អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥២,៥៥៩ ដង)
តុល្យភាពនៃជីវិត

|
តុល្យភាពនៃជីវិត
គ្រប់បុថុជ្ជន ដែលមិនបានស្ដាប់នូវធម៌របស់ព្រះអរិយៈ មិនត្រឹមតែប្រកាន់មាំក្នុងនាមរូបនេះប៉ុណ្ណោះទេ ថែមទាំងមានសេចក្ដីវង្វេងភ្លេចភ្លាំងស្មារតី ដោយហេតុច្រើនយ៉ាងទៀតគឺ ក- វង្វេងព្រោះទ្រព្យសម្បត្តិ ព្រោះតែទ្រព្យ ធ្វើឲ្យមនុស្សលោកដាច់សីលទាំងស្រស់ៗ រហូតធ្វើឲ្យមានការលើកកម្ពស់ខ្លួនឯង ហើយមើលងាយមើលថោកដល់អ្នកក្រខ្សត់ទ្រព្យសម្បត្តិទៀតផង។ ខ- វង្វេងព្រោះយសសក្តិ យសសក្តិ ធ្វើឲ្យមនុស្សខ្លះមានមានះកាន់តែខ្លាំងឡើង អាចធ្វើឲ្យលែងចេះគោរពឱនលំទោនចំពោះមាតាបិតា ចាស់ព្រឹទ្ធាចារ្យ និងអ្នកដែលចម្រើនដោយគុណមានសីលគុណជាដើម។ គ- វង្វេងព្រោះចំណេះដឹង ការមានចំណេះដឹងមិនមែនជារឿងអាក្រក់ទេ តែបើយកទៅប្រើប្រាស់មិនល្អ វាក៏អាចសម្លាប់ម្ចាស់របស់វាបានដែរ ដូចជាអ្នកដែលបានសិក្សាវិជ្ជាផ្លូវលោកខ្ពង់ខ្ពស់មួយចំនួន តែងមានការប៉ាន់ស្មានគុណភាពរបស់ព្រះពុទ្ធសាសនា តាមរយៈពុទ្ធសាសនិកដែលមានកម្រិតវប្បធម៌ទាប ហើយក៏គិតថា ក្នុងព្រះពុទ្ធសាសនា មិនមានអ្វីពិសេសជាងចំណេះដែលខ្លួនមានឡើយ គំនិតបែបនេះ ធ្វើឲ្យបុគ្គលទាំងនោះកាន់តែឃ្លានឆ្ងាយពីធម៌របស់ព្រះសម្មាសម្ពុទ្ធ រហូតធ្វើឲ្យគេក្លាយទៅជាមនុស្សមិច្ឆាទិដ្ឋិព្រោះតែចំណេះដឹងនោះក៏សឹងមាន។ ឃ- វង្វេងព្រោះរូបសម្បត្តិ ព្រោះតែរូបសម្បត្តិល្អធ្វើឲ្យមនុស្សមានការរើសអើង ដល់អ្នកដែលមានរូបសម្បត្តិមិនល្អ ព្រោះមនុស្សចូលចិត្តមើលតែសម្បកខាងក្រៅ តែបើគេបានពិនិត្យទៅដល់ផ្នែកខាងក្នុងនៃរូបរាងកាយគេនឹងឃើញច្បាស់ថា គ្រប់មនុស្សទាំងអស់សុទ្ធតែស្ពាយថង់មូត្រថង់លាមកត្រាច់ទៅដូចគ្នា។ ង- វង្វេងព្រោះគ្នីគ្នា ព្រោះតែបក្សពួក ធ្វើឲ្យមនុស្សមានការប្រមាទ មិនព្រមប្រព្រឹត្តព្រហ្មចរិយធម៌ មានទានសីលជាដើម ក្នុងគំនិតរបស់គេហាក់បីដូចជាគិតថា