អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៣៤,២០៣ ដង)
អានាបានបព្វៈ

|
នៅគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គមហាវគ្គ ទុតិយភាគ លេខ ៧០ ទំព័រ ១០៧ សម្ដែងថា ពាក្យថា "អានៈ" ប្រែថាខ្យល់ដង្ហើមចេញ មិនមែនប្រែថាខ្យល់ដង្ហើមចូលទេ។ ពាក្យថា បានៈ ប្រែថាខ្យល់ដង្ហើមចូល មិនមែនប្រែថាខ្យល់ដង្ហើមចេញទេ។ សតិស្មារតីជាទីតាំងមាំរមែងតាំងមាំ ចំពោះភិក្ខុអ្នកដកដង្ហើមចេញតាំងមាំដល់ភិក្ខុដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ពាក្យថា បាន បំពេញហើយ គឺបានបំពេញហើយដោយអត្ថថា ថែធួនបានបំពេញហើយ ដោយអត្ថថាជាបរិវារ បានបំពេញហើយ ដោយអត្ថថាគ្រប់គ្រាន់។កាយានុបស្សនាសតិប្បដ្ឋាន មានបែបបទពិចារណា ៦ វគ្គគឺពិចារណាទៅតាមបព្វៈ ទាំង ៦។
នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គទុតិយភាគ ៧០ ទំព័រ ១១៩ សម្ដែងថាពាក្យថាមានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការៈ ៣២ គឺកាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍ តែមួយមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណ កាលបុគ្គលដឹងច្បាស់នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចដង្ហើមចូលវែង សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតី នោះដោយញាណនោះកាលបុគ្គលដឹងច្បាស់នូវភាពនៃ ចិត្តមានអារម្មណ៍តែមួយ ដោយអំនាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំបុគ្គល ធ្វើសតិដោយស្មារតីនោះដោយមានញាណនោះ កាលបុគ្គលដឹងច្បាស់ភាពនៃចិត្ត មានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតីនោះដោយញាណនោះ។ កាលបុគ្គលដឹងច្បាស់ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ចេញចាកកិលេស ដោយអំណាចនៃដង្ហើមចូលសម្រាប់ អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតីនោះដោយញាណនោះ។ អនាបានស្សតិ យស្ស បរិបុណ្ណា សុភាវតា អនុបុព្វំ បរិចិតា យថា ពុទ្ធេន ទេសិតា សោមំ លោកំ បភាសេតិ អញ្តមុត្តោវ ចន្ទិមាតិ។ អនាបានស្សតិ បុគ្គលណាបានបំពេញហើយចម្រើនហើយដោយប្រពៃ សន្សំហើយដោយលំដាប់ឲ្យដូចព្រះពុទ្ធសម្ដែងទុកហើយ បុគ្គលនោះរមែងញ៉ាំងលោកនោះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ័ដែលផុតស្រឡះចាកពពក។ ចំពោះអនាបានបព្វៈនេះ ចែកចេញជាទីយ៉ាងគឺៈ
