗ។ ម្នាលភិក្ខុ អរិយសាវ័កជាអ្នកចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ អ្នកឈ្លាសវៃក្នុងអរិយធម៌ បានទូន្មានខ្លួនក្នុកសប្បុរសធម៌ ក៏រមែងមិនពិចារណាឃើញ រូប ថាជាខ្លួនខ្លះ។ មិនឃើញ វេទនា សញ្ញា សង្ខារ វិញ្ញាណ ថាជាខ្លួនខ្លះ។ អរិយសាវ័កនោះ ដឹងច្បាស់តាមពិតនូវ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលមិនទៀងថា មិនទៀង ជាទុក្ខ ជាអនត្តា។ ម្នាលភិក្ខុ អរិយសាវ័ក កាលដឹងច្បាស់យ៉ាងនេះ កាលឃើញច្បាស់យ៉ាងនេះ ទើបអស់អាសវៈក្នុងលំដាប់បាន។ បិដកលេខ ៣៣ ទំព័រ១៩៣-១៩៤ ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះបរមសាស្ដា ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខរបស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្ដីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុះមិនមែនរបស់អាត្មាអញទេ នុះមិនមែនជាអាត្មាអញទេ នុះមិនមែនជាខ្លួនអាត្មាអញទេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវឃើញតាមសេចក្ដីពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុះមិនមែនជាខ្លួនអាត្មាអញទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹងកាលបើឃើញយ៉ាងនេះ រមែងនឿយណាយក្នុងរូបផង ក្នុងវេទនាផង ក្នុងសញ្ញាផង ក្នុងសង្ខារទាំងឡាយផង រមែងនឿយណាយក្នុងវិញ្ញាណផង។ កាលបើនឿយណាយហើយរមែងប្រាសចាកតម្រេក ព្រោះតែប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ ញាណក៏ឡើងកើតថា អាត្មាអញរួចស្រឡះហើយ។ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈអាត្មាអញបាននៅរួចហើយ សោឡកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លំនៅរបស់សត្វទាំងប៉ុន្មាន ភពដ៏ប្រសើរទាំងប៉ុន្មានមានតែពួកអរហន្តទេ ដែលជាបុគ្គលខ្ពង់ខ្ពស់ ប្រសើរបំផុតក្នុងលោក។ ព្រះមានព្រះភាគ ត្រាស់សូត្រនេះចប់ហើយ លុះព្រះសុគតជាសាស្ដា ត្រាស់សូត្រនេះចប់ហើយ ទើបទ្រង់ត្រាស់គាថានេះ តទៅទៀតថា (១៥៣) ពួកអរហន្តមានសេចក្ដីសុខណាស់ ពួកអរហន្តទាំងនោះមិនមានតណ្ហាទេ អស្មិមានះ លោកផ្ដាច់បង់ហើយ បណ្ដាញគឺមោហៈ លោកទម្លាយចោលហើយ។ លោកមិនដល់នូវការញាប់ញ័រដោយតណ្ហា និង ទិដ្ឋិទេ ចិត្តរបស់អរហន្តទាំងនោះ មិនល្អក់ទេ អរហន្តទាំងនោះជាអ្នកប្រសើរមិនមានអាសវៈ មិនជាប់នៅក្នុងលោក។ លោកមានព្រះសទ្ធម្មទាំង ៧ ជាអារម្មណ៍ព្រោះកំណត់ដឹងនូវខន្ធទាំង ៥។ (ទំព័រ ១៩៥) ពួកសប្បុរសតែងសរសើរចំពោះ ពួកអរហន្តជាបុត្រ ជាឱរសរបស់ព្រះពុទ្ធ។ ពួកអរហន្តបរិបូណ៌ ដោយកែវ គឺពោជ្ឈង្គទាំង ៧ប្រការ បានសិក្សាចំពោះសិក្ខាទាំង៣មានព្យាយាមច្រើន បានលះបង់នូវភ័យ និងសេចក្ដីខ្លាចដ៏ពន្លឹកហើយប្រព្រឹត្តនៅ។ ពួកអរហន្តជាមហានាគប្រកបដោយអង្គជាអសេក្ខៈទាំង ១០ មានចិត្តនឹងធឹង (ដោយឧបចារ និង អប្បនា ទាំងឡាយ) អរហន្តទាំងនោះប្រសើរបំផុតក្នុងលោកអរហន្តទាំងនោះមិនមានតណ្ហាទេ។ ញាណរបស់ ផលណារបស់មគ្គព្រហ្មចារ្យ លោកបានចាក់ធ្លុះក្នុងផលនោះហើយ (ទំព័រ១៩៦) ពួកអរហន្ត មិនញាប់ញ័រចំពោះមានះផ្សេងៗ អរហន្តទាំងនោះមានចិត្តផុតស្រឡះចាកភកថ្មីទៀតបានសម្រេចអរហន្ត បានឈ្នះ(នូវកិលេសមានរាគៈជាដើម) ក្នុងលោកហើយ រមែងមិនញាប់ញ័រចំពោះមានះផ្សេងៗ។ អរហន្តទាំងនោះ មិនមានសេចក្ដីត្រេកអរចំពោះទេវលោកមនុស្សលោក និង អបាយលោកឡើយ អរហន្តទាំងនោះ បានចាក់ធ្លុះនូវអរិយសច្ចទាំង៤ ជាបុគ្គលប្រសើរបំផុតក្នុងលោកហើយបន្លឺនូវសីហនាថ។ ព្រះបរមសាស្ដាទ្រង់តែងតែទូន្មានប្រៀនប្រដៅថា ម្នាលភក្ខុទាំងឡាយ អ្នកទាំងឡាយចូរព្យាយាម ខំប្រតិបត្តិតាមធម៌ តាមវិន័យ ដែលតថាគតបានបញ្ញត្តហើយ ចូរកុំប្រមាទ គប្បីជាអ្នកប្រកបដោយសេចក្ដីពិចារណារឿយៗ ឲ្យឃើញទោសព្រោះ សេចក្ដីប្រមាទ។ ម្នាលភក្ខុទាំងឡាយ អ្នកទាំងឡាយចូរកុំប្រមាទ ត្រូវមានស្មារតី មានសីលបរិសុទ្ធល្អ មានតម្រិះតម្កល់ស្មើល្អ ចូររក្សាចិត្តរបស់ខ្លួនរឿយៗចុះ។ ធម្មវិន័យនេះ ភិក្ខុនោះនឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខបានជាមិនខាន។ អត្តានំ ទមយន្តិ បណ្ឌិតា បណ្ឌិតទាំងឡាយតែងទូន្មានខ្លួន បមាទោ រក្ខតោ មលំ សេចក្ដីប្រមាទជាមន្ទិលរបស់អ្នករក្សា។
ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្ដាភាគទី១ បណ្ដាំលោកគ្រូ ដោយ៥០០០ឆ្នាំ |