ពេលធ្វើដំណើរទៅកាន់បរលោក បក្សពួកនិងគ្នីគ្នាទាំងអស់នោះទៅទទួលរងទុក្ខជំនួសអ៊ីចឹងឯង។ សរុបសេចក្ដីគឺថា សត្វលោកនេះ តែងតែមានការពឹងផ្អែកទៅលើអ្វីៗដែលខ្លួនមាន ហើយមានសេចក្ដីប្រៀបធៀបនឹងអ្នកដទៃ បើឃើញថាខ្លួនមានអ្វីពិសេសជាងគេ ក៏ត្រេកអរនិងជោរបានចិត្ត ហើយបើឃើញថាខ្លួនអន់ជាងគេដទៃ ក៏មានសេចក្ដីខកចិត្តនឹងរំខានផ្លូវចិត្ត។ តាមពិតសត្វលោកទាំងអស់ ទាំងសត្វនៅក្នុងអបាយភូមិ និងសត្វនៅក្នុងសុគតិភូមិ ទាំងអ្នកមាន និងអ្នកក្រ ទាំងបុគ្គលពាល និងបុគ្គលជាបណ្ឌិត តែងមានសេចក្ដីសុខនិងសេចក្ដីទុក្ខ ច្រើនឬតិចមិនស្មើគ្នា តែមានសភាពស្មើគ្នាក្នុងលក្ខណៈពីរយ៉ាងគឺ មានការកើតជាខាងដើម និងមានការស្លាប់ទៅវិញជាខាងចុង នេះគឺជាតុល្យភាពនេះជីវិត។ រឿងរបស់ជីវិតនេះ មិនខុសអំពីរឿងរបស់កុនឬល្ខោនដែលគេលេងតាមរោងឡើយ មុននឹងឡើងទៅសម្ដែងសុទ្ធតែជារាស្ត្រសាមញ្ញដូចគ្នាទាំងអស់ មិនអាចក្លាយជាស្ដេច ជាអាមាត្រ ជាលោកសេដ្ឋីមែនទែនដោយហេតុត្រឹមតែការឡើងលើឆាក ហើយស្រែកប្រកាសនាមនោះទេនៅពេលដែលរឿងល្ខោនចប់ ភាពដើមយ៉ាងណា គឺនឹងក្លាយទៅជាយ៉ាងនេះវិញដដែល។ បើអ្នកដើរតួធ្វើជាលោកសេដ្ឋី ក្នុងរឿងល្ខោនប្រកាន់ថាខ្លួនឯងជាលោកសេដ្ឋីមែនទែន ខួរក្បាលរបស់អ្នកនោះពិតជាមានបញ្ហា តែបើដឹងខ្លួនថា តំណែងសេដ្ឋីនេះ គ្រាន់តែជាបញ្ញត្តិក្នុងរឿងល្ខោន មិនមែនជារឿងពិត ដូច្នោះអ្នកនោះចាត់ថា ជាមនុស្សត្រឹមត្រូវ មិនវង្វេងស្មារតី។ យ៉ាងណាមិញ សត្វលោកយើងគ្រប់ឋានៈទាំងអស់ទីបំផុត ត្រូវចាកចេញពីឆាកល្ខោនជីវិតនេះដូចគ្នាដោយបាត់ដៃទទេ ដោយឥតមានបានអ្វីសម្បីតិចតួចអំពីបច្ចុប្បន្នភាពនេះឡើយ។ កាលបើពិចារណាឃើញយ៉ាងនេះហើយ គួរឬ ដែលនឹងប្រកាន់ថា ខ្លួនឯងគ្រាន់បើជាងអ្នកដទៃ រហូតដល់មានការមើលងាយអ្នកដទៃដោយប្រការផ្សេងៗ ទាំងដែលខ្លួនឯងក៏កំពុងតែប្រឈមមុខនឹងមច្ចុរាជដែរនោះ? ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយ៥០០០ឆ្នាំ |