១. អស្សាសៈ ខ្យល់ដង្ហើមចេញ ២. បស្សាសៈ ខ្យល់ដង្ហើមចូល។ ដើម្បីពិចារណានូវបព្វៈនេះ ត្រូវទៅរកទីដែលគួរដល់ការអប់រំចម្រើនភាវនា គឺទីស្ងាត់មានក្នុងព្រៃស្ងាត់ៗ តាមម្លប់ឈើ ឬ ក្នុងផ្ទះស្ងាត់ ហើយអង្គុយពែនភ្នែនយកជើងស្ដាំដាក់ឆ្វេង យកដៃស្ដាំដាក់លើដៃឆ្វេង តាំងកាយឲ្យត្រង់ ប្រុងស្មារតីកំណត់ឲ្យដឹងរយៈខ្យល់ដង្ហើមចេញចូល បើដង្ហើមចេញ ឲ្យដឹងថាចេញ បើខ្យល់ចូល ឲ្យដឹងថាចូលថែមទៀត បើខ្យល់ចេញទៅវែងឲ្យដឹងថាវែង បើមកខ្លីឲ្យដឹងថាខ្លី ចូលមកវែងឲ្យដឹងថាវែង។ សេចក្ដីនេះ អ្នកអប់រំចម្រើនសមថកម្មដ្ឋានត្រង់អាណាបានស្សតិកម្មដ្ឋាន ត្រូវតែដឹងពួកខ្យល់ជាមុនសិន សឹមដកដង្ហើមចេញចូលជាខាងក្រោយ គឺមុនខ្យល់ត្រូវដឹងថាខ្យល់នឹងចូល។ ហើយក្នុងសេចក្ដីនេះដដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែងជាន័យប្រៀបធៀបថា សេយ្យថាបិ ភិក្ខវេ ទក្ខោ ភមភារោ វា ភមភារន្តវាសី ទីឃំ វា អញ្ចន្តោ ទីឃំ អញ្ចមីតិ បជានាតិ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងដែលប៉ិនប្រសប់ក្ដី កូនសិស្សនៃកូនជាងក្រឡឹងក្ដី ទោះទាញខ្សែក្រឡឹងវែង ទោះទាញខ្សែក្រឡឹងខ្លី ដឹងច្បាស់ថាទាញខ្សែក្រឡឹងយ៉ាងណាមិញ។ ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ទីឃំ វា អស្សន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សន្ដោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្ដោ រស្សំ បស្សសាមីតិ បជានាតិ រស្សំ វាបស្សសន្ដោ បស្សសាមីតិ បជានាតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះដកដង្ហើមចេញវែង ដឹងច្បាស់ថាអញដកដង្ហើមចេញវែង ទោះដកដង្ហើមចេញខ្លី ដឹងច្បាស់ថាអញដកដង្ហើមចេញខ្លី ក៏យ៉ាងនេះដែរ។ ការដែលពិចារណា នូវខ្យល់ដកដង្ហើមចេញចូលនេះ ត្រូវផ្ចង់ស្មារតីតម្កល់ឲ្យខ្ជាប់ខ្ជួនថា ខ្យល់ដកដង្ហើមចេញចូលនេះ គ្រាន់តែជាកាយ មិនមែនសត្វ មិនមែនបុគ្គលខ្លួនប្រាណ បុរស ស្ត្រី គ្រហស្ថ បព្វជិតឡើយ។ កំណត់គ្រាន់តែឲ្យចម្រើនប្រាជ្ញាស្មារតីប៉ុណ្ណោះ ដើម្បីធ្វើចិត្តឲ្យឃ្លាតចាកនូវ ទិដ្ឋិ កុំឲ្យប្រកាន់អ្វីតិចតួចក្នុងលោក។ ខ្យល់ដកដង្ហើមចេញចូលនោះ ហៅថា កាយ អាការៈដែលប្រព្រឹត្តទៅក្នុងពួកដង្ហើមចេញចូល គឺញ័រកាយ រំជួលកាយ កាយសង្ខារ។ នៅក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ឥតិវុត្តក លេខ ៥៣ ទំព័រ ១០៨ ព្រះសម្ពុទ្ធទ្រង់សម្ដែងថា អសុភានុបស្សី កាយស្មឹ អនាបានេ បដិស្សតោ សព្វសង្ខារសមថំ បស្សំ អាតាបិ សព្វទា។ ស វេ សម្មទ្ទសោ ភិក្ខុ យតោ តត្ថ វិមុច្ចតិ អភិញ្ញា វោសិតោ សន្ដោ សវេ យោគាគីកោ មុនីតិ។ ភិក្ខុជាអ្នកពិចារណាឃើញរឿយៗ ក្នុងកាយថាមិនស្អាត