អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥៨,៨១១ ដង)
វិធីចម្រើនមរណស្សតិ

|
វិធីចម្រើនមរណស្សតិ
ព្រះយោគាវចរ មានបំណងចម្រើនមរណស្សតិនោះគប្បីជាអ្នកចូលទៅកាន់ទីស្ងាត់ ពួនសម្ងំ ( ក្នុងសេនាសនៈ ដែលសមគួរ ) ហើយញ៉ាំងមនសិការឲ្យប្រព្រឹត្តទៅ ដោយត្រូវទំនងថា មរណំ ភវិស្សតិ ជីវិតិន្ទ្រិយំ ឧបច្ឆិដ្ឋិស្សតិ សេចក្ដីស្លាប់នឹងមាន ជីវិតិន្ទ្រិយនឹងដាច់ ដូច្នេះ ឬថា មរណំ មរណំ ស្លាប់ ស្លាប់ ដូច្នេះក៏បាន ព្រោះកាលមនសិការ ដោយមិនត្រូវទំនង សេចក្ដីសោកនឹងកើតឡើងព្រោះការរឭក ដល់សេចក្ដីស្លាប់របស់ឥដ្ឋជន ដូចសេចក្ដីសោក កើតដល់មាតាអ្នកឲ្យកំណើត ព្រោះបានរឭកដល់សេចក្ដីស្លាប់ របស់បុត្តជាទីស្រឡាញ់ដូច្នោះ, បាមោជ្ជនឹងកើតឡើង ព្រោះរឭកដល់សេចក្ដីស្លាប់របស់អនិដ្ឋជន បាមោជ្ជនឹងកើតឡើង ព្រោះរឭកដល់សេចក្ដីស្លាប់របស់អនិដ្ឋជន ដូចការរីករាយ កើតឡើង ដល់ជនមានពៀរនឹងគ្នាទាំងឡាយព្រោះកាលរឭក ដល់សេចក្ដីស្លាប់ របស់វេរីជន ដូច្នោះសេចក្ដីសង្វេគ រមែងមិនកើតឡើងព្រោះរឭកដល់សេចក្ដីស្លាប់របស់មជ្ឈត្តជន ដូចការតក់ស្លុតមិនមាន ដល់អ្នករកស៊ីធ្វើបុណ្យខ្មោច ប្រោះឃើញសាកសពអ្នកស្លាប់នោះ សេចក្ដីតក់ស្លុត នឹងកើតឡើង ព្រោះរឭកដល់សេចក្ដីស្លាប់របស់ខ្លួន ដូចការភ័យខ្លាចកើតឡើងដល់បុគ្គលមានជាតិកំសាក ព្រោះឃើញពេជ្ឈឃាត ងាដាវឡើងដូច្នោះ។ ការកើតឡើងនៃសេចក្ដីសោកទាំងឡាយនោះ រមែងមានដល់បុគ្គលដែលគ្មានសតិ មិនសង្វេគ និងមិនមានញ្ញាណ ព្រោះហេតុនោះព្រះយោគាវចរ គប្បីមើលឃើញសត្វដែលត្រូវសម្លាប់ និងដែលស្លាប់ឯងៗក្នុងទីនោះៗ ហើយពិចារណា ដល់សេចក្ដីស្លាប់របស់ពួកសត្វដែលស្លាប់ ដែលវាមានសម្បត្តិ ( គឺ ការដល់ព្រមនៃមូលផ្សេងៗ ) ដែលខ្លួនបានធ្លាប់ឃើញមក ប្រកបសតិ សង្វេគ និង ញ្ញាណ ចូលទៅមនសិការឲ្យប្រព្រឹត្តទៅក្នុងន័យថា មរណំ ភវិស្សតិ សេចក្ដិស្លាប់នឹងមាន ដូច្នេះជាដើមចុះ ព្រោះថា កាល ( មនសិការ ) ប្រព្រឹត្តទៅយ៉ាងនេះចាត់ថាប្រព្រឹត្តទៅដោយត្រូវទំនង មានន័យថា ឲ្យប្រព្រឹត្តទៅដោយឧបាយ ( ត្រូវផ្លូវ ) ពិតហើយ ចំពោះព្រះយោគាវចរ រូបខ្លះ ( មានឥន្ទ្រិយចាស់ក្លា ) ញ៉ាំងមនសិការឲ្យប្រព្រឹត្តទៅយ៉ាងនេះប៉ុណ្ណោះ នីវរណៈទាំងឡាយ នឹងស្ងប់រម្ងាប់ សតិដែលមានសេចក្ដីស្លាប់ជាអារម្មណ៍ នឹងតាំងមាំ កម្មដ្ឋាននឹងដល់ឧបចារសមាធិបាន។ ដកស្រង់ចេញពីសៀវភៅ មរណស្សតិ ដោយ៥០០០ឆ្នាំ |