មានសតិតម្កល់ខ្ជាប់ ក្នុងអានាបានស្សតិកម្មដ្ឋានពិចារណាឃើញនូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងឡាយទាំងពួង ជាអ្នកមានព្យាយាមជាគ្រឿងដុតកំដៅ កិលេស សព្វៗកាល។ ភិក្ខុនោះឯងឈ្មោះថា អ្នកឃើញដោយប្រពៃ ជាអ្នកសង្រួមរមែងចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ព្រោះដឹងច្បាស់ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ។ អាណាបានស្សតិកម្មដ្ឋាននេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សរសើរថា ជាកំពូលនៃកម្មដ្ឋាន ជាបទដ្ឋាននៃព្រះពុទ្ធជាម្ចាស់ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះអង្គទាំងអស់ ដែលលះដែលស្រុក ជាទីគឹកកងដោយសម្លេងនៃមនុស្សប្រុសស្រីដំរីសេះជាដើម ព្រះឈាមមានសម្លេងជាទោស។ ព្រះយោគីត្រូវកំណត់កម្មដ្ឋាននេះ ទៅក្នុងព្រៃមិនមែនស្រុក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ឲ្យកើតហើយធ្វើជាចំណែក ៤ ឲ្យជាជើង ឬ ជាបាទរបស់វិបស្សនា ព្រោះហេតុនោះ ព្រះមានព្រះភាគទ្រង់សម្ដែងវត្តបីដល់ព្រះយោគី ពាក្យថាព្រៃ ឲ្យផុតសរសេរខឿនទៅ គឺចេញទៅប្រាំរយជួរធ្នូរដល់គល់ឈើ ដែលជាឱកាសស្ងាត់។ ឥរិយាបថដ៏សមគួរដល់ការចម្រើន អានាបានស្សតិតាមរដូវ៣ តាមធាតុ និងចរិយា យ៉ាងនេះហើយទើបឥរិយាបថ ស្ងប់ដល់ព្រះយោគីនោះ។ អានាបានស្សតិកម្មដ្ឋាននេះ ជាកម្មដ្ឋានដ៏ត្រង់មានវិធីចម្រើនតិច ហើយអាចឲ្យបានលទ្ធផលយ៉ាងធំ ដូចកាលដំបូងដៃ គ្រាន់តែតម្កល់សតិឲ្យនឹងនៅត្រង់កន្លែងខ្យល់ដង្ហើមចេញចូលប៉ះត្រូវ សតិកំណត់ខ្យល់ឲ្យប្រាកដតាមត្រកូលខ្យល់ចេញវែង ចូលវែង ចេញខ្លី ចូលខ្លី មានសតិនិមិត្តរបស់កម្មដ្ឋានក៏កើតឡើង ប្រាកដលុះត្រាតែចម្រើនខ្យល់បានស្ងប់ចូល អតិនិច្ចលាតិ សុខុមយ៉ាង ល្អិតដ៏ប្រណិត ហើយទើប អនុពន្ធនា បណ្ដោយសតិតាមខ្យល់ទៅតម្កល់ទុក នៅក្នុងអារម្មណ៍ដោយប្រពៃដែលហៅថា អប្បនាឈាន អប្បនាឈាននេះជា មហគ្គតៈអាចសង្កត់នៅកាមាវចរគោត្រ ដែលជាកម្មធាតុខាងក្រោមបាន ហើយស្ទុះចូលទៅកាន់មហគ្គតគោត្រ ដោយអំណាចអង្គដែលកើតឡើង មានកម្លាំងក្លៀវក្លាដ៏វិសេស ចិត្តក៏អាចកាត់ផ្ដាច់នូវភវវង្គអស់វារៈត្រឹមតែម្ដង ហើយ តាំងនៅបានអស់ថ្ងៃ ១ យប់ ១ ប្រព្រឹត្តទៅតាមលំដាប់ កុសលជវន ប្រៀបដូចជាបុរសដែលមានកម្លាំងអាច ក្រោកឈរ នៅអស់កាលយូរបានលុះដល់អស់វារៈចិត្ត ហើយទើបចេញចាកមកវិញ ក៏ត្រូវនឹករំពឹងពិចារណានូវវិបស្សនាតទៅទៀត។
ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀបរៀងដោយ សាមណេរ ចាន់ សុជន ដោយ៥០០០ឆ្នាំ |